រាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន និងប្រព័ន្ធធារាសាស្ត្រ រហូតដល់ការផ្តល់ជំនួយលើបញ្ហាបរិស្ថាន និងបណ្តុះបណ្តាលការដោះមីនជាដើម ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការបែបនេះ គឺមានន័យថា ជប៉ុនដែលជា «ទឹកដីនៃព្រះអាទិត្យរះ» ត្រូវបានចាត់ទុកថាជាដៃគូមួយដែលអាចទុកចិត្តបានបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនមានតាំងពីរាប់សតវត្សរ៍មកហើយ។
យោងតាមលោក ពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពបានឱ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំង ២ បានចាប់ផ្តើមនៅក្នុងឆ្នាំ ១៥៦៩ នៅពេលដែលនាវាកម្ពុជា ១ គ្រឿងបានចូលចតនៅកោះ Kyushu ដើម្បីស្វែងរកការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជប៉ុន។
នៅចន្លោះឆ្នាំ ១៦០៤ និង ១៦៣៥ នាវារបស់ជប៉ុនចំនួន ៤៤ គ្រឿងបានធ្វើដំណើរមកកម្ពុជាដើម្បីស្វែងមើលឱកាសនៅកម្ពុជា។
អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរូបនេះបានបញ្ជាក់ថាភ័ស្តុតាងនៃទំនាក់ទំនងរបស់ជប៉ុនជាមួយប្រទេសកម្ពុជាគេអាចមើលឃើញនៅលើជញ្ជាំង និងសសរគ្រឹះនៃប្រាសាទអង្គរវត្តជាមួយនឹងសិលាចារឹកចំនួន ១៤ ដោយអ្នកគោរពបូជាជនជាតិជប៉ុនតាំងពីឆ្នាំ ១៦១២។
នៅក្នុងសម័យទំនើបនេះ ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ ១៩៥៣ ដោយបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនោះ។
ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍។
អង្គការសកម្មភាពមីនជប៉ុន (JMAS) នៅកម្ពុជាបានបោសសម្អាតមីនបានប្រមាណ ៤ ១០០ ហិកតាក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សជាង ២ ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះ ៦៥០ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣៩០ ០០០ គ្រាប់ គិតត្រឹមខែកញ្ញា ឆ្នាំមុន។
JMAS ក៏បានឆ្លើយតបទៅនឹងសំណើជាង ៣៧ ០០០ ពីប្រជាពលរដ្ឋដើម្បីបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានរកឃើញនៅជុំវិញតំបន់ដែលពួកគេរស់នៅ។
កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខ បន្ទាប់ពីមានជម្លោះរ៉ាំរ៉ៃជាច្រើនឆ្នាំ ហើយក្នុងនោះក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ស្ពានជ្រោយចង្វារទី ១ នៅក្នុងរាជធានីភ្នំពេញ រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងសម័យសង្គ្រាមស៊ីវិល ដោយផ្នែកសំខាន់ៗនៃស្ពានត្រូវបានបំផ្លាញនៅចន្លោះឆ្នាំ ១៩៧២ និង ១៩៧៣ បន្ទាប់ពីកម្លាំងខ្មែរក្រហមដាក់គ្រាប់មីនបំផ្លាញ ប៉ុន្តែត្រូវបានសាងសង់ឡើងវិញដោយជំនួយរបស់ជប៉ុន។
ស្ពាននេះពីដំបូងត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៣ ដោយជំនួយពីរដ្ឋាភិបាលជប៉ុនដែលមានបណ្តោយ ៩៧១ ម៉ែត្រឆ្លងកាត់ទន្លេសាប ហើយនៅតែមិនអាចប្រើប្រាស់បានអស់រយៈពេលជាង ៣ ទសវត្សរ៍រហូតដល់បានបើកដំណើរការជាថ្មីនៅខែកុម្ភៈឆ្នាំ ១៩៩៤ ហើយស្ពាននេះត្រូវបានប្តូរឈ្មោះជា «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» ដោយព្រះបាទសម្តេចព្រះនរោត្តមសីហនុ។
កាលពីពេលថ្មីៗនេះ ជប៉ុនក៏បានផ្តល់មូលនិធិដើម្បីកសាងស្ពានអ្នកលឿង ដែលមានប្រវែងជាង ២,២ គីឡូម៉ែត្រភ្ជាប់ពីខេត្តកណ្តាលទៅខេត្តព្រៃវែង ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ ២០១៥ ហើយក៏ជាស្ពានឆ្លងកាត់ទន្លេមេគង្គវែងជាងគេនៅកម្ពុជា។
ជប៉ុនក៏បានដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (Jica) បានជួយក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅអន្តរជាតិ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសកម្ពុជា។
ឯកឧត្ដម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួល «គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០» ពីរដ្ឋាភិបាលជប៉ុន សម្រាប់ការចូលរួមចំណែករបស់លោកក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានៅក្នុងការអភិវឌ្ឍកំពង់ផែ។
ជប៉ុនក៏ជាដៃគូពាណិជ្ជកម្មឈានមុខផងដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនបានកើនឡើងដល់ ១,៩ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងកាលពីឆ្នាំមុនពោលគឺកើនឡើង ០,៤៤ ភាគរយ ធៀបនឹង ១,៨៩ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro)។
ការនាំចេញរបស់កម្ពុជាទៅជប៉ុនមានតម្លៃ ១,៤៥ ពាន់លានដុល្លារ កើន ៧,៨ ភាគរយ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៥ ដល់ត្រីមាសទី ១ ឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងចំនួន ១៣៧ គម្រោង មានតម្លៃ ២,៥ ពាន់លានដុល្លារពីប្រទេសជប៉ុន។ ភាគច្រើនគឺនៅក្នុងវិស័យថាមពល កសិឧស្សាហកម្ម កែច្នៃចំណីអាហារ គ្រឿងបន្លាស់រថយន្ត បដិសណ្ឋារកិច្ច សុខភាព លក់រាយ និងគ្រឿងផ្គុំអេឡិចត្រូនិកជាដើម។
ជំនួយរបស់ប្រទេសជប៉ុនក៏ពង្រីកដល់ការបណ្តុះបណ្តាលផងដែរ ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលកំពុងអភិវឌ្ឍធនធានមនុស្សដើម្បីមានជំនាញ និងសមត្ថភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា។
CJCC និយាយថា ខ្លួនមានគោលបំណងលើកកម្ពស់ការយល់ដឹងទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន តាមរយៈសកម្មភាពសំខាន់ៗចំនួន ៣ គឺការបណ្តុះបណ្តាលអាជីវកម្ម ភាសាជប៉ុន សម្រាប់ការអភិវឌ្ឍអាជីព និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំ។
ជប៉ុនបានបង្ហាញថា ខ្លួនគឺជាដៃគូដែលអាចទុកចិត្តបាននៅក្នុងការអភិវឌ្ឍនៅកម្ពុជាអស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ ហើយក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ នៅក្នុងសាររបស់ឯកឧត្តមសម្រាប់ទិវាបុណ្យជាតិជប៉ុនឆ្នាំនេះបានជូនពរឱ្យចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាបន្តរីកចម្រើនទៅមុខទៀត៕