បញ្ជូន​ប្តី​ប្រពន្ធ​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ទៅ​តុលាការ​ខេត្ត​ក្រចេះ


20140523_09
ជនសង្ស័យប្តីប្រពន្ធនិងវត្ថុតាង គ្រឿងញៀនដែលរឹបអូសបាន សហការី

ក្រចេះ: ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ២ នាក់​ប្តី​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ឃាត់​ខ្លួន​និង​រឹបអូស​បាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក ១កញ្ចប់​ធំ និង ៨ កញ្ចប់​តូច​នៅ​សណ្ឋាគារ​មួយ​ក្នុង ក្រុង​ក្រចេះ កាល​ពី​យប់​ថ្ងៃ ទី២១ ខែ​ឧសភា។

លោក​ឧត្តមសេនីយ៍ កែវ ជា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ កែវ ចាន់ណាំង អាយុ ៥៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សែន សីហា អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង សង្កាត់​អូរឫស្សី​ទី៣ ក្នុង​រាជធានី​ភ្នំពេញ។

លោក​ប្រាប់​ថា ពួក​គេ​ត្រូវ​កម្លំាង​កង​រាជ​អាវុធហត្ថ​ខេត្ត​ឆ្មក់​បង្រ្កាប​និង​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ម៉ា​ទឹកកក​ប៉ុន្តែ​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន​នោះ​ខាង​ជំនាញ​កំពុង​តែ​ធ្វើការ​ត្រួត​ពិនិត្យ។

លោក​ថា៖ «ជន​សង្ស័យ​នឹង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​បទល្មើស​នេះ។ ខ្ញុំ​មិន​ដឹង​ថា ថ្នាំ​ញៀន​ប៉ុន្មាន​ទេ តែ​មាន ១ កញ្ចប់​ធំ​និង ៨ កញ្ចប់​តូច»។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ប្រាប់​ដែរ​ថា ជន​សង្ស័យ​ទាំង ២ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​សណ្ឋាគារ ឡាក់ឡាយវើល នៅ​ក្នុង ក្រុង​ក្រចេះ។

ជន​សង្ស័យ​មិន​អាច​ទាក់ទង​សួរ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ៕

ព័ត៌មានថ្មីៗ