ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះកម្ពុជាបានអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងកំណើនសេដ្ឋកិច្ច ៧,៧ ភាគរយក្នុង ១ ឆ្នាំកម្ពុជាក៏បានធ្វើការយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល និង ការកាត់បន្ថយភាពក្រីក្រ។ បន្ថែមពីនេះទៀតអត្រាអ្នកគ្មានការងារធ្វើថយចុះមកត្រឹម ១,១ ភាគរយដោយមានការចូលរួមពីវិស័យកសិកម្ម ទេសចរណ៍ និងវិស័យកាត់ដេរដែលនេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិ។ ក្នុងនោះដែរវិស័យកាត់ដេរគឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការនាំចេញសម្លៀកបំពាក់ក្នុងតម្លៃ ៨,០២ ពាន់លានដុល្លារនៅឆ្នាំ ២០១៧។
ក្នុងចំណោមកម្មកររោងចក្រចំនួន ៦៣៥ ០០០ នាក់មាន ៩០ ភាគរយជាស្ត្រី។ តាមរយៈអង្គការឃែរ (CARE International) ការងារនៅក្នុងវិស័យកាត់ដេរបានផ្តល់នូវឱកាសសម្រាប់ស្ត្រីក្នុងការពង្រឹងអំណាចរបស់ខ្លួនលើផ្នែកសេដ្ឋកិច្ច។
ទោះបីកម្ពុជាមានការរីកចម្រើនខ្លាំងលើវិស័យសេដ្ឋកិច្ចក្ដី ប៉ុន្តែបទដ្ឋានយេនឌ័រ (Gender Norm) នៅតែបន្តចោទជាបញ្ហាដែលធ្វើឱ្យមានវិសមភាពរវាងបុរស និងស្ត្រីមិនថានៅកន្លែងធ្វើការ ឬនៅក្នុងសង្គមឡើយ។ ជាពិសេសនៅក្នុងសង្គមដែលឱ្យតម្លៃខ្ពស់ដល់មនុស្សប្រុស ការរំពឹងទុករបស់សង្គមទៅលើតួនាទី រវាងមនុស្សស្រី និងមនុស្សប្រុសនៅតែបន្តកើតមានឡើង។
ប្រទេស កម្ពុជា ក៏ដូចប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោក ការលាយឡំនៃឧស្សាហូបនីយកម្ម និងការវិវត្តនៅក្នុងគ្រួសារបានធ្វើឲ្យមានការផ្លាស់ប្តូរបទដ្ឋានយេនឌ័រ (Gender Norm) ដែលចាក់គ្រឹះនៅក្នុងសង្គមខ្មែរ។
យោងតាមការសិក្សារបស់ Mona Lilja បានបង្ហាញថាទំនៀមទម្លាប់ខ្មែរបុរាណលើបទដ្ឋានយេនឌ័រ (Gender Norm)នៅតែដើរតួយ៉ាងសំខាន់ក្នុងការកំណត់អាកប្បកិរិយារបស់ស្ត្រី និងបុរសដូចដែលបានចែងនៅក្នុងច្បាប់ស្រី។ បើទោះបីជានៅក្នុងឆ្នាំ ២០០៧ ក្រសួងកិច្ចការនារីបានលុបបំបាត់ច្បាប់ស្រីចេញពីប្រព័ន្ធអប់រំ ក៏ប៉ុន្តែកំណែខ្លីៗមួយចំនួននៃច្បាប់នេះនៅតែត្រូវបានបង្រៀននៅថ្នាក់ទី ៧ ដល់ទី ៩។
ដូចដែលបានពិពណ៌នាដោយអ្នកស្រាវជ្រាវឈ្មោះ Katherine Brickel និង Sylvia Chant បទដ្ឋានសង្គមលើសមភាពយេនឌ័របានធ្វើឲ្យប្រជាជនខ្មែរមួយចំនួនយល់ឃើញថាការងារផ្ទះគឺជាការងាររបស់មនុស្សស្រី។
បន្ថែមពីនេះទៀតដូចដែលត្រូវបានទទួលស្គាល់ដោយវិទ្យាស្ថានសភានៃប្រទេសកម្ពុជាបទដ្ឋានសង្គមទាំងនោះបានទម្លាក់ការទទួលខុសត្រូវក្នុងការមើលថែក្រុមគ្រួសារ និងបំពេញភារកិច្ចក្នុងផ្ទះដូចជា ការដើរទិញអីវ៉ាន់ ចម្អិនអាហារ និងសម្អាតទៅលើស្ត្រី។ បើយោងតាមការស្រាវជ្រាវមួយរបស់អង្គការឃែរនៅឆ្នាំ ២០១៧ បទដ្ឋានសង្គមលើយេនឌ័រទាំងនេះបានធ្វើឱ្យស្ត្រីរងការគាបសង្កត់លើការទទួលបានប្រាក់ឈ្នួលមិនស្មើគ្នា និងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ជាក់ស្ដែងនៅក្នុងវិស័យកាត់ដេរ។
ប្រសិនបើយើងប្រៀបធៀបបុរសហាក់ដូចជា ទទួលបានសេរីភាពច្រើនជាងស្ត្រី។ ក៏ប៉ុន្តែបទដ្ឋានយេនឌ័រក៏បានផ្តល់ផលប៉ះពាល់អវិជ្ជមានទៅលើមនុស្សប្រុសដែរ។ ការសង្កេតនេះត្រូវបានគាំទ្រដោយការស្រាវជ្រាវពីអង្គការយេនឌ័រនិងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជាដែលបានបង្ហាញថាបុរសក៏ទទួលរងគ្រោះពីការរំពឹងទុករបស់សង្គមផងដែរ។ បុរសត្រូវបានគេរំពឹងថា មានការអប់រំ និងមានប្រាក់ចំណូលខ្ពស់ហើយមានតួនាទីជាអ្នកដឹកនាំក្រុមគ្រួសារ។
ប្រសិនបើក្នុងគ្រួសារគ្មានការរីកចម្រើន កំហុសទាំងអស់នឹងធ្លាក់មកលើមនុស្សប្រុសវិញ។
មិត្តរួមការងារប្រុសរបស់ខ្ញុំបាននិយាយថា “បុរសមានតួនាទីជាឆ្អឹងខ្នងរបស់គ្រួសារ។ យើងត្រូវតែមានការអប់រំខ្ពស់ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងផ្តល់ប្រឹក្សាដល់កូនៗរបស់យើង”។
ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ច្បាស់ថា មនុស្សគ្រប់គ្នាមិនថា ស្រី ឬប្រុស ពួកគេមានសិទ្ធិស្មើគ្នាក្នុងការជ្រើសរើស។ មនុស្សគ្រប់រូបមានសិទ្ធិក្នុងការធ្វើការងារ។ មនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើសកន្លែងដែលពួកគេចង់ធ្វើការ។ នេះរាប់បញ្ចូលទាំងស្ត្រីខ្មែរដែលមានសិទ្ធិធ្វើការនៅកន្លែងដែលពួកគេចង់បាន ទាំងនៅក្នុងផ្ទះ ឬខាងក្រៅ។ ម្យ៉ាងទៀតស្ត្រី និងបុរសគួរតែមានការទទួលខុសត្រូវដូចគ្នាចំពោះគ្រួសារ។
ខណៈពេលដែលប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍ និងទាន់សម័យបទដ្ឋានយេនឌ័រសម័យបុរាណមិនគួរត្រូវបានបន្តអនុវត្តទៀតទេ។ បន្ថែមពីនេះជាមួយនឹងលំហូរព័ត៌មាន និងការផ្លាស់ប្តូរវប្បធម៌ដោយសេរីនាពេលបច្ចុប្បន្ននេះ ប្រជាជនចាប់ផ្តើមយល់ឃើញពីខ្លួនឯងខុសៗគ្នា និងចាប់ផ្តើមចោទជាសំណួរពីតួនាទីរបស់ពួកគេនៅក្នុងសង្គម។
ការដែលចង់ផ្លាស់ប្តូរផ្នត់គំនិតចាស់ៗលើបទដ្ឋានយេនឌ័រ មិនមែនជាការងាយស្រួលទេ ប៉ុន្តែវាជាការប្រសើរសម្រាប់ប្រជាជនកម្ពុជាក្នុងការយល់ដឹងអំពីបទដ្ឋានយេនឌ័ររបស់វប្បធម៌យើងទៅលើស្ត្រី និងបុរស។ បទដ្ឋានយេនឌ័រខ្លះដែលយើងមិនអាចមើលឃើញគឺនៅតែបង្កប់នៅក្នុងសង្គម។ ប៉ុន្តែយើងមិនគួរបណ្ដោយឱ្យរបស់ទាំងនេះគ្រប់គ្រងជីវិតរបស់យើងនោះទេ៕
កញ្ញា ជិន លាបភា ជាអ្នកស្រាវជ្រាវវ័យក្មេងម្នាក់របស់អង្គការវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយមួយមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នកញ្ញាកំពុងសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងព្រះពុទ្ធសាសនា និងតួនាទីស្ត្រីក្នុងសង្គមកម្ពុជា។