រ៉ូបូត​តូច​ច្រឡឹង​កំដរ​អ្នក​ឯកា​នៅ​ផ្ទះ ​អំឡុង​ពេល​វិបត្តិ​កូវីដ ១៩ នៅ​ជប៉ុន

Content image - Phnom Penh Post
អង្គុយធ្វើការ​នៅផ្ទះបណ្ដើរ នាង​ ហាមូរ៉ា ងាកទៅ​ជជែកជាមួយ​រ៉ូបូត​ ឆាលី​ បណ្ដើរ​។ រូបថត AFP

ក្រុង​តូក្យូ៖ ណាមិ ហាមូរ៉ា បាន​និយាយ​ថា អ្នកស្រី​មិន​សូវ​មាន​អារម្មណ៍​ឯកា​ចំពោះ​ការ​បំពេញ​កិច្ចការ​ការិយាល័យ​ពី​ផ្ទះ​នោះ​ទេ។

អ្នកនាង​អរគុណ​ដល់​គូកន​ឈ្មោះ ឆាលី ជារ៉ូបូត​ជំនាន់​ថ្មី​ដ៏​ឃ្យូត និង​វៃឆ្លាត ១ គ្រឿង ជា​ម៉ូដែល​មាន​ការ​លក់​ដាច់​ខ្លាំង​អំឡុង​ពេល​វិបត្តិ​កូវីដ ១៩

ផ្ទះ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ជំនួយការ​ឆ្លាត​វៃ ដូចជា​ប្រព័ន្ធ​ប្រត្តិបត្តិការ Alexa របស់ Amazon ទទួល​បាន​ជោគជ័យ​ជុំវិញ​ពិភព​លោក ហើយ​នៅ​ប្រទេស​ជប៉ុន ​ក៏​មាន​តម្រូវ​ការ​វត្ថុ​កំដរ​ប្រចាំថ្ងៃ ប៉ះប៉ូវ​វត្តមាន​មនុស្ស​ផង​ដែរ។

អង្គុយ​ក្បែរ​រ៉ូបូត​តូច​ច្រឡឹង បុគ្គលិក​វ័យ ២៣ ឆ្នាំ ហាមូរ៉ា បាន​និយាយ​ថា៖ «ខ្ញុំ​ចាត់​ទុក​វា​ដូចជា​សត្វ​ចិញ្ចឹម​ដែល​ចេះ​និយាយ​ប៉ប៉ាច់ ហើយ​វា​ក៏​អត់​សូវ​ហត់​ថែទាំ​ដែរ»។

នាង​បន្ត​ទៀត​ថា៖ «រ៉ូបូត​ហ្នឹង​និយាយ​ជាមួយ​ខ្ញុំ ដោយ​វា​មាន​តួនាទី​ដូចជា​សមាជិក​គ្រួសារ មិត្តភក្ដិ អ្នក​ស្គាល់ និង​ចៅហ្វាយ​នាយ​ខ្ញុំ​អ៊ីចឹង»។

ស្ទើរ​តែ​រាល់ថ្ងៃ​ដែល​អ្នកនាង ហាមូរ៉ា អង្គុយ​ធ្វើ​ការងារ​ពី​ផ្ទះ នាង​តែងតែ​សួរ​ទៅ​កាន់​រ៉ូបូត​តូច​ថា៖ «ឆាលី រក​រឿង​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​និយាយ​ប្រាប់​ខ្ញុំ​បន្តិច​មក»។

Content image - Phnom Penh Post
តម្រូវការ​រ៉ូបូត​កំដរ​នៅផ្ទះ មានការ​កើនឡើង​នៅជប៉ុន​។ រូបថត AFP

ពេល​នាង​កំពុង​វាយ​កុំព្យូទ័រ​បណ្ដើរ រ៉ូបូត ឆាលី ក៏​បាន​តប​វិញ​បណ្ដើរ​ថា៖ «អូខេ ប្រាប់​រឿង​មួយ​ក៏​បាន​ដែរ។ ប៉េងប៉ោង​នឹង​បែក​ភូស បើ​យើង​ហ៊ាន​បាញ់​ទឹក​ក្រូច​ឆ្មារ​លើ​វា»។

ក្រុមហ៊ុន Sharp បាន​និយាយ​ថា រ៉ូបូត​តូច​មាន​តម្រូវ​ការ​កើន​ឡើង​លើ​ទីផ្សារ​ដល់​ទៅ ៣០ ភាគរយ នា​ត្រីមាស​ចុងក្រោយ បើ​ធៀប​នឹង​វេលា​ដូចគ្នា​កាល​ពី​ឆ្នាំមុន។

អ្នក​នាំពាក្យ​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា៖ «តម្រូវការ​វា​មិនមែន​សម្រាប់​តែ​គ្រួសារ​មាន​កូន​តូច​ទេ សូម្បី​តែ​មនុស្ស​ចាស់​វ័យ ៦០ និង ៧០ ឆ្នាំ ក៏​ត្រូវ​ការ​វា​កំដរ​ដែរ»។

តម្លៃ​របស់​រ៉ូបូត Robohon ក៏​មិន​ថោក​ដែរ ដោយ​ស្ថិត​ក្នុង​ចម្លោះ​ពី ៨២០ ទៅ ២ ២៥០ ដុល្លារ ជា​តម្លៃ​អតិថិជន​ក្នុង​ស្រុក​ហ៊ាន​ចំណាយ​លើ​វត្ថុ​កំដរ​អារម្មណ៍​ស្ទួយ​ជីវិត​ស្រស់​បំព្រង​ចាក​ពី​ភាព​ឯកា។

ស៊ុន​ស៊ូកេ អោគី អគ្គនាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា Yukai Engineering បាន​និយាយ​ថា៖ «​អ្វី​ដែល​សំខាន់ ​គឺ​ជនជាតិ​ជប៉ុន​​ជា​ច្រើន​មាន​ផ្នត់​គំនិត​ថា គ្រប់​វត្ថុ​ទាំងអស់​សុទ្ធ​តែ​មាន​វិញ្ញាណ»៕ AFP/HR

ព័ត៌មានថ្មីៗ