ប្រធាន​គ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមប្រឹក្សា​ជំរុញ​ទេសចរណ៍​ម៉ាឡេស៊ី លោកស្រី សៅ រដ្ឋា មាន​ភារកិច្ច​ដ៏ធំ​នៅ​ចំពោះមុខ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

លោកស្រី​មាន​ភារកិច្ច​ផ្សព្វផ្សាយ​ប្រទេស​ ម៉ាឡេស៊ី​ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​ទៅ​ទស្សនា​តំបន់​គោលដៅ​ទេសចរណ៍​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។


សម្រាប់​យុទ្ធនាការ «​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​ ២០២០» គោលដៅ​របស់លោក​ស្រី​គឺ​យ៉ាងហោច​ណាស់​មាន​ភ្ញៀវទេសចរ​កម្ពុជា​លើស​ពី​ ១០ ​ម៉ឺន​នាក់​ទៅ​ទស្សនា​ប្រទេស​ ម៉ាឡេស៊ី​។


លោកស្រី​ រដ្ឋា មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​ទេសចរ​កម្ពុជា​ដែល​បាន​ទៅ​ទស្សនា​ប្រទេស​ ម៉ាឡេស៊ី​។ នៅ​ចុង​ឆ្នាំ​នេះ​លោកស្រី​មាន​ជំនឿ​ចិត្ត​ថា ប្រទេស​ ម៉ាឡេស៊ី​ នឹង​ទទួល​បាន​ភ្ញៀវទេសចរ​កម្ពុជា​ប្រមាណ​ ១០ ​ម៉ឺន​នាក់ ខណៈ​គិត​ត្រឹម​ ៥ ​ខែ​ដំបូង​ក្នុងឆ្នាំនេះ​ភ្ញៀវទេសចរ​កម្ពុជា​ចំនួន ៤៣​ ២២១ ​នាក់ ​បាន​ទៅ​ទស្សនា​ប្រទេស​ ម៉ាឡេស៊ី​។


ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន នឹង​មាន​ទំនាក់ទំនង​ល្អ ជាពិសេស​មាន​ផលិតផល​ទេសចរណ៍​ដ៏គួរ​ឱ្យ​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ចម្រុះ​ទាំង​ភ្ញៀវទេសចរ​លក្ខណៈ​បុគ្គល លក្ខណៈ​ក្រុមគ្រួសារ ឬ​លក្ខណៈ​ជា​ក្រុម ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ទាំង​ក្នុង​តំបន់​ និង​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ពិភពលោក​។


«​ប្រទេស​ ម៉ាឡេស៊ី ​បាន​ក្លាយ​ជា​គោលដៅ​ដ៏ជាក់លាក់​រួម​ជាមួយ​ប្រទេស ​ថៃ និង​វៀតណាម​ សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា​។ កត្តា​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាពវិជ្ជមាន​នេះ​គឺ​រួមមាន​ការធ្វើ​ដំណើរ​មាន​រយៈពេល​ខ្លី​រវាង​ប្រទេស​ទាំង​ ២ ដោយ​ចំណាយពេល​ហោះហើរ​ត្រឹមតែ​ ២ ​ម៉ោង​ប៉ុណ្ណោះ​»​។


«​ទាំង​ប្រទេស ​ម៉ាឡេស៊ី និង​កម្ពុជា​ បាន​ប្តេជ្ញា​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២​។ ក្នុងចំណោម​លក្ខណសម្បត្តិ​ទាំងអស់​នេះ​គឺ​ភាពស្រដៀង​គ្នា​ដូចជា​អាកាសធាតុ ពេលវេលា និង​ម្ហូប ហាឡាល់​សម្រាប់​ទេសចរ​មូស្លីម​របស់​យើង​»​។

លោកស្រី​ រដ្ឋា បាន​ថ្លែងថា​៖ «​ចម្ងាយ​ធ្វើ​ដំណើរ​រយៈពេល​ខ្លី និង​មិន​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​ក្នុង​រយៈពេល​​ ៣០ ​ថ្ងៃ​ ធ្វើ​ឱ្យ​ភ្ញៀវទេសចរ​នៃ​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​ការស្នាក់នៅ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។

លោកស្រី​បន្ថែម​ថា ប៉ុន្តែ​សម្រាប់​ឆ្នាំក្រោយ​នឹង​មាន​អ្វី​ពិសេស​ជាច្រើន​ទៀត ខណៈ​ប្រទេស​ ម៉ាឡេស៊ី​ មាន​ផែនការ​ធំៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​បាន​ប្រមាណ​ ៣០ ​លាន​នាក់​។

«​សម្រាប់​ឆ្នាំ​ក្រោយ​នឹង​មាន​កម្មវិធី​ជាច្រើន​ដែល​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ឱ្យបាន​កាន់តែច្រើន ដើម្បី​ឈាន​ដល់​គោលដៅ​ ៣០ ​លាន​នាក់ ហើយ​និង​មាន​ផលិតផល​ថ្មីៗ​ជាច្រើន ដើម្បី​បំពេញ​តម្រូវការ​ជាក់លាក់​របស់​ភ្ញៀវទេសចរ​កម្ពុជា​ដូចជា​ការដើរ​ទិញ​ទំនិញ ការ​ទៅ​ទស្សនា​តំបន់ឆ្នេរ កីឡា​វាយកូនគោល ការថែរក្សា​សុខភាព​ ឬ​អាជីវកម្ម​ជាដើម​»​។

លោកស្រី​ រដ្ឋា បន្ថែម​ថា​៖ «​សម្រាប់​ទីផ្សារ​កម្ពុជា យើង​នឹង​ចាប់ផ្តើម «​យុទ្ធនាការ​ទស្សនា​ប្រទេស​ ម៉ាឡេស៊ី ឆ្នាំ​ ២០២០» នៅក្នុង​ព្រឹត្តិការណ៍ Cambodia Travel Mart ចាប់ពី​ថ្ងៃទី​ ១១-១៣ ខែ​ តុលា ឆ្នាំ​ ២០១៩ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​នឹង​ចែកចាយ​ស្ទីកឃ័រ​រថយន្ត កម្មវិធី​សំណួរចម្លើយ និង​សកម្មភាព​ជាច្រើន​ទៀត​ក្នុង​ការសហការ​ជាមួយ​ភ្នាក់ងារទេសចរណ៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។

លោកស្រី​ រដ្ឋា សាទរ​ចំពោះ​យុទ្ធនាការ​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី ឆ្នាំ​ ២០២០ ​នេះ​ហើយ​គណៈកម្មាធិការ​ទេសចរណ៍​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ដើម្បី​ធានាថា​វា​នឹង​ផ្តល់​ក្តីរំភើប​រីករាយ​មិន​អាច​បំភ្លេច​បាន​សម្រាប់​ភ្ញៀវទេសចរ​។

«​មាន​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ដ៏រំភើប​រីករាយ​ជាច្រើន​ក្នុង​អំឡុងពេល​ស្នាក់នៅ​របស់​ពួកគេ​ជាមួយ​នឹង​តម្លៃ​សមរម្យ​។ ដើម្បី​លើក​កម្ពស់​រឿងនេះ យើង​គ្រោង​រៀបចំ​កម្មវិធី Mega Fam ដ៏ធំ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា អ្នកសរសេរ​ប្លុក និង​អ្នក​ដែល​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​»​។

លោកស្រី រដ្ឋា បន្ថែម​ថា​៖ «​យើង​រីករាយ​នៅក្នុង​ការបង្ហាញ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​លក្ខណៈ​ចម្រុះ​នៃ​វប្បធម៌ ប្រជាជន ម្ហូបអាហារ ធម្មជាតិ ហើយ​ពិតណាស់ ប្រជាជន​ ម៉ាឡេស៊ី​ គឺ​មាន​ភាពរួសរាយ​រាក់ទាក់​»៕