ភ្នំពេញៈ ក្នុង​រយៈពេល ​១០ ​ខែ ក្នុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល​កម្ពុជា ​ប្រមូល​ពន្ធដារ​បាន​ជាង ៣ ​ពាន់​លាន​ដុល្លារ ដែល​សម្រេចបាន ៨៥,៨៧% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​ ២០២៣ ខណៈ​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្តេជ្ញា​អនុវត្ត​និង​ការសម្រួល​ផ្នែក​ពន្ធដារ​តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុងទិសដៅ​បន្ត ជាពិសេស​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​នៅ​ថ្ងៃទី ​១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ស្តីអំពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ដែល​ដឹកនាំ​ដោយ​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយមាន​ការចូល​ល​រួម​ពី​មន្ត្រី​ពាក់ព័ន្ធ​។


 កិច្ចប្រជុំ​នេះ​លោក ​គង់ វិបុល ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ពង្រឹង​ការយកចិត្តទុកដាក់​លើ​វិធានការ​លើកទឹកចិត្ត​និង​សម្រួល​ផ្នែក​ពន្ធដារ​ដល់​វិស័យ​ឯកជន តាម​អនុសាសន៍​ប្រមុខ​រដ្ឋាភិបាល​។​


​ក្នុងនោះដែរ សម្រាប់​ខែតុលា រដ្ឋ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​គ្រប់គ្រង​ទិន្នន័យ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ចំនួន ១ ០៥៥,១៧ ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ២៦០,៤៤ លាន​ដុល្លារ ស្មើនឹង ៧,២៩% នៃ​ផែនការ ១​ឆ្នាំ​២០២៣​។​


​ចំណែក​សម្រាប់​រយៈពេល​ ១០​ ខែ ក្នុង​ឆ្នាំ​ ២០២៣ នេះ​វិញ រដ្ឋ​ប្រមូល​ពន្ធ​បាន​សរុប ១២ ៤២១,០៧ ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ៣ ០៦៦,៩៣ លាន​ដុល្លារ ស្មើនឹង ៨៥,៨៧% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣​។​


​អគ្គនាយកដ្ឋាន​ពន្ធដា​រ​អះអាងថា ក្នុង​រយៈពេល​ ១០​ ខែ បាន​ចុះបញ្ជី​សហគ្រាស​បាន​ចំនួន ១៣ ៤៣៣ រៀបចំ​សិក្ខាសាលា និង​បណ្តុះបណ្តាល​បាន​ចំនួន ៨៤៣​ លើក​, ផ្តល់​សេវា​ពិគ្រោះ​ដល់​អ្នក​ជាប់ពន្ធ​បាន​ចំនួន ៩៨ ៣៩៨​ ករណី​, ដោះស្រាយ​បញ្ហា​និង​សំណើ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​សរុប ២៩ ៩២៤​ ករណី​, ដោះស្រាយ​បណ្តឹង​សវនកម្ម​ចំនួន ៣៦៨​ករណី​។​

​បន្ថែម​ពី​នោះ បាន​អភិវឌ្ឍ​ប្រព័ន្ធ​កម្មវិធី​ចំនួន ៥, បាន​ពិនិត្យ​ និង​សម្រេច​សំណើ​កិច្ចព្រមព្រៀង​ចៀសវាង​យកពន្ធ​ត្រួត​ចំនួន ៣៦៥ សហគ្រាស និង​ជាពិសេស​បាន​គ្រប់គ្រង​ប្រមូល​ពន្ធ​ពី​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(E-Commerce) បាន​ចំនួន ២៥៤,៤១ ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ៦២,៨២ លាន​ដុល្លារ​។

​ជាមួយគ្នានេះ លោក​គង់ វិបុល បាន​ណែនាំ​ឱ្យ​ពង្រឹង​ការផ្សព្វផ្សាយ និង​ការអនុវត្ត​ដោយ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​ឯកជន​លើ​ផ្នែក​ពន្ធដារ​នេះ ទៅតាម​ការស្នើ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត គ្រា​ជំនួប​រវាង​រដ្ឋាភិបាល​និង​ផ្នែក​ឯកជន នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា កន្លងទៅ​។​

​លោក​បន្ថែមថា​៖«​អគ្គនាយកដ្ឋាន​ពន្ធដា​រ បន្ត​យកចិត្តទុកដាក់​តាម​អា​នុ​សាសន៍​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ទិសដៅ​បន្ត ក្នុងការ​ពង្រឹង​ការផ្តល់សេវា​អ្នក​ជាប់ពន្ធ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន និង​សាធារណជន​ទូទៅ លើកកម្ពស់​ការយល់ដឹង​និង​អប់រំ​ពី​ពន្ធដារ បំពេញការងារ​ផ្អែកលើ​និយាម​នីតិវិធី​ប្រតិបត្តិ​ការងារ​ (SOP) លើ​គ្រប់​ប្រភេទ​ការងារ​និង​ប្រភេទ​ពន្ធ ជាដើម​»​។​

​ពាក់ព័ន្ធ​ការប្រមូល​ពន្ធ​នេះ លោក ​ហុង វណ្ណៈ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក្នុង​ចំនួន​ជាង ៨៥% ក្នុង​រយៈពេល ​១០ ​ខែ មិនទាន់​ឆ្លើយតប​ទៅនឹង​ផែនការ​នៅឡើយ​ទេ​ដោយ​នៅសល់​ប្រមាណ​ជាង ១៥% ទៀត​។ ភាគរយ​ទាប​នេះ អាច​បណ្តាលមកពី​ការ​ទទួលរង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច ជាពិសេស​ឥទ្ធិពល​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ទំនាស់​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន និង​ការពន្យារពេល​បង់ពន្ធ​មួយចំនួន ក៏ដូចជា​សំណៅ​ឯកសារ​មួយចំនួន​ត្រូវ​ប្រើ​ថិរវេលា​យូរ​។

 លោក​ថា នៅក្នុង​រយៈពេល​ខាងមុខ ការប្រមូល​ពន្ធ​អាច​នឹង​ស្របតាម​ផែនការ ឬ​អាច​លើស​ផែនការ​ផង បើសិន​មាន​លក្ខខណ្ឌ​អំណោយផល ដោយសារ​និន្នាការ​សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើង​។​

​លោក​ថ្លែងថា​៖«​ពន្ធដារ​មាន​សារៈសំខាន់​ណាស់ ជា​ឆ្អឺ​ង​ខ្នង​នៃ​ការចំណាយ​របស់​រដ្ឋ បើកប្រាក់​បៀវត្សរ៍​សម្រាប់​មន្ត្រីរាជការ អាច​ទូទាត់​សង​សំណង​កម្ចី​បរទេស ឬ​សង​ពី​ហិរញ្ញប្បទាន​ពី​ស្ថាប័ន​បរទេស សម្រាប់​ប្រមូល​ជា​ថវិកាជាតិ​ដើម្បី​ចំណាយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ ពង្រឹង​ស្ថាប័នរដ្ឋ ជាដើម​»​។​

​លោក​បន្ថែមថា ចំណូល​ពី​ពន្ធដារ​នេះ សម្រាប់​បើក​លទ្ធភាព​ឱ្យ​រដ្ឋ​ចំណាយ​សាធារណៈ បើសិន​ប្រមូលបាន​កាន់តែច្រើន រដ្ឋ​កាន់តែ​មានលទ្ធភាព​ចំណាយ​សម្រាប់​យកទៅ​អភិវឌ្ឍ​ប្រទេស និង​សង្គមជាតិ ជាពិសេស​សម្រាប់​ជួយ​ជន​ងាយ​រងគ្រោះ​ជាដើម​៕