ការ​កើន​ឡើង​នូវ​ហា​និភ័យ និង​ភាព​មិន​ប្រាកដ​ប្រជា ធ្វើឱ្យ​ការ​សិក្សា ការស្វែង​យល់ និង​ការ​អនុវត្ត​សក​ម្មភាព​រួម​គ្នា កាន់​តែ​មាន​សារៈ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់ ចំពោះ​ការ​បង្កើ​ន​ភាព​ធន់​ក្នុង​តំបន់​ទន្លេ​មេ​គង្គ ដើម្បី​អនាគត​របស់​យើង​ទាំង​អស់​គ្នា។

បច្ចុ​ប្ប​ន្ន​នេះ យើង​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ ​កំពុង​ជួប​ប្រទះ​នឹងហា​និភ័យ និង​បញ្ហា​ប្រឈម​នានា​ដែល​ពុំ​ធ្លាប់​មាន​កន្លង​មក​។ អាកាស​ធាតុ​កាន់​តែ​អាក្រក់​ជាង​មុន ដូ​ច​ជា​គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ​ និង​គ្រោះ​រាំង​ស្ងួត កំពុង​ធ្វើ​ឱ្យ​តំបន់​អាង​ទន្លេ​ដែល​យើង​ធ្លាប់​ស្គាល់​ពីមុន​ មាន​ការ​ប្រែប្រួល។


តំបន់​របស់​យើងត្រូវ​បាន​ចាត់​ទុក​ថា​ជា​តំបន់​មួយ​​ដែល​ងាយរង​គ្រោះ​ជាង​គេ​ ក្នុង​ពិភពលោក ព្រោះ​តែ​ផល​ប៉ះ​ពាល់​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ​យើង​នៅ​តែ​មិន​ទាន់​ដឹង​ពី​កម្រិត​នៃផ​ល​​ប៉ះ​ពាល់​នេះ មក​លើ​តំបន់​អាង​ទន្លេ និង​ប្រព័ន្ធ​ទន្លេ​មេគង្គ​នៅ​ឡើយ។


ទន្ទឹម​នឹង​នេះ​ដែរ យើង​ក៏ប្រឈ​ម​នឹងភាព​ទ្វេ​គ្រោះរវាង​កំណើន​នៃការអភិវឌ្ឍ​ក្នុង​វិស័យ​ថា​មពល ដឹក​ជញ្ជូន និង​កសិ​កម្ម និង​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដែល​បង្ក​ឡើង​លើ​បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។


ផល​ចាប់​ត្រី​កំពុង​មាន​​ការ​ប្រែប្រួ​ល ហើយ​គេរំពឹង​ថា​ វា​នឹង​មាន​ការ​ថយ​ចុះ​។ ចរាចរណ៍​ដី​ល្បាប់​ទៅ​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម ក៏មាន​ការ​ថយ​ចុះ និង​បង្កការ​គំរាម​កំហែង​ដល់​ទិន្នផល​កសិកម្ម​។ ជីវចម្រុះ ក៏​កំពុង​ទទទួល​រង​សម្ពាធ​។ ឆ្នាំ​មុន​នេះ តំបន់​មេគង្គ​បាន​ជួប​ប្រទះ​នឹង​គ្រោះមហន្តរាយ​ដែល​មិន​ធ្លាប់​កើត​មាន នៅ​ពេល​ដែល​ទំនប់​ធំមួយ​នៅ​ក្នុង​ប្រទេស​ឡាវ បាន​បាក់។


យើង​មិន​ដែល​ជួប​ប្រទះ​នឹង​ស្ថាន​ភាព​ដ៏សែន​ស្មុគ​ស្មាញនិង​មិន​ប្រាក​ដ​ប្រជា​បែប​នេះ​ឡើយ ហើយ​ភាព​ចាំបាច់ដើម្បី​ធ្វើការ​រួម​គ្នារិះ​រក​វិធីកាត់​បន្ថ​យ​ហានិ​ភ័យ​ចែក​រំលែក​ផល​ប្រយោជន៍​ និង​បង្កើន​ភាព​ធន់ ក៏​មិន​ដែល​ធំ​ធេង​និង​ចាំបាច់​ដូច​ពេល​នេះ​ដែរ។


ដូច្នេះ​ហើយ បាន​ជា​ក្នុង​អំឡុង​នៃ​ការ​កាន់​តំណែង​របស់​ខ្ញុំ​ ក្នុង​លេខាធិការ​ដ្ឋាន​នៃ​គណៈ​កម្មកា​រ​ទន្លេ​មេ​គង្គ (ហៅ​កាត់​ថា MRC Secretariat) ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ ដើម្បី​ពង្រឹង​មូល​ដ្ឋាន​គ្រឹះនៃ​ស្ថាប័ន​នេះ បន្ត​ផ្តល់​ចំណេះ​ដឹង​ ដែល​មាន​មូល​ដ្ឋាន​លើ​វិទ្យា​សាស្រ្ត​ឱ្យ​បាន​ទាន់​ពេល​វេលា​និង​លើក​ស្នើ​នូវ​ដំណោះ ស្រាយ​ប្រកប​ដោយ​និរន្ត​រភាព ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទស្សនៈ​និង​គុណ​តម្លៃ​ផ្សេងៗ​គ្នា។

តាម​រយៈ​ការ​ធ្វើ​បែប​នេះ MRC នឹង​នៅ​តែ​បន្តជា​វេទិ​​​កាការ​ទូត​ផ្នែក​ទឹក​តែមួយ​គត់ សម្រាប់​តំបន់​អាង​ទន្លេ​មេគង្គ និង​ជាវេទិកា​សម្រាប់​ធ្វើ​ការ​ពិភា​ក្សា​សម្រប​សម្រួ​ល ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​នេះ។

បង្កើន​ចំណេះ​ដឹង​អំពី​តំបន់​អាង​ទន្លេ​មេគង្គ​របស់​យើង​ដែល​បន្ត​មាន​ការ​ប្រែ​ប្រួលមាន​តែតាម​រយៈ​ការ​ស្វែង​យល់​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​នៅ​តំបន់​អាង​ទន្លេ​មេគង្គ បម្រែ​បម្រួល​របស់​វា​ដែល​បាន​កើត​មាន​ឡើង និង​កត្តា​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​តែ​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​យើង​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា​ប្រឈម​ ដែល​យើង​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត។

របាយ​ការណ៍​របស់ MR​C​ ស្តីពី​ស្ថានភាព​តំបន់​អាង​ទន្លេ​ ដែល​យើង​នឹង​ចេ​ញផ្សាយ​នៅក្នុង​ឆ្នាំ​នេះ នឹង​បង្ហាញ​ប្រាប់​យើង​លម្អិត​បំផុត​ពី​ស្ថាន​ភាព​ចុង​ក្រោយ ​អំពី​និន្នា​ការ​សេដ្ឋ​កិច្ច​សង្គម​ បរិស្ថាន ការ​ប្រែ​ប្រួល​អាកាសធាតុ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំប​ន់​អាង​ទន្លេ​មេគង្គ​នាពេល​បច្ចុប្បន្ន​នេះ។

ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ ធ្វើឡើង​ក្រោយ​ពេល​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​របស់​យើង​ដែល​ទើប​តែ​​បញ្ចប់​កាល​ពី​ពេលថ្មីៗ​នេះ​។ ការ​សិក្សា​នេះបង្ហាញ​ឱ្យ​ឃើញ​ពីផល​ប៉ះពាល់​ដែល​អាចកើត​ចេញ​ពីការ​អភិវ​ឌ្ឍ​​វិស័យ​ធន​ធាន​ទឹកនិង​វិស័យ​ដែល​ពាក់ព័ន្ធ​នានា និង​បង្ហាញ​ពី​ឱកាស ដើម្បី​វិនិយោគ​ឱ្យ​កាន់​តែ​ឆ្លាត​វៃ ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​នាពេល​បច្ចុប្បន្ន និង​ឆ្នាំ​ខាង​មុខៗ​ទៀត។

ដើម្បី​ឱ្យ​យើង​អាច​បន្ត​ពិនិត្យ​តាម​ដាន និង​ចែក​រំលែក​ព័ត៌មាន​អំពីហា​និភ័យ និង​ការ​ផ្លាស់​ប្តូរ​ថ្មីៗ MRC ក៏​បាន​ចាត់​វិធាន​ការដើម្បី​ពង្រឹង​បណ្តា​ញ​ពិនិត្យ​តាម​ដាន និង​ប្រព័ន្ធ​ព្យា​ករណ៍​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​សម្រាប់​តំបន់​អាង​ទន្លេ​ទាំង​មូល​ផងដែរ។

ក្នុង​រយៈ​ពេល​ពី​របី​ឆ្នាំ​ខាង​មុខ​នេះ ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​លើក​ស្ទួយ​ឱ្យ​កាន់​តែប្រ​សើរ​ជាង​មុន ដល់​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​របស់​ប្រទេស​ជា​សមាជិកក្នុង​ការ​​គ្រប់​គ្រង​ធន​ធាន​ទឹក​ក្នុង​តំបន់​អាង​ទន្លេ ជាផ្នែក​មួយ​ នៃ​កិច្ច​ព្រម​ព្រៀង​មេគង្គ​ក្នុង​ឆ្នាំ ១៩៩៥ និង​នីតិវិធី​ទាំង​ ៥ នៃ​កិច្ច​ព្រម​ព្រៀង​នេះ។

សកម្មភាព​នេះ ក៏នឹង​ត្រូវ​ពង្រឹង​បន្ថែម តាម​រយៈ​កម្មវិ​ធីពិ​និត្យ​តាម​ដាន​បរិស្ថាន​រួម​គ្នា ដែល​កំពុង​ឋិត​នៅ​ក្នុង​ដំណាក់​កាល​រៀបចំ​ផែន​ការ ដោយ​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​ជា​សមាជិក​ MRC អា​ច​​ពិនិត្យ​តាម​ដាននិង​រាយ​ការ​ណ៍ផ​​​ល​​​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន ដែល​បង្ក​ឡើង​ដោយ​សារ​គម្រោង​ទំបន់​វារី​អគ្គិសនី​ដែល​ឋិត​នៅ​តាម​ដង​ទន្លេ​មេនៃ​ទន្លេ​មេគង្គ។

កម្មវិធី​នេះ នឹង​ត្រូវ​អនុវត្ត​សាក​ល្បង​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​តំប​ន់​ដែល​មាន​ស្រាប់​ដូចជា ទំនប់​សាយ៉ា​ប៊ូរី​ និង​ដន​សាហុងជា​ដើម ដើម្បី​ជួយ​ឱ្យ​ប្រទេស​ជា​សមា​ជិក អាច​ធ្វើ​ការ​ឆ្លើយ​​តប​នៅ​ពេល​ដែល​ផល​ប៉ះពាល់​អវិជ្ជមាន​ត្រូវ​បាន​រក​ឃើញ។

ក្រោយ​ពេល​ដែល MRC​ ផ្តល់​ជា​អនុ​សាសន៍​ក្នុង​អំឡុង​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន គម្រោង​សាយ៉ា​ប៊ូរី​និង​ដន​សា​ហុង បាន​ខិតខំ​ធ្វើ​ការ​កែ​លម្អ​ជា​ច្រើន​ក្នុង​ការ​សាង​សង់​គម្រោង​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​តួអង្គ​ពាក់​ព័ន្ធ​ជុំវិញ​បញ្ហា​ធនធាន​ជល​ផល​ និង​ដី​ល្បាប់។

ប៉ុន្តែដោយ​សារ​តែ​ភាព​មិន​ប្រាកដប្រជា​ជា​ច្រើន ជុំវិ​ញ​ប្រសិទ្ធ​ភាព​នៃ​វិធាន​ការ​កាត់​បន្ថយ​ហានិ​ភ័យ នាំឱ្យ​ការ​ពិនិត្យ​តាម​ដាន​រួម​គ្នា និង​ការ​គ្រប់គ្រង​តាម​បែប​សម្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែងមាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង។

កិច្ច​សហ​ការ​ដើម្បី​ពង្រឹង​ភាព​ធន់ទោះជា​យ៉ាង​ណា ការ​ស្វែង​រក​ចំណេះ​ដឹង​អំពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន និង​នាពេល​អនា​គតគឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​​។ រាល់​តួអង្គ​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ ត្រូវ​សហការ​គ្នា និង​ធ្វើការ​សម្រេច​ចិត្ត​ផ្អែក​តាម​ព័ត៌មាន​ត្រឹម​ត្រូវ ទើប​អាច​បង្កើន​ប្រយោជន៍​ឱ្យ​បាន​ច្រើន​បំផុត និង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​ដែល​បង្ក​ឡើង​ពី​ការ​អភិវឌ្ឍ។

ជា​ជំហាន​ដំបូ​ង MRC​ នឹង​បន្ត​ខិត​ខំ​កែ​លម្អ​ការ​គ្រប់​​គ្រង​ទិន្ន​ន័យ និង​ព័ត៌​​មាន​របស់​ខ្លួន ដើ​ម្បី​ផ្ទៀង​ផ្ទាត់ និង​ចែក​រំលែក​ព័ត៌​មាន និង​ចំណេះ​ដឹង​នានា​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយនិង​ឆាប់​រហ័ស​បន្ថែម​ទៀត។

យើង​ក៏កំពុង​បង្កើន​កិច្ច​ខិត​ខំប្រឹងប្រែងដើម្បី​ឱ្យ​តំណាង​រដ្ឋាភិបាលតួអ​ង្គ​ក្នុង​វិស័យ​ឯក​ជន ដៃគូ​អភិ​វឌ្ឍន៍ អ្នកសិក្សា​ស្រាវ​ជ្រាវ អង្គការ​មិន​មែន​រដ្ឋា​​ភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ អាច​ជួប​ប្រជុំគ្នា​ជា​ប្រចាំ ដើម្បី​ធ្វើ​ការ​ពិភា​ក្សា​ដោយ​ចំហ ក្នុង​លក្ខណៈ​ស្ថាប​នា អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផងដែរ។​

ដូច​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​វេទិកា​ជាមួយ​តួអ​ង្គពា​ក់ព័ន្ធ​នៅថ្នាក់​តំបន់​ដែល​យើង​រៀប​ចំ​ចុង​ក្រោយ​បង្អស់ ស្តីពី​សំណើ​គម្រោង​វារីអគ្គិស​នីបាក់​ឡាយ​គំនិត​យោបល់​ដែល​ផ្តល់​ដោយ​តួអង្គ​ពាក់ព័ន្ធ​នានា​មាន​សារៈ​សំខាន់​បំផុត ហើយ​ត្រូវ​បាន​យក​ទៅ​បញ្ចូល​ក្នុង​ដំណើរ​ការ​ពិគ្រោះ​យោបល់ និង​ដំណើរ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។

ចុង​ក្រោយការ​ឆ្លើយ​តប​ប្រកប​ដោ​យ​ប្រសិទ្ធ​ភាព​ចំពោះ​ការ​ផ្លាស់​ប្តូរ និង​ហានិភ័យ​នា​នាក្នុង​តំបន់​អាង​ទន្លេ ទាមទារ​ឱ្យ​មាន​ការ​ពង្រីក​កិច្ច​សហការ​គ្នា​រវាង​ប្រទេស​ជា​សមាជិក​របស់​ MRC និង​បណ្តា​ប្រទេស​ដទៃ​ទៀត ជាពិសេស​ជាមួយ​នឹង​ប្រទេស​ចិនដែ​ល​ជា​ប្រទេស​ជិត​ខាង​នៅ​ខ្សែ​ទឹក​ខាង​លើ​របស់​យើង។

ខ្ញុំ​គ្រោង​នឹង​ធ្វើ​ទស្ស​នកិច្ច​ទៅ​កាន់​ប្រទេស​ ចិន​ ក្នុង​ខែ មិថុនា ឆ្នាំ​នេះ ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិ​បត្តិកា​រ​ដែល​កំពុង​មាន​នាពេល​បច្ចុប្បន្ន​របស់​យើង​បន្ថែម​ទៀត​។ ខ្ញុំ​គ្រោង​នឹង​ធ្វើ​ការ​ពិភាក្សា​ពី​ឱកាស​សហ​​ការ​ជាមួយ​នឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេ​គង្គ​ឡាន​ឆាង​ ការ​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់​របស់​ក្រុមប្រឹក្សា MRC ដែល​មាន​សមាស​ភាព​ជារដ្ឋ​មន្ត្រី និង​គ្រោង​ជំរុ​ញ​ឱ្យ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ឱ្យបាន​រឹត​តែ​ប្រសើរ​បន្ថែម​ទៀត។

ការ​ត្រៀម​ខ្លួន​សម្រាប់​ភាព​មិន​ប្រាក​​ដ​​ប្រជា​នាពេល​អនាគតខណៈ​ពេល​ដែល MRC គឺជា​ស្ថាប័ន​ដែល​រឹង​មាំ និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អង្គការ​អាង​ទន្លេ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​សន្ធិ​សញ្ញា​អន្តរ​ជាតិ និង​ជា​វេទិកា​ការ​ទូត​ផ្នែក​ទឹក​ដ៏ចម្បង​មួយ​ ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ យើង​នៅតែ​មាន​ឱកាស​ជំរុញ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​តំបន់​អាង​ទន្លេ​ទាំង​មូល ​ឱ្យ​រឹត​តែ​ប្រសើរ​បន្ថែម​ទៀត។

អាទិភាព​របស់​ខ្ញុំ គឺ​ត្រូវ​បន្ត​ផ្តល់​ឱ្យលេ​ខា​ធិការ​ដ្ឋាន​របស់​ MRC នូវ​ជំនាញ​សម្រប​សម្រួល​ដែល​ចាំបាច់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​វិស័យ​ពាក់​ព័ន្ធនិង​ក្រុមនា​នា ដែល​មាន​ទស្សនៈ​យល់​ឃើញ និង​ផល​ប្រយោ​ជន៍ ដែល​មាន​លក្ខណៈ​ប្រទាំង​ប្រទើស​គ្នា។

ជាមួយ​នឹង​ការ​សុំ​អភ័យ​ទោស​ចំពោះ​លោក John Allen Paulos ដែល​ជា​សាស្រ្តា​ចារ្យ​គណិត​វិទ្យា​ជនជាតិ​អាមេ​រិក ប្រសិន​បើភាព​មិន​ប្រាកដ​ប្រជា​គឺជាភាព​ប្រាក​​ដ​ប្រជា​តែមួយ​គត់​នោះ នោះ​សន្តិសុខ​របស់​យើង គឺពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​លើ​ភាព​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អរ​បស់​យើង​ ដើម្បី​ធ្វើការ​សម្រប​ខ្លួន។

MRC នៅ​តែ​បន្ត​ប្តេជ្ញា​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​នេះ​ មាន​ជីវភាព​រស់នៅ​ប្រកប​ដោយស​​ម​​ធម៌ និង​ភាព​ធន់ ខណៈ​ដែល​យើង​នៅតែ​ខិត​ខំ​លើក​កម្ពស់ និង​រក្សា​ឱ្យ​បាន​នូវ​ភាគ​ផល​នៃ​ការ​អភិវឌ្ឍ។

ខ្ញុំប្តេជ្ញា​យ៉ាង​ពេញ​លេញ គោរពទៅ​តាម​បាវ​ចនា​របស់​ MRC នោះ​គឺ “បំពេញ​ទៅតាម​តម្រូវ​ការ រក្សា​ឱ្យ​បាន​នូវ​តុល្យ​ភាព” ដើម្បី​សម្រេច​ឱ្យបាន​នូវ​សន្តិ​សុខ​សង្គមការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ដើម្បី​សម្រេច​គោល​ដៅ​នេះ ខ្ញុំ​សូម​ឱ្យ​មាន​ការ​បន្ត​ចូល​រួម ពី​គ្រប់​តួអ​ង្គ​ពាក់​ព័ន្ធ​ទាំង​អស់ និង​ស្នើឱ្យ​មាន​ការ​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​តួអង្គ​ពាក់​ព័ន្ធ​ទាំង​នេះ។​ មាន​តែ​ធ្វើដូច​ច្នេះទេ​ ទើប​យើង​ទាំង​អស់​គ្នា អាច​ធានា​នូវ​អនាគត​ប្រកប​ដោយ​ភាព​ធន់​សម្រាប់​តំបន់​អាង​ទន្លេ​មេគ​ង្គ និង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​អាង​ទន្លេ​នេះ៕

ដោយ អាន ពេជ្រ​ហត្ថដា​នាយក​ប្រតិ​បត្តិ​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ​។ លោក គឺជា​នាយក​ប្រតិបត្តិ​ជន​ជាតិ​កម្ពុជា​ដំបូង ក៏ដូច​ជា​នាយក​ប្រតិបត្តិ​ទី២ មក​ពី​ប្រទេស​ជាប់​ទន្លេ​មេគង្គ​។​