ការ​និយាយ​ស្មាន​មួយ​គួរ​ឱ្យ​សោកស្តាយ​ដែល​ថា ​ចិន​កំពុង​សាងសង់​មូលដ្ឋាន​យោធា​មួយ​នៅ​លើ​ទឹកដី​កម្ពុជា​ គ្រាន់​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចេតនា​អាក្រក់​ និង​ក្លែងបន្លំ​ដ៏​លើសលប់​ដោយ​គ្មាន​ភ័ស្តុតាង​តែ​ប៉ុណ្ណោះ។ វា​គឺ​ជា​យុទ្ធនាការ​លាប​ពណ៌​បង្ខូច​កេរ្តិ៍​ឈ្មោះ​យ៉ាង​ច្បាស់​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិ​របស់​ប្រជាជន​កម្ពុជា ​សន្តិភាព ​និង​ការ​អភិវឌ្ឍ ​ដែល​រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​បាន​ដោយ​លំបាក​សម្រាប់​ប្រជាជន​របស់​ខ្លួន។ ការ​និយាយ​ស្មាន​ដោយ​គ្មាន​មូលដ្ឋាន​នេះ​មិនមែន​ជារឿង​ថ្មី​នោះ​ទេ​ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ ​និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ឯកភាព​ជាតិ។

នៅ​ក្នុង​ឆ្នាំ ២០០៥ ​ទ្រឹស្ដី​ភូមិសាស្រ្ត​នយោបាយ​ខ្សែ​គជ់ ​(String of Pearls) ត្រូវ​បាន​បង្កើត​ឡើង​ដែល​ចង្អុល​សំដៅ​ទៅ​បណ្តាញ​យោធា​ និង​មូលដ្ឋាន​ពាណិជ្ជកម្ម​របស់​ចិន​រួម​ទាំង​ទំនាក់ទំនង​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​ផ្លូវ​សមុទ្រ​របស់​ចិន​ ដែល​លាត​សន្ធឹង​ពី​ដែន​គោក​របស់​ប្រទេស ​ចិន ​រហូត​ទៅ​ដល់​តំបន់​ឧបទ្វីប​ស្នែង​របស់​អាហ្វ្រិក ​(Horn of Africa)​។


បណ្តាញ​ផ្លូវ​សមុទ្រ​នេះ ​រត់​ឆ្លង​កាត់​ច្រក​សមុទ្រ​សំខាន់ៗ​ជា​ច្រើន ​ដូច​ជា​ច្រក​ម៉េន​ដេប ​(Mandeb) ច្រក​ម៉ាឡាកា ​(Malacca) ​ច្រក​ហ័រម៊ូស​ (Hormuz) ​និង​ច្រក​ឡុំប៊ុក ​(Lombok) ​ព្រម​ទាំង​មជ្ឈមណ្ឌល​ផ្លូវ​សមុទ្រ​ជា​យុទ្ធសាស្រ្ត​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស ​ប៉ាគីស្ថាន​ ស្រីលង្កា ​បង់ក្លាដែស​ ម៉ាល់ឌីវ ​និង​សូម៉ាលី។ កំពង់ផែ​ក្រុង​ព្រះសីហនុ​របស់​កម្ពុជា​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា ​យុទ្ធសាស្ត្រ​ខ្សែ​គជ់​របស់​ចិន។


នៅ​ដើម​ឆ្នាំ ២០១៦ ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​បំភ្លៃ​អំពី​ការ​ធ្វើ​យោធូបនីយកម្ម ​ (militarization) ​ជា​យថាហេតុ​នៃ​កំពង់ផែ​ពាណិជ្ជកម្ម​នៅ​ក្រុង​ព្រះសីហនុ។​ វា​ប្រហែល​ជា​ដោយសារ​តែ​មាន​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ចិន​ និង​ការ​ហូរ​ចូល​នៃ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​ចិន​នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ​មួយ​នេះ។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ ​ត្រូវ​បាន​សាបរលាប​ទៅ​វិញ​ ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បញ្ជាក់​អំពី​គោលការណ៍​គ្រឹះ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា។ ការ​ពិត​គឺថា​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ឱ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​(JICA) កាន់​កាប់​ភាគហ៊ុន​ចំនួន​ ១៣,៥% ​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ របស់​កម្ពុជា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ ២០១៧។ ក្នុង​នាម​ជា​តួអង្គ​ពាក់ព័ន្ធ​ដ៏​សំខាន់​មួយ ​អង្គការ​JICA កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់ ​និង​ធំ​ជាង​គេ ​របស់​កម្ពុជា​ ដែល​ជប៉ុន​បាន​ជួយ​អភិវឌ្ឍ​ ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៩ ​មក​ម្ល៉េះ។


ពេល​ថ្មីៗ​នេះ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ នៃ​យុទ្ធនាការ​ស្រដៀង​គ្នា ​មាន​លក្ខណៈ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ ​និង​លាបពណ៌​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​មហា​អំណាច​បរទេស​នានា ​បាន​ប្តូរ​ពី​ក្រុង​ព្រះសីហនុ​ទៅ​ក្រុង​ឆ្នេរ​សមុទ្រ​មួយ​ផ្សេង​ទៀត​របស់​ប្រទេស ​កម្ពុជា។ អ្នក​ធ្វើ​គោល​នយោបាយ​ អ្នក​ស្រាវជ្រាវ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន​បាន​អះអាង​ថា ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​លើ ​“កិច្ច​ព្រមព្រៀង​សម្ងាត់”​ មួយ ​ដើម្បី​កសាង​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​មុន​គេ​នៅ​ខេត្ត​កោះកុង ​និង​ក្រោយ​មក​ទៀត​នៅ​កោះ​រាម។


ទាំង​ប្រទេស ​កម្ពុជា ​និង​ទាំង​ប្រទេស ​ចិន​ មិន​ដែល​មាន​ចេតនា​រំលោភ​លើ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​សន្តិភាព​ពិភព​លោក ​និង​សន្តិសុខ​អន្តរជាតិ​ឡើយ ​ហើយ​ប្រទេស​ទាំង ២ ​បាន​គោរព​នូវ​អធិបតេយ្យភាព​ និង​បូរណភាព​ជាតិ​របស់​ប្រជាជាតិ​ទាំង​អស់។

ខ្ញុំ​យល់​ឃើញ​ថា ​បញ្ជី​ទីតាំង​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ទីតាំង​មូលដ្ឋាន​យោធា​របស់​ចិន​នឹង​ត្រូវបាន​ពង្រីក​បន្ថែម​ទៀត​ដោយ​ប្រទេស​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​ នៅ​ពេល​ដែល​ការ​ចោទ​ប្រកាន់​លើ​ទីតាំង​នោះ​សាប​រលត់​ទៅ​វិញ​។

​លើស​ពី​នេះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ដែល​គេ​ចោទ​ប្រកាន់ ​គឺ​ត្រូវ​បាន​គេ​លើក​ឡើង​ដោយសារ​តែ​ហេតុផល​យ៉ាង​សាមញ្ញ​មួយ ​គឺ​ថា​កិច្ច​ព្រមព្រៀង​នេះ​មិន​មាន​ការ​កើត​ឡើង​ឡើយ។ ការ​ពិត ​ដែល​មិន​​ស្រួល​មួយ ​គឺ​ថា​កម្ពុជា​កំពុង​ក្លាយ​ជា​បាល់ស័ក​ (punching bag) ​នៃ​ការ​ប្រជែង​គ្នា​នៃ​ប្រទេស​មហា​អំណាច។

មន្រ្តី​ការ​ទូត​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត ​ដោយ​គ្មាន​ការ​គោរព​អធិបតេយ្យភាព​ និង​ក្រម​សីលធម៌​អ្នក​ការ​ទូត​ថា​ “កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ​ទាំង​ផ្នែក​សេដ្ឋកិច្ច ​ទាំង​ផ្នែក​នយោបាយ។ មន្រ្តី​ការ​ទូត​ទាំង​នោះ​បាន​យក​កម្ពុជា​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​ប្រទេស​ដទៃ​ទៀត​ដែល​ការ​គ្រប់គ្រង​លើស​លប់​ និង​ឥទ្ធិពល​គ្រប​ដណ្តប់​របស់​ប្រទេស ​ចិន ​ដល់​កម្រិត​មិន​អាច​ទទួល​យក​បាន​ដោយ​សម​នឹង​ទទួល​បាន​ការ​ដាក់​ទណ្ឌកម្ម​ជា​ជាង​ការ​ផ្តល់​រង្វាន់”។

ដូច្នេះ​ គេ​អាច​អះអាង​ថា ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​អំពី​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា ​និង​ការ​ដាក់​សម្ពាធ​នយោបាយ ​និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា ​គឺ​ជា​លេស​ដើម្បី​បង្ខំ​ឱ្យ​កម្ពុជា​បម្រើ​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។

ដោយ​មាន​ប្រវត្តិសាស្រ្ត​ទទួល​រង​ការ​ដាក់​អាណានិគម ​និង​ទទួល​រងគ្រោះ​ដោយ​អន្តរាគមន៍​របស់​បរទេស ​កម្ពុជា​មិន​គិត​ថា​អធិបតេយ្យភាព​ និង​ឯករាជភាព​របស់​ខ្លួន​បាន​មក​ដោយ​ស្រួលៗ​នោះ​ឡើយ​។

ប្រជាជន​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​មហា​អំណាច​បរទេស​ណា​មួយ​មក​គ្រប​ដណ្តប់​ និង​បង្គាប់​បញ្ជា​តាម​ឆន្ទៈ​របស់​ខ្លួន​មក​លើ​ពួក​គេ​ឡើយ។ កម្ពុជា​ប្រាថ្នា​ធ្វើ​ជា​មិត្តភក្តិ​ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់​ដោយ​ឈរ​លើ​គោលការណ៍​មិន​ផ្លាស់ប្តូរ​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ​ការ​មិន​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-ឈ្នះ​។

សរុប​មក ​ការ​កាន់​តែ​និយាយ​ស្មាន​ អំពី​មូលដ្ឋាន​យោធា ​របស់​ចិន​នៅ​កម្ពុជា ​មិន​បាន​ផ្តល់​ បម្រើ​ផល​ប្រយោជន៍​ដល់​ប្រទេស​ណា​មួយ​ឡើយ​។ បន្ថែម​លើ​ការ​ដាក់​សន្តិភាព​ និង​វិបុលភាព​ របស់​កម្ពុជា ​ក្នុង​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​នោះ​ ការ​និយាយ​ស្មាន​ដោយ​គ្មាន​មូលដ្ឋាន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ ​ដែល​យើង​បាន​ខិតខំ​កសាង​ឡើង​តែ​ប៉ុណ្ណោះ។

លើស​ពី​នេះ​ទៅ​ទៀត ​វា​នឹង​ជំរុញ​ឱ្យ​មហា​អំណាច​ដទៃ​ទៀត​កាន់​តែ​បង្កើន​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​ ក្នុង​ការ​កសាង​មូលដ្ឋាន​យោធា​នៅ​ក្នុង​តំបន់។ ដូច​ដែល​បាន​សង្កេត​ឃើញ​នា​ពេល​កន្លង​មក ​រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក​បាន​ប្រមើល​មើល​កំពង់ផែ​កាំរ៉ាញ់ ​(Cam- Ranh) ​នៃ​ប្រទេស ​វៀតណាម ​ជា​ទ្រព្យ​ធន​យុទ្ធសាស្រ្ត​របស់​ពួក​គេ។ ប្រសិន​បើ​វា​កើត​ឡើង​ដូច្នេះ​នោះ ​តំបន់​ទន្លេ​មេគង្គ​ទាំង​មូល​នឹង​ក្លាយ​ជា​តំបន់​យោធា​ និង​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​សង្រ្គាម​ជា​យុទ្ធសាស្ត្រ​នៃ​ការ​ប្រជែង​អំណាច​របស់​ប្រទេស​មហា​អំណាច។

កម្ពុជា​ស្វាគមន៍​ចំពោះ​វិនិយោគ​ទុន​បរទេស​ពី​គ្រប់ទី​កន្លែង។ បើ​និយាយ​ពី​សេដ្ឋកិច្ច​កម្ពុជា ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​ពាណិជ្ជកម្ម​ និង​វិនិយោគទុន​សេរី។ កម្ពុជា​មិន​គួរ​ត្រូវ​បាន​បន្ទោស​ចំពោះ​ការ​ទទួល​វិនិយោគ​ទុន​ចិន ​ឬ​ជប៉ុន​ឡើយ​ ពី​ព្រោះ​ការ​វិនិយោគ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្កើត​ការងារ ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

ប្រសិន​បើ​កម្ពុជា​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ​ដោយសារ​តែ​អំណាច​សេដ្ឋកិច្ច ​និង​ការ​ពាក់ព័ន្ធ​ (engagement) ​របស់​ចិន​កាន់​តែ​កើន​ឡើង​នោះ​ប្រទេស​កំពុង​អភិឌ្ឍន៍​ស្ទើរ​តែ​ទាំង​អស់​ទូទាំង​ពិភព​លោក​ដែល​ទទួល​វិនិយោគ​ទុន​ពី​ប្រទេស ​ចិន ​ក៏​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ដូច​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កម្ពុជា​មិន​ដែល​ចង់​ឃើញ​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​ទៅ​លើ​ប្រទេស​ណា​មួយ ​ដោយសារ​តែ​ការ​ទទួល​យក​វិនិយោគ​ទុន​នោះ​ឡើយ។

ប្រជាជន​ទាំង​អស់​នៅ​កម្ពុជា ​គ្រាន់​តែ​ប្រាថ្នា​ចង់​ទទួល​បាន​ផ្លែផ្កា​ពី​សុខសន្តិភាព ​ដែល​បាន​ទទួល​មក ​ដោយ​លំបាក ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ពួក​គេ​ពិត​ជា​មាន​បំណង​ប្រកាន់​ខ្ជាប់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ​ដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា ​កម្ពុជា​ត្រូវ​ប្រកាន់​ខ្ជាប់​ជានិច្ច ​នូវ​គោល​នយោបាយ​ការ​បរទេស ​អព្យាក្រឹត​ អចិន្រៃ្តយ៍ ​និង​មិន​ចូល​បក្ស​សម្ព័ន្ធ​ ហើយ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ ​លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។

ខ្ញុំ​សូម​ទទូច​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​​បរទេស​កុំ​អូស​ទាញ​ប្រទេស​ដែល​ធ្លាប់​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ឱ្យ​ធ្លាក់​ចូល​ជា​ថ្មី​ម្តង​ទៀត​ទៅ​ក្នុង​ល្បិច​នយោបាយ​ពិភព​លោក​បែប​ប្រាកដ​និយម ​(global realpolitik) ​ឡើយ។ ប្រជាជន​កម្ពុជា​ធ្លាប់​ទទួល​រងគ្រោះ​យ៉ាង​ធំធេង​ច្រើន​ហួស​ប្រមាណ ​ក្នុង​នាម​ជា​ជន​រងគ្រោះ ​ដោយសារ​ការ​ប្រជែង​អំណាច​ពិភព​លោក​នៃ​សង្រ្គាម​ត្រជាក់។ យើង​ជា​អ្នក​ស្រឡាញ់​សន្តិភាព ​និង​ជា​អ្នក​កសាង​សន្តិភាព។ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​យើង​តែងតែ​គោរព​ច្បាប់​ជាតិ​ និង​អន្ដរជាតិ។

សូម​មេត្តា​ទុក​កម្ពុជា ​ឲ្យ​នៅ​ក្រៅ​នយោបាយ​មហា​អំណាច ​នា​សតវត្សរ៍​ទី២១ និង​អនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​វិបុលភាព​ដែល​កម្ពុជា​ស័ក្តិសម​នឹង​ទទួល​៕ដោយ​ អ្នក​តំណាងរាស្រ្ត ​សួស យ៉ារ៉ា​