បញ្ជូន​ក្រុម​ជន​សង័្សយ​វាយ​និង​ដក​កាំភ្លើង​មន្ត្រី​ប៉ូលិស​ទៅ​តុលាការ


បាត់ដំបងៈ មន្ត្រី​ប៉ូលិស ខេត្ត​បាត់ដំបង បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ដែល​ជា​ព្រូ​និង​អ្នក​បើក​ឡាន​ឲ្យ​ក្រុមហ៊ុន រិទ្ធី មុនី ៥​នាក់ ដែល​បាន​ព្រួត​គ្នា​វាយ​ក្នុង​បរិវេណ​បេន​រថយន្ត​ក្រុង ខេត្ត បណ្តាល​ឲ្យ​នគរបាល​របួស​ធ្ងន់​ស្រាល ៥ នាក់​រួច​ដណ្តើម​យក​បាត់​កាំភ្លើង​ខ្លី ១ ដើម​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ។

លោក ជេត វណ្ណនី ស្នងការ​រង ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​វាយ​ក្រុម​សមត្ថកិច្ច​ពេល​ចុះ​បេសកកម្ម​បណ្តាល​ឲ្យ​បែក​ក្បាល​ធ្ងន់ ២​នាក់ ត្រូវ​បាន​កសាង​សំណុំ​រឿង​រួច​ហើយ​បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើប​សួរ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ជន​សង្ស័យ​វាយ​ក្រុម​សមត្ថកិច្ច​ខ្ញុំ​ដោយ​ចេតនា​ទោះ​ជា​កូន​ចៅ​ខ្ញុំ​ប្រាប់​និង​បង្ហាញ​កាត​ឲ្យ​មើល​ក៏​ដោយ​សមត្ថកិច្ច​យើង​នឹង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»។

លោក​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​មាន​គេ​ចោទ​ប្រកាន់​ផ្សេង​គ្នា​ខ្លះ​ថា សមត្ថកិច្ច​របស់​លោក​ទៅ​វាយ​ពួក​គេ តែ​សមត្ថកិច្ច​លោក​ចុះ​ទៅ​បំពេញ​បេសកកម្ម​ព្រោះ​មាន​បញ្ហា​នៅ​ទី​នោះ។

លោក មាន ឡាយ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មុន​ពេល​កើត​ហេតុ​នៅ​ម៉ោង​ប្រមាណ​ជាង ១១ យប់​ថ្ងៃ​ពុធ ទី១៤ ខែ​ឧសភា សមត្ថកិច្ច​របស់​លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ចាប់​ក្មេង​ក្នុង​បរិវេណ​បេន​ឡាន​ក្រុង រិទ្ធី មុនី ដែល​ស្ថិត​ក្នុង ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ក្បែរ​រង្វង់​មូល ព្រាប​ស ខេត្ត​បាត់ដំបង។

លោក​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ដោយ​ជិះ​ឡាន​មិន​អស់​នគរបាល​ម្នាក់​ស្លៀក​ពាក់​ស៊ីវិល​បាន​ជិះ​ម៉ូតូ​ទៅ​មុន​ហើយ​ចូល​ក្នុង​បេន​ឡាន​តែ​ត្រូវ​ក្រុម​ជន​សង្ស័យ​សួរ​នាំ​ពេល​នោះ​ជន​រងគ្រោះ​បាន​ប្រាប់​ថា ខ្លួន​ជា​នគរបាល​ហើយ​ព្រម​ទាំង​បាន​ដក​កាត​មក​ឲ្យ​ពួក​គេ​មើល​ទៀត​ផង​តែ​ត្រូវ​ជន​ដៃ​ដល់​ព្រួត​គ្នា​វាយ​តែ​ម្តង​ដោយ​ពុំ​បាន​ស្តាប់​ហេតុ​ផល​នោះ​ទេ។ ក្រោយ​មក​បន្តិច​សមត្ថកិច្ច​ដែល​មាន​គ្នា​ប្រហែល ៨​នាក់ បាន​ទៅ​ជួយ​ក៏​ត្រូវ​ក្រុម​ជន​សង្ស័យ​វាយ​និង​ដក​យក​កាំភ្លើង ខ្លី K-59 បាត់ ១ ដើម​ខណៈ​មាន​កម្លាំង​ប៉េអ៊ឹម​និង​ប៉ូលិស​ខេត្ត​បាន​ចុះ​ទៅ​បំបែក​ហ្វូង​ក្រុម​ជន​សង្ស័យ​និង​ឃាត់​ខ្លួន​បាន ៥ នាក់។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​បង្ក​ហិង្សា​នោះ​មាន​ឈ្មោះ យឿន ចាន់រ៉ា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ ខេត្ត​កណ្តាល ទី២- ឈ្មោះ អ៊ុក សុផល ភេទ​ប្រុស អាយុ ៥២​ឆ្នាំ នៅ ខេត្ត​កណ្តាល ទី៣- ឈ្មោះ ជា ព្រឹក្សា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ (មេការ​ជា អ្នក​បញ្ជា​ឲ្យ​ដក​កាត និង​ឲ្យ​វាយ​នគរបាល) ទី៤- ឈ្មោះ លឹម គឹមសុន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ ខេត្ត​កំពង់ស្ពឺ និង ទី៥- ឈ្មោះ ឈីវ ណូ ភេទ​ប្រុស អាយុ ២២​ឆ្នាំ របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ហួត សាគុណ ខេត្ត​បាត់ដំបង។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ឯ​នគរបាល​ត្រូវ​របួស​ធ្ងន់​ឈ្មោះ វេ គឹមចក់ អាយុ ២៩​ឆ្នាំ ឋានៈ​អនុសេនីយ៍​ទោ​និង គឹម ហុង អាយុ ២១​ឆ្នាំ ឋានៈ​អនុ​សេនីយ៍​ត្រី​ពួក​គេ​ជា​មន្រ្តី​នគរបាល​បម្រើការ​នៅ​ផ្នែក​ស្រាវជ្រាវ​និង​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង របួស​បែក​ក្បាល​ធ្ងន់​និង ៣ នាក់​ទៀត​ត្រូវ​គេ​វាយ​ទ្រម​ខ្លួន។

លោក​ថា៖ «យើង​បញ្ជា​ឲ្យ​ខាង​ក្រុមហ៊ុន​រក​ឲ្យ​ឃើញ​បក្ខពួក​ក្រុម​ជន​ដៃ​ដល់​ដែល​យក​កាំភ្លើង​ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​មិន​សហការ​យើង​នឹង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ព្រោះ​វា​កើត​ឡើង​ក្នុង​បរិវេណ​បេន​ឡាន​របស់​ក្រុមហ៊ុន»៕

ព័ត៌មានថ្មីៗ