មេធាវី​ជប៉ុន​ ផ្តល់​ប្រឹក្សា​យោបល់​ដល់​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា

Content image - Phnom Penh Post
មេធាវី Sadao Matsubara ជា​ប្រធាន​ផ្នែក​ច្បាប់​សម្រាប់​សាជីវកម្ម​ជប៉ុន​នៅ​ក្រុមហ៊ុន HBS Law ចាប់​តាំងពី​ឆ្នាំ​ ២០១៥​។

លោក Sadao Matsubara ជា​មេធាវី​ជប៉ុន​ និង​ជា​ប្រធាន​ផ្នែក​ច្បាប់​សម្រាប់​សាជីវកម្ម​ជប៉ុន​នៅឯ​ក្រុមហ៊ុន​មេធាវី​ឈានមុខ​គឺ​ក្រុមហ៊ុន​មេធាវី អេចប៊ីអេស (HBS Law) លោក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការសម្របសម្រួល​វិនិយោគិន​ជប៉ុន​ឲ្យ​មក​ធ្វើ​ជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​។

មេធាវី Matsubara ដែល​មាន​ដើមកំណើត​នៅ​ទីក្រុង​អូសាកា​រូប​នេះ​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ធ្លាប់​បាន​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​ ២០១២ មកម្ល៉េះ​។ ខ្ញុំ​បាន​ធ្វើការ​ជា​ព្រះរាជអាជ្ញា​សាធារណៈ​នៅ​ប្រទេស​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​ ១៩៩៦​។ ក្រោយមក​ខ្ញុំ​ត្រូវបាន​ក្រសួង​យុត្តិធម៌​ជប៉ុន​បញ្ជូនមក​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​ជា​ប្រធាន​ប្រឹក្សា​ផ្នែក​ច្បាប់​ និង​ប្រព័ន្ធ យុត្តិធម៌​របស់​អង្គការ JICA នៅ​ប្រទេស​កម្ពុជា​»​។

«​តាម​គម្រោង​ខ្ញុំ​ត្រូវ​វិលត្រឡប់​ទៅ​ធ្វើការ​ជា​ព្រះរាជអាជ្ញា​នៅ​ប្រទេស​ជប៉ុន​វិញ​ក្នុង​ខែកញ្ញា​ឆ្នាំ​ ២០១៤ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ប្រទេស​កម្ពុជា​ហើយ​ចង់ដឹងថា តើ​វា​នឹង​អភិវឌ្ឍ​យ៉ាងណា​? ជាពិសេស​នៅក្នុង​វិស័យ​ច្បាប់ ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​ទិសដៅ​ហើយ​ចាប់ផ្តើម​ធ្វើការ​នៅ​ក្រុមហ៊ុន​មេធាវី HBS Law ក្នុងនាម​ជា​ប្រធាន​ផ្នែក​ច្បាប់​សម្រាប់​សាជីវកម្ម​ជប៉ុន​នៅ​ខែមករា​ឆ្នាំ​ ២០១៥​។

លោក Matsubara បន្តថា​៖ «​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ជា​មធ្យម​ជាង​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។ នៅពេល​ដែល​ខ្ញុំ​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១២ ចំនួន​អគារ​ខ្ពស់ៗ​គឺមាន​តិចតួច​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​មាន​ច្រើន​សន្ធឹកសន្ធាប់ ហើយ​នៅក្នុង​ឆ្នាំ​ ២០១២ ​នោះ​ដែរ ភោជនីយដ្ឋាន​ជប៉ុន​មាន​តែ​ប្រមាណ​ ២០ ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​គឺ​មាន​ប្រមាណ​ ២០០ ​ភោជនីយដ្ឋាន​។ លើស​ពី​នេះ​ទៀត​ផ្សារទំនើប​អ៊ីអន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែ​មិថុនា​ឆ្នាំ​ ២០១៤​។ ជាមួយនឹង​ការវិវឌ្ឍ​ទាំងនេះ​ខ្ញុំ​ជឿជាក់​ថា ពាណិជ្ជករ និង​វិនិយោគិន​ជប៉ុន​អាច​រស់នៅ​ប្រកប​ដោយ​ផាសុកភាព​នៅក្នុង​រាជធានី-ភ្នំពេញ​»​។

លោក Matsubara ដែល​បាន​ចូល​ជា​សមាជិក គណៈមេធាវី​នៃ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​ ១៩៩៣ បាន​ថ្លែងថា​ក្រុមហ៊ុន​មេធាវី HBS Law មាន​អ្នកជំនាញ​ច្បាប់​ល្អ​បំផុត ដើម្បី​ផ្តល់​ប្រឹក្សា​ជូន​ក្រុមហ៊ុន​ជប៉ុន និង​វិនិយោគិន​មកពី​ប្រទេស​ជប៉ុន​ផ្សេងទៀត​។

«​ក្រុមហ៊ុន​មេធាវី HBS Law ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៥ ហើយ​ចាប់តាំងពី​ពេលនោះ​មកវា​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ច្បាប់​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​សមាជិក​ប្រមាណ​ ៧០ ​នាក់​ក្នុងនោះ​រួមមាន​មេធាវី និង​អ្នក​ប្រឹក្សា​ច្បាប់​ទាំង​កម្ពុជា និង​បរទេស​។

លោក​លើកឡើង​ថា​៖ «​យើង​អាច​ផ្តល់​សេវាកម្ម​ផ្នែក​ច្បាប់​យ៉ាង​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ខ្ញុំ​មាន​ចំណេះដឹង​ជ្រៅជ្រះ​អំពី​ក្រមរដ្ឋប្បវេណី​ និង​ក្រមនីតិវិធី​រដ្ឋប្បវេណី និង​ច្បាប់​ពាក់ព័ន្ធ​របស់​កម្ពុជា​ជាច្រើន​ទៀត​។ ខ្ញុំ​ក៏បាន​រៀន​ភាសា​ខ្មែរ​ផងដែរ​។ ដូច្នេះ​ខ្ញុំ​អាច​អាន​ច្បាប់​ និង​បទប្បញ្ញត្តិ​កម្ពុជា​បាន​ដោយ​ខ្លួនឯង​។ ខ្ញុំ​ជឿជាក់​ថា កត្តា​ទាំងនេះ​ធ្វើឱ្យ​ផ្នែក​ច្បាប់​សម្រាប់​សាជីវកម្ម​ជប៉ុន​របស់​ក្រុមហ៊ុន​មេធាវី HBS Law គឺមាន​លក្ខណពិសេស​»​។

ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​លោក Matsubara មានប្រសាសន៍​ថា​ប្រទេស​កម្ពុជា​ស្ថិតនៅ​ទីតាំង​ដ៏ល្អ​ជាមួយ​ប្រទេស​ជិតខាង​ទាក់ទង​នឹង​ច្បាប់​ស្តីពី​ការធ្វើ​ជំនួញ​។

«​ប្រទេស​កម្ពុជា​មាន​ច្បាប់​ចាំបាច់​ជាច្រើន​ទាក់ទង​នឹង​ការធ្វើ​ជំនួញ​។ ច្បាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​បរទេស​ទាំងស្រុង​ហើយ​ច្បាប់​ទាំងនេះ​អាច​អនុវត្ត​បាន​ស្ទើរតែ​គ្រប់​ប្រភេទ​ជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​ម្យ៉ាងវិញ​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្កើត​គោលនយោបាយ និង​យន្តការ​ផ្សេងៗ​ដើម្បី​ទាក់ទាញ និង​ការពារ​ដល់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ផងដែរ​»​។

លោក​មានប្រសាសន៍​ថា​៖ «​បទប្បញ្ញត្តិ​ស្តីពី​អាជីវកម្ម​បរទេស​នៅ​កម្ពុជា​ក៏​មិនមាន​លក្ខណៈ​តឹងរ៉ឹង​ខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​។ ទាំងនេះ​គឺជា​ចំណុច​ទាក់ទាញ​ដ៏ធំ​សម្រាប់​វិនិយោគិន​បរទេស​»​។

ខណៈ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅតែ​មាន​នោះ ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ទិសដៅ​វិនិយោគ​ដ៏គួរ​ចាប់អារម្មណ៍ ដែល​ធ្វើឲ្យ​លោក Matsubara មាន​ទំនុកចិត្ត​ថា ចំនួន​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ហើយ​ឱកាស​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ក៏​នៅមាន​ច្រើន​ដែរ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​មេធាវី​ម្នាក់ វា​ពិតជា​រីករាយ​ណាស់​ដែល​បាន​មើលឃើញ​អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​ការវិវត្ត​នៃ​វិស័យ​ច្បាប់​»៕