ក្រុង​ញូវដែលី៖ ពេល​ការ​តម្រង់​ជួរ​វែង​ដូច​កន្ទុយ​ខ្លែង​ខាង​​ក្រៅ​ហាង​ស្រា​ក្នុង​ប្រទេស ​ឥណ្ឌា ​អំឡុង​ពេល​បន្ធូរ​បន្ថយ​ការ​បិទ​ប្រទេស​ លោក ការធិក វេឡាយូថាម បាន​នឹក​ឃើញ​គំនិត​រក្សា​គម្លាត​សុវត្ថិភាព​ ដោយ​ការ​ផលិត​រ៉ូបូត​ឲ្យ​ដើរ​ផ្សារ​​ជំនួស​ខ្លួន​។

ម៉ាស៊ីន​ដ៏​មាន​ប្រយោជន៍​នេះ ជា​ប្រអប់​ដាក់​កង់​លើ​ទម្រ​ឈើ ជា​ស្នាដៃ​របស់​វិស្វករ​កុំព្យូទ័រ​ចំណាយ​ពេល​ផលិត​​ ២ ថ្ងៃ​ និង​​ចំណាយ​ប្រាក់ ៤០ ដុល្លារ។ ប៉ុន្ដែ​វា​បំពេញ​ភារកិច្ច​សំខាន់​ឲ្យ​ម្ចាស់​របស់​វា​ចំពេល​អនុវត្ដ​រក្សា​គម្លាត​សុវត្ថិភាព​ ដែល​បាន​ប៉ះពាល់​ពលរដ្ឋ​ក្នុង​ពិភព​លោក​​ជាង ៤ លាន​នាក់​ និង​សម្លាប់​មនុស្ស​ជាង ៣០ ម៉ឺន​នាក់​។


លោក វេឡាយូថាម អាយុ ៣១ ឆ្នាំ បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​បាន​ប្រើ​រ៉ូបូត​ឲ្យ​ទៅ​ហាង​ស្រា​ជា​ការ​សាកល្បង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​រ៉ូបូត​នៅ​ក្នុង​សភាព​​មនុស្ស​ម្នា​ច្រើន​ និង​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​សារសំខាន់​នៃ​ការ​រក្សា​គម្លាត​សុវត្ថិភាព​ក្នុងការ​ទប់​ស្កាត់​ការ​រីករាល​ដាល​»។


លោក​បន្ដ​ថា​៖ «​ខ្ញុំ​បាន​សាកល្បង​ឧបករណ៍​នេះ​នៅ​តាម​ដង​វិថី​នានា​ ហើយ​វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​ ដោយ​មាន​ដំណើរការ​យ៉ាង​រលូន សូម្បី​តែ​ល្បឿន​ធ្វើ​ដំណើរ ពី​ព្រោះ​ខ្ញុំ​ប្រើ​ម៉ូទ័រ​អេឡិចត្រូនិក​»។


រ៉ូបូត​នឹង​​សម្រួល​​គោលការណ៍​រក្សា​គម្លាត​សង្គម មិន​ពិបាក​​​​មនុស្ស​ឈរ​តម្រង់ជួរ​ចូល​ផ្សារ​។ រូបថត AFP


លោក​អាច​គ្រប់គ្រង​ម៉ាស៊ីន​បាន​ងាយ​ស្រួល និង​ប្រកប​ដោយ​សុវត្ថិភាព ពី​ផ្ទះ​នៅ​ទីក្រុង​ខូអ៊ីមបាទ័រ ភាគ​ខាង​ត្បូង​រដ្ឋ​តាមិល ណាឌូ​។ ការ​ប្រើប្រាស់​ទូរស័ព្ទ​ជំនួយ​សម្រាប់​រ៉ូបូត លោក​អាច​បញ្ជា​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​។


លោក​បាន​ប្រាប់​ម្ចាស់​ហាង​នូវ​អ្វី​ដែល​ខ្លួន​ចង់​ទិញ​តាមរយៈ​វីដេអូ​ខល​។ រ៉ូបូត​នេះ​អាច​ផ្ទុក​សម្ភារ​ទម្ងន់ ៥០ ​គីឡូក្រាម​។

លោក​បាន​បន្ដ​ថា​៖ «​ភាព​វិសេស​របស់​រ៉ូបូត​នេះ ​គឺ​ថា​វា​អាច​ត្រូវ​បាន​បញ្ជា​គ្រប់​ទី​កន្លែង​ទូទាំង​ពិភព​លោក​។ ការ​បង់​ប្រាក់​អាច​ធ្វើ​ឡើង​តាមរយៈ​ការ​ប្រើ​កម្មវិធី​ទូរស័ព្ទ ឬ​ប្រព័ន្ធ​បង់​ប្រាក់​ពី​ចំណាយ​»។

នៅ​ជុំវិញ​ពិភព​លោក​ រ៉ូបូត​ត្រូវ​បាន​ដាក់​ពង្រាយ​អំឡុង​ពេល​មាន​រោគ​រាតត្បាត ​ដើម្បី​ដឹក​ជញ្ជូន​ម្ហូប​អាហារ ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព និង​ថែម​ទាំង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​។

លោក​មាន​ជំនឿ​ចិត្ដ​ថា ម៉ាស៊ីន​​រ៉ូបូត​របស់​ខ្លួន​ដែល​ត្រូវ​កែ​សម្រួល​តិចតួច អាច​ចូលរួម​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​បាន​។

លោក​បាន​​អះអាង​ទៀត​ថា​៖ «​វា​អាច​ប្រើ​នៅ​មន្ទីរពេទ្យ ​ដើម្បី​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំងឺ​ពី​ចម្ងាយ​ ក៏​ដូចជា​កិច្ចការ​ជា​ច្រើន​ទៀត​ រួមទាំង​ការ​ដើរ​ផ្សារ ល្បាត​ ឬ​ក្នុង​ស្ថានភាព​មាន​អគ្គិភ័យ​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ផង​ដែរ»៕ AFP/HR