សូមជម្រាបសួរ! ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានប្រារព្ធពិធីបុណ្យជាតិជប៉ុនជាមួយលោកអ្នកទាំងអស់គ្នានៅកម្ពុជាសាជាថ្មីម្តងទៀតនៅឆ្នាំនេះ ទោះបីជាក្នុងសា្ថនភាពមិនអំណោយផលដែលយើងត្រូវចៀសវាងការជួបជុំដោយផ្ទាល់ ឬការប្រមូលផ្តុំក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ។ បើទោះជាស្ថិតក្នុងស្ថានភាពលំបាកទាំងនេះក្តី ខ្ញុំនឹងនៅតែបន្តខិតខំប្រឹងប្រែងជំរុញ និងពង្រឹងមិត្តភាពរបស់ប្រទេសយើងទាំង ២។
ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានលក្ខណៈខុសប្លែកពីសព្វមួយដង។ ដោយសារតែកូវីដ ១៩ ការប្រាស្រ័យទាក់ទងរវាងប្រជាជនត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង ជាពិសេសការឆ្លងកាត់ព្រំដែន ហើយក៏មិនមានករណីលើកលែងដែរចំពោះលំហូរប្រជាជនធ្វើដំណើររវាងជប៉ុន និងកម្ពុជា។
ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយសារស្ថានភាពនេះ និងក៏ដូចជាដើម្បីជួយធ្វើឱ្យប្រសើរ ឡើងនូវស្ថានភាពសុខាភិបាលនៅកម្ពុជា ប្រទេសជប៉ុនបានផ្តល់ឧបករណ៍វេជ្ជសាស្ត្រជាច្រើនលើកមកដល់កម្ពុជា ហើយនឹងបន្តបញ្ជូនបន្ថែមទៀតនាពេលអនាគត។ ជំនួយឧបត្ថម្ភរបស់ជប៉ុនទាំងនេះ រួមមានការផ្តល់ឧបករណ៍វេជ្ជសាស្ត្រព្រមទាំងការធ្វើឱ្យប្រសើរឡើងវិញ និងការផ្តល់ឧបករណ៍បរិក្ខារថ្មីៗសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
យើងក៏បានផ្តល់កម្ចីសម្បទានប្រាក់យេនដែលមានទំហំទឹកប្រាក់ប្រមាណ ២២៧ លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនដែលងាយរងគ្រោះ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងដើម្បីពង្រឹងសមត្ថភាពសុខាភិបាល។ លើសពីនេះទៅទៀត យើងនឹងចូលរួមផ្ដល់វិភាគទានក្នុងទឹកប្រាក់ប្រមាណជាង ១៣០ លានដុល្លារអាមេរិកដល់ COVAX Advance Market Commitment (AMC) ដើម្បីឱ្យបណ្តាប្រទេសដែលមានចំណូលទាបអាចមានលទ្ធភាពទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។
កាលពីឆ្នាំមុន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ជាហេតុបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំងនៅក្នុងខេត្តជាច្រើននៅទូទាំងប្រទេសកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនធំ។ ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមរំលែកទុក្ខដល់អ្នកដែលបានបាត់បង់ជីវិត និងក្រុមគ្រួសាររបស់ជនរងគ្រោះ។
រដ្ឋាភិបាលជប៉ុនបានផ្តល់នូវសម្ភារជំនួយសង្គ្រោះបន្ទាន់ដែលរួមមានតង់ និងម៉ាស៊ីនចម្រោះទឹកតាមរយៈ JICA។ ក្រៅពីការងារដែលយើងបានធ្វើរួចហើយ យើងនឹងចាប់ផ្តើមកម្មវិធីថ្មីមួយដើម្បីគាំទ្រការស្តារឡើងវិញពីផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងភាពជាដៃគូជាមួយ WFP កម្ពុជា។
ដើម្បីលើកកម្ពស់ភាពធន់នឹងគ្រោះមហន្តរាយ ប្រទេសជប៉ុនក៏កំពុងជួយប្រទេសកម្ពុជាតាមរយៈគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញផងដែរ។ ដូច្នេះខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវអំណរគុណដល់បុគ្គលិកជនជាតិជប៉ុន និងកម្ពុជាទាំងអស់ដែលបាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តគម្រោងទាំងនេះ ទោះបីមានការលំបាកដោយសារកូវីដ១៩ ក៏ដោយ។
ឆ្នាំនេះគឺជាខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខ្ញុំសូមចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍ។ ខ្ញុំមានមោទនភាពដែលប្រទេសជប៉ុនបាននិងកំពុងសហការជាមួយប្រទេសកម្ពុជាតាំងពីជំហានដំបូងនៃដំណើរឆ្ពោះទៅរកសន្តិភាព។
ប្រទេសកម្ពុជា គឺជាចំណុចចាប់ផ្តើមនៃការចូលរួមចំណែកប្រកបដោយបុរេសកម្មរបស់ប្រទេសជប៉ុនក្នុងការកសាងសន្តិភាព ហើយជាមួយការចងចាំនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់ប្រទេសកម្ពុជាក្នុងការចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PKO) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ខ្ញុំជឿជាក់ថា សាមគ្គីភាពរបស់ប្រជាជនកម្ពុជាទាំងអស់នឹងក្លាយជាគន្លឹះសំខាន់ ដើម្បីឱ្យប្រទេសកម្ពុជា ទទួលបាននូវការអភិវឌ្ឍបន្ថែមទៀត ហើយជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជាស្របទៅតាមគោលការណ៍ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ធំៗផ្សេងទៀតត្រូវបានរៀបចំនៅប្រទេសជប៉ុន រួមមានកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី១៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សមាហរណកម្មតំបន់មានភាពស៊ីជម្រៅជាងពេលណាៗទាំងអស់ ហើយសន្តិភាព និងវិបុលភាពនៅក្នុងតំបន់មេគង្គដែលរួមមានទាំងប្រទេសកម្ពុជា នៅតែមានសារៈសំខាន់។ យើងនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនឱ្យបានមួយកម្រិតទៀត។
ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ ត្រូវបានលើកពេលមកឆ្នាំ ២០២១ ដោយសារតែជំងឺឆ្លងរាតត្បាត។ ពិធីបើកការប្រកួតកីឡាអូឡាំពិកគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី ២៣ ខែ កក្កដា ហើយពិធីបើកការប្រកួតកីឡាប៉ារ៉ាឡាំពិកនឹងគ្រោងនៅថ្ងៃទី ២៤ ខែសីហា។
ដើម្បីស្វាគមន៍អត្តពលិកមកពីជុំវិញពិភពលោក និងរៀបចំការប្រកួតប្រកបដោយសុវត្ថិភាព យើងនឹងអនុវត្តរាល់វិធានការដែលអាចធ្វើបានដើម្បីប្រឆាំងនឹងកូវីដ ១៩។ ខ្ញុំសង្ឃឹមថា កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូនឹងក្លាយជានិមិត្តរូបនៃជ័យជម្នះ និងការរួបរួមជាសកលក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩។
ជាចុងក្រោយគឺ “សប្តាហ៍គីហ្សូណាជប៉ុន-កម្ពុជា” ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក។ កម្មវិធីនេះគឺជាទម្រង់អនឡាញនៃ “មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាប្រចាំឆ្នាំ” ដែលជាព្រឹត្តិការណ៍វប្បធម៌ជប៉ុនធំជាងគេនៅកម្ពុជា។
ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ នឹងមានវីដេអូ និងសិក្ខាសាលាអនឡាញគួរឱ្យចាប់អារម្មណ៍ជាច្រើននៅលើទំព័រហ្វេសប៊ុកកម្មវិធីដើម្បីឱ្យលោកអ្នកទាំងអស់គ្នាអាចទស្សនារាល់ទិដ្ឋភាពទាំងឡាយនៃវប្បធម៌របស់ជប៉ុនដោយរីករាយពីគេហដ្ឋានរបស់លោកអ្នកប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសថ្ងៃបុណ្យជាតិ យើងខ្ញុំសូមថ្វាយព្រះពរដល់ព្រះករុណាព្រះចៅអធិរាជ និងព្រះអធិរាជិនីជប៉ុន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះករុណាព្រះមហាក្សត្រីព្រះវររាជមាតាជាតិ និងសូមជូនពរប្រជាជនកម្ពុជា និងជប៉ុនសូមឱ្យមានព្រះរាជសុខភាព និងសុខភាពល្អ សុភមង្គល និងវិបុលភាព។
ខ្ញុំក៏សូមជូនពរឱ្យចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាបន្តរីកចម្រើនទៅមុខទៀត៕