
លោក លី តៃសេង សាស្ត្រាចារ្យច្បាប់ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមេធាវី និងមន្ទីរសារការី អេច ប៊ី អេស។ រូប ក្រុមហ៊ុនមេធាវី និងមន្ទីរសារការី អេច ប៊ី អេស
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ វិជ្ជាជីវៈមេធាវីមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ បញ្ហាប្រឈមក្នុងស្រុកក៏ដូចជាទូទាំងពិភពលោកបានផ្លាស់ប្តូរការប្រកបវិជ្ជាជីវៈមេធាវី និងបេសកកម្មរបស់មេធាវីដែលផ្តោតលើការបម្រើវិស័យយុត្តិធម៌ និងផលប្រយោជន៍សាធារណៈទៅជាការធ្វើអាជីវកម្មដើម្បីបានប្រាក់ចំណេញ។
យោងទៅតាមទ្រឹស្តីរបស់លោក ដាវីន (Darwin) ការវិវឌ្ឍ និងការជ្រើសរើស គឺជាមធ្យោបាយតាមធម្មជាតិ ដើម្បីធានាឱ្យបាននូវការរស់រានមានជីវិតនៃពូជសត្វមួយចំនួន។ មានតែពូជសត្វដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបរិស្ថានទេដែលអាចរស់បានបើមិនដូច្នោះទេពូជសត្វនោះនឹងត្រូវបានជំនួសដោយពូជសត្វថ្មីដែលអាចសម្រប និងវិវឌ្ឍខ្លួនបាន។
ចំណែកឯវិជ្ជាជីវៈមេធាវីវិញនៅក្នុងឆ្នាំ ១៩៩៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងជាស្ថាប័នស្វ័យគ្រប់គ្រងមួយដើម្បីគ្រប់គ្រងវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌។ មានតែមេធាវីដែលជាសមាជិកគណៈមេធាវីតែប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈមេធាវី។
ជាទូទៅគេរំពឹងថា មេធាវីនឹងបំពេញមុខងារបម្រើផលប្រយោជន៍សាធារណៈ ច្រើនជាងការយកចិត្តទុកដាក់ទៅលើផលប្រយោជន៍ផ្ទាល់ខ្លួន។ មេធាវីត្រូវបានបណ្តុះបណ្តាលជាចម្បងសម្រាប់ការការពារក្តីនៅក្នុងតុលាការ ផ្តោតលើច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌ នីតិវិធីរដ្ឋប្បវេណី និងនីតិវិធីព្រហ្មទណ្ឌ។ មេធាវីមានកាតព្វកិច្ចគិតពីផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍កូនក្ដីរបស់ខ្លួនឱ្យធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងនាមជាអ្នកច្បាប់នៃតុលាការមេធាវីដើរតួនាទីសំខាន់មិនអាចខ្វះបានក្នុងការចូលរួមសហការគ្រប់គ្រងដំណើរការយុត្តិធម៌ជាមួយមន្ត្រីតុលាការ។ មេធាវីមានតួនាទីការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋអប់រំពួកគេអំពីសិទ្ធិ និងកាតព្វកិច្ចក្នុងការគោរពច្បាប់ និងលើកស្ទួយនីតិរដ្ឋដើម្បីការពារយុត្តិធម៌នៅក្នុងសង្គមប្រជាធិបតេយ្យ។
ក្នុងគោលដៅទាំងនេះច្បាប់ស្តីពីលក្ខន្តិកៈមេធាវីបានកំណត់រៀបចំវិជ្ជាជីវៈមេធាវីដោយចែងដាក់កម្រិតឱ្យមានវិសមិតភាពជាមួយមុខងារជាមន្ត្រីរាជការសាធារណៈការប្រកបរបរពាណិជ្ជកម្ម និងការទទួលអាណត្តិជាអ្នកតំណាងរាស្ត្រ។ បើនិយាយក្នុងន័យទូលាយ មេធាវីគួរមានវិសមិតភាពជាមួយមុខងារក្នុងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែជាតំណាងរាស្ត្រក្នុងរដ្ឋសភាទេ តែនៅតាមស្ថាប័នរដ្ឋនានាដែលមានការបោះឆ្នោតជ្រើសរើសដោយផ្ទាល់ និងដោយប្រយោលពីប្រជាពលរដ្ឋផងដែរ។
ការដាក់លក្ខខណ្ឌតម្រូវទាំងនេះ គឺក្នុងគោលបំណងសំខាន់ធានាឱ្យបានប្រសិទ្ធភាពនូវឯករាជភាពនៃវិជ្ជាជីវៈចៀសវាងទំនាស់ផលប្រយោជន៍ ការការពារការសម្ងាត់វិជ្ជាជីវៈ និងផលប្រយោជន៍សាធារណៈ។ ទោះបីជាយ៉ាងណា ខ្ញុំកត់សម្គាល់ថាក្នុងរយៈពេលជាង ២ ទសវត្សរ៍មកនេះឧត្តមគតិនៃ “ការបម្រើវិស័យយុត្តិធម៌” ត្រូវបានក្លាយជាអាទិភាពទី ២ ទៅហើយ។
នាពេលសព្វថ្ងៃនេះ អ្នកប្រកបវិជ្ជាជីវៈមេធាវីបែរជាយកចិត្តទុកដាក់ខ្លាំងទៅលើប្រាក់ចំណូល ឬកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកនយោបាយទៅវិញ។ វិវាទរវាងគុណតម្លៃវិជ្ជាជីវៈ និងគោលដៅនយោបាយ និងពាណិជ្ជកម្មត្រូវបានលេចចេញជារូបរាងកាន់តែច្បាស់ក្នុងសង្គម។
មេធាវីមួយចំនួនធំដែលជ្រកក្រោមលេសនៃការស្ម័គ្រចិត្ត ឬការផ្តល់សេវាកម្មច្បាប់ដោយឥតគិតកម្រៃបានភ្ជាប់ទំនាក់ទំនងខ្លួនគេយ៉ាងជិតស្និទ្ធជាមួយអ្នកដឹកនាំនយោបាយ និងស្ថាប័នរដ្ឋផ្សេងៗ។ វាពិតជាពិបាកយល់ថាហេតុផលអ្វីបានជាមេធាវីចាំបាច់ចុះកិច្ចសន្យា ឬអនុស្សរណៈជាមួយក្រសួង ឬស្ថាប័នរដ្ឋនៃអំណាចនីតិប្រតិបត្តិដើម្បីស្ម័គ្រចិត្តផ្តល់ការការពារជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ? តើមេធាវីគួរការពារភាគីរដ្ឋ ឬប្រជាពលរដ្ឋនៅពេលពួកគេមានទំនាស់នឹងគ្នា?
បើគិតឱ្យវិជ្ជមានបន្តិចការបង្កើតទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ និងស្ថាប័ននយោបាយ ពិតជាបានបង្កើនឱកាសការងារសម្រាប់មេធាវី និងលើកកម្ពស់ការទទួលស្គាល់ឋានៈនយោបាយរបស់ពួកគេនៅក្នុងជួររដ្ឋាភិបាល។ ប៉ុន្តែទំនាក់ទំនងបែបនេះ ក៏បានបង្កើតនូវរូបភាពដ៏ច្របូកច្របល់ និងអាចកាត់បន្ថយតម្លៃស្នូលរបស់មេធាវីដែលមេធាវីត្រូវមានឯករាជភាព សេរីភាពនៃការជ្រើសរើស សុចរិតភាព និងភាពស្មោះត្រង់ក្នុងការបម្រើវិស័យយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋផងដែរ។
លើសពីនេះទៀតទំនាក់ទំនងនេះហាក់មិនបានចូលរួមចំណែកក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើសេវាសាធារណៈ និងសេវាយុត្តិធម៌ដែលផ្តល់ដោយរាជរដ្ឋាភិបាលនោះទេ។ ខ្ញុំកត់សម្គាល់ថា បញ្ហានៃការខ្វះទំនុកចិត្តលើសេវាយុត្តិធម៌ ត្រូវបានគេទទួលស្គាល់ថាជាបញ្ហាប្រឈមមួយនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។ ដូច្នេះការព្យាយាមណាមួយក្នុងការគ្រប់គ្រងលើវិជ្ជាជីវៈមេធាវីដោយស្ថាប័នរដ្ឋ អាចមិនស្របទៅនឹងគោលបំណង និងសកម្មភាពជាអាទិភាពក្នុងយុទ្ធសាស្ត្រចតុកោណឡើយ។ មានតែក្នុងសង្គមមិនប្រជាធិបតេយ្យទេដែលរដ្ឋាភិបាលពួកគេព្យាយាមធ្វើដូច្នេះ។
មេធាវីគួរតែបម្រើវិស័យយុត្តិធម៌ ដោយដើរតួនាទីជាអ្នកសម្រុះសម្រួលរវាងរដ្ឋ និងប្រជាពលរដ្ឋនៅពេលដែលពួកគេមានវិវាទនឹងគ្នា ដែលភាគច្រើនវិវាទអាចកើតឡើងនៅពេលដែលសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានរំលោភបំពានដោយអាជ្ញាធររដ្ឋ។ មេធាវីក៏អាចផ្តល់យោបល់ជូនប្រជាពលរដ្ឋ និងអាជ្ញាធររដ្ឋអំពីកាតព្វកិច្ចផ្លូវច្បាប់របស់ពួកគេដើម្បីឱ្យពួកគេគោរព និងអនុវត្តច្បាប់បានត្រឹមត្រូវផងដែរ។ មេធាវីអាចធ្វើការជ្រើសរើសក្នុងការតំណាងរដ្ឋ ឬតំណាងប្រជាពលរដ្ឋដោយផ្តល់យោបល់ឱ្យពួកគេដោយឯករាជ្យ និងឥតលម្អៀង។ ជាក់ស្តែង មេធាវីបាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម និងសម្ពាធជាច្រើនទាំងពីខាងក្នុង និងខាងក្រៅវិជ្ជាជីវៈរបស់ពួកគេ។
ពីទិដ្ឋភាពខាងក្នុងវិជ្ជាជីវៈការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនមេធាវីបានធ្វើឱ្យមានការជំនន់មេធាវីក្នុងទីផ្សារផ្នែកច្បាប់។ ក្នុងរយៈពេលតែ ៤ ឆ្នាំចុងក្រោយប៉ុណ្ណោះ ចំនួនមេធាវីបានកើនឡើងទ្វេដង ទាំងតាមរយៈការប្រឡងជ្រើសរើសប្រចាំឆ្នាំ និងតាមរយៈការទទួលឱ្យចូលប្រកបវិជ្ជាជីវៈមេធាវីពីគណៈមេធាវីដោយផ្ទាល់។ ការកើនឡើងគំហុកនៃចំនួនមេធាវីនេះអាចជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពរបស់គណៈមេធាវីដើម្បីធានាឱ្យបាននូវសមត្ថភាពក៏ដូចជាគុណវុឌ្ឍិរបស់មេធាវី។ វាក៏អាចមានន័យថា ជាការកាត់បន្ថយប្រាក់ចំណូលរបស់មេធាវីដោយសារតែមានការប្រកួតប្រជែងខ្លាំងក្នុងចំណោមមេធាវីដូចគ្នាលើទីផ្សារផងដែរ។
ស្ថានភាពនេះបានដាក់សម្ពាធដល់មេធាវីឱ្យទម្លាក់តម្លៃនៃកម្រៃសេវាកម្មច្បាប់កាត់បន្ថយគុណភាពនៃសេវាកម្មច្បាប់ និងស្ដង់ដាវិជ្ជាជីវៈដែលពួកគេផ្ដល់ជូនកូនក្ដីហើយក្នុងករណីខ្លះក៏ធ្វើឱ្យប៉ះពាល់ដល់សុចរិតភាពរបស់ពួកគេផងដែរ។ បុគ្គលដែលមានបំណងចង់ក្លាយជាមេធាវីដើម្បីក្លាយជាអ្នកមានប្រាក់ច្រើននឹងពិបាកសម្រេចបំណងរបស់ខ្លួនបានណាស់ ដោយសារតែពួកគេមានចំណាយក្នុងការប្រកបវិជ្ជាជីវៈច្រើនជាងចំណូលដែលពួកគេអាចរកបាន។
ក្រៅពីបញ្ហាប្រឈមផ្នែកសង្គមចំពោះការរស់នៅរបស់មេធាវីពួកគេក៏ជួបប្រទះនូវភាពប្រទាំងប្រទើសនៅក្នុងវិជ្ជាជីវៈរបស់ពួកគេផងដែរ។ មេធាវីហាក់ត្រូវបានបង្ខំដោយចេតនាក្តី ឬដោយអចេតនាក្តីឱ្យជ្រើសរើសយកប្រកបវិជ្ជាជីវៈតាមបែបអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណូលជាជាងការផ្តល់អាទិភាពលើការរក្សាឯករាជភាព និងការការពារយុត្តិធម៌សង្គម។
ជាទ្រឹស្តីមេធាវីដែលទើបនឹងទទួលឱ្យប្រកបវិជ្ជាជីវៈត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ដើម្បីបម្រើវិស័យយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ប៉ុន្តែជាអកុសលខ្ញុំគិតថា មេធាវីដែលទើបនឹងទទួលឱ្យប្រកបវិជ្ជាជីវៈមួយចំនួនដូចជាកំពុងខិតខំស្វែងរកប្រាក់ចំណូលរបស់ខ្លួនជាជាងការបម្រើផលប្រយោជន៍សាធារណៈ។ បញ្ហានេះក៏ព្រោះតែពួកគេបានចំណាយថវិកាយ៉ាងច្រើនសម្រាប់ការទទួលឱ្យចូលប្រកបវិជ្ជាជីវៈការបណ្ដុះបណ្ដាលផ្នែកច្បាប់ និងការរៀបចំការប្រកបវិជ្ជាជីវៈច្បាប់របស់ពួកគេ។
គេអាចសួរថា ហេតុអ្វីបានជាមេធាវីដែលបានចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការទទួលឱ្យចូលប្រកបវិជ្ជាជីវៈត្រូវផ្តល់អាទិភាពដល់ផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាកម្មច្បាប់ដោយឥតគិតកម្រៃ ជាជាងការស្វែងរកប្រាក់ចំណូលផ្ទាល់ខ្លួន? មេធាវីមួយចំនួនប្រហែលជាបានខ្ចីប្រាក់ពីឪពុកម្តាយសាច់ញាតិ ឬមិត្តភក្តិដើម្បីបង់កម្រៃសិក្សា ហើយបំណុលទាំងនេះចាំបាច់ត្រូវសងជាបណ្តើរៗតាមពេលវេលាកំណត់។
មេធាវីក៏ជួបប្រទះជាមួយនឹងបញ្ហាប្រឈម និងសម្ពាធពីទិដ្ឋភាពខាងក្រៅវិជ្ជាជីវៈផងដែរ។ សព្វថ្ងៃនេះ មេធាវីមិនត្រឹមតែប្រកួតប្រជែងជាមួយនឹងលំហូរចូលនៃមេធាវីបរទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រកួតប្រជែងជាមួយនឹងស្ថាប័នរដ្ឋរបស់ពួកគេទៀតផង។ រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះមានស្ថាប័នសាធារណៈកាន់តែច្រើនឡើងៗ ដែលចាប់ផ្ដើមផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ដោយគិតកម្រៃសេវាកម្ម។ ឧទាហរណ៍ធនាគារជាតិនៃកម្ពុជាគិតកម្រៃសេវាពិគ្រោះយោបល់លើច្បាប់ និងបទប្បញ្ញត្តិស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតកម្រៃសេវាពិគ្រោះយោបល់លើច្បាប់ និងបទប្បញ្ញត្តិស្ដីពីបរធនបាលកិច្ចហិរញ្ញវត្ថុ និងច្បាប់និងបទប្បញ្ញត្តិផ្សេងៗទៀតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋបាលសារពើពន្ធមានភ្នាក់ងារសេវាកម្មពន្ធដារស្របពេលដែលក្រសួងពាណិជ្ជកម្មមានភ្នាក់ងារតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្មភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកជាដើម។ល។
បើទោះបីច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីអនុញ្ញាតឱ្យតែសមាជិកនៃគណៈមេធាវីផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ដោយគិតកម្រៃសេវាក៏ដោយក៏មានស្ថាប័នរដ្ឋផ្សេងទៀតបានបង្កើតបទប្បញ្ញត្តិផ្ទាល់ខ្លួនដែលអនុញ្ញាតឱ្យពួកគេអាចគិតកម្រៃសេវាពិគ្រោះយោបល់ផ្នែកច្បាប់ ឬអនុញ្ញាតឱ្យភ្នាក់ងាររបស់ពួកគេដែលមិនមែនជាមេធាវីផ្តល់សេវាកម្មផ្នែកច្បាប់ដោយគិតកម្រៃសេវាកម្មផងដែរ។
បន្ថែមពីលើនេះចលនាសកលភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្មបានដាក់សម្ពាធលើប្រទេសកម្ពុជា ឱ្យធ្វើសេរីភាវូបនីយកម្មសេវាកម្មផ្នែកច្បាប់របស់ខ្លួន។ ប្រទេសកម្ពុជា បានចូលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ១៩៩៩ និងបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០៤។ សមាជិកភាពទាំងនេះបានបង្ខំឱ្យប្រទេសកម្ពុជាបើកចំហទីផ្សារផ្នែកច្បាប់របស់ខ្លួនដល់មេធាវីបរទេស។
មេធាវីបរទេស (ខ្លះមិនមែនជាមេធាវីទៀតផង) បានលបលួចប្រកបវិជ្ជាជីវៈក្រោមរូបភាពប្រើប្រាស់មេធាវីកម្ពុជា ១ ឬ ២ នាក់ ដើម្បីធ្វើជាខែលបាំងការប្រកបវិជ្ជាជីវៈរបស់ពួកគេ ពួកគេខ្លះចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលខ្លីដើម្បីបម្រើការងារឱ្យកូនក្តីរបស់ពួកគេ។
ក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ឬក្រុមហ៊ុនពិគ្រោះយោបល់ធុរកិច្ចមួយចំនួនក៏បានពង្រីកសេវាកម្មរបស់ខ្លួនដើម្បីផ្តល់ការប្រឹក្សាផ្នែកច្បាប់ដោយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈមេធាវីផងដែរ។ ទង្វើដែលមិនមានច្បាប់ទម្លាប់បែបនេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់មេធាវីកម្ពុជា។ ដោយពិចារណាលើបញ្ហាប្រឈមទាំងឡាយខាងលើនេះខ្ញុំជឿជាក់ថា មេធាវីកម្ពុជាចាំបាច់ត្រូវគិតគូរឡើងវិញអំពីការប្រកបវិជ្ជាជីវៈមេធាវីរបស់ពួកគេដើម្បីអាចឈរជើងលើទីផ្សារដ៏ប្រកួតប្រជែងនេះបាន។ ក្រសួងយុត្តិធម៌ និងគណៈមេធាវីក៏គួរតែយកចិត្តទុកដាក់ពិនិត្យដោះស្រាយបញ្ហានេះជាអាទិភាព។
បន្ថែមពីលើចំណេះដឹងច្បាប់ដែលត្រូវមានមេធាវីចាំបាច់ត្រូវមានយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវមានផ្នត់គំនិតសហគ្រិន និងមានជំនាញគ្រប់គ្រងវិជ្ជាជីវៈ ដើម្បីប្រកបវីជ្ជាជីវៈរបស់ពួកគេឱ្យបានជោគជ័យនាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះពួកគេចាំបាច់ត្រូវផ្លាស់ប្តូរការប្រកបវិជ្ជាជីវៈតាមបែបប្រពៃណីក្នុងនាមជាឯកបុគ្គលភាព ឬភាពជាដៃគូដែលមានភាពធូររលុងមកជាការប្រកបវិជ្ជាជីវៈដែលមានលក្ខណៈពាណិជ្ជកម្ម និងអាចផ្លាស់ប្ដូរតាមបរិបទ។
មេធាវីកម្ពុជាចាំបាច់ត្រូវសាមគ្គីគ្នា សហការរួមបញ្ចូលគ្នាទាំងជំនាញ និងធនធានហិរញ្ញវត្ថុរបស់ពួកគេដើម្បីធ្វើទំនើបភាវូបនីយកម្មនៃការប្រកបវិជ្ជាជីវៈដែលអាចផ្តល់ជាជម្រើសសម្រាប់សហគមន៍ពាណិជ្ជកម្មទើបពួកគេមិនចាំបាច់ពឹងផ្អែកតែលើមេធាវីមកពីស្រុករបស់គេ។
មានហេតុផលជំរុញជាច្រើនសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយធានានូវឯករាជភាព និងសិទ្ធិអំណាចនៃគណៈមេធាវី។
រាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្តិធម៌ត្រូវផ្ដល់ជំនួយដ៏សមស្រប និងទាន់ពេលវេលាដល់គណៈមេធាវីក្នុងការធ្វើបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួនដើម្បីគាំទ្រដល់ការប្រកបវិជ្ជាជីវៈសម័យទំនើប ផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមសម្រាប់ប្រតិបត្តិការរបស់គណៈមេធាវីក៏ដូចគ្នាសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញដល់មេធាវី។
រាជរដ្ឋាភិបាលត្រូវបង្កើតបរិយាកាសអំណោយផលឱ្យកាន់តែច្រើនបន្ថែមទៀតដល់មេធាវីក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយឯករាជភាព និងគោរពក្រមសីលធម៌ដើម្បីឱ្យពួកគេក្លាយជាចលករសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសង្គមកម្ពុជា។
គណៈមេធាវីត្រូវចូលរួមយ៉ាងសកម្មបំពាក់បំប៉នចំណេះដឹង និងជំនាញដែលចាំបាច់ដល់មេធាវីដើម្បីពង្រឹងនូវស្តង់ដាវិជ្ជាជីវៈ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ គណៈមេធាវីត្រូវចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀតក្នុងការបង្កើតគោលនយោបាយ និងការចូលរួមជាសាធារណៈ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់របស់មេធាវីក្នុងការផ្តល់សេវាកម្មក្នុងសង្គម។
លើសពីនេះគណៈមេធាវីត្រូវមានភាពក្លាហានបន្ថែមទៀត ដើម្បីប្រឈមមុខតវ៉ាជាមួយស្ថាប័ននានា មេធាវីបរទេស ឬបុគ្គលដែលមិនមែនជាមេធាវីទាំងឡាយណាមួយដែលព្យាយាមរំលោភបំពានលើវិជ្ជាជីវៈមេធាវី ធានាការពារផលប្រយោជន៍សមាជិកមេធាវី និងទាមទារឯករាជភាពរបស់ខ្លួនឱ្យបាន។
គណៈមេធាវីត្រូវមានចក្ខុវិស័យ និងផែនការច្បាស់លាស់ដើម្បីបង្កើនកម្រិតនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីកម្ពុជាដែលអាចផ្ដល់សេវាកម្មច្បាប់របស់ខ្លួនទៅកាន់ប្រទេសដទៃទៀតនៅក្នុងតំបន់ និងកសាងកេរ្តិ៍ឈ្មោះរបស់ពួកគេនៅលើឆាកអន្តរជាតិ។
ប្រសិនបើគ្មានការប្តេជ្ញាចិត្តខ្ពស់ និងចក្ខុវិស័យច្បាស់លាស់ពីថ្នាក់ដឹកនាំនៃគណៈមេធាវី និងស្ថាប័នពាក់ព័ន្ធទេប្រទេសកម្ពុជាអាចនៅតែបន្តធ្វើជាអ្នកនាំចូលប្រើប្រាស់សេវាកម្មផ្នែកច្បាប់របស់មេធាវី និងក្រុមហ៊ុនបរទេសហើយទីផ្សារផ្នែកច្បាប់របស់កម្ពុជានឹងត្រូវបានចែករំលែកទៅឱ្យពួកគេបន្តិចម្ដងៗនាពេលអនាគតដ៏ខ្លីខាងមុខ។ ជាលទ្ធផលការប្រកួតប្រជែងលើទីផ្សារកាន់តែខ្លាំងទៅៗដែលនឹងបង្កើតការលំបាក និងជះឥទ្ធិពលដល់ការឈរជើងលើទីផ្សាររបស់មេធាវីកម្ពុជា។
មេធាវីផ្ទាល់ខ្លួនក៏ត្រូវក្រោកឈរឡើងដើម្បីការពារឯករាជភាពរបស់គណៈមេធាវី និងផ្តល់សិទ្ធិអំណាចដល់គណៈមេធាវីក្នុងការរក្សាជាស្ថាប័នស្វ័យគ្រប់គ្រងទ្រទ្រង់ប្រតិបត្តិការហិរញ្ញវត្ថុដោយខ្លួនឯង និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការគាំទ្រ និងការពារផលប្រយោជន៍របស់សមាជិក និងសង្គម។
គណៈមេធាវីដែលមានមូលនិធិតិចតួចនឹងមិនអាចមានលទ្ធភាពជួយទ្រទ្រង់ដល់សមាជិករបស់ខ្លួនក្នុងការប្រកួតប្រជែងលើទីផ្សារប្រកួតប្រជែងឡើយ។ មេធាវីផ្ទាល់ត្រូវចាប់យករាល់ឱកាសទាំងឡាយណាដែលមានក្នុងការបង្កើនចំណេះដឹង និងជំនាញធ្វើរបស់ខ្លួន ហើយពួកគេត្រូវរក្សាយ៉ាងហ្មត់ចត់នូវស្តង់ដាក្រមសីលធម៌ និងវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់របស់ខ្លួន៕
លោក លី តៃសេង សាស្ត្រាចារ្យច្បាប់ និងនាយកប្រតិបត្តិនៃក្រុមហ៊ុនមេធាវី និងមន្ទីរសារការី អេច ប៊ី អេស