ក្រុងឡុងដ៍: ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ល្អ​ចំពោះ​ខ្លួនឯង​។ អ្នក​ស្រាវជ្រាវ​ក៏បាន​ណែនាំ​ថា ការផ្ដល់​ឲ្យ​ខ្លួនឯង​នូវ​ក្ដី​ស្រឡាញ់​មិន​ត្រឹមតែ​ល្អ​ដល់​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រសើរ​ដល់​ផ្លូវកាយ​ថែម​ទៀត​ផង​។

ការសិក្សា​នៅ​សាកលវិទ្យាល័យ Exeter និង Oxford បាន​តាមដាន​និស្សិត ១៣៥ នាក់​ដោយ​បែង​ចែក​ជា​ក្រុម​ស្រឡាញ់​ខ្លួនឯង និង​ក្រុម​មិនសូវ​អើពើ​នឹង​ខ្លួនឯង​។


ការស្រឡាញ់​ខ្លួនឯង​គឺជា​ការចំណាយ​ ផ្គត់ផ្គង់​តម្រូវការ​ផ្ទាល់ខ្លួន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន និង​ផ្ដល់​តម្លៃ​ឲ្យ​ខ្លួនឯង ដោយ​មិន​ខ្វាយខ្វល់​ពី​ទស្សនៈ​អ្នកដទៃ​។


វេជ្ជបណ្ឌិត Anke Karl សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​ចិត្តវិទ្យា​ដែល​ដឹកនាំ​ការសិក្សា​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការយល់​យើញ​របស់​ខ្ញុំ​គឺថា​មនុស្ស​ដែល​ងាយ​នឹង​ប្រឈម​ការបាក់​ទឹកចិត្ត​តែងតែ​រង​ឥទ្ធិពល​ពី​គំនិត​អវិជ្ជមាន និង​មាន​ការបារម្ភ​គិតគូរ​ពី​អ្នកដទៃ​ច្រើន​មិន​សូវ​ខ្វល់​ពី​ខ្លួនឯង​»​។


ក្រុម​ដែល​ស្រឡាញ់​ខ្លួនឯង និង​មិន​សូវ​ខ្វល់​ពី​អ្នកដទៃ​បាន​បង្ហាញ​សញ្ញា​នឹងនរ​ផ្នែក​អារម្មណ៍​មាន​ចង្វាក់​បេះដូង​លោត​ទាប​ថេរ និង​មិន​សូវ​បែកញើស​។ យ៉ាងណា​មិញ​សញ្ញា​ទាំងនេះ​មិន​អាច​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការស្រឡាញ់​ខ្លួនឯង និង​ស្ត្រេស​ដែល​ជា​ផ្នែក​មួយ​នៃ​ហានិភ័យ​នៃ​ជំងឺ​បាក់​ទឹកចិត្ត​នោះ​ទេ​។ ការសិក្សា​នេះ​ក៏​តាមដាន​តែ​និស្សិត​មាន​សុខភាព​ល្អ​។


ដូច្នេះ​ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​គ្រោង​នឹង​ធ្វើការ​សិក្សា​ទ្រង់ទ្រាយ​ធំ និង​ពិសោធ​តាមដាន​ឲ្យ​ទូលំទូលាយ​លើ​មនុស្ស​ច្រើន​ជាង​នេះ ដើម្បី​បញ្ជាក់​ឲ្យ​ដឹងថា តើ​ការស្រឡាញ់​ខ្លួនឯង​ពិតជា​ជួយ​ដល់​សុខភាព​ផ្លូវកាយ និង​ចិត្តខ្លាំង​កម្រិត​ណា​?