
ទិដ្ឋភាពសំរាមអណ្ដែតទឹកតាមផ្លូវក្នុងខណ្ឌដង្កោកាលពីម្សិល។ ហេង ជីវ័ន
ប៉ុន្មានថ្ងៃនេះពលរដ្ឋនៅរាជធានីភ្នំពេញមានការត្អូញត្អែរយ៉ាងខ្លាំងរឿងទឹកលិចក្រុង និងសំរាម ដែលរសាត់អណ្តែតលើផ្ទៃទឹកស្ទើរគ្រប់ច្រកល្ហក ខណៈមានព្រឹត្តិការណ៍ធំ ២ កើតឡើងផ្ទួនៗគឺការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីផង និងគាប់ជួននឹងខ្យល់ព្យុះមកបន្តគ្នាផងធ្វើឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយមានរយៈពេលយូរទៀត។
ករណីទាំងនេះបានធ្វើឱ្យមានការបន្ទោសគ្នាទៅវិញពេញបណ្តាញសង្គមហ្វេសប៊ុកដោយអ្នកខ្លះថាមកពីសាលារាជធានី ឬបណ្តាខណ្ឌគ្រប់គ្រងសំណល់រឹងមិនល្អ ខ្លះថាមកពីក្រុមហ៊ុនស៊ីនទ្រីរកដំណោះស្រាយបញ្ហាកូដកម្មមិនចេញ។ រីឯខ្លះទៀតថាមកពីពលរដ្ឋខ្លួនឯងហ្នឹងដែរមិនបានវេចខ្ចប់សំរាមត្រឹមត្រូវដោយទុករាយប៉ាយពេញផ្លូវ។
ទោះជាយ៉ាងណាការចោទគ្នាទៅវិញទៅមកមិនមែនជាដំណោះស្រាយទេ ហើយក៏មិនមែនជារឿងចង្អុលដាក់គ្នាថា អ្នកមាន អ្នកមធ្យម សំរាមតិច អ្នកក្រសំរាមច្រើននោះដែរ។ ចុះបើមានអ្នកមាន ឬក៏អ្នកធូរធារហ្នឹង ហេតុអ្វីក៏មិនជួយចេញលុយឱ្យច្រើនជាងអ្នកក្រទៅ? បើគ្រាន់តែសាកល្បងថាតម្លៃ ២ ដុល្លារក្នុង ១ ខែ ក៏ចាប់ផ្តើមមានប្រតិកម្មភ្លាមថា ថ្លៃម្ល៉េះមិនសមនឹងតម្លៃហ្នឹងទេ។
សួរថា តើឱ្យក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមហ្នឹងយកតម្លៃ ១ ដុល្លារសម្រាប់ពលរដ្ឋតាំងពីឆ្នាំ ១៩៩៥ មកដល់ឥឡូវមានរយៈពេល ២៥ ឆ្នាំ ខណៈទំនិញទីផ្សារក៏ចេះតែឡើងថ្លៃច្រើនទៅឬ? បើអ៊ីចឹងសួរថា តើឱ្យក្រុមហ៊ុនដំឡើងថ្លៃប្រាក់ខែប្រាក់បំណាច់ ប្រាក់សោធនដល់កម្មករដូចម្តេចទៅ? ហើយប្រៀបធៀបជាមួយនឹងកម្មកររោងចក្រដែលចាប់ផ្តើមពី ៥០ ដុល្លារគឺឡើងរាល់ឆ្នាំរហូតដល់ជិត ២០០ ដុល្លារបើគិតមកទល់ត្រឹមខែកញ្ញាឆ្នាំ ២០២០ ដែលរាជរដ្ឋាភិបាលទើបបានសម្រេច។
អ្វីដែលជាលក្ខខណ្ឌខុសគ្នាមួយចំនួនទៀតគឺកម្មករប្រមូលសំរាមគ្នានៅហាលក្តៅ ហាលខ្យល់ ហាលភ្លៀង ហើយទទួលរងក្លិនស្អុយរាល់ថ្ងៃ ជាពិសេសនោះគឺងាយរងគ្រោះពីជំងឺឆ្លងដោយសារសំណល់វេជ្ជសាស្ត្រមួយចំនួន។ នេះជាចំណុចដែលត្រូវគិតពិចារណាទាំងអស់គ្នាដើម្បីរកដំណោះស្រាយ ព្រោះតាមការប៉ាន់ប្រមាណរបស់ក្រសួងបរិស្ថានថ្មីៗនេះ គឺក្នុង ១ ថ្ងៃៗជាមធ្យមសំរាមមានជិត ៣ ពាន់តោនទៅហើយ។
កាលពីឆ្នាំមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា មិនទុកឱ្យក្រុមហ៊ុនស៊ីនទ្រីគ្រប់គ្រងសំរាមតែឯងនោះទេ ហើយលោកបានជំរុញឱ្យសាលារាជធានីភ្នំពេញ និងសាលាខណ្ឌត្រូវតែដាក់ឱ្យក្រុមហ៊ុនផ្សេងចូលរួមដេញថ្លៃប្រកួតប្រជែង ក៏ប៉ុន្តែមកទល់ពេលនេះទាំងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាខណ្ឌមិនទាន់បានឆ្លើយតបនឹងបទបញ្ជានេះទេ ដោយបញ្ហាកំពុងតែនៅស្រកេកស្រកាកនៅឡើយដែលចុងក្រោយករណីសំរាមនេះបានធ្លាក់មកលើខ្លួនឯងជាអ្នកប្រមូលទៅវិញ ហើយនៅពេលភ្លៀងលិចលង់រាជធានីសំរាមបែរជាអណ្តែតត្រៀបត្រា។
ម្យ៉ាងទៀតសកម្មភាពប្រមូលសំរាមនាពេលនេះក៏មិនមែនជាដំណោះស្រាយយូរអង្វែងដែរ ពោលគឺបានតែមួយប្រាវតែប៉ុណ្ណោះ។
ចំពោះបញ្ហាសំរាមនេះ អន្តរក្រសួងមានក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃបានចេញសារាចរស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១១៣ អនក្រ បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៥ ដែលមានគោលដៅប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង និងស្រុក។ រីឯរដ្ឋបាលរាជធានីបានធ្វើប្រតិភូកម្មមុខងារនេះទៅរដ្ឋបាលខណ្ឌបន្តទៀតដើម្បីឱ្យស្របទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ជាងនេះទៅទៀតក្រសួងបរិស្ថានក៏ធ្លាប់បានផ្ទេរថវិកាមួយចំនួន ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តឱ្យមានដំណើរការទៅរលូនដែរ តែមុខងារគ្រប់គ្រងសំរាមនេះ មានលក្ខណៈដោយឡែកខុសពីមុខងារផ្សេងៗដែលភ្ជាប់លក្ខខណ្ឌជាមួយនឹងថវិកា គឺរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចប្រមូលថវិកា ដែលបានមកការប្រមូលសំរាមពីពលរដ្ឋយកមកគ្រប់គ្រង។ កាលពីមុនមានការត្អូញត្អែរពីរដ្ឋបាលថ្នាក់ក្រោមជាតិថា ថ្នាក់ជាតិស្វិតណាស់មិនផ្ទេរមុខងារខ្លះមករដ្ឋបាលថ្នាក់ក្រោមជាតិទេ តែពេលបានផ្ទេរមុខងារគ្រប់គ្រងសំរាមនេះរយៈពេល ៥ ឆ្នាំទៅហើយ នៅតែមិនមានដំណើរការល្អទៀត។
តើនេះមកពីខ្វះសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯងផ្ទាល់ ឬក៏នៅមានការខ្វះខាតយន្តការអ្វីទៀតចង់ឱ្យថា្នក់ជាតិជួយ? បើនិយាយពីគោលការណ៍ណែនាំក៏មានតាំងពីចាប់ផ្តើមអនុវត្តមកដែរ ហើយថ្មីៗនេះថា្នក់ជាតិកំពុងតែបញ្ចប់សេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ ដើម្បីជំនួយស្មារតីដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
បន្ទាប់ពីការភ្ជាប់ការបង់ថ្លៃសំរាមតាមរយៈវិក្កយបត្រភ្លើងត្រូវបានផ្តាច់ចេញតាំងពីដើមឆ្នាំ ២០២០ នេះមក រដ្ឋបាលរាជធានីបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋបង់ប្រាក់ថ្លៃសំរាមតាមប្រព័ន្ធធនាគារ និងតាមក្រុមហ៊ុនផ្ទេរលុយ ដើម្បីបង្កការស្រួលក្នុងការបង់លុយ។
ថ្វីដ្បិតកន្លងមក មានពលរដ្ឋភាគច្រើនបានបង់លុយយ៉ាងទៀងទាត់តាមប្រព័ន្ធឌីជីថលកាត់សេវាថ្លៃសំរាមពីលេខគណនីរបស់ផ្ទាល់ខ្លួនក្ដី តែក៏នៅមានអ្នកមិនបង់សេវាហ្នឹង ឬក៏ភ្លេចបង់ដែរ។ ចុះបើពួកគាត់មិនបង់ថ្លៃសំរាមហ្នឹង តើរដ្ឋបាលរាជធានីមានយន្តការអ្វីដើម្បីឆ្លើយតបនឹងបញ្ហានេះដែរទេ? ឈប់ទៅប្រមូលសំរាមផ្ទះគាត់? ផ្តាច់ទឹក ឬក៏ផ្តាច់ភ្លើង?
ឬក៏ពិន័យជាទឹកប្រាក់គុណទ្វេដង? នេះហើយជាបញ្ហាការគ្រប់គ្រងសំរាមខុសពីការគ្រប់គ្រងតាមរយៈការបង់ថ្លៃទឹក និងថ្លៃភ្លើងបើមិនបង់ផ្តាច់អត់ឱ្យប្រើប្រាស់។ បើហ៊ានតែសាកឈប់ទៅយកសំរាមផ្ទះគាត់ ពលរដ្ឋដែលខិលខូចហ្នឹងនៅតែយកសំរាមទៅចាក់ចោលនៅលើផ្លូវថ្នល់សាធារណៈ ដែលជាហេតុធ្វើឱ្យស្ទះផ្លូវស្ទះលូដដែល។
តាមបទពិសោធនៅប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី រដ្ឋាភិបាលគេបានគិតគូរបញ្ហាសំរាម និងសំណល់រឹងហ្នឹងខ្លាំងណាស់ ហើយវិធីសាស្ត្រមួយដែលប្រើនៅទីក្រុងខ្លះគឺការវិនិយោគសំរាមភ្ជាប់ជាមួយនឹងការបង់ពន្ធទៅលើទំនិញមួយចំនួន ជាពិសេសផលិតផលប្លាស្ទិកដែលអ្នកមាន អ្នកធូរធារប្រើប្រាស់ តែមិនមានការយកកម្រៃសេវាទេដើម្បីជួយសម្រួលជីវភាពអ្នកក្រីក្រ (The ASEAN Post, 6 July 2018)។ ចំពោះដំណោះស្រាយបែបនេះក៏ល្អម្យ៉ាងដែរ ដែលរាជរដ្ឋាភិបាលគួរតែសិក្សាថា តើអាចយកមកឆ្លើយតបទៅនឹងបរិបទស្រុកខ្មែរដែរឬទេ?
ជាសរុបមកវិញ រាល់បញ្ហាត្រូវតែមានដំណោះស្រាយឱ្យសមស្របជាជាងការបន្ទោសគ្នាទៅវិញទៅមក ហើយចំណុចដែលអាចធ្វើបាននោះគឺរដ្ឋបាលរាជធានីគួរតែអញ្ជើញភាគីពាក់ព័ន្ធទៅនឹងបញ្ហាសំរាមចូលរួមពិគ្រោះយោបល់គ្នា ទាំងរដ្ឋបាលខណ្ឌ ទាំងមន្ទីរបរិស្ថាន ទាំងក្រុមហ៊ុនប្រមូលសំរាម ទាំងតំណាងពលរដ្ឋលាយគ្នាទាំងអ្នកមាន ទាំងមធ្យម ទាំងអ្នកក្រីក្រ ថាតើតម្លៃសំរាមប៉ុន្មានដែលសមរម្យដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពដំឡើងប្រាក់ខែប្រាក់បំណាច់ ឬក៏ប្រាក់ឧត្ថម្ភផ្សេងៗដល់កម្មករប្រមូលសំរាមដែលប្រឈមនឹងបញ្ហាសុខភាពខ្លាំងហើយក៏ដើម្បីឱ្យពួកគេអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរផងដែរ។
រីឯការដេញថ្លៃក្រុមហ៊ុនប្រមូលសំរាមក៏ត្រូវពន្លឿនផងដែរ ចៀសវាងការរង់ចាំពី ១ ថ្ងៃទៅ ១ ថ្ងៃ ហើយពេលជួបបញ្ហាដូចសព្វថ្ងៃទើបដោះស្រាយមួយប្រាវដោយបញ្ជាទាំងមន្ត្រីសាលាខណ្ឌ ទាំងប្រជាការពារឱ្យចូលរួម។ ម្យ៉ាងទៀតត្រូវរៀបចំ និងអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃឱ្យបានជាក់លាក់ចំពោះក្រុមហ៊ុនប្រមូលសំរាមជាមួយនឹងអនុវត្តវិធានការផាកពិន័យចំពោះពលរដ្ឋណាដែលគេចវេះមិនព្រមបង់ថ្លៃសេវាប្រមូលសំរាមនេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com