ប្រទេស​ ម៉ាឡេស៊ី​ កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ពេញនិយម​សម្រាប់​ពលរដ្ឋ​កម្ពុជា ខណៈ​ប្រទេស​នេះ​បាន​មើលឃើញ​ពី​កំណើន​យ៉ាងខ្លាំង​នៃ​ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​កាលពី​ឆ្នាំ​មុន​។

ភ្ញៀវទេសចរ​កម្ពុជា​សរុប​ចំនួន ៩០​ ០៤២ ​នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ចំនួន ១១៤,៤ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៧​។ ភ្ញៀវទេសចរ​កម្ពុជា​កំពុង​បន្ត​កើនឡើង​នៅក្នុង​ឆ្នាំនេះ​ដោយ​គិតពី​ខែ​មករា​ដល់​ខែ​ឧសភា ភ្ញៀវទេសចរ​កម្ពុជា​ចំនួន ៤៣ ២២១ ​នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ពោល​គឺ​កើនឡើង ១៩,៤ ភាគរយ ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។


នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mekong Discovery Co Ltd លោក Kelvin Tan បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា មាន​សក្តានុពល​ដ៏ធំ​សម្រាប់​វិស័យ​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​នៅ​កម្ពុជា ខណៈ​ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​នៅ​មិន​ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ពីមុន​។ និន្នាការ​នៃ​ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ គឺ​ដោយសា​តែ​ប្រជាជន​មាន​ចំណូល​មធ្យម​កើនឡើង ហើយ​ប្រទេស​ ម៉ាឡេស៊ី​ ក៏​អាច​ទាញ​យក​ប្រយោជន៍​អំពី​កំណើន​នេះ​។


កាលពី​ឆ្នាំ​មុន​ភ្ញៀវទេសចរ​កម្ពុជា​ចេញ​ទៅ​ដើរលេង​ក្រៅ​ប្រទេស​មាន​ចំនួន ១ ៩៩៥ ៤៩៩ នាក់​ ពោលគឺ​កើនឡើង​ចំនួន ១៣,៩ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ដែលមាន​ភ្ញៀវទេសចរ​កម្ពុជា​ចំនួន ១ ៧៥២ ២៦៩ នាក់​បាន​ទៅលេង​ក្រៅប្រទេស​។ ចាប់ពី​ខែ​មករា​ដល់​ខែ​មេសា​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ភ្ញៀវទេសចរ​កម្ពុជា​ចំនួន ៦៦០ ៣៦៤ ​នាក់​បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​។


យោងតាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា កម្ពុជា និង​ម៉ាឡេស៊ី ​បាន​ព្រមព្រៀង​បង្កើត​ក្រុម​ជំនាញ​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​។ ប្រទេស​ទាំង​ ២ ​ក៏​គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​វិស័យ​ទេសចរណ៍​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ហាម៉ាដ មកកាន់​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​កញ្ញា​ផងដែរ​។


ថ្លែង​អំពី​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​កម្ពុជា​លោក Tan បាន​លើកឡើង​ថា​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងមាន​ប្រជាប្រិយភាព​ជា​គោលដៅ​ទេសចរណ៍​រយៈពេល​ខ្លី​សម្រាប់​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​។ «​តាម​ដែល​ខ្ញុំ​ដឹង ប្រទេស​ កម្ពុជា ​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ដែល​ផ្តល់​ទិដ្ឋាការ​ពេល​មក​ដល់​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​។ គុណសម្បត្តិ​មួយទៀត​ដែល​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​គឺ​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​ធ្វើការ​មាន​ប្រសិទ្ធភាព ហើយ​ដំណើរ​ការផ្តល់​ទិដ្ឋាការ​មាន​ភាព​ឆាប់រហ័ស បើ​ធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​ដែល​ផ្តល់​សេវាកម្ម​ដូចគ្នា​»​។


លោក​បាន​បញ្ជាក់​ថា​៖ «ដោយ​មើលឃើញ​ពី​ភាពងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ភ្នាក់ងារ​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​នៅក្នុង​ប្រទេស​ចិន កំពុង​បង្កើន​ទេសចរណ៍​ជា​ក្រុម​មកកាន់​កម្ពុជា​។ ប្រតិបត្តិករ​ទេសចរណ៍​អាច​បន្ត​ទទួល​បាន​ការ​កក់​កញ្ចប់​ទេសចរណ៍​ពី​អតិថិជន​រហូត​ដល់​ ២-៣ ​ថ្ងៃ​ចុងក្រោយ​មុនពេល​ចេញដំណើរ​»​។

ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៃ​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​គឺ​បាន​ចាប់ផ្តើម​តាំងពី​ ៥ ​ឆ្នាំមុន​ម្ល៉េះ​ដែល​គាំទ្រ​ដោយ​គំនិត​ផ្តួចផ្តើម​គម្រោង​ «​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​» របស់​រដ្ឋាភិបាល​ចិន​ដែល​ពលរដ្ឋ​ចិន​ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យធ្វើ​ការវិនិយោគ និង​បង្កើត​អាជីវកម្ម​នៅ​បរទេស​។

លោក​បាន​បន្ថែម​ថា ដើម្បី​ទទួល​ និង​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​កម្ពុជា​បាន​អនុវត្ត​កម្មវិធី​ស្តីពី​ការត្រៀម​លក្ខណសម្បត្តិ​ទទួល​ទេសចរ​ចិន «China Ready» សម្រាប់​វិស័យ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​។ នៅក្រោម​កម្មវិធី​នេះ​បុគ្គលិក​សណ្ឋាគារ និង​ប្រតិបត្តិករ​ទេសចរណ៍​ត្រូវ​បាន​ផ្តល់​ការបណ្តុះបណ្តាល​ជាពិសេស​វគ្គ​សិក្សា​ភាសា​ចិន​ដើម្បី​ជួយ​ពួកគេ​ក្នុង​ការផ្តល់​សេវាកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ដល់​ភ្ញៀវទេសចរ​ចិន​។

ម្យ៉ាងវិញ​ទៀត​លោក Tan លើក​ឡើង​ថា​ការហូរចូល​នៃ​ភ្ញៀវទេសចរ​ចិន​ក៏​បង្កើត​ឲ្យ​មាន​សេវាកម្ម​ទេសចរណ៍​ប្រភេទ Zero-Dollar Tour កាន់តែច្រើន​ផងដែរ​។ ប្រតិបត្តិករ​ទេសចរណ៍​ប្រភេទ Zero-Dollar Tour រៀបចំ​ដំណើរ​ទេសចរណ៍​ដោយ​មិន​គិត​ប្រាក់កម្រៃ ប៉ុន្តែ​ពួកគេ​នាំ​ភ្ញៀវ​ទៅ​កន្លែង​ដែល​លក់​របស់របរ​ថ្លៃ​ហួសហេតុ ដូចជា​កន្លែង​លក់​វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និង​កន្លែង​ស្នាក់នៅ​ជាដើម​ដើម្បី​យក​កម្រៃ​ជើងសា​។

លោក​ថ្លែង​ថា​៖ «​ពួកគេ​គួរតែ​ជួល​ប្រតិបត្តិករ​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ដើម្បី​ជាការ​ធានា​សុវត្ថិភាព និង​គុណភាព​នៃ​សេវាកម្ម​នៅពេល​ពួកគេ​ធ្វើដំណើរ​»៕