ភ្នំពេញ៖ នៅ​លើ​ដងវិថី​មួយ​ក្នុង​ក្រុង​​ភ្នំពេញ​ យុវជន​ម្នាក់​​ឈ្មោះ ពុទ្ធវិបុល វឌ្ឍនា បាន​ឃើញ​ឧប្បត្ដិហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​​បាន​កើត​ឡើង​ ដែល​ជន​រង​គ្រោះ​ត្រូវ​រង់ចាំ​រហូត​ដល់​សមត្ថកិច្ច​មក​ហៅ រថយន្ដ​សង្គ្រោះ​​ទើប​អាច​ដឹក​យក​ទៅ​ពេទ្យ។ ​

លោក ពុទ្ធវិបុល វឌ្ឍនា អាយុ ២៤ ឆ្នាំ បាន​និយាយ​ថា​៖ «​មិន​ខុស​ពី​ពលរដ្ឋ​ទូទៅ​ឡើយ ខ្ញុំ​គ្រាន់​តែ​ជួយ​គ្រាហ៍​ជន​រងគ្រោះ​មក​អែប​ផ្លូវ​ម្ខាង​ និង​រង់ចាំ​ដល់​សមត្ថកិច្ច​ហៅ​រថយន្ដ​សង្គ្រោះ​មក​ដឹក​ប៉ុណ្ណោះ​»។


ដោយសារ​ហេតុការណ៍​កើត​ឡើង​តាំង​ពី​​ ២ ឆ្នាំ​មុន និង​ក្ដី​បារម្ភ​លើ​បញ្ហា​ចរាចរណ៍​ Chouy App ឬ​កម្មវិធី​ទូរស័ព្ទ «ជួយ» ត្រូវ​បាន​លោក​​ វឌ្ឍនា បង្កើត​ឡើង​សម្រាប់​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ ដើម្បី​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ដ​សង្គ្រោះ​បន្ទាន់ ឬ​មន្ទីរ​ពេទ្យ​​ដោយ​មាន​ភាពងាយ​ស្រួល​ និង​ឆាប់​រហ័ស​ជាង​មុន។


ក្រៅ​ពី​​​ផ្អែក​លើ​ការ​ស្ទង់​មតិ​ក្រៅ​ផ្លូវ​ការ​រយៈពេល ៦​ ខែ​ ជាមួយ​ប្រជាជន​​ទូទៅ ១០០ នាក់​ នៅ​មាន​កត្ដា​​​ច្រើន​​​​ដែល​ញ៉ាំង​ចិត្ដ​បុរស​និស្សិត​ពេទ្យ​​រូប​នេះ រួម​ទាំង​​​មិត្ដភក្ដិ​ជំនាញ​ទីផ្សារ​​ និង​ព័ត៌មាន​វិទ្យា ២ នាក់​ទៀត​ ​បង្កើត​កម្មវិធី​សង្គ្រោះ​ «​ជួយ» នេះ​ឡើង។


និស្សិត​ផ្នែក​វេជ្ជបណ្ឌិត​នៅ​វិទ្យាស្ថាន​​វិទ្យាសាស្ដ្រ​សុខាភិបាល​កង​យោធពល​ខេមរភូមិន្ទ និង​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​ផ្នែក​សុខភាព​​សាធារណៈ នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ការ​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​នៅ​ប្រទេស​យើង​នៅ​មាន​កម្រិត​ខ្ពស់​ជាង​ការ​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​មួយ​ចំនួន​ ដែល​យ៉ាង​ហោច​​មាន​មនុស្ស​ស្លាប់ ៥ នាក់​ក្នុង​ ១ ​ថ្ងៃ»។


លោក ពុទ្ធវិបុល វឌ្ឍនា សហការ​ជាមួយមិត្តភក្ដិ​បង្កើត​ App Chuoy​​។ រូបថត សហ​ការី


លោក វឌ្ឍនា បាន​បន្ដ​ថា​៖ «​ពួក​គាត់​ត្រូវ​ការ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​អាច​ផ្ដល់​ការ​សង្គ្រោះ​ប្រកប​ដោយ​​សមត្ថភាព និង​សម្ភារ​គ្រប់គ្រាន់​ ព្រម​ទាំង​ទាន់​ពេល​វេលា ពី​ព្រោះ​​ពេល​ខ្លះ ពួក​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ឆ្ងាយ​ ឬ​ចំ​មន្ទីរ​ពេទ្យ​គ្មាន​សម្ភារ​គ្រប់គ្រាន់​»។

ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​រវាង​ជន​រង​គ្រោះ​ អ្នក​ឃើញ​​ហេតុការណ៍ ក៏​ដូច​ជា​អ្នក​បើកបរ​រថយន្ដ​សង្គ្រោះ អ្នក​មាន​បំណង​ប្រើប្រាស់​ចាប់​ផ្ដើម​ដោតឡូត Chuoy App រួច​បង្កើត​គណនី​ទៅ​តាម​ការ​ណែនាំ​ ដូចជា ឈ្មោះ ភេទ អាយុ ទីលំនៅ លេខ​ទូរស័ព្ទ​ទាក់ទង​បន្ទាន់ ប្រវត្ដិ​ជំងឺ ឬ​ថ្នាំ​សង្កូវ​​​ប្រើ​​​ជា​ប្រចាំ។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​បុគ្គល​គ្រប់​រូប​អាច​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ក្នុង​កិច្ច​ការ​ជួយ​ជន​រង​គ្រោះ​ ក៏​ដូចជា​ជួយ​ខ្លួន​ឯង ពេល​ជួប​ឧប្បត្ដិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ Chuoy App។ ពេល​ចូល​ប្រើ​កម្មវិធី​នេះ​វា​នឹង​បង្ហាញ​អំពី​ទីតាំង​សេវា​សង្គ្រោះ​ដែល​មាន​នៅ​តំបន់​នោះ»។

បុរស​ដែល​ឈឺ​ឆ្អាល​​រឿង​សេវាកម្ម​សង្គ្រោះ​នេះបាន​បន្ដ​ថា​៖ «​អ្នក​ប្រើប្រាស់​អាច​តាម​ដាន​អំពី​ការ​ធ្វើ​ដំណើរ​របស់​រថយន្ដ​សង្គ្រោះ ព្រម​ទាំង​អាច​ផ្ដល់​ដំណឹង​ទៅ​តាម​លេខ​ទំនាក់ទំនង​បន្ទាន់ (emergency contact) របស់​​អ្នក​ផ្ទះ​ជន​រង​គ្រោះ​បាន​ភ្លាម​ៗ​ ហើយ​ក៏​អាច​ទទួល​នូវ​ព័ត៌មាន​ ដំណឹង​ថ្មី​ៗ​អំពី​សុខភាព​តាមរយៈ​កម្មវិធី​នេះ​ផង​ដែរ​»។

លោក វឌ្ឍនា បាន​អះអាង​ថា កម្មវិធី​នេះ​អាច​ជួយ​ពន្លឿន​ដល់​ការ​ដឹក​ជញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា និង​ចំ​កន្លែង​មាន​ជំនាញ​សង្គ្រោះ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​អត្រា​មរណៈ។ វា​ក៏​លើក​ទឹក​ចិត្ដ​ដល់​អ្នក​ឃើញ​ហេតុការណ៍​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ត្រឹម​ត្រូវ​ សម្រួល​ដល់​អ្នក​បើកបរ​ឆាប់​ស្វែង​រក​ទីតាំង​ឧប្បត្ដិហេតុ​ផង​ដែរ។

ម្យ៉ាង​វិញ​ទៀត Chuoy App មាន​អត្ថ​ប្រយោជន៍​លើស​ពី​ការ​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់ ដែល​វា​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ជម្រើស​​ជា​ច្រើន​ក្នុង​ការ​ទទួល​សេវា​សង្គ្រោះ​ និង​ព្យាបាល​ ដូច​ជា​មន្ទីរ​នៅ​ជិត​បំផុត​ មន្ទីរ​ពេទ្យ​មាន​រថយន្ដ​សង្គ្រោះ​ គ្លីនិក​ព្យាបាល​ធម្មតា ឬ​សេវាកម្ម​ដឹក​ជញ្ជូន​រថយន្ដ​សង្គ្រោះ​របស់​រដ្ឋ (១១៩)។

Chuoy App ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី SmartSpark5 អាច​​ប្រើប្រាស់​បាន​ចំពោះ​មនុស្ស​ទូទៅ​ជាក់​ស្ដែង​រួមមាន ​អ្នក​ជួប​គ្រោះ​ថ្នាក់​ខ្លួន​ឯង អ្នក​ឃើញ​ហេតុការណ៍ និង​អ្នក​បើកបរ​រថយន្ដ​សង្គ្រោះ។

និស្សិត​វេជ្ជសាស្ដ្រ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​សម្រាប់​អ្នក​ជួប​គ្រោះ​ថ្នាក់​ផ្ទាល់ បើ​គាត់​មិន​បាត់បង់​ស្មារតី​ទេ​គាត់​អាច​ប្រើ Chuoy App ដើម្បី​ស្វែង​រក​មន្ទីរពេទ្យ​រដ្ឋ​ឬ​ឯកជន​ ឬ​គ្លីនិក​ដែល​មាន​រថយន្ដ​សង្គ្រោះ​តាម​ស្ដង់ដា​នៅ​ជិត​បំផុត។ គាត់​អាច​ចែក​រំលែក​ទីតាំង​ទៅ​​ឲ្យ​​អ្នក​បើកបរ​រថយន្ដ​សង្គ្រោះ​បាន​ស្គាល់។ តែ​​បើ​គាត់​បាត់បង់​ស្មារតី​គាត់​​ត្រូវ​ការ​អ្នក​ជួប​ហេតុ​ការណ៍​ជួយ​»។

លោក​បាន​បន្ថែម​ថា អ្នក​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ អាច​ទាក់ទង​លេខ​សង្គ្រោះ​របស់​រដ្ឋ ១១៩ ឬ​​​ឯកជន​ ហើយ​ពួក​គេ​​អាច​ចែក​រំលែក​ទីតាំង​ទៅ​កាន់​អ្នក​បើកបរ​រថយន្ដ​សង្គ្រោះ​បាន​ភ្លាម​ៗ។

Version ពិសេសសម្រាប់មន្ទីរពេទ្យ និង​អ្នក​បើករថយន្ត​សង្គ្រោះ​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

រីឯ​អ្នក​បើកបរ​រថយន្ដ​សង្គ្រោះ ​ពួក​គេ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​​ប្រភេទ​ផ្សេង​​មួយ​ទៀត។ ក្រោយ​ទទួល​បាន​ការ​ទាក់ទង​ពី​ជន​រងគ្រោះ​ក៏​ដូចជា​អ្នក​ជួប​ហេតុការណ៍ ពួក​គេ​បាន​ដឹង​ពី​ទីតាំង​ និង​អាច​ពង្វាង​ផ្លូវ​គេច​ពី​ចរាចរណ៍​កក​ស្ទះ​ទៀត​ផង។

លោក វឌ្ឍនា ​បញ្ជាក់​ថា​៖ «មាន​​តែ​កម្មវិធី​ Chuoy App version ពិសេស​​សម្រាប់​មន្ទីរ​ពេទ្យ ឬ​អ្នក​បើកបរ​រថយន្ដ​សង្គ្រោះ​ប៉ុណ្ណោះ​អាច​មើល​ឃើញ​​នូវ​ព័ត៌មាន​លម្អិត​របស់​ជន​រងគ្រោះ ដូចជា ប្រវត្ដិ​ជំងឺ បញ្ហា​ប្រតិកម្ម​ថ្នាំ និង​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​ក្រុម​គ្រួសារ​ក្នុង​គ្រា​អាសន្ន​»។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ Chuoy App ក្នុង​ដំណាក់កាល​ប្រែ​ក្លាយ​គំនិត​ទៅ​ជា​ការ​អនុវត្ដ ឬ (idea stage) ជាមួយ​ការ​ផលិត​កម្មវិធី​គំរូ​ បុរស​រូប​នេះ និង​ក្រុម​ការងារ ២ នាក់​​ទៀត កំពុង​ស្វែងរក​ដៃគូ​សហការ​ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ គ្លីនិក​ឯកជន​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង។

លោក​ វឌ្ឍនា បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ដៃ​​គូ​ដែល​មាន​សេវាកម្ម​រថយន្ដ​សង្គ្រោះ​​បន្ទាន់ ប្រកប​ដោយ​សុវត្ថិភាព និង​តម្លៃ​សមរម្យ​ ជាពិសេស​ការ​គាំទ្រ​ពី​សេវា​រថយន្ដ​សង្គ្រោះ​​របស់​រដ្ឋ ១១៩ និង​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ ដើម្បី​ឲ្យ​ដំណើរការ​រលូន​ ព្រម​ទាំង​ងាយ​ស្រួល​»៕