ក្រុងឡុងដ៍: ក្រុមអ្នកវិទ្យាសាស្ដ្រកាលពីថ្ងៃអង្គារបានលាតត្រដាងថា ពួកគេនឹកឃើញបង្កើតអណ្ដាតសិប្បនិម្មិតដែលអាចបែងចែករសជាតិស្រាវីស្គីយ៉ាងល្អិតល្អន់។
ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Glasgow បានផលិតឧបករណ៍ភ្លក្សរសជាតិដ៏តូចដែលអាចបែងចែកភាពខុសគ្នារវាងស្រាវីស្គីយីហោតែមួយ ដែលអប់ក្នុងធុងដទៃដោយមានកម្រិតត្រឹមត្រូវ ៩៩ ភាគរយ។
វាក៏អាចបែងចែករវាងវីស្គីអាយុ ១២ ឆ្នាំ និង ១៥ ព្រមទាំង ១៨ ឆ្នាំ។ បច្ចេកវិទ្យាអាចបញ្ជាក់ពីការប្រើប្រាស់សមាសធាតុគីមីខុសៗគ្នា ដើម្បីអប់គ្រឿងត្រាំស្រាវីស្គីផងដែរ។
អណ្ដាតសិប្បនិម្មិតមិនត្រឹមតែត្រូវបានប្រើសម្រាប់គ្រប់គ្រងគុណភាពស្រាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងប្រយុទ្ធប្រឆាំងនឹងជំនួញផលិតផលស្រាក្លែងក្លាយ ពីព្រោះវាអាចវិភាគឃើញស្រាវីស្គីថ្លៃៗមួយចំនួនជាផលិតផលបន្លំ។
Alasdair Clark មកពីមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ Glasgow បានឲ្យដឹងថា៖ «យើងហៅវាថា អណ្ដាតសិប្បនិម្មិតពីព្រោះវាដើរតួនាទីជំនួសអណ្ដាតមនុស្ស។ ខុសពីមនុស្សមិនអាចកំណត់ឃើញសារធាតុគីមីនីមួយៗ ធ្វើឲ្យកាហ្វេមានរសជាតិខុសពីទឹកប៉ោមឡើយ តែវាអាចប្រាប់ពីភាពខុសគ្នារវាងល្បាយគីមីទាំងនោះយ៉ាងងាយ»។
ស្រាវីស្គីត្រូវបានបន្ដក់លើបន្ទះមាសដ៏តូច និងអាលុយមីញ៉ូមដែលដើរតួនាទីជាអ្នកភ្លក្សរសជាតិ ហើយក្រុមអ្នកស្រាវជ្រាវវាស់ស្ទង់ពីរបៀបដែលវាស្រូបពន្លឺ។ បម្រែបម្រួលពណ៌តិចតួចក្នុងបន្ទះមាស និងអាលុយមីញ៉ូម ត្រូវបានសន្មតថាបានបង្កើតគំរូរសជាតិនីមួយៗ។
Clark បានលើកឡើងថា៖ «ក្រៅពីអាចបែងចែកស្រាក្លែងក្លាយ អណ្ដាតសិប្បនិម្មិតត្រូវបានប្រើក្នុងការភ្លក្សអាហារសុវត្ថិភាព គ្រប់គ្រងគុណភាព និងសន្ដិសុខផងដែរ»៕ HR