តើជំងឺរាតត្បាត COVID-19 ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រធានស័ក្ដិដែរឬទេ?
អង្គការសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនូវ Novel Coronavirus (“Covid-19”) ជាជំងឺរាតត្បាតនៅថ្ងៃទី ១១ ខែមីនា។ ក្រោយពីការប្រកាសនេះ ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងផ្សេងៗបានចាត់វិធានការរដ្ឋបាល និងផ្លូវច្បាប់ជាច្រើនដើម្បីការពារការរីករាលដាលលឿន ឬការនាំចូល Covid-19 ក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជារួមមានក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ បានណែនាំឲ្យសាលារៀនរដ្ឋ និងឯកជន អាជីវកម្មឯកជនមួយចំនួន ដូចជា ហាងខារ៉ាអូខេ បៀរហ្គាដិន និងក្លិបកម្សាន្តនានាបិទ។
ស្ថាប័នផ្សេងៗត្រូវបានណែនាំឲ្យរៀបចំបុគ្គលិករបស់ខ្លួនឲ្យធ្វើការពីផ្ទះជាដើម។ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យមានការរក្សាគម្លាតសង្គមរវាងមនុស្សដោយជំរុញឲ្យប្រជាជននៅផ្ទះ ហើយចេញក្រៅផ្ទះនៅពេលចាំបាច់។
ជាលទ្ធផលអាជីវកម្មដែលត្រូវបានណែនាំឲ្យបិទបានបិទជាស្ថាពរ។ ប៉ុន្តែអាជីវកម្មមួយចំនួនដែលមិនស្ថិតក្នុងបទបញ្ជាឲ្យបិទដោយផ្ទាល់ប្រហែលជានឹងបិទក្នុងពេលឆាប់ៗដែរដោយសារមូលហេតុផ្សេង។
មូលហេតុរួមមានការផ្គត់ផ្គង់វត្ថុធាតុដើមមិនបានគ្រប់គ្រាន់ ផលិតផល និងសេវាកម្មរបស់ខ្លួនមិនមានតម្រូវការក្នុងទីផ្សារ មិនអាចជួញដូរបាន ដោយសារតែការបិទព្រំដែន ការហាមឃាត់ការហោះហើរចេញចូល និងការបិទប្រទេសមួយផ្នែក ឬទាំងមូល និងផ្សេងៗទៀត។
មកទល់ពេលបច្ចុប្បន្ននេះរោងចក្រកាត់ដេរច្រើនជាង ៥០ ត្រូវបានអនុញ្ញាតឲ្យផ្អាកប្រតិបត្តិការ។ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានមួយចំនួនបានបិទទ្វារផងដែរ នៅពេលសាលារៀនរដ្ឋ និងឯកជនទាំងអស់ត្រូវបានបញ្ជាឲ្យមានការរៀនតាមប្រព័ន្ធអនឡាញជំនួសការរៀនតាមថ្នាក់រៀនដូចពីមុន។
ការណែនាំផ្នែករដ្ឋបាល និងផ្នែកច្បាប់របស់រដ្ឋាភិបាលខាងលើ និងហានិភ័យនៃការឆ្លង Covid-19 អាចបង្កឲ្យអលទ្ធភាពក្នុងការអនុវត្តកិច្ចសន្យាមួយផ្នែក ឬទាំងមូល។
ជាផលវិបាក វានឹងមានការខូចខាតដល់ភាគីនៃកិច្ចសន្យា។ ព្រឹត្តិការណ៍នេះអាចស្ថិតក្នុងនិយមន័យច្បាប់របស់ប្រធានស័ក្តិដូចនឹងពន្យល់បន្ថែមនៅខាងក្រោម។
អ្វីទៅគឺជាព្រឹត្តិការណ៍ប្រធានស័ក្តិក្រោមច្បាប់កម្ពុជា?
ជាទូទៅប្រធានស័ក្ដិត្រូវបានឲ្យនិយមន័យថា ជាព្រឹតិ្តការណ៍ដែលកើតឡើងក្រៅឆន្ទៈរបស់ភាគី ហើយវាមិនអាចជម្នះ និងមិនអាចប៉ាន់ស្មានជាមុនបាន។
វាអាចត្រូវបានបណ្តាលមកពីសកម្មភាពរបស់មនុស្ស ធម្មជាតិ ចំណាត់ការរបស់រដ្ឋាភិបាល និងព្រឹត្តិការណ៍ក្រៅខ្លួនផ្សេងៗទៀត។
ក្នុងករណីណាមួយ ព្រឹត្តិការណ៍ដែលអាចអះអាងថា ជាប្រធានស័ក្ដិត្រូវតែលើសពីសមត្ថភាពគ្រប់គ្រងសមរម្យរបស់ភាគីដែលរងឥទ្ធិពល សមត្ថភាពរបស់ភាគីក្នុងការបន្តអនុវត្តកិច្ចសន្យាត្រូវបានហាមឃាត់ រារាំង ឬបង្អាក់ ហើយភាគីបានចាត់វិធានការដែលសមរម្យទាំងអស់ដើម្បីកាត់បន្ថយ ឬចៀសវាងព្រឹត្តិការណ៍នេះ ឬផលវិបាករបស់វា ប៉ុន្តែនៅតែមិនអាចជម្នះព្រឹត្តិការណ៍នេះបាន។
ច្បាប់កម្ពុជាមិនមានចែងពីនិយមន័យរបស់ប្រធានស័ក្ដិឲ្យបានលម្អិតទេ។ ជាធម្មតា និយមន័យបែបនេះអាចត្រូវបានកំណត់ក្នុងកិច្ចសន្យា។
ព្រឹត្តិការណ៍ប្រធានស័ក្តិអាចជាព្រឹត្តិការណ៍នយោបាយ ឬមិនពាក់ព័ន្ធនយោបាយ ការផ្លាស់ប្តូរនូវបរិយាកាសផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមិនបានប៉ាន់ស្មានទុកជាមុន ឬគ្រោះមហន្តរាយធម្មជាតិដែលធ្វើឲ្យការអនុវត្កកិច្ចសន្យាមិនអាចធ្វើទៅបាន។
ក្នុងករណីដែលមិនមានភាពច្បាស់លាស់ តុលាការអាចបកស្រាយអត្ថន័យរបស់ប្រធានស័ក្ដិដោយពិចារណាលើលក្ខណៈ និងផលប៉ះពាល់របស់ព្រឹត្តិការណ៍ដោយផ្អែកលើទំនៀមទម្លាប់ និងការអនុវត្តផ្នែកជំនួញក្នុងប្រទេសកម្ពុជា។
វាគួរត្រូវបានកត់សម្គាល់ដែរថា កម្ពុជាបានអនុម័តយកប្រព័ន្ធច្បាប់ស៊ីវិល ដូចនេះការអនុវត្តប្រធានស័ក្តិធ្វើជាមូលហេតុនៃការបំពានកិច្ចសន្យាប្រហែលជាមិនដូចនឹងការអនុវត្តគោលគំនិតនេះ ក្រោមច្បាប់អង់គ្លេស និងយុត្តាធិការ Common Law ដទៃទៀតទេ។
តើប្រធានស័ក្ដិត្រូវបានយកមកអនុវត្តនៅពេលណា និងដោយរបៀបណា?
គូភាគីនៃកិច្ចសន្យាដែលមានសុពលភាពមួយត្រូវអនុវត្តតាមកាតព្វកិច្ចរៀងៗខ្លួនស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា។ ប៉ុន្តែម្ចាស់បំណុលនៃកាតព្វកិច្ចមិនអាចទាមទារឲ្យកូនបំណុលនៃកាតព្វកិច្ចអនុវត្តកាតព្វកិច្ច ប្រសិនបើការអនុវត្តកាតព្វកិច្ចប្រែជាមិនអាចអនុវត្តបានដោយមិនមែនជាកំហុសរបស់កូនបំណុល។ នៅពេលកើតមានប្រធានស័ក្ដិ ការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាអាចក្លាយជាធ្វើមិនបានមួយផ្នែក ឬទាំងស្រុង។
ប្រការស្តីពីប្រធានស័ក្ដិគឺជាប្រការដែលតែងតែមានក្នុងកិច្ចសន្យាដែលអាចធ្វើឲ្យគូភាគីរួចផុតពីការទទួលខុសត្រូវ ឬកាតព្វកិច្ចនៅពេលដែលព្រឹត្តិការណ៍វិសាមញ្ញ ឬហេតុការណ៍ដែលលើសពីសមត្ថភាពគ្រប់គ្រងរបស់គូភាគី ដូចជា សង្គ្រាម កូដកម្ម កុបកម្ម បទល្មើស ជំងឺរាតត្បាត ទឹកជំនន់ រញ្ជួយដី គ្រោះធម្មជាតិ ជាដើម។
ជាការអនុវត្តខ្លឹមសារនៃប្រការស្តីពីប្រធានស័ក្ដិអាចសង្ខេបខ្លី ឬពិពណ៌នាបន្តិចបន្តួច។ កិច្ចសន្យាមួយចំនួនបញ្ចូលប្រការស្តីពីប្រធានស័ក្ដិ ប៉ុន្តែកិច្ចសន្យាខ្លះមិនមានទេ។ ក្នុងករណីនេះ ភាគីដែលរងផលប៉ះពាល់អាចពឹងលើបញ្ញត្តិច្បាប់ដែលគ្រប់គ្រងកិច្ចសន្យារបស់ភាគីដើម្បីអះអាងពីប្រធានស័ក្ដិ។
ទាក់ទងនឹងនីតិវិធីវិញ ប្រសិនបើភាគីណាមួយយល់ថាខ្លួនបានរងឥទ្ធិពលពីប្រធានស័ក្ដិ ហើយចង់អនុវត្តប្រការនេះ ភាគីនោះត្រូវជូនដំណឹងទៅភាគីម្ខាងទៀតភ្លាមៗពីព្រឹត្តិការណ៍នោះ។
ក្នុងសេចក្តីជូនដំណឹងនោះ ភាគីត្រូវផ្តល់ភ័ស្តុតាងដើម្បីបង្កើតទំនាក់ទំនងរវាងព្រឹត្តិការណ៍ និងផលវិបាកដែលរំពឹងទុក និងរយៈពេលដែលព្រឹត្តិការណ៍អាចកើតឡើង។
ភាគីត្រូវពិនិត្យមើលប្រការក្នុងកិច្ចសន្យាឲ្យបានហ្មត់ចត់ ដោយសារតែកិច្ចសន្យាមួយចំនួនអាចតម្រូវឲ្យជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬពេលខ្លះការជូនដំណឹងដោយផ្ទាល់មាត់គឺគ្រប់គ្រាន់ហើយ។
តើអ្វីខ្លះជាផលវិបាកគតិយុត្តសម្រាប់ការអះអាងលើប្រធានស័ក្ដិ?
ជាគោលការណ៍ទូទៅ នៅពេលដែលភាគីនៃកិច្ចសន្យាអះអាងថា មានព្រឹតិ្តការណ៍ប្រធានស័ក្ដិកើតឡើង កិច្ចសន្យាអាចត្រូវបានផ្អាកសម្រាប់អំឡុងពេលនៃព្រឹត្តិការណ៍ ឬកិច្ចសន្យាអាចត្រូវបានរំលាយ។
ឧទាហរណ៍ក្នុងករណីនៃកិច្ចសន្យាការងារ ច្បាប់ការងារអនុញ្ញាតឲ្យគូភាគីរំលាយកិច្ចសន្យា ឬផ្អាកកិច្ចសន្យាការងារដោយសារតែការកើតមានប្រធានស័ក្ដិ។
ប្រសិនបើភាគីដែលរងផលប៉ះពាល់អាចបញ្ជាក់ពីព្រឹត្តិការណ៍ប្រធានស័ក្ដិដូចបានពន្យល់ខាងលើនេះ ភាគីដែលរងផលប៉ះពាល់អាចត្រូវបានលើកលែងពីការទទួលខុសត្រូវលើការខូចខាតរបស់ភាគីម្ខាងទៀត។
ទោះយ៉ាងណាការកំណត់ពីលក្ខខណ្ឌនៃការបំពានកិច្ចសន្យា និងវិធីសង្គ្រោះក្នុងករណីប្រធានស័ក្ដិ ប្រហែលជាអាចមានចែងក្នុងកិច្ចសន្យា។
កិច្ចសន្យាអាចកំណត់ពីការពន្យារពេលអនុវត្តកាតព្វកិច្ច ការពន្លឿនពេលមកដល់នៃការអនុវត្តកាតព្វកិច្ច ឬស្ថានភាពកាត់បន្ថយការខូចខាតវិធានការ សហការការពារ ឬសង្គ្រោះផ្សេងទៀតដែលធ្វើបានដោយភាគីម្ខាងទៀត។
មិនមែនគ្រប់ករណីនៃព្រឹត្តិការណ៍ប្រធានស័ក្ដិ ការបំពេញកាតព្វកិច្ចក្នុងកិច្ចសន្យាទាំងអស់ក្លាយជាអលទ្ធភាព ឬឈប់នោះទេ។ ឧទាហរណ៍ក្នុងកិច្ចសន្យាខ្ចីបរិភោគ អ្នកខ្ចីមិនអាចត្រូវបានលើកលែងពីការសងប្រាក់ដើម និងការប្រាក់ទេក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រធានស័ក្ដិ។
ប៉ុន្តែអ្នកខ្ចីអាចនឹងមិនត្រូវមានកាតព្វកិច្ចក្នុងការសងការខូចខាត ឬការពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវទេ។ ក្នុងករណីកិច្ចសន្យាជួលអចិន្រៃ្តយ៍លើអចលនវត្ថុ អ្នកជួលអាចរំលាយកិច្ចសន្យាជួលបាន ប្រសិនបើគាត់មិនអាចទទួលបានប្រាក់ចំណេញពីការជួលសម្រាប់រយៈពេល ៣ ឆ្នាំដោយសារតែការកើតឡើងនៃប្រធានស័ក្ដិ។
ក្នុងអំឡុងពេលនៃប្រធានស័ក្ដិ ការបង់ប្រាក់ឈ្នួលថ្លៃជួលអាចត្រូវបានផ្អាក ឬការកាត់បន្ថយថ្លៃឈ្នួលអាចត្រូវបានទាមទារប្រសិនបើប្រាក់ចំណូល ឬផលកើតចេញពីការប្រើប្រាស់ ដីជួលមិនមាន។
តើភាគីនៃកិច្ចសន្យា ជាពិសេសភាគីដែលរងផលប៉ះពាល់អាចធ្វើអ្វីបានក្នុងហេតុការណ៍ជំងឺរាតត្បាត Covid-19?
គូភាគីត្រូវបានផ្តល់យោបល់ឲ្យពិចារណាក្នុងការចាត់វិធានការការពារដូចខាងក្រោម៖
ពិនិត្យមើលកិច្ចសន្យាឲ្យបានហ្មត់ចត់ ជាពិសេសលើនិយមន័យនៃប្រធានស័ក្ដិដែលបានចែងក្នុងកិច្ចសន្យាដើម្បីទទួលបានការយល់ដឹងច្បាស់លាស់លើលក្ខខណ្ឌ និងវិធានការដែលត្រូវចាត់ចែងក្នុងព្រឹត្តិការណ៍បែបនេះប្រសិនបើមិនច្បាស់លាស់ស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីមេធាវី មានន័យថា សមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានគុណវុឌ្ឍិក្នុងការពន្យល់បន្ថែមឆ្លើយតប និងផ្តល់ប្រឹក្សាលើសំណួររបស់លោកអ្នក។
រក្សាទុកកំណត់ហេតុឯកសារ និងភ័ស្តុតាងនៃការប៉ះពាល់ និងការខូចខាតដែលបណ្តាលមកពីព្រឹត្តិការណ៍ប្រធានស័ក្តិឲ្យបានត្រឹមត្រូវទាក់ទងនឹងការពិភាក្សាជាមួយដៃគូកិច្ចសន្យាដៃគូពាណិជ្ជកម្ម និងអាជ្ញាធរពាក់ព័ន្ធដើម្បីបង្ហាញពីក្តីបារម្ភ ពន្យល់បន្ថែមលើការស្នើសុំការណែនាំផ្នែករដ្ឋបាល និងផ្លូវច្បាប់ ចាត់វិធានការដែលចាំបាច់ដើម្បីការពារ និងកាត់បន្ថយហានិភ័យ ការខូចខាត និងផលវិបាកអចេតនាផ្សេងៗទៀតដែលបណ្តាលមកពីការប្រែប្រួលសេចក្តីបង្គាប់ផ្នែកច្បាប់ និងរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ច៕
ដោយ លោកមេធាវី លី តៃសេង នាយកប្រតិបត្តិក្រុមហ៊ុនមេធាវី អេច ប៊ី អេស និងមន្ទីរសារការី អេច ប៊ី អេស
អ៊ីមែល: tayseng@hbslaw.asia (កំណត់សម្គាល់របស់អ្នកនិពន្ធៈទស្សនៈខាងលើគឺជារបស់អ្នកនិពន្ធ ហើយសម្រាប់ជាព័ត៌មានទូទៅតែប៉ុណ្ណោះ។ ភ្នំពេញ ប៉ុស្ដិ៍ នឹងមិនទទួលខុសត្រូវលើការខូចខាតណាមួយដោយសារតែទស្សនៈដែលមានក្នុងអត្ថបទនេះទេ)