ក្រុងតូរ៉ុនតូ៖ «Ford v Ferrari» ដែលជាភាពយន្ដបែបប្រណាំងរថយន្តថ្មី សម្ដែងដោយតារាហូលីវូដ Christian Bale និង Matt Damon ជាការរំឭកដល់ប្រវត្ដិសម័យដែលហូលីវូដចាប់ផ្ដើមល្បីល្បាញ។ នេះបើយោងតាមផលិតករភាពយន្ដ។
ភាពយន្ដនេះបង្ហាញពីរបៀបដែលលោក Henry Ford II ខិតខំរចនារថយន្ដអាមេរិករបស់លោកមានភាពទាក់ទាញ ដោយការជួលអ្នកឌីហ្សាញម្នាក់ និងអ្នកបើកបរម្នាក់មកបញ្ជាដៃចង្កូតរថយន្ដបំពាក់ម៉ាស៊ីនរថយន្ដប្រណាំងអ៊ីតាលី Enzo Ferrari ក្នុងការប្រកួត Le Mans ២៤ ម៉ោង ដ៏ល្បីល្បាញក្នុងឆ្នាំ ១៩៦៦។
ដោយចំណាយទុនប្រមាណ ១០០ លានដុល្លារ ដែលអត់ប្រើជំនួយក្រាហ្វិកកុំព្យូទ័រ ជាគម្រោងទុនធំរបស់ហូលីវូដដ៏កម្រ ដែលមិនមែនជារឿងតភាគ ឬភាពយន្ដវីរបុរសនោះទេ។
ផលិតករ James Mangold បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា៖ «យើងមិនប្រកាន់នោះទេ បើអស់លោកហៅវាថា រថយន្ដមិនទាន់សម័យ ឬចាស់គំរឹល។ ខ្ញុំគិតថា ទស្សនិកជននឹកអាល័យដល់ភាពយន្ដដែលថតមិនប្រើផ្ទាំងក្រណាត់បៃតងជាផ្ទៃក្រោយ»។
លោក Mangold បាននិយាយថា លោកមិនប្រើជំនួយក្រាហ្វិកកុំព្យូទ័រក្នុងភាពយន្ដ «Ford v Ferrari» ចំពោះឈុតឆាកប្រណាំងរថយន្ដព្រោះវាធ្វើឲ្យតួសម្ដែងមានអារម្មណ៍ដូចស្ថិតក្នុងស្បោងនំសាំងវិច។
ភាពយន្ដបែបថ្មីដែលប្រើបច្ចេកវិទ្យាបុរាណនេះ បានជួលអ្នកបើកបររថយន្ដប្រណាំងល្បីៗ រួមទាំង Ben Collins ដែលសម្ដែងជាតួ The Stig ក្នុងកម្មវិធីទូរទស្សន៍អង់គ្លេស «Top Gear» និងផលិតរថយន្ដគំរូពីបុរាណជាច្រើនផងដែរ។
លោក Christian Bale បានតបរាល់មតិរិះគន់ ដែលចោទថា លោក និង លោក Damon ជាតួឯកសម្ដែងគួរតែបើករថយន្តខ្លួនឯង។
លោកនិយាយថា៖ «យើងគ្រាន់តែជាតួសម្ដែងមិនអាចធ្វើបានដូចអ្នកអាជីពប្រណាំងរថយន្តនោះទេ»។
ចាប់បញ្ចាំងពីថ្ងៃទី ១៥ ខែ វិច្ឆិកា រឿង «Ford v Ferrari» មានឈ្មោះនៅក្រៅអាមេរិកខាងជើងមួយទៀតថា «Le Mans 66»៕ AFP/HR