កាល​ពីថ្ងៃ​ទី​ ២៧ ខែ ​ឧសភា​ ឆ្នាំ​ ២០១៩ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​​ភិបាល​ បាន​ចេញ​លិខិត​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សុខា​ភិបាល​រាជធានី-ខេត្ត ឲ្យ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូ​ង​រាជ​ធានី-ខេត្ត ចំពោះ​អ្នក​ប្រកប​រប​រអាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់​ (គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំតា​ម​ភូមិ)​។​ ការ​ចេ​ញ​លិខិត​របស់​លោក​រដ្ឋ​មន្ត្រី​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នកជំងឺ​ស្លាប់​​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​សប្តា​ហ៍​នេះ​ ដោយ​សារ​តែ​គ្រូពេទ្យ​ភូមិ​អត់​មាន​វិជ្ជាជីវៈ​ និង​អាជ្ញា​ប័ណ្ណពី​ក្រសួង ឬក៏​មន្ទីរ​សុខាភិបាល។

សំណួរ​សួរ​ថា នៅ​ពេល​ដែល​មាន​ចំណាត់ការ​​បង្ក្រា​ប​គ្រូ​ពេ​ទ្យ​​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​នេះ តើ​មន្ទីរ​សុខា​ភិបាល​ ឬ​ក៏​ស្រុក​ប្រតិ​បត្តិ​សុខាភិបាល​ដែល​ធ្វើ​ការ​គ្រប់​គ្រង​ផ្នែក​​សុខា​ភិបាល​ផ្ទាល់​ នៅ​​មូល​ដ្ឋាន ធានា​ច្បាស់ថា​ សេវា​សុខ​ភាព​ ២៤​ ម៉ោង​លើ​ ២៤ ម៉ោង​របស់​មណ្ឌល​សុខ​ភាព ឬ​ក៏មន្ទីរ​ពេទ្យ​បង្អែក​របស់​ខ្លួន​ហ្នឹង​ បាន​ផ្តល់​សេវា​គ្រប់​​គ្រាន់​ហើយ​ឬ​នៅ​? នៅ​ពេល​ពលរដ្ឋ​មាន​អ្នក​ជំងឺ​យប់​ព្រល​ប់ ទៅ​មណ្ឌល​សុខ​ភាព ឬក៏​មន្ទី​រពេទ្យ​បង្អែក​តើ​មាន​គ្រូពេទ្យ​ប្រចាំ​​​ការ​ដែរ​ឬទេ?


បញ្ហា​ឆ្មប​បុរាណ និង​គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ​តា​ម​ភូមិ​នេះមាន​តាំង​ពីយូរលុង​មក​ហើយ ហើយ​ពួក​គាត់​ ​បាន​ចូល​រួម​ចំណែក​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ និង​​ស្ត្រី​ឆ្លង​ទន្លេ​បាន​ច្រើន​ផង​ដែរ ខណៈ​ពេល​ដែល​សេវា​​សុខ​ភា​ព​មូល​ដ្ឋាន​​មិន​ទាន់​ទៅដល់​តំប​ន់​​ដាច់​ស្រយាល ខ្វះ​ខាត​គ្រូពេទ្យ​ជំនាញ ឬក៏​មណ្ឌល​សុខភាព​មិន​បើក​ដំណើរ​ការ​សេវា​ ២៤​ ម៉ោង​ទៅ​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​នោះ។


តែថ្មីៗ​នេះ បន្ទាប់​ពី​ប្រព័ន្ធ​សុខា​ភិបាល​ បាន​ប្រសើរ​ឡើង នៅ​តាម​ស្រុក​ប្រតិ​បត្តិ​មួយ​ចំនួ​ន​​ធំ​ បាន​បញ្ឈប់​ឆ្មប​បុរាណ​ ឲ្យ​សម្រាល​កូន​នៅ​តាម​ភូមិ​ទាំង​ស្រុង ហើយ​ឲ្យ​គាត់​មាន​តួនាទី​ ជាអ្នក​ជួយ​បញ្ជូន​ស្ត្រី​មាន​ផ្ទៃ​​ពោះម​ក​ទទួល​សេវា​នៅ​មណ្ឌ​ល​សុខ​ភាព​​វិញតែ​នៅ​ស្រុក​ប្រតិ​​​បត្តិ​មួយ​ចំនួន​តូច ​នៅមាន​ឆ្មប​បុរាណ​ដំណើរ​ការ​នៅ​ឡើយ​ដោ​យ​សារ​សេវា​របស់​មណ្ឌល​សុខ​ភា​ព​នៅ​តំបន់​ជន​បទ​ដាច់​ស្រយាល​ផង ​សេវា​ទៅ​មិន​ដល់ ម្យ៉ាង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ខ្វះ​មធ្យោ​បាយ​ធ្វើ​ដំណើរ​មក​មណ្ឌល​សុខ​ភាព រីឯ​ស្ត្រី​ខ្លះ​ គាត់​នៅ​មាន​ជំនឿ​ជា​មួយ​ឆ្មប​បុរាណ​នៅ​ឡើយ។


តែ​ផ្ទុយ​ពី​ឆ្មប​បុរាណ​គឺ​គ្រូពេ​ទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ ដែល​នៅ​សេស​សល់​ពី​សម័យ​ប៉ុល ពត​ផង និង​ខ្លះទៀត​ មក​ពី​ជំរំចេះ​បន្តិចបន្តួច​នេះនៅមាន​រាយប៉ា​​យ​គ្រ​ប់​​ខេត្ត និង​ស្រុក គ្រាន់​តែ​នៅ​ខេត្ត​ស្វាយ​រៀង ​បន្ទាប់​​ពី​មាន​ករណី​ចាក់​ថ្នាំ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់ មន្ទីរ​សុខា​ភិបាល​ខេត្ត​ស្វាយ​រៀង​បា​​ន​បញ្ជូន​បញ្ជី​ឈ្មោះ​គ្រូ​ពេទ្យ​អត់​មាន​អាជ្ញា​ប័ណ្ណ​ដើរ​ចាក់​ថ្នាំតាម​ភូមិ​មាន​ចំនួន​ជិត ​៤០​​០ នាក់​ឯណោះ​ទៅ​តុលា​ការ​​​។ រឿង​គ្រូពេ​ទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូ​មិ​​នេះ មិន​ថា​តែ​នៅ​ខេត្ត​ដាច់​​ស្រយាល​ទេ សូម្បី​តែ​រាជ​ធានី​ភ្នំពេញ​ហ្នឹង​ ក៏​នៅ​តែមាន​ពួក​គាត់​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះផង​ដែរ មាន​តែកាបូប​ និង​ម៉ូតូ ​១ ​ដើរ​ចាក់​​ថ្នាំ​បាន​ហើយ។


នេះក៏​មក​ពី​មាន​ការ​ឃុប​ឃិត​គ្នា រ​វាង​គ្រូពេទ្យ​ភូមិ​ អ្នក​ជំងឺ​ខ្ជិល​ទៅ​មណ្ឌល​សុខ​ភាព ឬ​ក៏​ទៅ​គ្លី​និក​ឯក​ជ​ន​នៅក្បែរៗ​ផ្ទះ​ទេ ឥឡូវ​នេះ​ក្លាយ​ទៅ​ជា​ការប្រកួត​ប្រជែង​គ្នាផង​ដែរ​ រវា​ង​គ្រូ​ពេទ្យ​ភូមិ និង​គ្រូពេទ្យ​ជំនា​ញ​ ធ្វើ​ការ​នៅ​ពេទ្យ​រដ្ឋ​ ហើយ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ដែរ។ បើ​ផ្អែក​តាម​របា​យ​ការណ៍ ​ស្តី​ពីការ​ធ្វើ​ហិរញ្ញវត្ថុ​ការ​ថែទាំ​សុខភាព ​នៅ​អា​ស៊ី និង​ប៉ាស៊ី​ហ្វិក​ កាល​ពីឆ្នាំ​ ២០១១ របស់​ធនា​គារ​ពិភព​លោកបាន​រក​ឃើញ​ថា ​គ្រូ​ពេ​ទ្យ​ជំនាញ​ដែល​ធ្វើ​ការ​ ២ ​កន្លែង ​នៅ​​ពេទ្យ​រដ្ឋ​ផង និង​ពេទ្យ​ឯក​ជ​ន​​ផ​ង​ ឬ​ក៏នៅ​ពេទ្យ​រដ្ឋ​ផង និង​បើក​គ្លីនិក​ខ្លួន​ឯង​ផង​ គឺ​ប្រាក់​ចំណូល​របស់​ពួក​គាត់​ ៩០​% ​បាន​មក​ពី​ពេទ្យ​ឯកជន។


នៅ​ពេល​ដែល​គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ និង​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការ​នៅ​ពេទ្យ​រដ្ឋ​ហើ​យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ដែរឬ​ក៏​បើក​​គ្លីនិក​ឯក​ជន​ខ្លួន​ឯង​ទៀត​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​នឹង​ប្រព័ន្ធ​សុខាភិបាល​ទាំង​ស្រុង​តែម្តង​។ មាន​ន័យថា​ អតិថិ​ជន និង​អ្នក​ជំងឺ​លែង​ចង់​មក​រក​សេវា​រដ្ឋ​​ហើយ​គឺ​ដោយ​សារ​មាន​អ្នក​ទៅ​ចាក់​ថ្នាំ​ដល់​ផ្ទះ​អ្ន​ក​ជំងឺ ម្យ៉ាង​គ្រូពេ​ទ្យ​​នាំគ្នា​លួច​ម៉ោង​រដ្ឋ​ទៅ​បម្រើ​សេវា​គ្លី​និក​ខ្លួន​ឯងនោះ​គឺ​ផ្ទុយ​ទៅ​នឹ​ង​​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជា​ជីវៈ​វិស័យ​សុខាភិបាល។

ករណី​នេះ​ គ្រូ​ពេទ្យ​រដ្ឋ​អាច​ទៅ​បម្រើ​គ្លីនិក​ឯក​ជន​បាន លុះ​ត្រាតែ​ចប់​ម៉ោ​ង​​ការងារ​រដ្ឋ ​រួច​ហើយទៅ​ធ្វើ​ការ​បន្ថែម​ម៉ោង​ខ្លះ​ឲ្យ​គ្លីនិ​ក​ឯក​ជន​ផ្សេង​បាន ព្រោះ​នេះ​គឺជា​ការ​​រក​​កម្រៃ​ក្រៅ​បន្ថែម​បាន​មិន​ប៉ះពា​ល់​ទៅ​នឹ​ង​ទំនាស់​ផល​ប្រយោជន៍​នោះ​ទេ​ នៅ​ពេល​ប្រាក់​ខែ​គ្រូ​ពេទ្យ​នៅ​មាន​តិច​តួច​នោះ ដូច​នៅ​ប្រទេ​ស​ថៃ​គឺ​គ្រូពេទ្យ​គេ​ឲ្យ​ធ្វើ​ដូ​ច្នេះ​បាន ហើយ​មាន​បន្ទប់​សម្រា​ប់​ស្នា​ក់នៅ​មន្ទីរ​ពេទ្យ​ឯកជន​បាន​ទៀត។

បើតាម​របាយ​ការណ៍​ស្តីពី​បទ​ពិសោធ​ដ៏ល្អ​បំផុ​ត ​របស់​ស្រុក​ប្រតិ​បត្តិ​អង្គរ​ជុំ ខេត្ត​សៀម​រាប​ពី​ឆ្នាំ​ ២០០៥ ​ដល់​ឆ្នាំ​ ២០០៩ (URC, 2010) គឺ​ស្រុ​ក​ប្រតិបត្តិ​អង្គរ​ជុំ​ បាន​ចាប់​ផ្តើម​អនុវត្ត​ទាំង​ប្រព័ន្ធ​សុខា​ភិបាល​ខាង​ក្នុង និង​ទាំង​ការ​បង្ក្រាប​សេវា​​ឯក​ជន​ខុស​ច្បាប់​ នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ផង។​ មាន​ន័យ​ថា ​ស្រុក​ប្រតិ​បត្តិ​អង្គរ​ជុំ​ បាន​រឹត​បន្តឹង​ទៅ​លើ​វិន័យ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ផ្អែក​ទៅ​នឹង​ច្បាប់​ស្តីពី​ការគ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជា​ជីវៈ​វិស័​យ​សុខា​ភិបាល ​គឺ​មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​រដ្ឋ លួច​ម៉ោង​រដ្ឋ​ទៅ​ធ្វើ​ការងារ​គ្លីនិក​ខ្លួន​ឯង​ផង​នោះ​ទេ​ គឺ​ត្រូវ​ឆ្លាស់​វេន​គ្នា​ប្រចាំ​ការ​ នៅ​មូល​ដ្ឋាន​សុខ​ភាព ទាំង​មណ្ឌល​សុខ​ភាព និង​ទាំង​មន្ទីរពេទ្យ​បង្អែក​ស្រុក ទាំង​អស់​គ្នា​បម្រើ​សេវា​ ២៤ ម៉ោង។

រីឯ​សេវា​ឯក​ជន​ខាង​ក្រៅ​ខុសច្បាប់​វិញ មាន​ទាំង​ឆ្មប​បុរាណ អ្នក​លក់​ឱស​ថ​ខុស​ច្បាប់ និង​គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ ទាំង​គ្មាន​វិជ្ជា​ជីវៈ និង​ទាំង​មាន​វិជ្ជា​ជីវៈ ឲ្យ​តែ​ចាក់​ថ្នាំ​លួច​លាក់​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​គឺ​ស្រុក​ប្រតិបត្តិ​ដាក់​ពាក្យ​បណ្តឹង​ជំនួស​អ្នក​ជំងឺ​ទៅ​តុលាការ​ខេត្ត​សៀមរាប។

យ៉ាង​ណា​មិញ ស្រុក​ប្រតិបត្តិ​បាន​សហការ​គ្នា​ល្អ ជា​មួយ​អាជ្ញាធរ​ស្រុក និង​ឃុំ ដើ​ម្បី​ប្រមូល​ឆ្មប​បុរាណ អ្នក​លក់​ថ្នាំ​អត់​អាជ្ញា​ប័ណ្ណ និង​អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ហ្នឹង​ឲ្យចុះ​កិច្ច​សន្យា​ជា​មួយ​អាជ្ញាធ​រ​ឃុំ និង​ស្រុក​ថា​ ឈប់​ប្រកប​របរ​ខុស​ច្បាប់​នេះ​ទៀត​ហើយ​ព្រោះធ្វើ​ឲ្យ​ប៉ះពាល់​​សុខ​ភាព និង​អ្នក​ជំងឺ​ស្លាប់។

ឧទាហរ​ណ៍ កុមារ​មាន​ជំងឺ​គ្រុន​ឈាម តែគ្រូ​ពេទ្យ​ភូមិ​ មិន​មាន​ម៉ាស៊ីន​ពិនិត្យ​ឈាម​គឺ​ចេះ​តែ​ផ្សំ​ថ្នាំ​ឲ្យ​លុះ​ដល់​កុមារ​ចេញ​ឈាម​តាម​ច្រមុះតាម​មាត់​ទើប​ឪពុក​ម្តាយ​ស្លន់​ស្លោ​មក​មន្ទីរ​ពេទ្យ ឬ​ក៏ពេទ្យ​គន្ធ​បុប្ផា​ជួយ​ទាន់​ក៏រ​ស់​​ទៅ បើ​មិន​ទាន់​ក៏​ស្លាប់​ទៅ។

ការ​ដែល​អនុវត្ត​ដូច​នេះ ធ្វើ​ឲ្យស្រុក​ប្រតិ​បត្តិ​អង្គរ​ជុំ ​មាន​អ្នក​ជំងឺ និង​អតិថិ​ជន​កើន​ឡើង​ជា​លំដាប់ និង​ប្រាក់​ចំណូល​ហិរញ្ញ​ប្បទាន​ ក៏កើន​ឡើង​ដែរ ហើយ​ការ​គ្រប់​គ្រង និង​ការ​បែ​ងចែក​ប្រាក់​ចំណូល​ទាំង​នេះ ​ក៏មាន​តម្លាភាព​ផងដែរ។

ហេតុ​ដូច្នេះ​ហើយ​ មន្ទីរ​សុខាភិបាល​ខេត្ត​ឬ​ក៏ស្រុក​ប្រតិ​បត្តិ​ណា​ ដែល​ដឹង​ខ្លួន​ថា​ ខេត្ត​ ឬ​ក៏ស្រុក​ប្រតិប​ត្តិរ​បស់​ខ្លួន​អនុវ​ត្ត​​ច្បាប់ និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួ​យ​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​មិន​ទាន់​​បាន​ល្អនៅ​ឡើយ​នោះ គួរ​​​​តែ​សិក្សា​រៀន​សូត្រ​ពី​ការអនុវត្ត​ដ៏​ល្អ​របស់​ស្រុក​ប្រតិបត្តិ​អ​ង្គរ​ជុំ ខេត្ត​សៀមរាប​នេះ៕​

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com