កាល​ពី​ដើម​ឆ្នាំ​នេះ សាលា​រាជ​ធានី​ភ្នំ​ពេញ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដោយ​បាន​ដាក់​ឱសាន​វាទ​ដល់​ពល​រដ្ឋ​​ដែល​រស់​នៅ​ភ្នំ​ពេញឲ្យ​បញ្ឈប់​សង់​រោង​ការ រោង​បុណ្យ រោង​កម្មវិធី​ផ្សេងៗ​នៅ​លើ​ផ្លូវ​សាធា​​រ​ណៈ ចាប់​ពី​ថ្ងៃទី​ ១ ខែ​កក្កដា​ ឆ្នាំ ​២០១៩​ តទៅ ។

ការ​ចេញ​សេច​ក្តី​ជូន​ដំណឹង​នេះ​​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ចេះ​តែ​ចាំ​មើល​ថា តើ​ចំណាត់​​ការ​របស់​សាលា​រាជធានី ចំពោះករណី​រំលោភ​ចំណីថ្ន​ល់​នេះ ​មា​ន​ប្រសិទ្ធភាព​ប៉ុនណា?


ប៉ុន្តែ ដល់​ពេលផុតឱសាន​វាទ​របស់​សាលា​រាជធានី​ ហាក់​បី​ដូ​ច​​ជា​មិន​ត្រូវ​បាន​ពលរដ្ឋ​ដែល​ជាអ្នក​មានៗ និង​អ្នក​ធំ​គោរព​ទៅនឹង​គោលការណ៍​នេះ​ឡើយ។​ ជាក់​ស្តែង​កាល​ពី​ថ្ងៃច​ន្ទ​កន្លង​ទៅ​នេះ​ នៅ​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន មាន​រោង​ការ​ ១ ​សង់​បិទផ្លូវ​លេខ ​៩៩ ជិត​ឈឹង​តែម្ត​ង ​មិន​ខ្វល់​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់ ហើយ​បិទ​សាលា​ឯក​ជន​ដែល​មាន​ទី​តាំង​នៅ​ទល់​មុខ​នោះ ​១​ ថ្ងៃ​ពេញ ​​គឺ​សង់​ទៅ​បាន​យ៉ាង​ស្រួល​ មាន​ប៉ូលិស​ចរា​ចរ​ណ៍​ជួយ​ធ្វើ​ចរាចរណ៍​ឲ្យទៀ​ត។ នៅ​ថ្ងៃ​អង្គារសប្តាហ៍​មុន​​ មាន​រោង​បុណ្យ​ ១ នៅ​ផ្លូវ​ច្រមុះ​ជ្រូក ​ទល់​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ គឺ​សង់​យ៉ាង​វែង​ប៉ះចំណីផ្លូវ​អស់​ផ្លូវ​ដើរ​ និង​ម៉ូតូ​អស់ តែគ្មាន​សមត្ថ​​កិច្ច​ណាម​ករក​រឿង​ទេ តែ​បើ​មក​យក​លុយ​ពីម្ចាស់​កម្មវិធី​ទៅ​វិញ​អាច​កើត​មាន​។


ប៉ុន្តែផ្ទុយ​ទៅ​វិញ កាល​ពី​​សប្តា​ហ៍​​មុន​ដែរ ​​អាជ្ញាធរ​ខណ្ឌ​ឫ​ស្សី​កែវ​ ខំ​ប្រឹង​ប្រែង​ចាប់​ផ្តើម​ដុត​ដៃ ដុត​ជើង​ កាត់​ស្លាក​យីហោ ដែល​សង់​លយ​ចូល​ចំណី​ផ្លូវ​សាធា​​រណៈ​បាន​មួយ​ចំនួន​ដើម្បីបង្ហាញ​ស្នា​ដៃ​ផង​ដែរ​ ។ រី​ឯ​ខណ្ឌ​ច្បារ​អំពៅ​ ក៏ដូច​គ្នា​ដែរ មិន​អនុញ្ញាតឲ្យ​លក់​ដូរ​លយ​ចូល​ផ្លូវ​ដើរឬ​ក៏​ចំណី​ផ្លូវ​ជាតិ​លេខ​ ១ នោះ​ទេ​ តែ​នៅ​ផ្លូវ​អតីត​ប្រឡាយ​បារាំង​វិញ​ គឺ​នៅ​តែមាន​អ្នក​សាង​សង់​​រោង​បិទ​ផ្លូវម្តង​ ១ ​ចំហៀង​តែដដែល​។ ការ​អនុវត្ត​ចំណា​ត់​​​ការ​របស់​សាលា​រាជ​ធានី​ភ្នំពេញចំពោះ​​​ការ​សង់​រោង​ការ​នៅ​លើ​ផ្លូវ​សា​​ធា​រណៈ​នេះ គឺអនុវ​ត្ត​ទៅ​តាម​ខណ្ឌណា​ដែល​ចង់​ធ្វើ ពោល​គឺ​មាន​លក្ខណៈ​រកេត​រកូត​ណា​​​​​​ស់​ ខណ្ឌ​ណាអនុវត្ត​ក៏អនុវត្ត​ទៅ​ខណ្ឌ​ណា​អត់​ក៏អត់​ទៅ អ៊ីចឹង​ពលរដ្ឋ​ស្អប់​តែ​អ្នក​អនុវត្ត​។


ខណ្ឌ​ណា​អត់​អនុវ​ត្ត​ធ្វើមិន​ដឹង​មិន​ឮ​យក​រួច​ខ្លួន​ហើយ​គេមិ​ន​ស្អប់​ទៀត​។​ បើ​និយាយ​ពីផ្លូវ​ធំ​ៗ​ ១១ ខ្សែ​ដែល​លោក ឃួង ស្រេង​ អភិបាល​សាលារាជ​ធានី​ភ្នំ​ពេញ​ បាន​ហាម ​ការ​ចត លក់​ដូរ និង​សង់​រោង​នៅ​លើដងផ្លូវ​តាំង​ពីដើម​ឆ្នាំនេះវិញ គឺមក​ទល់​ពេល​នេះ​ក៏ស្ងាត់​ផង​ដែរ​។


ជា​មួយ​គ្នា​នេះ​ដែរ ថ្មីៗ​នេះ លោ​ក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​សាលា​រាជ​ធានី​ រកកន្លែង​សង់ចំណត​រថយន្ត​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរា​ចរណ៍​ផង​ និងរក្សា​សណ្តាប់​ធ្នា​ប់​នៅរាជធានីផង​ដែរ។ តែ​សាលារាជធានី​ នៅ​តែមិន​ទាន់​ចេញ​ផែន​ការ​មេឬក៏​ផែនការ​កូន​នៅ​ឡើយ​ទេ​ ក្នុង​ការ​រក​កន្លែង​ចំណ​ត​រថយន្ត​សាធា​រណៈ និង​ឯក​ជន​។ តើនេះ ​មក​ពីការ​ធ្វើមិន​ដឹង​មិន​ឮឬក៏​ខ្វះ​សមត្ថ​ភាព​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ?​ តែ​បើ​និយា​យពី​សួន​ច្បារ និង​ការ​រៀ​ប​​​​ការ៉ូ​ នៅ​តាម​មាត់​ទន្លេវិញ​ គឺ​ដូរ​រហូត​ ឲ្យ​តែ​មាន​អភិបាល​សាលារាជធានី​មកថ្មីចូល​កាន់​តំណែង​​គឺ​គិត​តែសង់​សួន​ច្បារ និង​ចិញ្ចើ​​ម​ផ្លូវ​ដែលអត់​ខូច​សោះ​នោះ​។


ម្យ៉ាង​វិញ​ទៀត លូ និង​ផ្លូវ​វិញ​ គ្មាន​ផែន​ការ​ច្បាស់​លាស់​ទេ ទាំងក្រ​សួង​សា​ធារណ​ការ ទាំ​ង​សាលា​រាជ​ធានី​ ធ្វើ​ដដែលៗ​ចំណោយ​ថវិកា​រាប់​លាន ធ្វើ​លូ ខូច​ថ្នល់​ ធ្វើ​ថ្នល់​ ខូច​លូ ធ្វើ​យូរៗ​ទៅ​ខូច​ទាំង​ថ្នល់ ខូច​ទាំង​លូ​​។ ដូច​ផ្លូវ​ព្រះនរោ​ត្តម ផ្លូវ​ទើប​តែចាក់​កៅ​ស៊ូ​អ៊ុត​សោះ ឥឡូវ​ចោះ​ដាក់​លូនៅ​មុខ​ក្រសួង​មហា​ផ្ទៃ​ដដែល​ទៀត​ រីឯ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​សណ្តាប់​ធ្នាប់​នៅ​គាំងបាន​ត្រឹម​តែ​គ្រោ​ង​នឹង​រៀ​ប​ចំតាក់​តែង។

សកម្ម​ភាព​នេះ​ហើយ មិន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ដែល​ទីក្រុង​ភ្នំ​ពេញ​កំពុង​តែ​ជួប​ប្រទះ​ការ​កក​ស្ទះ​ចរា​​ចរណ៍ បើ​នៅ​ប្រទេស​ថៃ ​គឺ​គ្មាន​ទេរោង​ការ និង​រោង​បុណ្យ ​តាម​ចិញ្ចើម​ថ្នល់​នោះ ​រោង​ការ និង​កម្មវិធី​ជប់​លៀង​ គឺ​ទៅ​ធ្វើ​នៅ​ហាង រីឯ​រោង​បុណ្យ​ទាន​ គឺនៅ​វត្ត​។ ប៉ុណ្ណឹ​ងហើយ​ ទីក្រុង​បាង​កក​ នៅតែ​ណែន​ស្ទះ​ពេល​ព្រឹក និង​ពេល​ល្ងាច​ដដែល នេះ​មក​ពី​ប្រជា​ជន​ជាង​ ១០ ​លាន​នា​ក់​ ទៅ​ហើយ​នៅ​ទីក្រុង​បាងកក។​​

សរុប​មក​វិញ​ ការ​ដាក់​ឱសាន​វាទ​ សង់​រោង​ការ រោង​បុណ្យ​នេះ មិន​គួរ​ចេះ​តែ​ដាក់​ឲ្យ​តែ​ល្អ​មើល​នោះទេ​ គឺ​ត្រូវ​បង្ហាញ​ប្លង់​មេ​ឲ្យ​បាន​ច្បាស់​លាស់​ថា ឲ្យ​ម្ចាស់​កម្មវិធី​ទៅ​រៀបចំ​នៅ​ទីណា​ពោល​គឺ​មិន​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជា​ពល​រដ្ឋ និង​រថ​យន្ត​ផង​នៅ​រាជធានី​ភ្នំពេញ។

អ៊ីចឹង​សាលា​រាជ​ធានី​ គួ​រ​តែ​បន្ថែម​ផែន​ការ​ឲ្យ​បាន​ជាក់​លា​ក់ និង​ដាក់​ពិន័យ​ឲ្យ​បាន​ចំពោះ​អ្នក​​រំលោភ​ លើ​សេចក្តី​ជូន​ដំណឹង ឬ​ក៏ផ្តល់​យោបល់​ ទៅ​ប្រជា​ពលរដ្ឋ​ បើ​ផ្ទះ​មាន​កម្មវិធី​ គួរ​តែ​ធ្វើ​នៅ​ហាង​ធំៗ​ សម្រាប់​កម្មវិធី​​រៀប​មង្គល​ការ​ ទាំង​ព្រឹក​ហែជំនូន និង​ពិធីជប់​លៀង ដែល​មាន​កន្លែង​ចត​ស្រាប់​ ហើ​យ​បើ​បុណ្យ​ទាន​ទៅ​វត្ត ឬបុណ្យ​សាម​គ្គី បុណ្យ​កឋិន​ទាន ​អាច​ធ្វើ​នៅ​សាលា​រៀន​បាន ដែល​អាច​ជួយ​ដោះ​ស្រាយ​ចំណត​។

តែ​រាល់​ថ្ងៃ​នេះ​ គឺយក​ទីធ្លាសា​លា​រៀន និង​មន្ទីរ​ពេទ្យ​មួយ​ចំនួ​ន​ធំ គឺចត​ទាំង​ព្រឹក​ ទាំង​ល្ងាច​ឡើង​អស់​ទីធ្លា​សម្រាប់​កុមារ​រត់​លេង​។ ម្យ៉ាង​វិញ​ទៀត​ ចំពោះ​ដំណោះ​ស្រាយ​រឿង​ចំ​ណត​នៅ​ដីបឹង​កក់ ក្រុម​ហ៊ុន​ក៏​អាច​ធ្វើវិនិ​​យោគ​សាង​សង់​ ១ ​ផ្នែក​សម្រា​ប់​​ចំណត​ឯក​ជន​ទាំង​ក្រោម​ដី និង​លើដី​បាន​ផងដែរ៕

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com