ការដើរលម្ហែនៅក្នុងផ្សារទំនើប Heritage Walk នៅខេត្តសៀមរាបវានឹងផ្ដល់ជូនលោកអ្នកនូវទស្សនីយភាពដ៏ល្អប្រសើរមួយ ដោយសារតែកន្លែងកម្សាន្តថ្មីមួយនេះបានផ្ដល់ជូនភ្ញៀវទាំងអស់នូវហាងលក់ទំនិញ និងការកម្សាន្តជាច្រើន។
ភាពទាក់ទាញនៃសំណង់ស្ថាបត្យកម្មផ្សារទំនើបមួយនេះ គឺបានមកពីការផ្សំបញ្ចូលគ្នារវាងគំនិតស្ថាបត្យកម្មសម័យដើម និងសម័យទំនើប។
ជាងនេះទៅទៀត អ្នកទស្សនាអាចទទួលទានអាហារ និងមុខម្ហូបល្បីៗ និងមានរសជាតិឆ្ងាញ់ក្នុងតំបន់ និងពិភពលោក ហើយអ្នកទស្សនាទាំងអស់ក៏អាចទទួលបានបទពិសោធពីផ្នែកដ៏រស់រវើក និងទាន់សម័យមួយនៃទីក្រុងរបស់ប្រាសាទដែលមានកេរ្តិ៍ឈ្មោះល្បីលើពិភពលោកផងដែរ។
ខេត្ត សៀមរាប កំពុងតែផ្ដល់នូវភាពទាក់ទាញថ្មីមួយផ្សេងទៀតដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលលើសពីប្រាសាទអង្គរវត្តដែលត្រូវបានសាងសង់ក្នុងសតវត្សរ៍ទី ១២ ដែលជារៀងរាល់ឆ្នាំបានទាក់ទាញភ្ញៀវទេសចរច្រើនជាង ២ លាននាក់។
ផ្សារទំនើប Heritage Walk ដែលមានទីតាំងនៅចំកណ្ដាលក្រុងតែម្ដងនោះគឺជាទីកន្លែងដែលល្អសម្រាប់អ្នកទេសចរដើម្បីសម្រាកលម្ហែបន្ទាប់ពីហត់អស់កម្លាំងពីការដើរកម្សាន្តជុំវិញតំបន់ប្រាសាទអង្គរវត្ត ដែលមានចម្ងាយប្រមាណជា ៦ គីឡូម៉ែត្រពីផ្សារទំនើបនោះ។
ផ្សារទំនើបដែលប្រកបទៅដោយរបៀបរស់នៅតាមបែបទាន់សម័យនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ៨ ០០០ ម៉ែត្រការ៉េ។ វាគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយទៀតរបស់ខេត្តសៀមរាប ដែលវានឹងព្យាយាមធ្វើយ៉ាងណាបម្រើសេវាកម្មជូនអ្នកធ្វើដំណើរហើយវាក៏ឈរជើងឲ្យក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងតំបន់។
លោក សុភា ចន្ទ អគ្គនាយកគ្រប់គ្រងផ្សារទំនើបបានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា៖ «វាពិតជាទំនើប និងទាន់សម័យ ហើយវាគឺជាបន្សំនៃស្ថាបត្យកម្មសម័យបុរាណ និងទំនើប។ វាមិនមែនមានលក្ខណៈជាផ្សារទំនើប ១០០ ភាគរយនោះទេ គឺវាត្រូវបានរួមផ្សំឡើងដោយអាហារដ្ឋាន ហាងទិញទំនិញ និងកន្លែងលម្ហែកម្សាន្ត។ ខេត្ដសៀមរាបមានអ្វីបន្ថែមជាច្រើនសម្រាប់ផ្ដល់ជូនភ្ញៀវទេសចរដែលអញ្ជើញមកទស្សនានៅទីនេះ»។
ដោយមានទីតាំងនៅលើបណ្ដោយផ្លូវជាតិលេខ ៦A និងជិតទៅនឹងផាប់ ស្ទ្រីត (Pub Street) និង សួនកម្សាន្តរ៉ូយ៉ាល់ ហ្គាដិន (Royal Gardens) នោះ ភ្ញៀវទេសចរអាចដើរលម្ហែ និងមើលទេសភាពដ៏ស្រស់ត្រកាលនៅក្បែរៗទីកន្លែងនោះ ដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនពីទីក្រុងលម្ហែកម្សាន្តធម្មតាទៅជាទីកន្លែងទេសចរណ៍ដែលរស់រវើក និងទាន់សម័យ។
ដោយត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Metro Life Style Development Co. Ltd និង ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មខ្មែរ Five Arc ផ្សារទំនើបមួយនេះផ្ដល់ជូននូវកន្លែង និងអគារជាច្រើន សម្រាប់រៀបចំពិធីធំៗដូចជា ពិធីមង្គលការ ឬពិធីទទួលទានអាហារ ហើយក៏មានរោងកុន ហាងចំណីអាហារល្បី ហាងលក់ភេសជ្ជៈ និងហាងលក់ផលិតផលដែលមានឈ្មោះល្បីៗជុំវិញពិភពលោកផងដែរ។
«គោលបំណងរបស់យើង គឺបង្កើតនូវកន្លែងទាក់ទាញទេសចរផ្សេងមួយទៀតនៅក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមកទីនេះមិនគ្រាន់តែដើម្បីមកទស្សនាប្រាសាទអង្គរវត្តនោះទេ ប៉ុន្តែពួកគេទាំងអស់នោះក៏ចង់ស្គាល់ និងស្វែងយល់អំពីសម្បតិ្តបេតិកភណ្ឌ និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេស កម្ពុជា»។
លោក ចន្ទ ថ្លែងថា៖ «ផ្សារទំនើប Heritage Walk នឹងផ្ដល់ជូននូវជម្រើសផ្សេងទៀត ដែលអ្នកទេសចរអាចមកដើរកម្សាន្ត លម្ហែកាយ និងទិញទំនិញបាន។ យើងនឹងព្យាយាមរួមបញ្ចូលនូវគំនិតបុរាណ និងសម័យ ដើម្បីបង្កើតឲ្យបាននូវផលិតផលទេសចរណ៍ថ្មីមួយសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ»។
ហាងដែលមានឈ្មោះល្បីៗដូចជា ហាងភីហ្សា Domino''s Pizza ហាងចំណីអាហារ Korean Lotteria ហាងភេសជ្ជៈ Taiwanese Koi The ហាងនំបុ័ង Tous Les Jours ហាងកាហ្វេ Starbucks និងហាងការ៉េម Swensen បានបើកទីតាំងរបស់ខ្លួននៅក្នុងផ្សារទំនើបរួចហើយដែរ។ វត្តមាននៃហាងធំនិងល្បីៗទាំងអស់នេះបានទិដ្ឋភាពចម្រុះមួយនិងអាចបម្រើសេវាកម្មគ្រប់ប្រភេទជូនដល់អតិថិជនទាំងអស់នៅក្នុងកន្លែងតែមួយ និងក្រោមដំបូលតែមួយ។
លោកបានបន្ថែមថា៖ «ប្រាសាទអង្គរវត្តតែមួយមុខនោះ គឺមិនគ្រប់គ្រាន់សម្រាប់ធ្វើការទាក់ទាញភ្ញៀវទេសចរនោះទេ យើងពិតជាត្រូវតែបង្កើតផលិតផលទេសចរណ៍ថ្មី ជាពិសេសផលិតផលដែលអាចទាក់ទាញភ្ញៀវទេសចរវយ័ក្មេងដែលកំពុងតែនិយមធ្វើដំណើរកម្សាន្តនាពេលបច្ចុប្បន្ននេះ»។
ខេត្ត សៀមរាប មានប្រជាជនចំនួនប្រមាណជាង ១ លាននាក់ ហើយជាខេត្តដែលបានរកចំណូលទេសចរណ៍បានច្រើនសម្រាប់បំប៉នសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា។
ការទៅកម្សាន្តនៅផ្សារទំនើប The Heritage Walk អាចជាដំណើរកម្សាន្តដ៏ល្អបំផុតមួយសម្រាប់អ្នកដែលមកដើរកម្សាន្តនៅក្នុងខេត្តសៀមរាបមុនពេលដែលពួកគេត្រឡប់ទៅផ្ទះវិញ។