
បាយខ្ចប់ស្លឹកចេក និងស្លឹកឈូកនៅសិក្ខាសាលាមួយរៀបចំដោយក្រុមហ៊ុន Eleven One Kichen។ រូបថត តុង សុប្រាជ្ញ
ហេតុអ្វីចាំបាច់កម្ទេចក្រដាសស្នាម ឯកសាររដ្ឋបាលផ្លូវការ បទដ្ឋានគតិយុត្ត លិខិតរដ្ឋបាលសាធារណៈ ឬក៏ឯកសារផ្ទាល់ខ្លួន? បើទោះបីជាបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបៗមានម៉ាស៊ីនកម្ទេចឯកសារជាក្រដាស ចិញ្ច្រាំខ្ទេចម៉ដ្ឋខៃដែលជំនួសដោយការដុតកម្ទេចក្តីក៏នៅមានមនុស្សមួយចំនួន នៅតែមានទម្លាប់ស្តាយក៏ព្យាយាមប្រមូលឯកសារចាស់នោះទុកលក់ឲ្យឯកជនយកទៅប្រើបន្តទៀត ដូចក្រដាសកាសែតដែរ។
ខណៈដែលក្រដាសប្រើហើយប្រភេទ A4 គឺមានលក្ខណៈរឹង គេយកទៅប្រើច្រើនពេញនិយមនៅកន្លែងលក់ចាប់ហួយខ្ចប់ប៊ីចេង ខ្ចប់ខ្ទឹម ខ្ចប់ម្រេច ខ្ចប់ថ្នាំពេទ្យងាយស្រួលសរសេរនៅលើក្រដាសសហ្នឹងទៀត ខ្លះយកទៅខ្ចប់ចេកចៀន ដំឡូងចៀន ទ្រាប់គូទឆ្នាំងជួនកាលទៅអ្នកខ្លះទៀតញ៉ាំនំប៉័ងអស់បានឃើញឈ្មោះរដ្ឋមន្ត្រី និងត្រាសាមីក្រសួងរបស់ខ្លួនឯងនៅនឹងក្រដាសខ្ចប់នំប៉័ងហ្នឹង។ នេះហើយជាបញ្ហាដែលប៉ះពាល់កិត្តិយស និងកិត្តិនាមរបស់បុគ្គល ឬក៏ស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិ ឬក៏ក្រុមហ៊ុនឯកជនដែលមិនគួរត្រូវបានគេយកមកប្រើប្រាស់ដូចនេះទេ។
ជួនកាលទៅឯកសារខ្លះមានតាំងពីឡាយព្រះហស្តលេខារបស់ព្រះមហាក្សត្រ និងត្រា និងឈ្មោះប្រមុខរាជរដ្ឋាភិបាលមានតាំងពីព្រះឆាយាល័ក្ខណ៍ ទង់ជាតិ ទង់សាសនាក៏ត្រូវបានគេយកមកប្រើដូច្នេះដែរ។ បើនៅថៃវិញកុំថាឡើយការវេចខ្ចប់ដូចនេះសូម្បីតែលុយដែលមានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រក៏មិនអាចដាក់ហោប៉ៅក្រោយអង្គុយពីលើបានទេ។
សឹងតែជាទូទៅទៅហើយនៅស្រុកគេកម្រយកក្រដាសរដ្ឋបាលសាធារណៈយកមកខ្ចប់ទំនិញ ឬម្ហូបអាហារនោះទេ ព្រោះក្រដាសទាំងនោះវាគគ្រិច ចេញពីទឹកថ្នាំព្រីនធ័រ ឬក៏ហ្វូតូកូពីហើយដៃកាន់ពីមួយទៅមួយហើយយកមកខ្ចប់ចំណីហូបនោះ។ បើទោះបីជាជនជាតិឥណ្ឌា ទម្លាប់យកដៃសម្រាប់ការទទួលទានរបស់ពួកគេក៏ដោយ ក៏គេប្រើស្លឹកចេក ឬក៏ស្លឹកឈូកជាមធ្យោបាយជំនួសដោយថង់ប្លាស្ទិក និងក្រដាសស្នាមផ្លូវការបែបបទរដ្ឋបាលសាធារណៈដែលនៅសល់ ឬក៏ឯកសារផ្ទាល់ខ្លួនចាស់ៗដែរ។
អ្វីដែលជាបញ្ហាទៀតនោះ គឺឯកសារក្រដាសមួយចំនួនដែលមានលក្ខណៈសម្ងាត់ដូចជាទាក់ទងទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ និងទិន្នន័យរបស់ស្ថាប័នរដ្ឋ និងឯកជនក្តីត្រូវបានបែកធ្លាយផងដែរហើយឯកសារខ្លះដូចការតាក់តែងច្បាប់ គោលលនយោបាយ សេចក្តីណែនាំ ជាដើមគឺទើបតែធ្វើសេចក្តីព្រាងនៅឡើយមិនទាន់បានសម្រេចផង បែរជាបែកធ្លាយចេញមកខ្ចប់ចំណីអាហារផងដែរ។ ដូចគ្នានេះដែរគឺទិន្នន័យផ្ទាល់ខ្លួន និងលុយនៅក្នុងគណនីធនាគារផ្ទាល់ខ្លួនក៏អាចប៉ះពាល់ទៅនឹងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ដោយសារក្រដាសឯកសារទាំងនោះត្រូវបានគេយកទៅវេចខ្ចប់ហើយបោះចោលរាយប៉ាយ។
មិនថាប្រទេសជឿនលឿនទេ ប្រទេសជិតខាងយើងក៏គេមិនយកក្រដាសឯកសារផ្លូវការសាធារណៈ និងក្រុមហ៊ុនឯកជននានា ឬក៏ឯកសារផ្ទាល់ខ្លួន យកមកវេចខ្ចប់ដែរគឺគេផលិតក្រដាសស្តើងថ្មីសម្រាប់ខ្ចប់នំប៉័ង ឬក៏សាំងវិច ដើម្បីកុំឲ្យឆ្លងរោគ និងដើម្បីកុំឲ្យប៉ះពាល់បរិស្ថានខ្លាំងពេកគឺគេប្រើស្លឹកឈើជំនួសវិញ។
រីឯនៅស្រុកខ្មែរក៏មាន ក្រុមហ៊ុនផ្គត់ផ្គង់អាហារតូចៗ ឥឡូវក៏កំពុងតែអនុវត្តការវេចខ្ចប់ដោយមិនប្រើថង់ប្លាស្ទិក និងក្រដាសឯកសារនានានោះទេ។ ដូចជាសេវាផ្គត់ផ្គង់ម្ហូបអាហារអ៊ីឡឺវែនវ៉ន់ (Eleven one kitchen) នៅសង្កាត់ បឹងកេងកង រាជធានីភ្នំពេញគឺប្រើស្លឹកចេក ស្លឹកឈូក និងដើមកំប្លោក ដើម្បីខ្ចប់បាយសម្លបានយ៉ាងស្អាត ហើយមិនប៉ះពាល់បរិស្ថានទៀត។
ហេតុដូចនេះហើយដើម្បីធ្វើឲ្យប្រសើរឡើងជាកិត្តិយសជាតិ កិត្តិនាមព្រះមហាក្សត្រក្តី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី និងទាំងស្ថាប័នរដ្ឋ ទាំងស្ថាប័នឯកជន ទាំងគណបក្សនយោបាយនានា គួរតែគិតគូរការអនុវត្តបែបបទរដ្ឋបាលប្រើម៉ាស៊ីនកម្ទេចឯកសារឲ្យម៉ដ្ឋខៃមើលលែងយល់ជាជាងទុកចោល ហើយត្រូវបានអ្នកបោសសម្អាតនៅការិយាល័យប្រមូលយកទៅថ្លឹងគីឡូលក់បាន។
រីឯឯកសារជាលក្ខណៈបុគ្គលវិញគឺហែកចោលឲ្យខ្ទេចតែម្តងដុតចោលក្នុងជើងក្រានឲ្យឆេះតែម្តង។ យ៉ាងណាមិញអ្នកលក់ចេកចៀនក្តី អ្នកលក់ចាប់ហួយក្តី អ្នកលក់នំប៉័ងសាច់ក្តី គួរតែបញ្ឈប់ការប្រើក្រដាសឯកសារដែលបោះពុម្ពរួច និងថង់ប្លាស្ទិក ហើយងាកមកប្រើស្លឹកឈើដែលមានតម្លៃថោកៗ ដូចជាស្លឹកឈូក ស្លឹកចេក ស្លឹកចាក ស្លឹកត្នោត និងដើមកំប្លោក ជារបស់ធម្មជាតិដូចដែលយើងធ្លាប់ប្រើវាកាលពីមុន ដើម្បីចូលរួមថែរក្សាបរិស្ថានផង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com