
អ្នកតម្បាញនៃជនជាតិដើមភាគតិច Tzotzil Maya នៅទីក្រុង Zinacantan ក្នុងរដ្ឋ Chiapas។ AFP
បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានភោជនីយដ្ឋានជាច្រើនដែលអាចជាជម្រើស មុខម្ហូបដ៏សម្បូរបែប និងមានគ្រប់តម្លៃទាំងអស់។
តែទោះបីជាយ៉ាងណានៅក្នុងទីក្រុងដែលមានភោជនីយដ្ឋានជាច្រើនបានបើកទ្វារ និងខ្លះបិទទៅវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានខែនោះ ភោជនីយដ្ឋានមួយចំនួនតូចក៏បាននឹងកំណត់នូវអត្តសញ្ញាណរបស់ខ្លួនឯង តាមរយៈអាយុកាលយូរអង្វែង និងកេរ្តិ៍ឈ្មោះរបស់ខ្លួនផងដែរ។
លោក មឿន ញាណ ការីនិពន្ធរបាយការណ៍ពិសេសនៃកាសែតភ្នំពេញប៉ុស្តិ៍ កាលពីពេលថ្មីៗនេះបានអញ្ជើញទៅកាន់ភោជនីយដ្ឋានល្បីៗមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីភាពលេចធ្លោរបស់ពួកគេក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញ ក្នុងវិស័យម្ហូបអាហារ។
ភោជនីយដ្ឋាន Topaz

Topaz តែងតែផ្តល់ជូននូវសេវាអាហារដែលមានគុណភាពខ្ពស់ ប្រកបដោយប្រណីតភាពអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ហើយតែងតែឈរនៅលំដាប់កំពូលជាភោជនីយដ្ឋាន ដែលមានបម្រើសេវាម្ហូបអាហារដល់មន្ត្រីការទូត មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អ្នកជំនួញធំៗ និងសមាជិកខ្សែរាជវង្សផងដែរ។
បន្ទាប់ពីបានប្តូរទីតាំងទៅកន្លែងធំជាងមុនកាលពីឆ្នាំ ២០១៦ កន្លែងថ្មីនោះត្រូវបានរចនាម៉ូដយ៉ាងប្រណីត ដែលជាអត្តសញ្ញាណនៃសោភណភាពដើមរបស់ខ្លួន ហើយនៅទីនោះក៏មានបន្ទប់ញ៉ាំអាហារដាច់ដោយឡែកៗ និងមានកន្លែងអង្គុយនៅផ្នែកខាងក្រៅអគារ ព្រមជាមួយនឹងសួនច្បារធម្មជាតិដ៏ស្រស់ត្រកាលក្រោមម្លប់ដើមឈើដែលមានអាយុកាលដ៏ចំណាស់ផងដែរ។
មុខម្ហូបឆ្ងាញ់ប្លែករបស់បារាំងត្រូវបានចម្អិនជាមួយនឹងរូបមន្តពិសេសដែលប្រើតែគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងការរៀបចំសោភណភាពស្រស់ស្អាតជាមួយនឹងអាហារដ៏មានឱជារស។ Topaz ក៏ជាហាងស្រាដ៏ធំបំផុតមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមានជម្រើសប្រភេទស្រាដ៏សម្បូរបែប។
រីឯតម្លៃវិញក៏ស័ក្តិសមជាមួយនឹងបរិយាកាស និងការតុបតែងផងដែរ ខណៈស្នាដៃចម្អិនម្ហូប គឺមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍បំផុត ព្រមទាំងមានឈុតអាហារថ្ងៃត្រង់ដែលមានមុខម្ហូបចំនួន ៣ (set) ផងដែរ។
អគារលេខ១៦២ មហាវិថីព្រះនរោត្តម
ទូរស័ព្ទ៖ ០២៣ ២២១ ៦២២
ភោជនីយដ្ឋានម្លិះ

ម្លិះ ត្រូវបានចាត់ទុកជាភោជនីយដ្ឋានខ្មែរដ៏ល្បីមួយដែលទទួលស្គាល់ដោយភ្ញៀវក្នុងស្រុក និងជនបរទេសជុំវិញពិភពលោក ព្រមទាំងមានឈ្មោះនៅក្នុងបញ្ជីសៀវភៅមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរ ថាជាភោជនីយដ្ឋានមួយដែលមិនត្រូវមើលរំលង។
ជាមួយនឹងសួនច្បារហ៊ុមព័ទ្ធដ៏ស្រស់ត្រកាលប្រកបដោយសម្រស់ធម្មជាតិ ភោជនីយដ្ឋានម្លិះ គឺជាសមិទ្ធផលរបស់មេចុងភៅដ៏ល្បីឈ្មោះសញ្ជាតិកម្ពុជា គឺលោក លូ ម៉េង ក្នុងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះម្ហូបខ្មែរទៅកាន់ភ្ញៀវអន្តរជាតិ។
បញ្ជីមុខម្ហូប «Living Cambodian Cuisine» បានបង្ហាញនូវសិល្បៈនៃការធ្វើម្ហូបខ្មែរ ដោយបង្កើតនូវមុខម្ហូបបែបប្រពៃណីជាមួយនឹងគ្រឿងផ្សំឈ្ងុយឈ្ងប់ និងមានឱជារសឆ្ងាញ់ប្លែកគួរឲ្យទាក់ទាញ។ មុខម្ហូបប្រចាំត្រកូលរបស់ភោជនីយដ្ឋាននេះ រួមមានអាម៉ុកត្រី ដែលត្រូវបានចម្អិនយ៉ាងផ្ចិតផ្ចង់ និងទាលាក់ខ្លួន (hidden chreav duck) ដែលជាមុខម្ហូបប្រពៃណីមួយរបស់ខេត្តសៀមរាប។
លោក លូ ម៉េង និងក្រុមចុងភៅរបស់លោកកំពុងតែបន្តធ្វើឲ្យម្ហូបអាហារខ្មែរកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ និងកិត្តិសព្ទល្បីរន្ទឺ ខណៈដែលភោជនីយដ្ឋានមួយនេះជាជម្រើសដ៏ពេញនិយមសម្រាប់ឥស្សរជន និងតារាសិល្បៈនានា ជាមួយនឹងតម្លៃដ៏សមរម្យ។
ផ្ទះលេខ១៣៦ មហាវិថីព្រះនរោត្តម
ទូរស័ព្ទ៖ ០១៥ ៨១៤ ៨៨៨
ភោជនីយដ្ឋានផ្ទះចិន (Chinese House)

ជាភោជនីយដ្ឋានមួយមិនគួរមើលរំលង ដោយសារតែស្នាដៃស្ថាបត្យកម្មបុរាណ ព្រមទាំងការដេគ័រ តាមលំអានផ្ទះឈើ បន្សល់ទុកពីជំនាន់មុន។ Chinese House មានបម្រើជូននូវអាហារដ៏ឆ្ងាញ់គួរជាទីគាប់ចិត្ត និងមានបារ៍ ដែលបម្រើជូននូវស្រាក្រឡុកផងដែរ។
ភោជនីយដ្ឋាននេះ គឺជាអគារប្រវត្តិសាស្ត្រ ដែលត្រូវបានជួសជុលឡើងវិញ និងមានទីតាំងស្ថិតនៅក្បែរកំពង់ផែភ្នំពេញ។
អគារនេះមានម៉ូដបារាំង រួមជាមួយនឹងការតុបតែងបែបចិន ដែលធ្វើឲ្យភោជនីយដ្ឋាននេះមានបរិយាកាសទាក់ទាញគ្រប់ពេល។ រីឯកន្លែងពិសាអាហារ គឺមានភាពស្រស់ស្អាតយ៉ាងខ្លាំងជាមួយឥដ្ឋការ៉ូលម្អចាស់ៗ និងមានធ្នឹមឈើ ព្រមទាំងជញ្ជាំងដែលមានពណ៌លឿងស្រាលផងដែរ។

មុខម្ហូបដែលតែងតែមានការផ្លាស់ប្តូរជានិច្ចនោះ គឺជារូបមន្តបង្កើតថ្មីសន្លាង និងការច្នៃប្រឌិតខ្ពស់ ដែលរួមមានមុខម្ហូបបែបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ ម្ហូបសំខាន់ៗមានដូចជា ទាសាស៊ីវ និងសាច់ចំឡកគោ ជាមួយម្រេចកំពតកិន ក៏ដូចជាម្ហូបមួយចំនួនដែលប្រើប្រាស់សាច់ចំឡកសត្វប្រើសពីអាហ្វ្រិកខាងត្បូងផងដែរ។
នៅពេលរាត្រី បារ៍នៅជាន់ខាងក្រោមក៏បង្ហាញនូវមន្តស្នេហ៍របស់ខ្លួនទៅកាន់មហាជនជាមួយនឹងប្រភេទស្រាក្រឡុកដែលលាយដោយផ្ទាល់ដៃពីអ្នកជំនាញផ្នែកក្រឡុកស្រាតែម្តង។
ផ្ទះលេខ៤៥ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨៤
ទូរស័ព្ទ ៖ ០៩២ ៥៥៣ ៣៣០
ភោជនីយដ្ឋានរំដេង

រំដេង មានទីតាំងក្នុងវីឡាសម័យអាណានិគមនិយមបារាំងដ៏ស្កឹមស្កៃ ហ៊ុមព័ទ្ធដោយសួនច្បារ និងមានអាងហែលទឹកតូចមួយ។ ភោជនីយដ្ឋានរំដេងមានកិត្តិសព្ទពីសំណាក់ភ្ញៀវទេសចរដោយសារតែតម្លៃដ៏សមរម្យ និងមុខម្ហូបដ៏ឆ្ងាញ់ពិសា។
បញ្ជីមុខម្ហូបដ៏សម្បូរបែបដែលរួមមានទាំងអាហារបែបខ្មែរ និងបរទេស ដោយរាប់ទាំងការីសាច់គោសម្រាប់ជនជាតិមូស្លីម និងឆាសាច់មាន់ជាមួយជីរក្រហម ឬជីរនាងវង និងអារពីងបំពងសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរផ្សងព្រេងតាមប្រទេសនានាផងដែរ។
ម្ហូបត្រូវបានរៀបចំចម្អិន និងបម្រើដល់តុ ដោយសិស្សដែលបានទទួលការបណ្តុះបណ្តាលពីភោជនីយដ្ឋានផ្ទាល់ ប៉ុន្តែអ្នកអាចមិនដឹងនោះទេ បើយើងមិនបានប្រាប់ជាមុនដោយសារតែអាហារ និងសេវាកម្មនៅហាងនេះមានគុណភាពខ្ពស់មិនចាញ់ភោជនីយដ្ឋានដទៃនោះឡើយ។
ប្រាក់ចំណេញទាំងអស់ត្រូវបានភោជនីយដ្ឋាននេះបរិច្ចាគទៅអង្គការមិត្តសំឡាញ់សម្រាប់ចំណាយទៅលើកម្មវិធីផ្សេងៗដែលផ្តល់នូវអនាគតសម្រាប់អតីតក្មេងគ្មានផ្ទះសំបែង។
ចំណែកភេសជ្ជៈវិញ គឺមិនខុសពីមឺនុយអាហារនោះទេ ដោយចុងភៅប្រើគ្រឿងផ្សំក្នុងប្រទេសកម្ពុជាជាច្រើនប្រភេទប្រកបដោយភាពច្នៃប្រឌិត ដែលរួមមាន សូដាស្លឹកគ្រៃ និងសូដារំដេង ព្រមទាំងស្រាក្រឡុកក្រូចឆ្មារ និងរមៀត daiquiri ផងដែរ។
ផ្ទះលេខ៧៤ ផ្លូវលេខ១៧៤
ទូរស័ព្ទ៖ ០៧០ ៥១៩ ៥៦៥
ភោជនីយដ្ឋាន Van’s

ដោយមានទីតាំងស្ថិតនៅអគារអាណានិគមនិយមបារាំង ភោជនីយដ្ឋាន Van’s បានផ្តល់នូវបរិយាកាសខ្យល់អាកាសដ៏ល្អបរិសុទ្ធជាមួយនឹងទីតាំងធំទូលាយ និងមានកន្លែងទទួលទានដ៏ប្រណីតបែបបុរាណដែលអាចធ្វើឲ្យភ្ញៀវទៅទទួលទាននឹកស្រមៃទៅដល់សម័យកាលដែលកន្លងផុតទៅ។
ភោជនីយដ្ឋាននេះក៏មានបន្ទប់ពិសាអាហារដាច់ ដោយឡែកចំនួនពីរសម្រាប់ការបម្រើអាហារបែបរ៉ូមែនទិក និងកន្លែងទទួលទានក្នុងសួនច្បារសម្រាប់ភ្ញៀវទូទៅផងដែរ។
ក្នុងរយៈពេល ១០ ឆ្នាំ មកហើយ ដែលចុងភៅជនជាតិបារាំង លោក Nicola Malherbe បានផ្តល់នូវអាហារដែលមានរសជាតិឆ្ងាញ់ជាប់មាត់ជាមួយនឹងការបញ្ចូលរូបមន្តនៃការច្នៃប្រឌិតវិធីធ្វើម្ហូបបែបអាស៊ី និងបារាំងចូលគ្នា។
ស្នាដៃធ្វើម្ហូបរបស់លោក គឺជាសក្ខីភាពដែលបង្ហាញនូវទេពកោសល្យក្នុងការប្រើគ្រឿងផ្សំមានគុណភាពខ្ពស់ រួមទាំងការរៀបចំអាហារយ៉ាងប្រណីតគួរឲ្យចង់ញ៉ាំ ដែលធ្វើឲ្យភ្ញៀវទៅពិសាតែងតែលាន់មាត់សរសើរពីរសជាតិ។
ភោជនីយដ្ឋាននេះក៏មានបម្រើស្រាជាច្រើនប្រភេទ ព្រមទាំងមានបង្អែមឆ្ងាញ់ៗជាច្រើនមុខផងដែរ ដោយរួមមាននំសូកូឡាជាមួយនឹងស្នូលខារ៉ាម៉ែលដ៏ឆ្ងាញ់ប្លែកពីគេ។ តម្លៃម្ហូបអាហារនៅទីនេះអាចខ្ពស់បន្តិច ប៉ុន្តែបើនិយាយពីគុណតម្លៃ និងគុណភាពនៃអាហារថ្ងៃត្រង់សម្រាប់អ្នកជំនួញ និងតម្លៃដែលបានកំណត់វិញនោះគឺពិតជាស័ក្តិសមបំផុត។
ផ្ទះលេខ៥ ផ្លូវលេខ១០២
ទូរស័ព្ទ៖ ០២៣ ៧២២ ០៦៧