ឆ្នាំ​ ២០២២ ជិត​មកដល់​ហើយ ហើយ​ប្រទេស​កម្ពុជា​ក៏​នឹង​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៣​។ តួនាទី​នេះ​អាច​ជា​មោទនភាព​ផង ហើយ​ក៏​អាច​ជា​សម្ពាធ​ផងដែរ​។

អាស៊ាន​តែងតែ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​។ ទោះបី​ជា​កម្ពុជា ជា​អ្នក​មក​យឺត​ក្នុង​កិច្ចការ​អាស៊ាន​ក្តី កម្ពុជា​តែងតែ​បាន​បង្ហាញថា ខ្លួន​ជា​អ្នកគាំទ្រ​ដ៏សកម្ម និង​មាន​លក្ខណៈ​ស្ថាបនា​សម្រាប់​ការកសាង​សហគមន៍​អាស៊ាន​។ ភាពក្លាហាន​របស់​កម្ពុជា​ក្នុង​ការទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​លើកដំបូង​ក្នុង​ឆ្នាំ​ ២០០២ បន្ទាប់ពី​ចូល​ជា​សមាជិក​បាន​រយៈពេល ៣ ​ឆ្នាំ​ទៅក្នុង​សមាគម​តំបន់​មួយ​នេះ​បានបង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ដ៏រឹងមាំ និង​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​ចំពោះ​សមាហរណកម្ម​តំបន់ និង​ពហុភាគី​និយម​។ ការប្តេជ្ញាចិត្ត​ទាំងនេះ​នៅតែ​ស្ថិតស្ថេរ​ជានិច្ច ហើយ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​។


យើង​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​តួអង្គ​សកម្ម​ម្នាក់​នៅក្នុង​សហគមន៍​អាស៊ាន​ដែល​ជា​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ និង​ចូលរួម​ខ្លាំង​នៅក្នុង​សហគមន៍​អន្តរជាតិ​។ ទោះបី​មាន​ការរិះគន់​ថា អាស៊ាន​គ្រាន់តែ​ជា​ “​វេទិកា​ព្រោក​ប្រាជ្ញ​” ក្តី ក៏​ប្រទេស​នៅក្រៅ​តំបន់​ជារឿយៗ​តែងតែ​ចង់​ប្រើប្រាស់​វេទិកា​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​នៅក្នុង​តំបន់​ស្វែងរក​គោលដៅ​វិនិយោគ និង​ដៃគូ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​ផ្សេងទៀត​ដែល​វេទិកា​ពហុភាគី​និយម​អាច​ផ្តល់ជូន​។


ជា​ការពិត​ចំពោះមុខ​នៃ​បញ្ហា​ប្រឈម​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ អាស៊ាន​ប្រហែល​ជា​ស្ថាប័ន​តំបន់​ដែល​សកម្ម​បំផុត​មួយ ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ដែលមាន​ការច្នៃប្រឌិត និង​ជំរុញ​ការសម្របសម្រួល​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​។


ការបង្កើត​មូលនិធិ​អាស៊ាន​សម្រាប់​ការឆ្លើយតប​ចំពោះ​កូវីដ​ ១៩, ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ACRF), ក្របខ័ណ្ឌ​ការរៀបចំ​ច្រក​ធ្វើដំណើរ​អាស៊ាន (TCAF) និង​ការស្នើ​បង្កើតឱ្យ​មាន​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ភាពបន្ទាន់​សុខភាព​សាធារណៈ និង​ជំងឺ​ដែល​កំពុង​កើតមាន (ACPHEED) និង​ការអភិវឌ្ឍ​ប្រព័ន្ធ​សម្របសម្រួល​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​អាស៊ាន (APHECS) ជាដើម គឺជា​ភ័ស្តុតាង​សំខាន់​ដែល​បញ្ជាក់ពី​ការងារ​សម្របសម្រួល​គោលនយោបាយ​ដែលមាន​លក្ខណៈ​បុរេ​សកម្ម​របស់​អាស៊ាន ហើយ​ដែល​សកម្មភាព​សម្របសម្រួល​ជា​លក្ខណៈ​តំបន់​បែបនេះ យើង​ស្ទើរតែ​ពុំ​ឃើញ​មាន​នៅក្នុង​តំបន់​ផ្សេងទៀត​ទូទាំង​ពិភពលោក​។


ក្នុង​នាម​ជា​ពលរដ្ឋ​អាស៊ាន យើង​គួរតែ​មាន​មោទនភាព​ចំពោះ​ស្នាដៃ​ទាំងនេះ ជា​ជាង​ការទទួល​យក​ការដាក់​ឈ្មោះថា “​អាស៊ាន​ជា​វេទិកា​ព្រោកប្រាជ្ញ​”​។


តើ​អ្វី​ទៅ​ដែល​នឹង​ក្លាយ​ជា​កិច្ចការ​សំខាន់​សម្រាប់​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២២?

ជាដំបូង និង​សំខាន់​ជាងគេ គឺ​យើង​ត្រូវ​កំណត់​និន្នាការ​សកល​សំខាន់ៗ (mega trends) ដែលមាន​ឥទ្ធិពល​លើ​តំបន់​។ បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​១៩ នឹង​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុងតែ​ស្វិតស្វាញ​ស្វែងរក​វិធីសាស្ត្រ​ស្តារ​សេដ្ឋកិច្ច និង​ធុរកិច្ច​ដែល​ស្ទើរតែ​ដួលរលំ​។ យើង​ដឹងថា លទ្ធភាព​នៃ​ការធ្វើដំណើរ​មក​ចូលរួម​ប្រជុំ​ដោយផ្ទាល់​នៅ​កម្ពុជា​នៅតែ​មាន​បញ្ហា​នៅឡើយ ទោះបី​ជា​កម្ពុជា​មានបំណង​រៀបចំ​កិច្ចប្រជុំ​នៅក្នុង​ឆ្នាំ​ ២០២២ ដោយ​មាន​វត្តមាន​ផ្ទាល់​ក៏ដោយ​។

ការប្រកួតប្រជែង​រវាង​មហាអំណាច​នឹង​នៅតែ​បន្ត​មាន​ភាពតានតឹង​ហើយ​ការបែងចែក​ពិភពលោក​ជា​ ២ ទាំង​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម លម្ហ​ឌីជីថល និង​បច្ចេកវិទ្យា​គឺជា​សេចក្តី​កង្វល់​ដ៏ធំ​មួយ​។

នៅក្នុង​តំបន់​របស់​យើង សេចក្តី​កង្វល់​អំពី​សន្តិសុខ​ជា​ប្រពៃណី ដូចជា ការកើតមាន​នូវ​ជម្លោះ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​, បញ្ហា​ដ៏ស្មុគស្មាញ​នៃ​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ​ជាដើម​នឹង​នៅតែ​បន្ត​មាន​។ ចំពោះ​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី មានដូចជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​, ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​, ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​មនុស្ស​, ជនបាត់បង់​ទីលំនៅ​ក្នុងស្រុក​, ការផ្លាស់ប្តូរ​អាកាសធាតុ ជាដើម​នឹង​បន្ត​ក្លាយ​ជា​បញ្ហា​ប្រឈម​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​។

ជា​ការពិត​ប្រទេស​កម្ពុជា​មិនអាច​សម្តែង​ថា យើង​នឹង​មាន​លទ្ធភាព​ទទួលជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​របត់​សម្រាប់​និន្នាការ​សកល​ធំៗ​ទាំងនោះ​ទេ នៅពេល​ដែល​តួនាទី​ជា​ប្រធាន​របស់​យើង​នឹង​បញ្ចប់​។ យើង​ដឹង​ច្បាស់​ថា អ្វី​ទៅ​គឺជា​ការអនុវត្ត​ប្រកប​ដោយ​ភាពប្រាកដនិយម និង​សេចក្តី​ស្រមៃ​ដែល​យើង​ចង់បាន​។

កម្ពុជា​នឹង​បោះជំហាន​ឆ្ពោះ​ទៅរក​សេចក្តី​ស្រមៃ​ប្រកបដោយ​ភាពប្រាកដ​និយម​។ កម្ពុជា​ដឹងថា ភាពជា​ប្រធាន​អាស៊ាន​ប្តូរវេន​របស់​កម្ពុជា មិនមែន​ជា​ជោគជ័យ ឬ​បរាជ័យ ដាច់ដោយ​ឡែក​សម្រាប់​កម្ពុជា​នោះទេ​។ ភាពជា​ប្រធាន​របស់​កម្ពុជា គឺជា​ការប្តូរ​វេន​ជាមួយ​នឹង​ប្រធាន​មុនៗ ដូច្នេះ​រាល់​សមិទ្ធផល ឬ​វឌ្ឍនភាព​ទាំងឡាយ​គឺជា​ស្នាដៃ​រួម​របស់​សមាជិក​អាស៊ាន​ទាំង​ ១០​។

នេះ​គឺជា​សារៈសំខាន់​នៃ “​មាគ៌ា​អាស៊ាន​” ក្នុង​ការថែរក្សា​មជ្ឈភាព​អាស៊ាន និង​សារៈសំខាន់​របស់​អាស៊ាន នៅពេល​ប្រឈម​នឹង​និន្នាការ​សកល​ដែល​លំបាក​ និង​ប្រកបដោយ​ការរើសអើង​បែងចែក​។ ការណ៍​ដែល​ស្ថាប័ន​អាស៊ាន​នៅតែមាន​ភាពស្អិតល្មួត​ផ្ទៃក្នុង​មិន​ប្រេះឆា គឺ​ដោយសារ​តែ​យើង​រក្សា​បាន​នូវ​គោលការណ៍​ប្រតិបត្តិ​មូលដ្ឋាន​ដែលជា “​មាគ៌ា​អាស៊ាន​” ដែល​ផ្តល់​តម្លៃ​ទៅលើ​ការ​ឯកភាព​គ្នា​នៅក្នុង​ភាពចម្រុះ​, ការគោរព​គោលការណ៍​កុង​សង់ស៊ីស​, ការខិតខំ​ជំរុញ​ការសន្ទនា និង​ពិគ្រោះ​យោបល់ ដែល​មាន​លក្ខណៈ​ស្ងាត់ស្ងៀម​ដែល​គោរព​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​នៅ​រាល់​ពេលដែល​យើង​ជួបប្រទះ​បញ្ហាលំបាក​។ ពីព្រោះថា អាស៊ាន​តែងតែ​លើកកម្ពស់​ការឯកភាព​គ្នា​ដើម្បី​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ប៉ុន្តែ​អាស៊ាន​មិន​ជំរុញឱ្យ​មាន​ការឯកភាព​គ្នា ដើម្បី​ជំរុញ​ការប្រឈមមុខ​ដាក់គ្នា​នោះទេ​។

ជាមួយ​នឹង​និន្នាការ​សកល​ធំៗ​ខាងលើ​អាទិភាព​សំខាន់បំផុត​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ ​គឺ​យើង​ត្រូវ​បន្ត​រក្សា និង​គ្រប់គ្រង​ស្ថានភាព​/​បរិស្ថាន​ដែល​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ដើម្បី​ទ្រទ្រង់​ការជំរុញ​វិបុលភាព​ក្នុង​តំបន់​។

ដូច​ប្រធាន​អាស៊ាន​ទាំងអស់​ផ្សេងទៀត​ដែរ កម្ពុជា​នឹង​ខិតខំ​ជំរុញ​របៀបវារៈ​ទាំងឡាយ​ណា​ដែល​ចងភ្ជាប់​យើង​ទាំងអស់​គ្នា ជា​ជាង​បញ្ហា​ដែល​បែងចែក​យើង​ទាំងអស់​គ្នា​។ នេះ​មិនមែន​មានន័យថា អាស៊ាន​កំពុង​គេចវេះ​ពី​បញ្ហា​នោះទេ ប៉ុន្តែ​អាស៊ាន​តែងតែ​ប្រកាន់​ជំហរ​ជាក់ស្តែង​និយម​នៅពេល​ដែល​យើង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ណាមួយ​។ ​ឧទាហរណ៍ ជាការ​អនុវត្ត​ជាក់ស្តែង អាស៊ាន​ពុំ​អាច​ធ្វើអ្វី​បាន​ច្រើន​ឡើយ​ចំពោះ​បញ្ហា​ការប្រកួតប្រជែង​រវាង​មហាអំណាច​។

ដូច្នេះ ប្រសិន​បើ​មហាអំណាច​ទាំង​ ២ ​អាច​ស្វែងរក ឬ​ជួយ​អាស៊ាន​ក្នុង​ការស្វែងរក​របៀបវារៈ​ទាំងឡាយណា​ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​មហាអំណាច​ទាំង​ ២ ជំនួស​ឱ្យ​ការចោទប្រកាន់​ និង​ការលាប​ពណ៌​ដាក់គ្នា​ឥត​ឈប់ឈរ នោះ​ប្រហែល​ជា​ប្រធាន​អាស៊ាន​ទាំងអស់​នឹងមាន​ភាពធូរស្រាល​ក្នុង​ចិត្ត​។ ប៉ុន្តែ​នេះ​ប្រហែល​បានត្រឹម​តែ​ជា​ក្តី​ស្រមៃ​ប៉ុណ្ណោះ​។

អ្វីដែល​សំខាន់​ដែរនោះ គឺ​យើង​ត្រូវ​ព្យាយាម​លើក​កម្ពស់​ “​ភាព​ជាក់ស្តែង​”(tangibility) នៃ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​។

នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​សាមញ្ញ ប៉ុន្តែ ពិបាក​ឆ្លើយ​ចំពោះ​ពលរដ្ឋ​អាស៊ាន​ថា តើ​សហគមន៍​អាស៊ាន​មាន​ផលប្រយោជន៍​អ្វីខ្លះ​សម្រាប់​ពួកគេ​?

ក្នុងការ​កំណត់​អាទិភាព​សម្រាប់​ការធ្វើជា​ប្រធាន​ឆ្នាំ​ ២០២២ ​យើង​ព្យាយាម​ផ្តោតលើ​វិធីសាស្ត្រ​ដែល​យើង​អាច​ផ្តល់នូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ពលរដ្ឋ​អាស៊ាន​។ ផលប្រយោជន៍​ដែល​អាច​ប៉ះ​បាន និង​អាច​ដឹងឮ​បាន ដើម្បីឱ្យ​យើង​អាច​ផ្តល់ឱ្យ​ពលរដ្ឋ​អាស៊ាន​នូវ​មោទនភាព និង​ក្តីសង្ឃឹម​សម្រាប់​អនាគត និង​ទំនុកចិត្ត​សម្រាប់​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​ក្រោយ​របស់​អាស៊ាន ដោយ​គ្មាន​បោះបង់​នរណាម្នាក់​ឡើយ​។

ក្នុង​ស្មារតី​នេះ យើង​កំពុង​ព្យាយាម​ពិនិត្យមើល​វិធី​ដែល​យើង​អាច​លើកកម្ពស់ “​ភាពជាក់ស្តែង​” នៃ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​តាមរយៈ​សកម្មភាព​របស់​យើង​ទៅលើ​ជំងឺ​កូវីដ​១៩, កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP), កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​ទៀត​, ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​អាស៊ាន​, សេដ្ឋកិច្ច​ឌីជីថល​, ការពង្រឹង​ការការពារ​ពលករ​ចំណាកស្រុក​, ការពង្រឹងសមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​, ការផ្លាស់ប្តូរ​អាកាសធាតុ​, ការតភ្ជាប់​ផ្លូវដែក​, ការតភ្ជាប់​រវាង​តំបន់ឧស្សាហកម្ម ជាដើម បន្ថែម​ទៅលើ​អត្ថប្រយោជន៍​ជាក់ស្តែង​ដែល​កំពុងមាន​ស្រាប់ ដូចជា​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​រវាង​សមាជិក​អាស៊ាន​, ការតភ្ជាប់​ផ្លូវ​ហាយវ៉េ​អាស៊ាន​, ឱកាស​ផ្លាស់ប្តូរ​យុវជន និង​អាហារូបករណ៍​, ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​, ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​,​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ពី​ដៃគូ ជាដើម​។​ល​។

យើង​ក៏​ព្យាយាម​ធ្វើឱ្យ​មាន​តុល្យភាព​ផងដែរ​រវាង​សសរស្តម្ភ​ទាំង​ ៣ ​របស់​អាស៊ាន នោះ​គឺ​សហគមន៍​សន្តិសុខ​នយោបាយ​, សហគមន៍​សេដ្ឋកិច្ច​, និង​សហគមន៍​សង្គម​វប្បធម៌​។ ជា​ទិដ្ឋភាព​ក្នុងប្រទេស យើង​មាន​បំណង​ធានាថា យើង​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​ការទទួល​ធ្វើជា​ប្រធាន​អាស៊ាន​ជា​ប្រវត្តិសាស្ត្រ​នេះ​។

ជា​ទិដ្ឋភាព​ក្នុង​តំបន់ យើង​ចង់​ធានាថា រាល់​អត្ថប្រយោជន៍​ទាំង​អស់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សហគមន៍​ត្រូវបាន​ចែករំលែក​ដល់​គ្រប់​កម្រិត និង​គ្រប់​វិស័យ និង​ជាពិសេស​បាន​ទៅ​ផ្ទាល់​ដល់​ប្រជាជន​អាស៊ាន​ដែល​យើង​មាន​កាតព្វកិច្ច​បម្រើ​៕

ដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)