ភ្នំពេញៈ ក្លិន​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច និង​រុក្ខជាតិ​ជាច្រើន​មុខ​សាយភាយ​ពេញ​អគារ​ស្ប៉ា​ធ្វើឲ្យ​មាន​អារម្មណ៍​ថា ស្រឡះ​ខួរក្បាល​បន្ថែម​ដោយ​ស្នាមញញឹម​ដ៏រួសរាយ​ពី​បុគ្គលិក​ ស ម ថ ស្ប៉ា​។ ស្ថិត​លើ​វិថី​ ២៧៨ សង្កាត់​បឹងកេងកង ១ ម្ដុំ​វត្ត​លង្កា ហាង​ស្ប៉ា ដែល​ទើប​បើក​ដំណើរ​ការប្រមាណ​ ១ ​សប្ដាហ៍​នេះ​មាន​ការរចនា​យ៉ាងស្អាត ត្រជាក់​ភ្នែក ដើម្បី​ផ្ដល់​នូវ​ផាសុកភាព​ដល់​ភ្ញៀវ​មក​បន្ធូរ​ភាពតានតឹង​តាម​ចង្វាក់​នៃ​ចលនា​ស្ប៉ា​រហូត​ដល់​មាន​ភ្ញៀវ​ខ្លះ​លង់លក់​ដំណេក​ក្នុង​ពេល​កំពុង​ទទួល​សេវាកម្ម​ទៀត​ផង​។

លោកស្រី ហ៊ុល ស្រីស្រស់ ជា​នាយិកា​ហាង​ស្ប៉ា បាន​បរិយាយ​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​កន្លែង​បង​ប្រើ​សុទ្ធ​តែ​របស់​ធម្មជាតិ​ទាំងអស់​ព្យាយាម​មិន​ប្រើ​ជាតិ​គីមី​ទេ សូម្បី​តែ​ឈ្មោះ​ហាង​បង (​ស ម ថ ស្ប៉ា​) ក៏​បង​ដាក់​តាមរបៀប​បាលី​សំស្ក្រឹត​ដែល​ប្រែ​ថា សន្តិភាព​ផ្លូវ​ចិត្ត​ខាង​ក្នុង​ដែល​មាន​ភាពស្រស់ថ្លា​ចេញ​ពី​ខាង​ក្នុង​»​។


ទោះ​ជា​នៅ​រាជធានី​ភ្នំពេញ​មាន​កន្លែង​ស្ប៉ា និង​ម៉ាស្សា​ច្រើន​គួរសម​ក៏ដោយ ក៏​នាយិកា​វ័យ ៣៨ ​ឆ្នាំ​រូប​នេះ​នៅ​តែ​ជឿជាក់​លើ​សេវាកម្ម​របស់​ខ្លួន​ក្រោម​ហេតុផល​ថា​៖ «​ដោយសារ​តែ​បង​ជា​អ្នក​ចូលចិត្ត​ទៅ​ស្ប៉ា ហើយ​តាម​ដែល​បង​ដឹង​មិន​ទាន់​មាន​កន្លែង​ណា ដែល​មាន​លក្ខណៈ​តាម​ស្តង់ដា​មួយ​ទេ អ៊ីចឹង​បង​ក៏​សម្រេចចិត្ត​បើក​កន្លែង​មួយ​ដែល​គេ​ហៅថា លំដាប់​ផ្កាយ​​៥ ដើម្បី​ឲ្យ​ភ្ញៀវ​ទទួល​បាន​អារម្មណ៍​បែប​ថ្មី​ខុសប្លែក​ពី​កន្លែង​ដែល​ធ្លាប់​បាន​ទៅ​ស្ប៉ា​កន្លង​មក​»​។


ហេតុផល​ដែល​លោកស្រី​បាន​អះអាង​ថា​ហាង​ស្ប៉ា​របស់​ខ្លួន​ជា​លំដាប់​ផ្កាយ​ ៥ ​នោះ​គឺ​ការទទួល​ភ្ញៀវ​លក្ខណៈ​ស្តង់ដា បុគ្គលិក​មាន​ការអប់រំ​ខ្ពស់​លើ​ជំនាញ​ផ្នែក​ស្ប៉ា​ច្បាស់លាស់ ភ្ញៀវ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ទំនុកចិត្ត​មិន​ខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ​។ ចំពោះ​របស់​ប្រើប្រាស់​ទាំងអស់​ប្រើ​នៅ​ក្នុង​ពេល​ស្ប៉ា​ឲ្យ​ភ្ញៀវ នាយិកា​ហាង​ស្ប៉ា​បាន​រៀបរាប់​ថា​ដូចជា​កន្សែង​ត្រូវ​បាន​កុម្ម៉ង់​ពិសេស​។ កន្សែង​មួយ​ប្រើ​បាន​សម្រាប់​តែ​ភ្ញៀវ​ម្នាក់ ហើយ​ពេល​ដណ្តប់​ទៅ​លើ​ដងខ្លួន​ទៅ ទោះបី​ជា​ម៉ាស៊ីនត្រជាក់​យ៉ាង​ណា​ក៏​មាន​អារម្មណ៍​ថា​កក់ក្តៅ​ភ្លាមៗ​។ រីឯ​ផលិតផល​ប្រើប្រាស់​សម្រាប់​ស្ប៉ា​មាន​គុណភាព​ខ្ពស់ និង​ត្រូវបាន​ផ្សំ​ឡើង​ខ្លួនឯង​។


សេវាកម្ម​ស្ប៉ា ស ម ថ ផ្ដើម​ការទទួល​ភ្ញៀវ​ដោយ​លាង​សម្អាត​ជើង​យ៉ាង​ទន់ភ្លន់​។ផា លីណា


លោកស្រី ហ៊ុល ស្រីស្រស់ បាន​រៀបរាប់​ពី​ដំណាក់កាល​នៃ​ការផ្ដល់​ស្ប៉ា​ទៀត​ថា​៖ «​ដំបូង​ខាង​បង​ទទួល​ភ្ញៀវ​ដោយ​កន្សែង​ត្រជាក់​ជាមួយ​នឹង​ទឹក​ត្រជាក់ និង​ឲ្យ​គាត់​ជ្រើសរើស​ប្រភេទ​សេវាកម្ម​ស្ប៉ា​។ បន្ទាប់មក​ក៏​អញ្ជើញ​គាត់​ទៅ​អង្គុយ​នៅ​កន្លែង​លាង​ជើង ដើម្បី​សម្អាត​ជើង​គាត់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​អំបិល ក្រូចឆ្មារ ស្លឹក​ក្រូចសើច និង​គល់​ស្លឹកគ្រៃ​វា​ជួយ​កម្ចាត់​បាក់តេរី ព្យាបាល​ស្បែក​ក្រិន និង​មាន​ក្លិន​ធ្វើឲ្យ​ស្រឡះ​ខួរក្បាល​»​។


លោកស្រី​បាន​បន្ត​ទៀត​ថា​៖ «​នៅពេល​ដែល​ធ្វើការ​សម្អាត​ជើង​គាត់​រួច ខាង​បុគ្គលិក​ក៏​បាន​អញ្ជើញ​ភ្ញៀវ​ឡើង​ទៅ​ក្នុង​បន្ទប់​ស្ប៉ា ហើយ​ក៏​ចាប់ផ្តើម​ធ្វើ​ចលនា​ស្ប៉ា​ទៅ​តាម​ប្រភេទ​ដែល​គាត់​បាន​ជ្រើសរើស​»​។

ទម្រង់​នៃ​ការស្ប៉ា​មិន​មាន​តែ​ក្បាច់​ខ្មែរ​បុរាណ​សុទ្ធ​ទេ រួម​បញ្ចូល​ជាមួយ បាលី មូរ៉ូកូ និង​ឥណ្ឌា​ជា​ចង្វាក់​នៃ​ការ​ស្ប៉ា​ដែល​នៅ​កន្លែង​ផ្សេងៗ​មិន​ទាន់​មាន​អនុវត្ត​ឡើយ​។ ពេល​ដែល​ទទួល​សេវាកម្ម​ស្ប៉ា​រួចរាល់​ហើយ​ភ្ញៀវ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចុះ​មក​ខាងក្រោម​ទទួលទាន​ផ្លែឈើ ឬ​នំ​ខ្មែរ ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មុនពេល​ចាកចេញ​។

ការស្ប៉ា​មាន​តម្លៃ​លើ​ទីផ្សារ​ទូទៅ​បន្តិច​គឺ​ក្នុង​ ១ ​ម៉ោង​ពី ៣០ ទៅ ៥៥ ដុល្លារ តែ​លោកស្រី ហ៊ុល ស្រីស្រស់ បាន​បញ្ជាក់​ថា​តម្លៃ​នេះ​សមរម្យ​នឹង​សេវាកម្ម​លំដាប់​ខ្ពស់​ហើយ​ដោយ​សំអាង​ថា​៖ «​ភ្ញៀវ​ដែល​បាន​ទទួល​សេវាកម្ម​ស្ប៉ា នៅ ស ម ថ ស្ប៉ា រួច​ហើយ​នឹង​បាន​ផល​តបស្នង​ទៅវិញ​សុខភាព​រាងកាយ​ល្អ មិន​ឈឺ​សន្លាក់​ដៃជើង ចុក​រួយ ថែម​ទាំង​បាន​ថែរក្សា​ស្បែក​មិន​ឲ្យ​មាន​ស្នាម​ក្រិន ឲ្យ​រលោង​ស្អាត​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​បំបាត់​ការនឿយហត់​មាន​ផាសុកភាព និង​សុវត្ថិភាព​ទៀត​ផង​»៕

ផា លីណា