ប៉ូលិស​ខេត្ត​កំពត​កំពុង​រក​ភ័ស្តុតាង​ដាក់​បន្ទុក​ជន​សង្ស័យ​ចោរ​ប្លន់


កំពតៈ ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដែល​កាប់​ជន​រងគ្រោះ​ជា​ឪពុក​ផុង​លលាដ៍​ក្បាល​និង​វ៉ៃ កូន​ឲ្យ​របួស​ស្រាល​នៅ ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ឃាត់​ខ្លួន​ជន​សង្ស័យ ៤ នាក់​កាល​ពី​ថ្ងៃ​សៅរ៍ និង​កំពុង​សាក​សួរ​ដើម្បី​ស្រាវជ្រាវ​រក​ជន​ដៃ ដល់​ដែល​កំពុង​គេច​ខ្លួន។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​រង​នគរបាល ខេត្ត​កំពត ឲ្យ​ដឹង​ថា ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដែល​ធ្វើ​សកម្មភាព​ប្លន់ វាយ​ម្ចាស់​ផ្ទះ ២ នាក់​ឪពុក​កូន​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​កំពុង​ត្រូវ​ឃុំ​ខ្លួន​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខណៈ​មាន​គ្នីគ្នា​ខ្លះ​កំពុង​រត់​គេច​ខ្លួន។

លោក​បន្ត​ថា ជន​សង្ស័យ​ទាំង ៤​នាក់ មិន​ព្រម​សារភាព​ទេ តែ​មាន ២ នាក់​ក្នុង ៤ នាក់​នោះ​ត្រូវ​ជន​រងគ្រោះ​ចំណាំ​មុខ​បាន​ហើយ​សមត្ថកិច្ច​កំពុង​ប្រមូល​ភ័ស្តុតាង​បន្ថែម​ទៀត​ដើម្បី​ដាក់​បន្ទុក។ លោក​ប្រាប់​ថា៖ «ជន​សង្ស័យ​មិន​ទាន់​អាច​បញ្ជូន​ទៅ​តុលាការ​បាន​ព្រោះ​សមត្ថកិច្ច​កំពុង​ប្រមូល​ភ័ស្តុតាង​បន្ថែម​ដើម្បី​ដាក់​បន្ទុក​ចោទ​ប្រកាន់​ទៅ​តាម​ផ្លូវ​ច្បាប់»។

លោក​ឲ្យ​ដឹង​ដែរ​ថា ដោយ​សារ​តែ​សំណុំ​រឿង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើប​អង្កេត​ដូច្នេះ​អត្តសញ្ញាណ​ជន​សង្ស័យ​ប្រព្រឹត្ត​ល្មើស​មិន​អាច​ប្រាប់​បាន​ទេ។ ប៉ុន្តែ​លោក​ថា ជន​រងគ្រោះ​ជា​ឪពុក​ដែល​របួស​ផុង​លលាដ៍​ឈ្មោះ ហោ ប៊ុនហុង អាយុ ៥០​ឆ្នាំ​ឯ កូន​ប្រុស​របួស​ស្រាល​ឈ្មោះ ហុង ហេង អាយុ ២៥ ឆ្នាំ​ជា​អ្នក​បើក​ឡាន​ដឹក​កម្មករ​កាត់​ដេរ។

លោក​ស្នងការ​រង​ប្រាប់​ដែរ​ថា ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​កាល​ពី​យប់​ថ្ងៃ​ទី ១៥ ឧសភា នៅ​ភូមិ​-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ដ​កំពត នោះ​ជន​ល្មើស​សង្ស័យ​មាន​គ្នា ៦​នាក់ និង​ប្រើ​ប្រាស់​អាវុធ​អាកា ២ ដើម​កាំបិត​និង​ពូថៅ​ផង បាន​សម្រុក​ចូល​ក្នុង​ផ្ទះ​ប្លន់ តែ​ត្រូវ​ជន​រងគ្រោះ​តដៃ ក៏​ត្រូវ​ក្រុម​ចោរ​វ៉ៃ​បុរស​ជា​ឪពុក ២ ខ្នង​ពូថៅ ផុង​លលាដ៍​ក្បាល និង​វ៉ៃ​កូន​ប្រុស​ត្រូវ​របួស​ស្រាល​ហើយ​ប្រមូល​យក​បាន​លុយ​ខ្មែរ​ជាង ១ លាន​រៀង និង​កង​ដៃ​ប្លាទីន ៧ ជី ១ វង់​ទៀត។

លោក​បាន​បញ្ជាក់​ថា ក្រោយ​កើត​ហេតុ​ជន​រងគ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ដ​កំពត តែ​បុរស​ជា​ឪពុក​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប្រទេស​វៀតណាម។

ក្រុម​គ្រួសារ​ជន​រងគ្រោះ​មិន​អាច​ទាក់ទង​ដើម្បី​សួរ​បញ្ជាក់​ពី​ហេតុការណ៍​ចោរ​ប្លន់​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ៕

ព័ត៌មានថ្មីៗ