ភ្នំពេញ៖ ទំនោរ​ដើរ​ផ្សារ​នៅ​កម្ពុជា​កំពុង​តែ​មាន​ការ​ផ្លាស់ប្ដូរ​ពី​បែប​ផែន​នៃ​ការ​ឡើង​ផ្សារ​ប្រពៃណី​ រហូត​ដល់​ការ​ទិញ​លក់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ថែមទាំង​ការ​បញ្ជា​ទិញ​តាម​កម្មវិធី​ទូរស័ព្ទ​ដៃ​។ ថ្មីៗ​នេះ យុវវ័យ​កម្ពុជា​កាន់​តែ​ចូលចិត្ដ​ការ​ទិញ​ទំនិញ​ដែល​ស្ថិត​នៅ​លើ​បាត​ដៃ​ទាំង​ស្រុង​។

ដោយសារ​តែ​ការ​ទិញ​ទំនិញ​អនឡាញ​​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​តែ​លើ​​ក្រុមហ៊ុន​អន្ដរជាតិ​ វា​ត្រូវ​ចាយ​ពេល​ដឹក​​ជញ្ជូន​ជា​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ រួម​ជាមួយ​​នឹង​តម្លៃ​ដឹក​ជញ្ជូន​ថែម​ទៀត។​


កញ្ញា នី ស៊ីយ៉ា ជា​អ្នក​ចូលចិត្ដ​ទិញ​ទំនិញ​តាម​អនឡាញ​ម្នាក់​ ដោយ​កញ្ញា​តែងតែ​ទិញ​សម្ភារ​ផ្ទះ​សំបែង គ្រឿង​អេឡិចត្រូនិក​ រហូត​ដល់​សៀវភៅ​នៅ​លើ​វេបសាយ​ដែល​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​ចិន​។ លើស​ពី​នេះ ក្រុមហ៊ុន​ដទៃ​ទៀត ដូចជា Amazon ជា​ក្រុមហ៊ុន​លក់​​រាយ​យក្ស​របស់​អាមេរិក​ មិន​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ផ្ទាល់​នៅ​កម្ពុជា ដែល​​វា​អាច​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ទីភ្នាក់ងារ​ផ្សេងៗ​។


កញ្ញា ស៊ីយ៉ា ជា​បុគ្គលិក​ផ្នែក​អភិវឌ្ឍ​វេបសាយ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​និយាយ​ថា​៖ «​បើ​ខ្ញុំ​ចង់​ទិញ​អ្វី​មួយ​ពី​វេបសាយ Amazon ដោយសារ​វា​សម្បូរ​ផលិតផល​ច្រើន​សន្ធឹក​ ខ្ញុំ​ត្រូវ​ធ្វើ​វា​​តាមរយៈ​ទីភ្នាក់ងារ​មួយ​ទៀត​ ដែល​គិត​​ថ្លៃ ​១០ ភាគរយ ​លើ​តម្លៃ​ទំនិញ​ក៏​ដូច​ជា​ ថ្លៃ​សេវាកម្ម​ដឹក​ជញ្ជូន​ថែម​ទៀត​»​។


ដើម្បី​សម្រួល​ និង​ចំណាយ​ពេល​វេលា​នៃ​ការ​ដឹក​ជញ្ជូន​ដល់​ដៃ​អតិថិជន សហគ្រិន​វ័យ​ក្មេង ២ នាក់ ​បាន​បង្កើត​សេវាកម្ម​ស្រដៀង​នឹង Amazon ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ និង​មិន​ស្មុគស្មាញ​ដល់​អតិថិជន​នៅ​កម្ពុជា​ ដោយ​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​រាប់​សប្ដាហ៍ ឬ​រាប់​ខែ​។


លោក ធៀប សុវណ្ណរ៉េត ជា​សហស្ថាបនិក​ Smile Shop បាន​និយាយ​ថា​៖ «​Amazon គឺ​ជា​គំរូ​ដែល​ Smile Shop ព្យាយាម​បោះ​ជំហាន​តាម​។ ដូចជា TMall របស់ Alibaba និង JD.com ក្រុមហ៊ុន​អនឡាញ​ Smile Shop អនុញ្ញាត​ឲ្យ​អតិថិជន​ទិញ​ទំនិញ​ផលិតផល​គុណភាព​ខ្ពស់ ធានា​​សេវាកម្ម​ស្ដង់ដា​ជូន​អតិថិជន​ រួម​ទាំង​គោលការណ៍​បង្វិល​ទំនិញ​ក្នុង​រយៈពេល ៧ ថ្ងៃ និង​ការ​ផ្លាស់ប្ដូរ​ទំនិញ​រយៈពេល ១៤ ថ្ងៃ​»។


លោក ជេក លី​ និង​លោក ធៀប សុវណ្ណារ៉េត ស្ថាបនិក Smile Shop ដែល​ប្រដូច​វាទៅ​នឹង Amazon ខ្មែរ។ រូបថត សហ​ការី

លោក​បាន​ឲ្យ​ដឹងថា Smile Shop មិន​ត្រឹមតែ​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន​ដល់​មាត់​ទ្វារ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​ជួយ​ផ្សព្វផ្សាយ និង​លក់​ផលិតផល​​ក្នុង​ស្រុក​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ផង​ដែរ​។

លោក​ សុវណ្ណារ៉េត បាន​បន្ដ​ថា​៖ «​គោលដៅ​មួយ​ផ្សេង​ទៀត​របស់ Smile Shop គឺ​​​លើក​ស្ទួយ​ពាណិជ្ជកម្ម​អ្នក​ជំនួញ​​​ក្នុង​ស្រុក​ដោយ​ការ​ដាក់​លក់​​ផលិតផល​របស់​ពួក​គេ​លើ​ទីផ្សារ​អន្ដរជាតិ​ ដូចជា​ក្រុមហ៊ុន​ម្រេច​កំពត Sela​ Pepper និង​ក្រុមហ៊ុន​ផលិត​អង្ករ Royal Mongkut ដែល​អាច​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​នានា រួមទាំង ចិន​តាមរយៈ​ Smile Shop»។

Smile Shop ​ហៅ​ខ្លួន​ឯង​ថា «Amazon ខ្មែរ» ដែល​បង្កើត​ឡើង​ដោយ​លោក​ ជេក លី និង​លោក ធៀប សុវណ្ណារ៉េត នៅ​ខែ ​តុលា ឆ្នាំ ​២០១៨ បាន​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ផលិតផល​ជា​ច្រើន រួមមាន​គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះ​បាយ សៀវភៅ គ្រឿង​​សម្អាង ផលិតផល​កសិកម្ម​ ដូចជា កាហ្វេ និង​គ្រាប់​ស្វាយ​ចន្ទី​ជា​ដើម​។

លោក សុវណ្ណារ៉េត ដែល​ជា​នាយក​ប្រតិបត្ដិ​ផង​នោះ បាន​បន្ត​ទៀត​ថា​៖ «Smile Shop តែងតែ​បន្ថែម​មុខ​ទំនិញ​ ហើយ​អតិថិជន​អាច​កុម្ម៉ង់​ផលិតផល​ពិសេស​ផ្សេងៗ​ ទោះ​អត់​មាន​​ក្នុង​តារាង​នៃ​កម្មវិធី​ទូរស័ព្ទ​ក៏​ដោយ​។ ផលិតផល​ដែល​ដាក់​លក់​ទាំង​ទំនិញ​ក្នុង​ស្រុក និង​​នាំចូល​ពី​បរទេស​»។

លោក​បាន​និយាយ​ថា Amazon ​គឺ​ជា​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈាន​មុខ​ តែ​មិន​ងាយ​ចូល​កម្ពុជា​ឡើយ​ ដោយសារ​អត់​មាន​សាខា​នៅ​កម្ពុជា​ ហើយ​អតិថិជន​ចង់​ទិញ​ទំនិញ​ពី Amazon ត្រូវ​រង់ចាំ​ជា​ច្រើន​សប្ដាហ៍​ក្នុង​ការ​ដឹក​ជញ្ជូន​ និង​ថែម​ទាំង​បង់​ថ្លៃ​សេវាកម្ម​ថែម​ទៀត​​​។

លោក​បាន​បន្ដ​ថា​៖ «​​Smile Shop ជា​ក្រុមហ៊ុន​ក្នុង​ស្រុក និង​មាន​ទំនុកចិត្ដ​ ក៏​ដូចជា​ផ្ដល់​ការ​ដឹក​ជញ្ជូន​រហ័ស​ឥត​បង់​ថ្លៃ​ត្រឹម​តែ ២៤ ម៉ោង​ក្នុង​ក្រុង​ភ្នំពេញ​​។ នៅ​តាម​បណ្ដា​ខេត្ដ​នានា ការ​ដឹក​ជញ្ជូន​នឹង​មិន​លើស​ពី ៧២ ម៉ោង​​ឡើយ​។ សម្រាប់​មូលហេតុ​ទាំង​នេះ Smile Shop គឺជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អតិថិជន​»។

គោលដៅ​​របស់​ Smile Shop គឺ​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​​។ រូបថត សហ​ការី

លោក សុវណ្ណារ៉េត បាន​ពន្យល់​ថា Smile Shop ផ្ដល់​បទពិសោធ​ងាយ​ស្រួល​ចំពោះ​ការ​ទិញ​ទំនិញ​។

អតិថិជន​​គ្រាន់​តែ​ចុច​មើល​លើ​កម្មវិធី​ទូរស័ព្ទ​ រួច​ចុច​​យក​ផលិតផល​ដែល​ខ្លួន​ពេញ​ចិត្ដ​ (មិន​ខុស​ពី​ការ​ទិញ​ទំនិញ​លើ​វេបសាយ Amazon) និង​បញ្ចូល​ក្នុង​រទេះ​ (cart)។

លោក​បាន​បន្ថែម​ថា​៖ «​ពេល​​​ចាកចេញ​ អតិថិជន​គ្រាន់​តែ​ជ្រើស​វិធី​នៃ​ការ​​​បង់​ប្រាក់ ទាំង​ការ​បង់​តាម​អនឡាញ ឬ​បង់​​ប្រាក់​ពេល​ដឹក​ជញ្ជូន​ដល់​ផ្ទះ​»។

ក្រៅ​ពី​សម្រួល​ការ​ទិញ​ទំនិញ​របស់​​អតិថិជន​ Smile Shop ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​សម្រួល​ដល់​ជន​បរទេស​​ ដែល​រស់នៅ​ និង​ស្នាក់នៅ​កម្ពុជា​យូរ​ផង​ដែរ។ ពួក​គេ​អាច​កុម្ម៉ង់​ទិញ​ផលិតផល​លើ Smile Shop និង​​ទទួល​ទំនិញ​បាន​ឆាប់​រហ័ស។

លោក​និយាយ​ថា​៖ «​ពេល​នេះ ជន​បរទេស​នៅ​ភ្នំពេញ​នៅ​បន្ដ​កុម្ម៉ង់​ទំនិញ​តាម Amazon និង​ត្រូវ​រង់ចាំ​ជា​ច្រើន​សប្ដាហ៍​ ខណៈ​ក្រុមហ៊ុន​ក្នុង​ស្រុក​ដឹក​ជញ្ជូន​​មក​ឲ្យ​។ Smile Shop ផ្លាស់ប្ដូរ​​ទម្លាប់​នេះ​ និង​កាត់​បន្ថយ​ការ​រង់ចាំ​របស់​អតិថិជន​ដោយ​ការ​រង់ចាំ​មិន​ដល់​មួយ​ថ្ងៃ​ផង​»។

លោក​អះអាង​ថា នា​ពេល​អនាគត លោក​មាន​គម្រោង​អភិវឌ្ឍន៍ Smile Shop ក្លាយ​ជា​ Super App រួម​ទាំង​សេវាកម្ម Fintech Services និង Digital Life Services។ សម្រាប់​ព័ត៌មាន​លម្អិត​ សុំចូល​ទៅ​កាន់​ហ្វេសប៊ុក​ @smileshop.cambodia ឬ​វេបសាយ​ www.smileshop.club៕