ភ្នំពេញ៖ ឈរ​បោយ​ដៃ​ហៅ​រថយន្ដ​ឈ្នួល​ជិះ​បាន​ក្លាយ​ជា​ទម្លាប់​ហួស​សម័យ​ដោយសារ​ប្រតិបត្ដិករ​ដឹក​ជញ្ជូន​​នាំ​គ្នា​ផ្លាស់ប្ដូរ​ទៅ​កាន់​បច្ចេកវិទ្យា​កក់ និង​ទិញ​សំបុត្រ​តាម​អនឡាញ។

ពេល​នេះ អ្នក​ដំណើរ​អាច​ទិញ និង​កក់​កៅអី​អង្គុយ​លើ​រថយន្ដ​ក្រុង នាវា​ និង​តាក់ស៊ី​ទៅ​តាម​គោលដៅ​ជា​ច្រើន​ទាំង​​នៅ​ក្នុង​ប្រទេស និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។


BookMeBus ជា​សេវាកម្ម​លក់​សំបុត្រ​ដឹក​ជញ្ជូន​អនឡាញ​ បាន​បង្ក​ការ​ងាយ​ស្រួល​សម្រាប់​​អតិថិជន​ក្នុង​ការ​ជ្រើស​រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ និង​គោលដៅ​ជា​ច្រើន​។


លោក ជា ឡង់ដា ជា​ស្ថាបនិក​​ BookMeBus បាន​ឲ្យ​ដឹង​ថា​៖ «យើង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អតិថិជន​ និង​ដំណោះ​ស្រាយ​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​មិន​ចាំបាច់​ទៅ​ទិញ​សំបុត្រ​ដល់​កន្លែង អ្នក​ប្រើប្រាស់ BookMeBus ចំណាយ​ពេល​តែ​ប៉ុន្មាន​​នាទី​ទទួល​បាន​សំបុត្រ​យាន​ជំនិះ និង​ដឹង​​កៅអី​អង្គុយ​ភ្លាមៗ​។ អ្នក​ប្រើប្រាស់​​ដ៏​មិន​ចាំបាច់​ប្រើ​ដល់​ថ្នាក់​បច្ចេកវិទ្យា​ ឬ​ឌីជីថល​ទំនើបៗ​អី​ដែរ​»។


លោក ជា ឡង់ដា ក៏ជា​អ្នក​ដំណើរ​តាម​​ឡាន​ឈ្នួល​​ជា​រឿយ​ៗ ហើយ​កាល​​ពេល​មុន លោក​រមែង​ជួប​បញ្ហា​លំបាក​នៃ​ការ​ធានា​កៅអី​អង្គុយ​លើ​ឡាន​ឈ្នួល​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ទៅ​លេង​​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត។ ពេល​មមាញឹក​ខ្លាំង​អ្នក​ដំណើរ​ត្រូវ​ដណ្ដើម​កន្លែង​អង្គុយ​ដ៏​តូច​ចង្អៀត​។


បុរស​អាយុ ២៩ ឆ្នាំ ​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ និង​អប់រំ​ បាន​និយាយ​ថា​៖ «​ការ​ធ្វើ​ដំណើរ​មិន​មាន​ការ​ស្មុគស្មាញ​ ហើយ​ជាមួយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ យើង​អាច​ទិញ​សំបុត្រ និង​កក់​កៅអី​ ព្រម​ទាំង​ព័ត៌មាន​​នៃ​ការ​ធ្វើ​ដំណើរ​ដ៏​ត្រឹមត្រូវ​។ លើស​ពី​នេះ វា​ក៏​ជួយ​សម្រួល​ដល់​ប្រតិបត្ដិការ​ប្រចាំ​ថ្ងៃ​របស់​ក្រុមហ៊ុន​ប្រតិបត្ដិករ និង​​ពង្រីក​ជំនួញ​របស់​ពួក​គេ​ផង​ដែរ​»។


អ្នកដំណើរត្រូវបំពេញ​នីតិវិធី​ប៉ុន្មាន​ដំណាក់​កាល ដូចជា គោលដៅ ពេលវេលា កៅអី និង​ជម្រើស​ការ​បង់ប្រាក់​​​។ រូបថត សហ​ការី

ក្នុង​ឆ្នាំ ​២០១៥ លោក ឡង់ដា និង​មិត្ដ​​ភក្ដិ ៤ នាក់​ទៀត​បាន​បង្កើត​ Book​MeBus ជាមួយ​ទស្សនៈ​កសាង​​​ប្រព័ន្ធ​​អេកូឡូស៊ី​ឌីជីថល​សម្រាប់​ការ​ដឹក​ជញ្ជូន និង​ទេសចរណ៍ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ចំពោះ​មុខ​នាទី​បច្ចុប្បន្ន លោក​ធ្វើ​ការ​ជា​វិស្វករ​សូហ្វវែរ​ ៨ ឆ្នាំ ជាមួយ​ប្រវត្ដិ​ការងារ​ក្នុង​ទិន្នន័យ Cloud Technology និង​មុខងារ​សព្វ​ថ្ងៃ​ជា​អ្នក​តំណាង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អនឡាញ Alibaba។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​យើង​ចង់​កសាង និង​បង្កើន​ប្រព័ន្ធ​អេកូឡូស៊ី​ជុំវិញ​បញ្ហា​ការ​ដឹក​ជញ្ជូន​ក្នុង​បណ្ដា​​ប្រទេស​អាស៊ី​អាគ្នេយ៍​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​​ និង​ចែកចាយ​ល្អ​ប្រសើរ​»។

លោក​បន្ដថា BookMeBus ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​កក់​សំបុត្រ​រថយន្ដ​ក្រុង និង​នាវា​ ដែល​ភ្ជាប់​គោលដៅ​​ទូទាំង​ប្រទេស​ ក៏​ដូចជា ទីក្រុង​អន្ដរជាតិ​ជា​ច្រើន​ទៀត​រវាង​កម្ពុជា វៀតណាម និង​ថៃ​ ដែល​អាច​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​។

ជាមួយ​ប្រតិបត្ដិករ​ជាង ៦០ ក្រុមហ៊ុន​ ​នោះ​មាន​ន័យ​ថា អ្នក​ដំណើរ​អាច​​​​ធ្វើ​ការ​​ទិញ​សំបុត្រ​អនឡាញ​ជាមួយ​ជម្រើស​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា​ និង​តាម​ការ​វិភាគ​​តម្រូវ​ការ​របស់​ខ្លួន​។

ស្ថាបនិក​រូប​នេះ បាន​លើក​ឡើង​ថា​៖​ «​វា​ជា​ជោគជ័យ​មួយ​ដែល​យើង​បាន​បង្កើន​ចំនួន​​អ្នក​ប្រើប្រាស់​ ដៃគូ​ និង​ខ្សែ​ដឹក​ជញ្ជូន​ដ៏​ច្រើន​។ យើង​មិន​បាន​ផ្ដល់​ឲ្យ​គ្រប់​ខ្សែ​ដឹក​ជញ្ជូន​នោះ​ទេ​ តែ​ពេល​​នេះ យើង​គ្រប​ដណ្ដប់​គោលដៅ​ចំនួន ៣០ និង​ខ្សែ​ដឹក​ជញ្ជូន​ជាង ៣០០ នៅ​កម្ពុជា​ វៀតណាម និង​ថៃ​ ហើយ​អ្នក​ដំណើរ​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​កាត់​ព្រំដែន​»។

លោក ជា ឡង់ដា ស្ថាបនិក BookMeBus។ រូបថត សហ​ការី

អ្នក​ដំណើរ​ត្រូវ​បំពេញ​នីតិវិធី​ប៉ុន្មាន​ជំហាន​ ដោយ​ចាប់​ផ្ដើម​ពី​ការ​ជ្រើសរើស​​គោលដៅ ពេលវេលា​ កៅអី​ និង​ការ​បង់​ប្រាក់​តាមរយៈ​វិធីសាស្ដ្រ​ជា​ច្រើន​ប្រភេទ​។

លោក ឡង់ដា បាន​ឲ្យ​ដឹង​ថា​៖ «​អ្នក​ប្រើប្រាស់​នឹង​ទទួល​បាន​សំបុត្រ​អេឡិចត្រូនិក​ក្រោយ​ពី​បង់​ប្រាក់​រួច ហើយ​​ពួក​គេ​អាច​ប្រើ​សំបុត្រ​នោះ​បង្ហាញ​បុគ្គលិក​ឡើង​​យានជំនិះ​»។

លោក​បន្ដ​ថា​៖ «​យើង​មិន​មាន​សេវាកម្ម​លើ​ដំណើរការ​នៃ​ការ​ត្រួត​ពិនិត្យ​ឆ្លង​ប៉ុស្ដិ៍​ព្រំដែន ដែល​ទាក់ទង​នឹង​ការ​សុំ​ទិដ្ឋា​ការ និង​នីតិវិធី​ផ្សេងៗ​នោះ​ទេ តែ​យើង​​ព្យាយាម​ជួយ​សម្រួល​កិច្ចការ​​»​។

BookMeBus ផ្ដោត​ចម្បង​លើ​ការ​ច្របាច់​បញ្ចូល​បច្ចេកវិទ្យា​ក្នុង​ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​ ដោយ​បន្ថែម​តម្លៃ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។

ក្រុមហ៊ុន​​បាន​ឈ្នះ​ពាន​ Runway to Web Summit Thailand ក្នុង​ព្រឹត្ដិការណ៍ Digital Thailand Big Bang ឆ្នាំ ​២០១៩​។

កញ្ញា ហ៊ុន កែវលីដេត បុគ្គលិក​ផ្នែក​ទំនាក់ទំនង​បាន​ឲ្យ​ដឹង​ថា​៖ «​ពាន​នេះ​​ទទួល​បាន​នៅ​ប្រទេស ​ថៃ អំឡុង​ពេល​ក្នុង​ព្រឹត្ដិការណ៍ Digital Thailand BigBang 2019 នៅ​ខែ​វិច្ឆិកា​។ យើង​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ទៀត​ និង​ត្រូវ​បាន​ជ្រើស​រើស​ជា​ម្ចាស់​ជយលាភី​»។

BookMeBus​ ស្ថិត​នៅ​ផ្ទះ A23A សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ហើយ​សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅ​កាន់​វេបសាយ https://bookmebus.com៕