​ការ​បញ្ឈប់​ការ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ត្រីមាស​ដំបូង​ ដល់​ណា​ហើយ​?

Content image - Phnom Penh Post
ស្ត្រី​ម្នាក់​កំពុង​ដើរ​នៅ​លើផ្លូវ​ ៣៦០​ ដោយសារ​អស់ចិញ្ចើមផ្លូវ​​។

បន្ទាប់ពី​សាលា​រាជ​ធានី​ភ្នំ​ពេញ​ បាន​​ចាប់​ផ្តើម​អនុវត្ត​នូវ​សេចក្តី​ជូន​ដំណឹង​​ ដើម្បី​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​​ ១១ ខ្សែ​មក​ទល់​ពេល​​នេះ ​អស់​រយៈ​ពេល​ ៤​ ខែ​ មក​ហើយនៅ​តែ​មិន​ទាន់​ឃើ​ញ​ចេញ​​​របាយ​ការណ៍​វឌ្ឍន​ភាព​ស្តី​ពី​ការ​អនុវត្ត​ទៅ​តាម​ផែនការ​ដោះ​ស្រាយ​បញ្ហាការ​រំលោភ​ចិញ្ចើម​ផ្លូវ​នៅ​ត្រីមាស​​ដំបូ​ង​សោះ។ តើមាន​អ្វី​ប្លែក​ទេ? មា​ន​​បាន​បូក​សរុប​លទ្ធផល តាម​បណ្តា​ខណ្ឌនីមួយៗ ​នៅ​រាជ​ធានី​ភ្នំពេញ ធ្វើ​បាន​អ្វី​ខ្លះ? ផ្លូវ​ខ្សែ​ណា​ធ្វើ​បាន​ប៉ុន្មាន​ហើយ? អ្វីខ្លះ​ដែល​ធ្វើ​មិន​ទាន់​បាន?

នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ត្រីមាស​នេះគួរ​តែ​បង្ហាញ​ទីតាំ​ង​ផែន​ទី​កន្លែង​​ណា​ខ្លះដែ​ល​មាន​កន្លែង​​ចំណត​សាធារណៈ ចំណត​មុខ​ផ្ទះ​ចំណត​យក​លុ​យ​​ឯក​ជន និង​អគារ​សម្រាប់​ចត​យក​លុយ​តែម្តង​។ ម្យ៉ាង​ទៀត ​ទីតាំង​កន្លែង​លក់​ដូរ​នៅ​លើ​ចិញ្ចើម​ថ្នល់​ គឺ​សាលា​រាជធានី ឬ​​ក៏​ដូច​ជាសា​​លា​​ខណ្ឌ​មិន​ទា​ន់​បា​ន​បង្ហាញ​យុទ្ធ​សាស្ត្រ​រៀបចំ​កន្លែង​ទី​ធ្លា​ នៅ​ក្បែរ​ផ្លូវ​សម្រាប់​ហាង​លក់​ម្ហូប​អាហារ​ដែល​នៅ​ជុំគ្នា​ហើយ​មាន​កន្លែង​ចត​នៅ​ខាង​ក្នុងប​រិ​វេណនោះ​នៅ​ឡើយ​ទេ។

ឧទា​ហរណ៍ ដូចជា​នៅ​ហាង​នៅ​ជុំគ្នា​ក្បែរ​មណ្ឌល​កម្សាន្ត​ស្ប៉ាក​ «Spark»​ គឺ​មាន​ហាង​ម្ហូប​ជាច្រើន​ នៅ​ខាង​កើត​មាន​ម្ចាស់​ខុសៗ​គ្នា តែ​មាន​កន្លែង​ចតរថ​យន្ត និង​ម៉ូតូ​នៅ​ជុំគ្នា​តែ​ ១ ​នៅខាង​ក្នុង​បរិវេណ មិន​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ​ទេ។ គំរូបែប​នេះ​គឺ​នៅ​ប្រទេស​ ថៃ​ គេ​បាន​រៀបចំ​បែប​នេះ បើ​គេ​លក់​ម្ហូប​នៅ​លើ​ផ្លូវ​វិញ​គឺ​បាន​តែ​លក្ខណៈ​តូច​តាច​ទិញ​វេច​ខ្ចប់​ គឺ​អាច​ទុក​ផ្លូវ​​ដើរ​បាន​ផងដែរ។

រីឯការ​ចត​វិញ គឺក្រុម​ហ៊ុន ឬ​ក៏​ស្ថាប័​ន​​រដ្ឋ​ខ្លះ គឺ​ចត​យក​កន្លែ​​​ង​ដើរ​អស់​តែ​ម្តង​គឺគ្មាន​កន្លែង​ដើរ បើចង់​ដើរ​គឺ​ដើរ​នៅ​លើ​​ផ្លូវ​តែ​ម្តង ព្រោះ​កន្លែង​លើ​ចិញ្ចើម​ផ្លូវ​ គឺ​បាំង​ដោយ​ចំណត​អស់​ហើយ​ សូម្បី​​តែ​អ្នក​ពិការ​ភ្នែក​វិញ​ក៏ដើ​រ​​មិន​បាន​ដែរ ហើយបើ​ទោះ​បី​ជា​មហាវិថី​ខ្លះ​ បាន​រៀប​ចំ​សម្រាប់​អ្នក​ពិការ​ដើរក៏ដើរ​បុ​ក​ឡាន​ដែរ។

ចំពោះ​បញ្ហា​លក់​ដូរ​មុខ​ផ្ទះ​ផ្ទាល់​ខ្លួន​ ដែល​ដាក់​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​វិញ​ គឺ​​ត្រូវ​កាត់​ស្លាក និង​រើតូប​ដែល​លយ​ចេញ​​ពី​ផ្ទះមក​ដាក់​លក់​អីវ៉ាន់​នោះ​ផង​ដែរ​។ កន្លង​មក​ថ្មី​ៗនេះ ឃើញ​មាន​ខណ្ឌ​​ខ្លះ​ អនុវត្ត​ភ្លាមៗ​ គឺ​កាត់​ចេញ​នូវ​បង្គោល​ស្លាក​ឈ្មោះ​ក្រុម​ហ៊ុន​រក​ស៊ី​ដែល​លយ​ចូល​មក​ពេញ​អស់​ផ្លូវ​ដើរ​លើ​ចិញ្ចើម​នោះ និង​ប្រមូល​របស់​របរ​លក់​ខោអាវ​នៅ​លើ​ចិញ្ចើម​ផ្លូវ តែ​អាជ្ញាធរ​ខណ្ឌ​នោះ​ ធ្វើ​បាន​តែ​ ​៤ ឬ ​៥​ កន្លែង​តែ​បណ្ណោះ​ តែ​មក​ដល់​ឥឡូវ​នៅដដែល​ គឺគ្មាន​នរណា​ចាត់វិធាន​ការធ្វើ​បន្ត​ទៀត​នោះ​ទេ។

អ៊ីចឹ​ង​ហើយ​ បាន​ជា​បញ្ហា​នេះ គឺមិន​មាន​តម្លាភាព​នោះ​ទេ ដោយ​សារ​តែ​អនុវត្ត​ដោយ​កន្លែង​ៗ មិន​មាន​សូច​នាក​រ​ពិត​ប្រាកដ និង​យុទ្ធ​សាស្ត្រ​ជាក់​លាក់។ ជាង​នេះ​ទៅ​ទៀត ការ​ផ្សព្វ​ផ្សាយ​ពីការ​ចាត់​វិធាន​ការ​ ដើម្បី​សណ្ដាប់​ធ្នាប់​នេះ​ក៏​នៅ​មិន​ទាន់​ទូ​លំទូលាយ​ដែរ​ហើ​យ​ធ្វើ​ឈប់ នឹក​​ឃើញ​ធ្វើ​ទៀត​បែប​នេះ បណ្តាល​​ឲ្យ​មាន​ការ​ច្រណែន​គ្នា ពលរដ្ឋ​ខ្លះ​ថា ​អាជ្ញាធរ​ធ្វើ​យក​មុខ​យក​មាត់​តែ​ខណ្ឌ​ឯង ឯ​ខណ្ឌ​គេដទៃទៀ​ត​មិន​ធ្វើផង។

រីឯ​បញ្ហា​សែ​ស្រឡាយ​វិញ ក៏​មាន​ប៉ះពាល់​ដែរ​នៅ​ពេល​ដែ​ល​​ម្ចាស់​អ្នក​ល​ក់ក្តី អ្នក​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្តី មាន​បុណ្យ​ស័ក្តិ​ធំ មាន​អំណាច​ជាង​អាជ្ញា​ធរ​ទៅ​ទៀ​ត​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ដោះស្រាយ​បញ្ហា​សណ្តា​ប់ធ្នា​ប់​​នេះ។ យ៉ា​ង​ណា​មិញ​ មា​នផ្ទះ​ពល​រដ្ឋ​ខ្លះ​គឺ​សង់ល​យម​ក​បន្ថែ​ម​ចូល​ថ្នល់​តែ​ម្តងតើ​អាជ្ញាធរ​ហ៊ាន​​កាត់​ដែរ ឬ​ទេ?

អ្វី​ដែល​ជា​បញ្ហា​ចំណត​រាល់​ថ្ងៃ​នេះ​នៅ​ក្នុង​សាលា​រៀន ឬ​ក៏​មន្ទីរ​ពេទ្យ​ ត្រូវ​បាន​គេជួល​ចត​ឡាន​យក​លុយ​បង់ខែ​ពេល​យប់ តែ​ព្រឹក​ឡើងខ្លះនៅ​តែ​ចត​ចោ​ល​ទាំង​យប់​ទាំង​ថ្ងៃ ឡើង​ពេញ​សាលា​រៀន និង​មន្ទីរ​ពេទ្យ​ រក​តែ​កន្លែង​កូន​សិស្ស​យក​ទីធ្លា​សាលា​រត់​​លេង​លែង​បាន ហើ​យ​ចង្អៀត​នៅ​មន្ទីរ​ពេទ្យ​ សុទ្ធ​តែ​ឡាន​ចំណត​យក​លុយ​ទាំង​យ​ប់​ទាំង​ថ្ងៃ​មិន​មែន​ឡាន​របស់​លោ​ក​គ្រូ អ្នក​គ្រូនិង​គ្រូ​ពេទ្យ​នោះ​ទេ។

បើ​ផ្អែក​ទៅ​លើ​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក មាត្រា ​៣២ ស្តីពី​ការ​អនុញ្ញាត​ឲ្យ​អ្នក​ថ្មើរ​ជើង​ដើរ​លើ​ចិញ្ចើម​ផ្លូវ​ ដោយ​​ច្បាប់​មិន​ឲ្យ​អ្នក​ថ្មើរជើង​លើផ្លូវ​នោះ​ទេ។ ចុះ​បើនាំ​គ្នាយ​ក​ចិញ្ចើម​ផ្លូវ​ យក​មក​ធ្វើ​កន្លែង​ចតនិង​កន្លែង​ដា​ក់​​លក់​ដូរ និង​យក​ធ្វើ​ជា​របស់​ផ្ទាល់​ខ្លួន​ តើ​ឲ្យ​អ្នក​ថ្មើ​រជើង​ដើរ​តាម​ណា?

ហេតុ​ដូច្នេះ​ហើយ ​សាលា​រាជ​ធានី​ភ្នំ​ពេញ​ គួរ​តែ​បញ្ចេញ​របាយ​ការណ៍​វឌ្ឍ​នភាព​ប្រចាំ​ត្រីមាស​ទី​១ ​បាន​លទ្ធផ​ល​អ្វីខ្លះ​ហើយ​ចំពោះ​ការ​ដោះ​ស្រា​យ​​បញ្ហា​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធា​រណៈ​នេះ​? បើមិន​ដូច្នេះ​ទេ​គឺ​សេចក្តី​ជូន​ដំណឹង​នេះ​គ្មា​ន​​ប្រយោជន៍​ទេ ធ្វើ​គ្រាន់​តែ​យក​មុខ​យក​មាត់​តែ​មួយ​ភ្លែត​តែប៉ុណ្ណោះ៕

ចូល​​រួ​ម​​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhp​ost.com