ក្រុមហ៊ុន GM ប្រមូល​រថយន្ត​ជាង ២ លាន​គ្រឿង


20140522_16a
រថយន្ត Chevrolet Traverse ស៊េរីឆ្នាំ២០១២ ដែលស្ថិតក្នុងម៉ូដែលត្រូវបានប្រមូលមកជួសជុល b.g

ក្រុង​ញូវយ៉កៈ ក្រុមហ៊ុន General Motors បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​ប្រមូល​រថយន្ត ២,៤ លាន​គ្រឿង​ទៀត​នៅ​អាមេរិក​មក​វិញ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​មួយ​នេះ បាន​កំពុង​បន្ត​ដោះស្រាយ​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​បន្ទាប់​ពី​មាន​ការ​រិះគន់។

ក្រុមហ៊ុន​ GM បាន​ប្រកាស​សកម្មភាព​ប្រមូល​រថយន្ត ៤ លើក​ផ្សេង​គ្នា​ចំពោះ​ប្រភេទ​រថយន្ត​ជាច្រើន​ម៉ូដែល​ដែល​បាន​ផលិត​ចាប់​តាំង​ពី​ដើម ឆ្នាំ​២០០៥ និង​រថយន្ត​ស៊េរី ឆ្នាំ​២០១៥។ ក្រុមហ៊ុន GM បាន​ឲ្យ​ដឹង​ថា ពុំ​មាន​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​បាត់បង់​ជីវិត​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​រថយន្ត​មក​វិញ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​នោះ​ទេ។

មក​ទល់​នឹង​ពេល​នេះ​ក្រុមហ៊ុន GM បាន​ប្រមូល​រថយន្ត​ដែល​មាន​បញ្ហា​សុវត្ថិភាព​និង​មិន​ប្រក្រតី​ចំនួន ២៩ លើក​នៅ​អាមេរិក។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​រថយន្ត​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ នឹង​បង្កើន​ការ​ចំណាយ​ហិរញ្ញវត្ថុ​សម្រាប់​ការ​ប្រមូល​រថយន្ត​នៅ​ត្រីមាស​ទីពីរ​នេះ រហូត​ដល់ ៤០០ លាន​ដុល្លារ​ធៀប​នឹង​ការ​ព្យាករ ២០០ លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​សុក្រ ក្រុម​និយតករ​សុវត្ថិភាព​រថយន្ត​របស់ អាមេរិក បាន​ពិន័យ​ប្រាក់​ក្រុមហ៊ុន GM ក្នុង​ចំនួន​ច្រើន​បំផុត ៣៥ លាន​ដុល្លារ​ចំពោះ​ការ​បរាជ័យ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការ​ប្រមូល​រថយន្ត​ដែល​មាន​បញ្ហា​សោ​បញ្ឆេះ​រថយន្ត​ពាក់​ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ដែល​យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ១៣ នាក់​បាត់បង់​ជីវិត។

ចំនួន​រថយន្ត​ច្រើន​បំផុត​ដែល​ត្រូវ​ប្រមូល​មក​វិញ​កាល​ពី​ថ្ងៃ​អង្គារ​រួម​មាន រថយន្ត​ប្រភេទ CUV ម៉ូដែល Buick Enclave រថយន្ត Chevrolet Traverse រថយន្ត GMC Acadia ចាប់​តាំង​ពី​ស៊េរី ឆ្នាំ​២០០៩-២០១៤ និង​រថយន្ត​ម៉ូដែល Saturn Outlooks ចាប់​ពី​ស៊េរី ឆ្នាំ​២០០៩-២០១០ ចំនួន ១,៤ លាន​គ្រឿង។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​បន្ត​ថា បញ្ហា​របស់​រថយន្ត​ទាំង​នោះ​គឺ​ខ្សែ​ក្រវាត់​កៅអី​សុវត្ថិភាព ដែល​អាច​ដាច់​ចេញ​ពី​គ្នា និង​បង្កើន​ហានិភ័យ​នៃ​ការ​រង​របួស​កម្រិត​ខ្ពស់។

ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រមូល​រថយន្ត​ម៉ូដែល Chevrolet Malibus ស៊េរី ឆ្នាំ​២០០៤-២០០៨ និង​ម៉ូដែល Pontiac G6 ស៊េរី ឆ្នាំ​២០០៥ ចំនួន ១,១ លាន​គ្រឿង​មក​វិញ​ដោយសារ​បញ្ហា​ខ្សែ​ក្រវាត់​សុវត្ថិភាព។

ក្រុមហ៊ុន GM បាន​បន្ត​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ខ្លួន​បាន​ដឹង​ពី​គ្រោះថ្នាក់​ចំនួន ១៨ ករណី និង​មាន​រង​របួស​មួយ​ករណី​ក្នុង​ចំណោម​រថយន្ត​ទាំង​នេះ។

ក្រុមហ៊ុន GM ក៏​បាន​ប្រមូល​រថយន្ត​ម៉ូដែល Cadillac Escalades និង​ម៉ូដែល Escalade ESVs ចាប់​ពី​ស៊េរី ឆ្នាំ​២០០៥ ចំនួន ១៤០២ គ្រឿង​មក​វិញ​ផង​ដែរ ដោយ​សារ​បញ្ហា​ពោង​ខ្យល់​សុវត្ថិភាព​ខាង​កៅអី​អ្នក​ដំណើរ​ដែល​មិន​អាច​ប៉ោង​ខ្យល់​ពេញ​ទាំង​ស្រុង​នៅ​ពេល​មាន​គ្រោះថ្នាក់។

ក្រុមហ៊ុន GM បាន​ប្រមូល​រថយន្ត​ម៉ូដែល Chevrolet Silverado HD និង​ម៉ូដែល GMC Sierra HD ចាប់​ពី​ស៊េរី ឆ្នាំ​២០១៥ មក​វិញ​ចំនួន ៥៨ គ្រឿង​ដោយ​សារ​ដង្កៀប​ហ្វុយស៊ីប​ដែល​ភ្ជាប់​ទៅ​នឹង​រថយន្ត អាច​ធូរ​រលុង ហើយ​បង្ក​ឲ្យ​មាន​ភ្លើង​ឆាប​ឆេះ៕ BP

ព័ត៌មានថ្មីៗ