បញ្ជូន​យុវជន​រំលោភ​សម្លាប់​យាយ​ជី ៧៧ ឆ្នាំ​ទៅ​តុលាការ


បាត់ដំបងៈ បុរស​ញៀន​ស្រា​រំលោភ​ដូនជី​ម្នាក់​រួច​ច្របាច់​ក​សម្លាប់​នៅ វត្ត​អូរ​ស្បែក​ប្រើស ក្នុង ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំ​ព្រឹក កាលពី​យប់​ថ្ងៃ​ចន្ទ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​តុលាការ​ខេត្ត​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ជេត វណ្ណនី ស្នងការ​រង​នគរបាល ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ជនល្មើស​ដែល​សមត្ថកិច្ច ស្រុក​ភ្នំព្រឹក បញ្ជូន​មក​ពី​បទ​ចាប់​រំលោភ​សេពសន្ថវៈ​រួច​ធ្វើ​ឃាត​ដូនជី​វ័យ ៧៧​ឆ្នាំ ម្នាក់​នោះ​ត្រូវ​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោក​ថា៖ «ជន​ដៃ​ដល់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង​នឹង​ត្រូវ​តែ​មាន​ទោស​ព្រោះ​គេ​ធ្វើ​អំពើ​ឃោរឃៅ​ទៅ​លើ​ជន​រងគ្រោះ ហើយ​តុលាការ​នឹង​ចាត់​ការ​រូប​គេ​តាម​នីតិវិធី​ច្បាប់»។

លោក សុង សុភ័ក្ត្រ អធិការ​នគរបាល ស្រុក​ភ្នំព្រឹក ប្រាប់​ថា ជន​សង្ស័យ​ឈ្មោះ សាវ៉េត គឹមហាប់ អាយុ ២២​ឆ្នាំ ស្រុក​កំណើត​នៅ ភូមិ​តាគី ស្រុក​ថ្មគោល។ ឯ​ដូនជី​រងគ្រោះ​ឈ្មោះ វីនី អាយុ ៧៧​ឆ្នាំ ស្រុក​ជាមួយ​គ្នា​នឹង​ជន​ល្មើស​ដែរ​និង​បាន​មក​ស្នាក់នៅ​ក្នុង វត្ត​អូរ​ស្បែក​ប្រើស ជាមួយ​គ្នា។

លោក​អធិការ​រំឭក​ថា រវាង​ដូនជី​រងគ្រោះ​និង​ជន​សង្ស័យ​គ្មាន​ទំនាស់​អ្វី​នឹង​ពី​មុន​មក​ទេ ប៉ុន្តែ​ថ្ងៃ​កើត​ហេតុ​ជន​សង្ស័យ​ផឹក​ស្រា​ស្រវឹង​ជោក​ហើយ​នៅ​ម៉ោង​ជាង ៩ យប់​គេ​ក៏​ចូល​ទៅ​ក្នុង​ខ្ទម​ដូនជី​ដែល​ស្នាក់នៅ​តែ​ម្នាក់​ឯង​រួច​ចាប់​បង្ខំ​គាត់​រំលោភ​រហូត​បាន​សម្រេច។ ប៉ុន្តែ​សម្រែក​ឲ្យ​គេ​ជួយ​របស់​ដូនជី ធ្វើ​ឲ្យ​ផ្អើល​ដល់​តាជី យាយ​ជី នាំ​គ្នា​ទៅ​មើល ហើយ​ក៏​បាន​ឃើញ​ជន​សង្ស័យ​ដើរ​ចេញ​ពី​ខ្ទម​ដូនជី​រងគ្រោះ​ទៅ​ហើយ។

ក្រោយ​ពី​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​តាម​ការ​រាយការណ៍​ពី​តាជី យាយជី​ក្នុង​វត្ត ជន​សង្ស័យ​ដែល​សម្ងំ​លាក់​ខ្លួន​ក្នុង​វត្ត​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នោះ​ដែរ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ឃើញ​ជន​រងគ្រោះ​ស្លាប់​ទៅ​ហើយ ហើយ​នៅ​លើ​សាកសព​ឃើញ​មាន​ស្នាម​ជាំ​នៅ​បំពង់​ក។ តាម​នគរបាល​ជំនាញ​អះអាង​ថា ជន​សង្ស័យ​បាន​ច្របាច់​ក ជន​រងគ្រោះ​កុំ​ឲ្យ​ស្រែក​រហូត​ដាច់​ដង្ហើម​ស្លាប់​តែ​ម្តង។

តាម​ចម្លើយ​របស់​ជន​សង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា រូប​គេ​ពុំ​មាន​គំនុំ​អ្វី​ជាមួយ​ជន​រងគ្រោះ​ទេ តែ​ដោយ​សារ​ខ្លួន​ផឹក​ស្រា​ស្រវឹង​និង​ធ្លាប់​មើល​រឿង​សិច ក៏​មាន​ចំណង់​រួម​ភេទ​និង​ដោយ​ឃើញ​ខ្ទម​ជន​រងគ្រោះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង ខ្លួន​ក៏​ចូល​ទៅ​បង្ខំ​ចាប់​គាត់​រំលោភ​តែ​ម្តង​ប៉ុន្តែ​គាត់​ស្រែក ទើប​រូប​គេ​ខ្ទប់​មាត់​ច្របាច់​ក​កុំ​ឲ្យ​គាត់​ស្រែក។

លោក​អធិការ​ថ្លែង​ថា វត្ត​នេះ​នៅ​ចម្ងាយ​ពី​ថ្នល់​ជាតិ​ប្រហែល ២ គីឡូម៉ែត្រ​ហើយ​ក្នុង​វត្ត​ក៏​មាន​ដូនជី​ក្មេងៗ​ជាង​នេះ​ច្រើន​ទៀត​ផង​ដែរ ដែល​រៀន​ធម៌​ក្នុង​ទី វត្ត​អូរ​ស្បែក​ប្រើស នេះ​យូរ​ហើយ។ រីឯ​ជន​សង្ស័យ​ក៏​ដូច្នោះ​ដែរ គេ​ទើប​តែ​មក​ស្នាក់នៅ​ក្នុង​វត្ត​នេះ​បាន​ជិត ២ ខែ​ប៉ុណ្ណោះ​ក៏​បង្ក​រឿង​ឃាតកម្ម​នេះ​ឡើង៕

ព័ត៌មានថ្មីៗ