មន្ទីរពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា​ ជួយ​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ

Content image - Phnom Penh Post
មន្ទីរពិសោធន៍​ក៏យក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​សុវត្ថិភាព​បរិស្ថាន​ផងដែរ​។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ត្រូវបាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ១៩៥៣ គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ និង​សុខភាព​សាធារណៈ​ចំណាស់​ជាងគេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ វិស័យ​សំខាន់​មួយ​ដែល​វិទ្យាស្ថាន ប្រតិបត្តិការ​គឺ​ការលើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ និង​សុវត្ថិភាព​បរិស្ថាន​នៅ​កម្ពុជា ដោយមាន​មន្ទីរពិសោធន៍​បរិស្ថាន និង​សុវត្ថិភាព​ចំណីអាហារ​។

ប្រធាន​មន្ទីរពិសោធន៍ លោកស្រី​បណ្ឌិត​ ណាវីន បាន​ថ្លែងថា​៖ «​យើង​មាន​បេសកកម្ម​ជួយ​ដល់​ប្រតិបត្តិករ​ចំណីអាហារ​ទាំងអស់​នៅក្នុង​ការត្រួតពិនិត្យ និង​ការការពារ​ជំងឺ​ដែល​បណ្តាលមកពី​ចំណីអាហារ​ពី​កសិដ្ឋាន​ទៅដល់​អ្នក​បរិភោគ និង​ដើម្បី​ផ្តល់នូវ​អាហារ​ដែលមាន​គុណភាព​ និង​សុវត្ថិភាព គ្មាន​ភាពកខ្វក់ គ្មាន​បាក់តេរី​បង្ក​គ្រោះថ្នាក់ គ្មាន​ប៉ារ៉ាស៊ីត មេរោគ ជាតិពុល និង​សារធាតុគីមី​»​។

«​មន្ទីរពិសោធន៍​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៥ ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​។ វា​សំខាន់​ណាស់​ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ពីព្រោះ​កម្រិត​អនាម័យ​នៅ​កម្ពុជា​នៅមានកម្រិត​នៅឡើយ ហើយ​វា​ជា​បញ្ហា​ធំ​មួយ​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​»​។

«​មន្ទីរពិសោធន៍​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​នេះ ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ស្តីពី​អនាម័យ​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​ចំណីអាហារ​ដល់​អ្នក​ចម្អិន​ម្ហូបអាហារ សណ្ឋាគារ និង​អ្នកផ្គត់ផ្គង់​ម្ហូបអាហារ​។ លើសពីនេះ​ទៀត លទ្ធផល​នៃ​ការធ្វើ​តេស្ត​ចំណីអាហារ​ចេញពី​មន្ទីរពិសោធន៍​របស់​យើង​គឺជា​ការជូនដំណឹង​ដល់​អ្នក​ផលិត​ចំណីអាហារ​ឱ្យ​ពួកគេ​ចាត់វិធានការ​ទាន់ពេល​វេលា​ក្នុង​គោលបំណង​ការពារ ការឆ្លង​ជំងឺ​ពី​ចំណីអាហារ​កុំឱ្យ​ប៉ះពាល់​ដល់​អតិថិជន​របស់ខ្លួន​»​។

មន្ទីរពិសោធន៍​មាន​ធ្វើតេស្ត​ដូចជា​តេស្ត​មីក្រូ​ជីវសាស្ត្រ​សម្រាប់​ផលិតផល​ចំណីអាហារ ការធ្វើ​តេស្ត​មីក្រូ​ជីវសាស្ត្រ និង​សារធាតុគីមី​សម្រាប់​ប្រភេទ​ទឹក​ផ្សេងៗ និង​ធ្វើតេស្ត​មីក្រូ​ជីវសាស្ត្រ​ដែលមាន​ឆ្លង​នៅក្នុង​ខ្យល់ និង​ផ្ទៃ​នៃ​កន្លែង​ធ្វើការងារ​។

ក្រៅពី​ការធ្វើ​តេស្ត​ក៏​មាន​ការផ្តល់​សេវាកម្ម សវនកម្ម ការបណ្តុះបណ្តាល និង​ពិគ្រោះ​យោបល់​អំពី​អនាម័យ​ចំណីអាហារ នៅក្នុង​ចង្វាក់​ផលិតកម្ម​ផងដែរ​។

លោកស្រី​បណ្ឌិត​ ណាវីន បាន​លើកឡើង​ថា​៖ «​សម្រាប់​ការបណ្តុះបណ្តាល យើង​ផ្តល់​ការបណ្តុះបណ្តាល​ភាគច្រើន​លើ​អនាម័យ​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​ចំណីអាហារ​។ ទោះយ៉ាងណា​យើង​សម្រប​តាម​តម្រូវការ​របស់​អតិថិជន​ថា​តើ​ពួកគេ​មកពី​ផ្នែក​ផ្គត់ផ្គង់​ចំណី​អាហារ សណ្ឋាគារ ឬ​កសិកម្ម​»​។

ហើយ​វា​មិន​ត្រឹមតែ​សម្រាប់​សុវត្ថិភាព​ចំណីអាហារ ដែល​មន្ទីរ​ពិសោធន៍​កំពុង​ការពារ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ការផ្តោត​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​សុវត្ថិភាព​បរិស្ថាន​ផងដែរ​។

«​ទាក់ទង​នឹង​សុវត្ថិភាព​បរិស្ថាន មន្ទីរពិសោធន៍​របស់​យើង​ចូលរួម​យ៉ាងសកម្ម​លើ​ការវិភាគទឹក​ដើម្បី​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​អំពី​សុវត្ថិភាព​ទឹក និង​ការចម្លង​នូវ​សារធាតុ​មិនល្អ ជាពិសេស​ជាមួយ​លោហៈ​ធ្ងន់​។ ទាក់ទង​នឹង​អ្នក​ផលិត​ចំណីអាហារ មន្ទីរពិសោធន៍​របស់​យើង​ជួយ​ក្នុងការ​គ្រប់គ្រង​បរិយាកាស​ការងារ​របស់​ពួកគេ​ដោយ​ផ្តល់​សេវាកម្ម​ដូចជា​ការធ្វើ​តេស្ត​មីក្រូ​ជីវសាស្ត្រ​ដែលមាន​ឆ្លង​នៅក្នុង​ខ្យល់ និង​ផ្ទៃ​នៃ​កន្លែង​ធ្វើការងារ​»​។

ឱសថ​បណ្ឌិត​ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ជីវវិទ្យា​ពី​ប្រទេស​បារាំង​រូបនេះ​បន្តថា​៖ «​ដើម្បី​ធានា​នូវ​ភាពត្រឹមត្រូវ​នៃ​លទ្ធផល មន្ទីរពិសោធន៍​របស់​យើង​បាន​អនុវត្តតាម​និតិ​វិធី​ស្តង់ដា​អន្តរជាតិ​សម្រាប់​ការវិភាគ​ចំណីអាហារ និង​ទឹក ហើយ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ ISO17025 ដែល​ជា​បទដ្ឋាន​អន្តរជាតិ​បញ្ជាក់​ពី​សមត្ថភាព​នៃ​ការវិភាគ​របស់​មន្ទីរពិសោធន៍​»​។

ជាមួយ​នឹង​តួនាទី​ដ៏សំខាន់ ដើម្បី​រក្សា​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ លោកស្រី​/​បណ្ឌិត​ ណាវីន ​បាន​ថ្លែងថា លោកស្រី​/​បណ្ឌិត​ពិត​រីករាយ​ណាស់ ដែល​បាន​ជួយ​ការពារ​ប្រជាជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ «​ខ្ញុំ​មាន​មោទនភាព​ដែល​បានធ្វើការ​នៅ​មន្ទីរពិសោធន៍​បរិស្ថាន និង​សុវត្ថិភាព​ចំណីអាហារ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ពីព្រោះ​ខ្ញុំ​ធ្វើការ​នៅក្នុង​មន្ទីរពិសោធន៍​ដែលមាន​ស្តង់ដា​ខ្ពស់ និង​ដែល​ស្ថិតក្នុង​ដំណើរការ​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ ISO17025»​។

លោកស្រី​បណ្ឌិត ណាវីន ក៏បាន​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ក៏មាន​មោទនភាព​ផងដែរ ដែល​បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​លើកកម្ពស់​សុខភាព​សាធារណៈ​ប្រជាជន​របស់ខ្ញុំ ហើយ​ជាពិសេស​គឺ​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​»៕

ព័ត៌មានថ្មីៗ