បន្ទាប់ពីមានការឈ្វេងយល់ដឹងច្រើនពីអត្ថន័យពិតនៃថ្ងៃនៃក្តីស្រឡាញ់ទី ១៤ ខែកុម្ភៈកាន់តែទូលំទូលាយទៅ ដែលកាលពីប៉ុន្មានឆ្នាំមុនយុវវ័យនាំគ្នាបង្អើលទាញយកលេសថាជាថ្ងៃបុណ្យសង្សារ គឺសម្រាប់តែអ្នកមានស្នេហា ឬក៏អាចងាយស្រួលរកសង្សារនៅថ្ងៃនោះ ឬក៏ជាថ្ងៃដែលយុវវ័យយកហេតុផលដើម្បីនាំគ្នារួមភេទផងដែរ ជាពិសេសឲ្យតែដល់ថ្ងៃហ្នឹង គឺបន្ទប់ជួលតាមផ្ទះសំណាក់តែងពេញអស់។
ក៏ប៉ុន្តែឥឡូវនេះឲ្យតែដល់ថ្ងៃទី ១៤ កុម្ភៈ មិនថា យុវជនទេ សូម្បីកុមារ មនុស្សវ័យចំណាស់ក៏បានបង្ហាញក្តីស្រឡាញ់ជាទូទៅ ដោយលែងចាត់ទុកជាថ្ងៃសម្រាប់យុវវ័យស្នេហាគ្នាទៀតហើយ។ រីឯការបង្ហាញក្តីស្រឡាញ់របស់យុវវ័យក៏មានលក្ខណៈផ្លាស់ប្តូរទិសដៅការកម្សាន្តតាមបែបរ៉ូមែនទិក ឬក៏ការកម្សាន្តលក្ខណៈជាក្រុមៗ ដូចជាការទៅទស្សនាខ្សែភាពយន្ត ការទៅផ្សារទំនើប ការទៅញ៉ាំកាហ្វេជជែកគ្នាលេងសំខាន់គឺកន្លែងបើកទូលាយជាជាងទៅរកតែកន្លែងកូនខ្ទមស្ងាត់ៗតែ ២ នាក់ ឬក៏ទៅរកផ្ទះសំណាក់ ឬក៏សណ្ឋាគារដូចកាលពីមុន។ នេះបើផ្អែកតាមការសិក្សាស្រាវជ្រាវទាំងបរិមាណវិស័យ ទាំងគុណភាពវិស័យ និងការសង្កេតតាមដានឥរិយាបថផ្លូវភេទរបស់យុវវ័យនៅថ្ងៃនៃក្តីស្រឡាញ់ (ពីមុនហៅថា ថ្ងៃបុណ្យសង្សារ) ដែលខ្ញុំបានធ្វើកិច្ចការនេះផ្ទាល់តាំងពីឆ្នាំ ២០០៨ ឆ្នាំ ២០០៩ ឆ្នាំ ២០១៤ និងឆ្នាំ ២០១៩ កន្លងទៅនេះ។
ម្យ៉ាងវិញទៀតដោយមានការចូលរួមធ្វើអន្តរាគមន៍តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកនៅទិវាសិទ្ធិនារីឆ្នាំ ២០១០ បន្ទាប់បានអានរបាយការណ៍ស្រាវជ្រាវអំពីឥរិយាបថយុវវ័យ និងទំនាក់ទំនងផ្លូវភេទនៅថ្ងៃបុណ្យសង្សារឆ្នាំ ២០០៨ និងឆ្នាំ ២០០៩។ លោកបានមានប្រតិកម្មថា វាមិនគប្បីទាល់តែសោះដែលយុវវ័យប្រគល់ខ្លួនប្រាណឲ្យគ្នានៅថ្ងៃបុណ្យសង្សារដែលមិនមែនជាវប្បធម៌ និងប្រពៃណីខ្មែរនោះ។
ប៉ុន្តែលោកបានលើកទឹកចិត្តឲ្យប្រែក្លាយថ្ងៃបុណ្យសង្សារនេះឲ្យទៅជាថ្ងៃនៃក្តីស្រឡាញ់បងប្អូន ឪពុកម្តាយ យាយតាចៅដោយយកថ្ងៃនេះទៅបរិច្ចាគថវិកាដល់អ្នកក្រ ចាស់ជរា និងអ្នកពិការជាដើម។ ជាមួយនេះដែរក្រសួងអប់រំ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ អាជ្ញាធរដែនដី និងសារព័ត៌មាននានាបានចូលរួមយ៉ាងសស្រោកសស្រាំ ដើម្បីលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទយេនឌ័រ និងអត្ថន័យថ្ងៃនៃក្តីស្រឡាញ់ដល់យុវវ័យឲ្យយល់ដឹងកាន់តែច្បាស់ដើម្បីកុំឲ្យភ្លើតភ្លើនទៀត។
ប៉ុន្តែអ្វីដែលកាន់តែចម្លែក និងធ្វើឲ្យមានការភ្ញាក់ផ្អើលក្រៅពីក្តីស្រឡាញ់ ឪពុកម្តាយ កូនចៅ ចំពោះលោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យទៀតនោះគឺការបរិច្ចាគជាថវិកាមកមន្ទីរពេទ្យគន្ធបុប្ផា ការយកអំណោយទៅជូនអ្នកក្រីក្រ ជនពិការ ជនងាយរងគ្រោះជាដើម។ មួយវិញទៀតនៅឆ្នាំនេះដែរ មន្ត្រីក្រសួងបរិស្ថានចំនួន ៥០០ នាក់បានរៀបចំបោះតង់នៅព្រៃឡង់ដើម្បីសម្តែងនូវក្តីស្រឡាញ់ដល់ព្រៃឈើ និងជីវចម្រុះដែលកំពុងរស់រានមានជីវិតនៅទីនោះ។
រីឯមជ្ឈមណ្ឌលជាតិផ្តល់ឈាមវិញចាប់តាំងពីឆ្នាំ ២០១៤ មកទល់ឆ្នាំនេះ បានធ្វើយុទ្ធនាការលើកកម្ពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្តក្នុងអំឡុងថ្ងៃនៃក្តីស្រឡាញ់ក្រោមប្រធានបទ៖ «១៤ កុម្ភៈផ្តល់ឈាមផ្ដល់ក្តីស្រឡាញ់» ទៅតាមគោលដៅដែលបានកំណត់ទីតាំងផ្សេងគ្នានៅតាមសាកលវិទ្យាល័យ សាលាទាហាន ក្រុមយុវជន ក្រុមហ៊ុនឯកជន មន្ទីរពេទ្យ និងស្ថាប័នរដ្ឋជាដើម។ តាមរយៈទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមគឺសកម្មភាពបរិច្ចាគឈាមនៅថ្ងៃនៃក្តីស្រឡាញ់ខែកុម្ភៈឆ្នាំ ២០១៤ មានអ្នកមកបរិច្ចាគឈាមតែ ៣៤២ នាក់ទេ តែរហូតមកដល់ឆ្នាំ ២០១៩ ចំនួនកើនឡើងទ្វេដងដល់ទៅ ៧៨១ នាក់។ សម្រាប់ឆ្នាំ ២០២០ នេះគឺមានអ្នកបរិច្ចាគឈាមក្នុងថ្ងៃនៃក្តីស្រឡាញ់នេះដល់ចំនួន ១ ៣៨៦ នាក់ ដែលជាការហក់ឡើងជិត ២ ដងបើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៩។
ទិន្នន័យនេះគឺគិតតែសកម្មភាពនៅរាជធានីភ្នំពេញទេ តែក៏នៅមានការចូលរួមបរិច្ចាគឈាមបែបនេះនៅតាមមន្ទីរពេទ្យនៃបណ្តាខេត្តខ្លះក្នុងថ្ងៃនៃក្តីស្រឡាញ់នេះផងដែរ។ សម្រាប់អ្នកដែលយល់ច្បាស់អំពីថ្ងៃនៃក្តីស្រឡាញ់ និងអំពីការបរិច្ចាគឈាមគឺពួកគេមិនរាថយនោះទេ ព្រោះមិនប៉ះពាល់ដល់សុខភាពនោះទេ មានន័យថា បន្ទាប់ពីបូមឈាមចេញ ជាលិកាឈាមក្រហមនឹងបង្កើតឡើងមកវិញដូចធម្មតាទេ។ មិនមែនដូចដងទឹក ១ ផ្តិលចេញពីធុងមិនបានទឹក ១ ផ្តិលមកវិញដាក់ធុងនោះទេ។
ជាងនេះទៅទៀតសម្រាប់អ្នកដែលនិយមផ្តល់ឈាមបានសម្តែងការពេញចិត្តចំពោះការផ្តល់នៃក្តីស្រឡាញ់ដោយការបរិច្ចាគឈាមនៅថ្ងៃទី ១៤ ខែកុម្ភៈនេះតាមរយៈគណនីហ្វេសប៊ុកឈ្មោះ «Long Viseth» បានសរសេរថា៖ «ថ្ងៃនេះសូមផ្តល់ក្តីស្រឡាញ់ដល់ទាំងអស់គ្នា។ ខ្ញុំសប្បាយចិត្តដែលបានឃើញយុវជនមានការផ្តល់ក្តីស្រឡាញ់ដោយការបរិច្ចាគឈាមដើម្បីទាំងអស់គ្នាសូមសរសើរដោយអស់ពីចិត្ត»។
រឿងផ្តល់ឈាមនេះជាទូទៅប្រសិនបើមិនត្រូវការចាំបាច់បំផុតទេ មនុស្សទូទៅហាក់មិនសូវយកចិត្តទុកដាក់បរិច្ចាគឈាមនេះទេ បើទោះបីជាអ្នកមានសុខភាពល្អក៏ដោយ។ តែនៅពេលប៉ះខ្លួនឯង ឬក៏សមាជិកក្រុមគ្រួសារណាម្នាក់មានបញ្ហាត្រូវការឈាមទើបនាំគ្នារត់ខ្វែងដៃខ្វែងជើងរកទិញផង និងប្រវេប្រវាអំពាវនាវឲ្យគេជួយផ្តល់ឈាមផង។ ពេលនោះហើយទើបបានដឹងថា ឈាមពិតជាមានសារៈសំខាន់សម្រាប់ជួយមនុស្សដើម្បីរស់។ នេះមកពីមានការខ្វះខាតឈ្វេងយល់ដឹងអំពីសារៈប្រយោជន៍នៃការផ្តល់ឈាមនេះ បើទោះបីជាមជ្ឈមណ្ឌលជាតិផ្តល់ឈាមខិតខំលើកកម្ពស់ការចូលរួមចំណែកផ្តល់ឈាមដើម្បីសង្គ្រោះមនុស្សជាតិដោយមិនប៉ះពាល់ដល់សុខភាពលោកអ្នកក៏ដោយក៏ម្នាក់ៗ គិតតែពីអត្មានិយមនៅតែមានការភ័យខ្លាចខ្វះឈាម។ រៀងរាល់ឆ្នាំមជ្ឈមណ្ឌលតែងតែលើកឡើងពីការខ្វះខាតឈាមសម្រាប់ផ្តល់អ្នកជំងឺដែលត្រូវការចាំបាច់ដើម្បីសង្គ្រោះជីវិតប្រចាំថ្ងៃ។
ហេតុដូច្នេះហើយរាជរដ្ឋាភិបាលគួរតែបង្កើនការលើកទឹកចិត្តជាបុគ្គលក្តី ជាអង្គភាពក្តី ជាស្ថាប័នរដ្ឋក្តី ស្ថាប័នឯកជនឲ្យចូលរួមចំណែកបរិច្ចាគឈាមឲ្យបង្ហាញក្តីស្រឡាញ់ដល់មនុស្សគ្រប់ៗរូបទូទៅ។ រីឯមជ្ឈមណ្ឌលជាតិផ្តល់ឈាមគួរតែបង្កើតគេហទំព័រផ្ទាល់ខ្លួន ដើម្បីបង្ហាញតម្លាភាព និងគណនេយ្យភាពចំពោះអ្នកផ្តល់ឈាមផងដែរតាមរយៈការបង្ហាញរបាយការណ៍វឌ្ឍនភាពត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីឲ្យដឹងថា តើការផ្តល់ឈាមបានកើនឡើង ឬក៏ថយចុះប៉ុនណា ឬក៏ការយកឈាមដែលបានផ្តល់ទៅជួយសង្គ្រោះដល់អ្នកណាខ្លះ? ឧទាហរណ៍ដូចមន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនតាំងពីអ្នកជំងឺចូល អ្នកជំងឺជា អ្នកជំងឺស្លាប់តាមខែតាមឆ្នាំ និងទាំងថវិកាទទួលបាន និងចំណាយសម្រាប់សេវាមន្ទីរពេទ្យរបស់ខ្លួនបានយ៉ាងល្អ (https://www.beat-richner.ch/about-kantha-bopha )៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com