ក្រុងអេឌីនប៊ឺក : ក្រុមអ្នកវិទ្យាសាស្ដ្របាននិយាយថា ជំងឺផ្ដាសាយធម្មតាអាចត្រូវបានព្យាបាលតាមវិធីងាយៗជាមួយទឹកអំបិល។
អ្នកជំងឺដែលប្រើវិធីនេះទំនងជាត្រូវការឱសថក្រៅវេជ្ជបញ្ជាតិចតួច និងមិនសូវចម្លងដល់សមាជិកគ្រួសារដទៃ ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Edinburgh និង Lothians ផ្នែកស្រាវជ្រាវអន្ដរាគមន៍មេរោគ (ELVIS) បានតាមដានអ្នកចូលរួម ៥៤ នាក់ដែលមានរោគសញ្ញាជំងឺផ្ដាសាយ។
អ្នកប្រើវិធីបណ្ដក់ច្រមុះ និងខ្ពុរទឹកអំបិល អាការផ្ដាសាយរបស់ពួកគេឆាប់ជាសះស្បើយមុនជិត ២ ថ្ងៃដោយឈប់តឹងច្រមុះជិត ៣ ថ្ងៃមុនជាងអ្នកដែលបណ្ដែតបណ្ដោយឲ្យជំងឺផ្ដាសាយញាំញីតាមយថាកម្ម។ អាការកណ្ដាសបានជាមួយថ្ងៃកន្លះមុនព្រមទាំងក្អកជិត ២ ថ្ងៃកន្លះមុនផងដែរ។
មេរោគផ្ដាសាយបានសាយភាយតាមខ្យល់តាមរយៈការហាមាត់និយាយ និងដកដង្ហើម ហើយលទ្ធភាពដែលកើតអាចត្រូវបានវាស់វែងដោយសារ «កម្រិតបរិមាណនៃមេរោគ» លើនរណាម្នាក់។
លោកវេជ្ជបណ្ឌិត Sandeep Ramalingam អ្នកឯកទេសសិក្សាពីមេរោគដែលដឹកនាំការស្រាវជ្រាវបាននិយាយថា៖ «វាជាវិធានការដ៏សាមញ្ញបំផុតសម្រាប់នរណាម្នាក់ដែលកំពុងជួបការលំបាកនៃជំងឺផ្ដាសាយ»។
ជាទូទៅមនុស្សពេញវ័យកើតជំងឺផ្ដាសាយជាមធ្យម ៣ ដងក្នុង ១ ឆ្នាំដែលវាគ្រប់គ្រាន់ធ្វើឲ្យអារម្មណ៍មួហ្មង តែផ្ដាសាយក៏មានអានុភាពបង្កជាជំងឺផ្លូវដង្ហើម ដូចជា រោគរលាកសួតផងដែរ៕ HR