ថ្ងៃទី​ ១ ខែ​ធ្នូ ឆ្នាំ​ ២០២០៖ ​ទិវា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ​គឺជា​ពេលវេលា​ត្រូវ​ចងចាំ​នូវ​ជីវិត​ដែល​បាន​បាត់បង់​ការអបអរ​នូវ​វឌ្ឍនភាព​ដែល​សម្រេច​បាន​ និង​​ប្តេជ្ញា​ឡើង​វិញ​ ចំពោះ​ការលុបបំបាត់​ជំងឺ​អេដស៍។ ​នៅក្នុង​ឆ្នាំនេះ​គ្រា​ដែល​មេរោគ​ហ៊ីវ និង​ការរាតត្បាត​នៃជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​មក​ជាមួយ​គ្នា ​ប្រធានបទ​នៃ​ទិវា​ប្រយុទ្ធ​ជំងឺ​អេដស៍​ឆ្នាំ ២០២០ គឺ «សាមគ្គីភាព​ជា​សកល និង​ការទទួល​ខុសត្រូវ​រួម​គ្នា»។

ការរាតត្បាត​នៃ​មេរោគ​កូវីដ ១៩​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​បំផុត​ដល់​អ្នក​ក្រីក្រ និង​អ្នក​ងាយរង​គ្រោះ​បំផុត​ និង​បាន​បង្ក​បញ្ហា​លំបាក​កាន់តែ​ធំ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​។ ដូច្នេះ​រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ- ១៩ និង​ជំងឺ​អេដស៍​នេះ​ទាំង​រដ្ឋាភិបាល ម្ចាស់​ជំនួយ មេដឹកនាំ​សាសនា អ្នក​សិក្សា​ស្រាវជ្រាវ សង្គម​ស៊ីវិល អ្នក​ជំងឺ​អេដស៍ និង​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ភាពគ្រោះថ្នាក់​នេះត្រូវ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បញ្ឈប់​នូវ​បញ្ហា​ជា​ទ្វេ​គ្រោះនេះ។


សូ ធារី ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​វីរជន​ដែល​មិន​សូវ​មាន​គេស្គាល់​​ជាច្រើន​នៅ​កម្ពុជា។ គាត់​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​រាតត្បាត​ភ្លោះ​នេះ គឺ​ជំងឺ​អេដស៍ និង​កូវីដ១៩។ នាង​កំពុង​រស់នៅ​ជាមួយ​នឹង​មេរោគ​ហ៊ីវ ហើយ​​ធ្វើការ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ឱ្យ​សមាគម​អ្នក​ប្រើប្រាស់​ថ្នាំ​ពន្យារ​ជីវិត (AUA) ក្នុង​រាជធានី​ភ្នំពេញ។ ធារី និយាយ​ទាំង​ញញឹម​ថា៖ «កាលពី​អតីតកាល ខ្ញុំ​ជា​ស្ត្រី​មេផ្ទះ​សាមញ្ញ​ម្នាក់។ គេ​ហៅ​​ខ្ញុំ​ថា បងស្រី ប៉ុន្តែ​ក្រោយ​ធ្វើការ​នៅ​កន្លែង​ព្យាបាល​មួយ​កន្លែង គេ​ហៅខ្ញុំ​ថា​ អ្នក​គ្រូ​»។


នាង​បន្ត​ថា​៖ «ខ្ញុំ​មិន​ចង់​ឈប់​មក​ធ្វើការ​ទេ​ ទោះ​ជា​ខ្ញុំ​ខ្លាច​ថា ​ខ្ញុំ​អាច​ឆ្លង​កូវីដ១៩​ក៏ដោយ ព្រោះ​ខ្ញុំ​ចង់​ឱ្យ​ប្រាកដ​ថា​អ្នក​ផ្ទុក​មេរោគ​អេដស៍​អាច​ទទួល​បាន​ការព្យាបាល​ និង​ការប្រឹក្សា​យោបល់។ វា​មាន​សារៈសំខាន់​ណាស់​ដែល​​យើង​ត្រូវ​ទទួល​បាន​ថ្នាំ​រាល់​ថ្ងៃ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ និង​រស់នៅ​ជុំ​គ្រួសារ​យើង»។ 


មនុស្ស​ប្រមាណ ៧៣ ០០០ នាក់​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា។ តែយើង​មាន​ដំណឹង​ល្អ​។ អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​ ៨៤ ​% កំពុង​ទទួល​បាន​ការព្យាបាល​សង្គ្រោះ​ជីវិត ហើយ ៨១ ​% បង្ក្រាប​មេរោគ​នៅក្នុង​ខ្លួន​បាន​។ អត្រា​អ្នក​ទទួល​បាន​ការព្យាបាល​នៅ​កម្ពុជា​គឺខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ីប៉ាស៊ី​ហ្វិក។ នៅ​ឆ្នាំ ២០១៩ មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ចំនួន ៧៨០ គឺ​មាន​ការថយ​ចុះ​ចំនួន ៦២% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១០។


ប្រទេស​កម្ពុជា​បាន​បង្វែរ​ជំនន់​នៃ​អ្វី​ដែល​ពីមុន​មក​គឺជា​មេរោគ​អេដស៍​រាតត្បាត​ដ៏លឿន​បំផុត​នៅ​ក្នុង​តំបន់ ហើយ​បាន​ក្លាយ​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​គ្រប់គ្រង​បាន​លើ​ការរាតត្បាត​នៃ​មេរោគ​អេដស៍​នៅក្នុង​សកលលោក។


ជោគ​ជ័យ​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ការបង្ក្រាប​លើជំងឺ​អេដស៍​មាន​ឫសគល់​នៅក្នុង​គំនិត​ថ្មី ការចូលរួម​របស់​សហគមន៍ ដំណោះស្រាយ​ផ្តើម​ចេញពី​សហគមន៍ ភាព​ជា​ដៃគូ​រឹងមាំ​ជា​អន្តរជាតិ​ខាង​ផ្នែក​សុខភាព និង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជោគជ័យ​នេះ​ថែម​ទាំង​បាន​កសាង​គ្រឹះ​រឹងមាំ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ដទៃ​ទៀត​​បាន​។ យ៉ាងណា​ក្តី​ជោគជ័យ​នេះ​នៅ​មាន​ភាពផុយស្រួយ​នៅ​ឡើយ​។ ការ​លុប​បំបាត់​មេរោគ​អេដស៍​ទាមទារ​ការគោរព​ជា​បន្ត និង​ច្រើន​ថែម​ទៀត​លើ​សិទ្ធិ​មនុស្ស និង​សមភាព​យេនឌ័រ​ជាពិសេស​សម្រាប់​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​តស៊ូម​តិ និង​ផ្តល់​សេវា​បម្រើ​សម្រាប់​ពួកគេ។

ការរាតត្បាត​នៃ​មេរោគ​កូវីដ- ១៩ បាន​ធ្វើ​ឱ្យ​វិសមភាព​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​មាន​កាន់តែ​ច្រើន​ហើយ​បង្កើន​ភាពងាយរងគ្រោះ​ចំពោះ​ជំងឺ​អេដស៍​របស់​ក្រុម​ដែល​មិន​សូវ​ទទួល​បាន​នូវ​ការយកចិត្ត​ទុក​ដាក់​ទៅ​លើ។ មេរោគ​រាតត្បាត​ជា​សកល​នេះ បាន​ធ្វើឱ្យ​បញ្ហា​នៃ​ការមាក់ងាយ​ក្នុង​សហគមន៍​មាន​កាន់តែ​ច្រើន ហើយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នក​ផ្ទុក​មេរោគ​អេដស៍​។ ដូច​មេរោគ​អេដស៍​ដែរ មេរោគ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​អ្នក​ផ្តល់​សេវា​ផ្នែក​សុខភាព​មាន​កង្វល់ ហើយ​ធ្វើឱ្យ​អ្នក​ជំងឺ​គេចពី​មណ្ឌល​សុខភាព​ដោយ​គេ​ខ្លាច​ឆ្លង។

ការមាក់ងាយ​ធ្វើឱ្យ​គេ​បាត់បង់​ឱកាស​ការងារ មាន​ការពិបាក​ចិត្ត ហើយ​មិន​សូវ​បំពេញ​បាន​តាម​របប​ថ្នាំ​សង្កូវ​។ តែ​យើង​មាន​មធ្យោបាយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការមាក់ងាយ​ទាក់ទង​នឹង​មេរោគ​កូវីដ​១៩ និង​មេរោគ​អេដស៍។ វិធី​ម្យ៉ាង​គឺ​កសាង​សមត្ថភាព​របស់​អ្នក​ផ្តល់​សេវា​ក្នុង​ការការពារ និង​គ្រប់គ្រង​លើ​ការឆ្លង​រោគ។

ឧទាហរណ៍​ទី ២ គឺ​យុទ្ធនាការ​ជា​សកល​ក្នុង​ការអប់រំ​ថា ពេលណា​គេ​រក​មិន​ឃើញ​មេរោគ​អេដស៍​នោះ​វា​មិន​ឆ្លង​ទេ​។ អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​កំពុង​ព្យាបាល និង​ដែល​ឈាន​ដល់​កម្រិត​ដែល​គេ​រកមេ​រោគ​មិន​ឃើញ​នៅ​ក្នុង​ឈាម មិន​អាច​ធ្វើការ​ចម្លង​មេរោគ​នេះ​បាន​ទេ។ ការ​នេះ​កាត់បន្ថយ​ការមាក់ងាយ​ទាក់ទង​នឹង​ការភ័យ​ខ្លាច ហើយ​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក​មាន​មេរោគ​នេះ។ វាថែម​ទាំង​អាច​លើក​ទឹកចិត្ត​ដល់​អ្នក​ប្រឈម​ឱ្យ​ធ្វើ​តេស្ត និង​ព្យាបាល​បាន​ឆាប់​។

មាន​ហានិភ័យ​ច្រើន​ថែម​ទៀត​នៃ​ការឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ចំណោម​មនុស្ស​សំខាន់​ៗ ពិសេស​យុវជន​ដែល​រួមភេទ​ជាមួយ​បុរស និង​នារី​កែភេទ។ ដោយសារ​គេ​ប្រឈម​នឹង​ការមាក់ងាយ និង​ការរើសអើង​រួចទៅ​ហើយ​នោះ យុវជន​ទាំងនេះ​មិន​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​កាមរោគ​ដទៃទៀត​ទេ ដែល​ជា​ការធ្វើឱ្យ​គេ​មាន​ការប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​យ៉ាង​ខ្ពស់​។ លើស​ពីនេះ​ទៀត គេ​មិន​ស្វែងរក​ការព្យាបាល​ ឬ​ការប្រឹក្សា​យោបល់​ត្រឹមត្រូវ​ទេ។

ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​ធ្វើការ​អបអរ​ខួប​លើក​ទី ៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា ហើយ​អង្គការ​សហប្រជាជាតិ​ធ្វើការ​កត់សម្គាល់​ខួប​លើក​ទី​ ៧៥ នៃ​កំណើត​របស់​ខ្លួន ទីភ្នាក់ងារ​ផ្នែក​ជំងឺ​អេដស៍​របស់​សហប្រជាជាតិ​ UNAIDS និង​ផែនការ​បន្ទាន់​របស់​ប្រធានាធិបតី​អាមេរិក​សម្រាប់​ការបន្ធូរបន្ថយ​ផ្នែក​ជំងឺ​អេដស៍ PEPFAR ធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សហគមន៍​ក្នុង​មូលដ្ឋាន ដើម្បី​ដោះស្រាយ​ចំពោះ​តម្រូវការ​របស់​ក្រុម​អ្នក​ប្រឈម​ទាំង​នេះ​។

ឧទាហរណ៍​មួយ​នៃ​ការសហការ​គ្នា​នេះ​គឺ​សេវា​បែប​ថ្មី​តាម​សហគមន៍ ដូចជា​ការធ្វើ​តេស្ត​ខ្លួនឯង​រក​មេរោគ​អេដស៍ និង​ការប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ ដើម្បី​ការពារ​ការឆ្លង​ក្នុង​ចំណោម​អ្នក​ស្ថិត​នៅ​ក្នុង​ក្រុម​មាន​ការប្រឈម​ខ្ពស់ (ការការពារ​មុន​មាន​ការប្រឈម​ ឬ​ PrEP) ។ នៅ​ក្នុង​សកល​លោក​នៅ​តាម​តំបន់​ដែល​គេ​អនុវត្ត​ PrEP បាន​ទូលំ​ទូលាយ​សម្រាប់​អ្នកប្រឈម អត្រា​ឆ្លង​មាន​ការធ្លាក់​ចុះ​យ៉ាង​លឿន។​ ទីតាំង​សាធារណៈ និង​ទីតាំង​ឯកជន​ចំនួន ៧ នៅ​កម្ពុជា នាបច្ចុប្បន្ន​នេះ​ផ្តល់​សេវា PrEP ហើយ​ទីតាំង​ចំនួន​ ១១ ថែម​ទៀត​នឹង​ដំណើរការ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ការលុប​បំបាត់​ការមាក់ងាយ និង​ការរើសអើង​ដោយ​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​អ្នក​ជំងឺ​ក្នុង​ការឆ្លើយតប ហើយ​ធ្វើការ​ខិតខំ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការគោរព​ចំពោះ​សិទ្ធិ​មនុស្ស និង​ចំណាត់​វិធី​ដែល​យក​ចិត្ត​ទុកដាក់​លើ​យេនឌ័រ គឺជា​គន្លឹះ​សម្រាប់​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​មេរោគ​រាតត្បាត​នៃ​ជំងឺ​អេដស៍ និង​កូវីដ​១៩ ដែល​កំពុង​មាន​ជាមួយ​គ្នា​។ បញ្ហា​ប្រឈម​នៅ​ឆ្នាំ​ ២០២០ គួរ​តែ​ជា​ការរំឭក​មួយ​នៃ​ឱកាស​សម្រាប់​ភាពដឹកនាំ​ដ៏ច្បាស់លាស់​មួយ និង​ក្នុង​ការធ្វើអ្វី​តាម​គន្លង​ថ្មី ប្រសើរ​ហើយ​ប្រកប​ដោយ​ការសហការ​គ្នា​ច្រើន​​ជាង​មុន​។ ជោគជ័យ​របស់​យើង​ពឹងអាស្រ័យ​លើការ​ចូលរួម​ជាមួយ​គ្នា មិនមែន​ការដើរចេញ​ពី​សាមគ្គីភាព មិនមែន​ចំណាត់​វិធី​ធ្វើ​ទៅ​តែឯង​នោះ​ទេ​៕

ដោយ​លោកស្រី Vladanka Andreeva គឺជា​នាយិកា​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍ (UNAIDS) ប្រចាំ​នៅ​កម្ពុជា ហើយ​ លោក W. Patrick Murphy គឺជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​