ក្រុងហ្វ្រេងហ្វឺត៖ ខណៈដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនបានដកខ្លួនពីព្រឹត្តិការណ៍ពិព័រណ៍រថយន្តដ៏ធំ IAA Car Show នៅទីក្រុងហ្វ្រេងហ្វឺត ប្រទេស អាល្លឺម៉ង់ ក្រោមបរិយាកាសមានក្បួនបាតុកម្មជុំវិញបញ្ហាបំពុលបរិយាកាស ពិព័រណ៍ដែលនឹងបើកទ្វារស្វាគមន៍សាធារណជននៅថ្ងៃទី ១២ ខែ កញ្ញា នេះ បានរំលេចវត្តមាន Lamborghini ម៉ូដែលថ្មីចុងក្រោយ ជាប្រវត្ដិសាស្ដ្ររបស់ក្រុមហ៊ុន ដោយរថយន្ដអ៊ីតាលីនិមិត្តរូបនេះប្រើបច្ចេកវិទ្យាកូនកាត់ជាលើកដំបូង។
Lamborghini Sian ស៊េរី limited-edition បំពាក់ម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ រួមជាមួយថាមពលអគ្គិសនី ដែលផលិតអានុភាពកម្លាំង ជាង ៨០០ សេះ។
ក្រុមហ៊ុនបានអះអាងថា កំពូលរថយន្ដនេះមានល្បឿនលឿនបំផុតដោយមានសម្ទុះពី ០ ទៅ ១០០ ប្រើថិរវេលាទាបជាង ២,៨ វិនាទី។
ល្បឿនកំពូលនៅមិនទាន់ត្រូវបានលាតត្រដាង តែក្រុមហ៊ុនផលិតកំពូលរថយន្ដនេះបានអះអាងថា វាអាចមានល្បឿន ៣៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វាមានឈ្មោះថា Lamborghini Sian ដែលមានន័យថា ពន្លឺដ៏ចិញ្ចែងចិញ្ចាច ដោយក្រុមហ៊ុនបានឲ្យដឹងថា វាត្រូវបានប្រើជានិមិត្តរូបជំហានដំបូងក្នុងការឈានចូលទីផ្សាររថយន្ដអគ្គិសនី។
លោក Stefano Dominicalli អគ្គនាយក និងជានាយកប្រតិបត្ដិ Lamborghini បាននិយាយថា៖ «ម៉ូដែល Sian តំណាងឲ្យនិមិត្តរូបដំបូងរបស់ក្រុមហ៊ុនក្នុងឧស្សាហកម្មអគ្គិសនី និងតំណាងឲ្យជំនាន់ថ្មីនៃប្រភេទម៉ាស៊ីន V12»។
រថយន្ដនេះប្រើបច្ចេកវិទ្យាអគ្គិសនី supercapacitor ដែលត្រូវបានអះអាងថា វាមានថាមពលខ្លាំងជាងអាគុយទម្ងន់ប៉ុនគ្នា ៣ ដង។ អាគុយនេះនឹងផលិតថាមពលអគ្គិសនី ៤៨ វ៉ុល ដើម្បីផ្ដល់កម្លាំង ៣៤ សេះ ក្នុងការជួយបង្កើនសមត្ថភាពម៉ាស៊ីន។
ចំពោះរូបរាងខាងក្រៅ Sian មានរូបឆោមស្រស់ស្អាត ដែលយកលំនាំតាមម៉ូដែលចាស់ Aventador និងបន្ថែមរចនាប័ទ្មសតវត្សរ៍ទី ២១។
នៅមានលក្ខណពិសេសមួយចំនួនទៀត រួមមាន ស្លាបខ្យល់ និងឧបករណ៍កម្ដៅវៃឆ្លាត។
តួខ្លួនស្រោបស្បែកក្រែប និងអំពូលភ្លើងរាងស្លីមក៏រំលេចនូវភាពស្រស់ស្អាតចំពោះរូបរាងរបស់វាផងដែរ។ ចំពោះបរិក្ខារផ្ទៃក្នុង អេក្រង់ថាច់ស្គ្រីនត្រូវបានដំឡើងនៅចំកណ្ដាលតាប្លូ ខណៈក្រុមហ៊ុនបានឲ្យដឹងថា បច្ចេកវិទ្យា 3D ត្រូវបានប្រើលើម៉ូដែលនេះជាលើកដំបូង។
ទោះបីជាតម្លៃខ្ពស់ញាក់សាច់ដល់ទៅ ៣,៧ លានដុល្លារ តែរថយន្ដទាំង ៦៣ គ្រឿង ត្រូវបានលក់ដាច់អស់ មុនថ្ងៃពិព័រណ៍នេះទៅទៀត៕ HR