Google អាច​ចំណាយ $៣០ ពាន់​លាន​ទិញ​ក្រុមហ៊ុន​បរទេស


20140523_16b
វ៉ែនតារបស់ក្រុមហ៊ុន Google បង្ហាញលើអេក្រង់កុំព្យូទ័រ b.g

ក្រុង​សានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Google បាន​ប្រាប់​ក្រុម​និយតករ​អាមេរិក​ថា ក្រុមហ៊ុន​របស់​ខ្លួន​អាច​នឹង​ចំណាយ​ថវិកា​រហូត​ដល់​ចំនួន ៣០ ពាន់​លាន​ដុល្លារ​នៃ​ប្រាក់​បម្រុង​ជា​សាច់​ប្រាក់​នៅ​បរទេស​របស់​ខ្លួន​លើ​ការ​ទិញ​យក​ក្រុមហ៊ុន​បរទេស ឬ​ទិញ​សិទ្ធិ​ប្រើ​ប្រាស់​បច្ចេកវិទ្យា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​នេះ​កាល​ពី​ថ្ងៃ​ពុធ។

ក្នុង​លិខិត​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ផ្សេងៗ​របស់​គណៈកម្មាធិការ​មូលបត្រ​អាមេរិក ក្រុមហ៊ុន​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា សាច់​ប្រាក់​មួយ​ចំនួន​ធំ​ដែល​ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​កាន់​កាប់​នៅ​ក្រៅ​ប្រទេស ទំនង​ជា​នឹង​ត្រូវ​យក​មក​ចំណាយ​លើ​ការ​ទិញ​យក​ក្រុមហ៊ុន​នានា។

ក្រុមហ៊ុន Google បាន​ប្រាប់​ក្រុម​និយតករ​នៅ​ក្នុង​លិខិត​មួយ​ថា វា​សម​ហេតុ​ផល​ក្នុង​ការ​ព្យាករ​ថា ក្រុមហ៊ុន​របស់​ខ្លួន​នឹង​ត្រូវ​ចំណាយ​ថវិកា​ចាប់​ពី ២០ ទៅ ៣០ ពាន់​លាន​ដុល្លារ​នៃ​ប្រាក់​ចំណេញ​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន​ដើម្បី​ចំណាយ​លើ​ការ​ទិញ​ក្រុមហ៊ុន​នានា​ឬ​ទិញ​បច្ចេកវិទ្យា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ក្រុមហ៊ុន Google បាន​ឲ្យ​ដឹង​ក្នុង​លិខិត​ដដែល​ចេញ​ផ្សាយ​កាល​ពី ខែ​ធ្នូ ឆ្នាំ​២០១៣ ថា៖ «យើង​បន្ត​ប្រើ​ប្រាស់​ប្រាក់​ចំណេញ​នៅ​ក្រៅ​ប្រទេស​របស់​យើង​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​ទិញ​យក​ក្រុមហ៊ុន​នានា ខណៈ​អាជីវកម្ម​សកល​របស់​យើង បាន​ឈាន​ចូល​ដល់​ការ​ផ្គត់​ផ្គង់​ផលិតផល​ផ្សេងៗ ដូចជា គ្រឿង​អេឡិច​ត្រូនិក​ចល័ត ជា​វិស័យ​ដែល​គូ​ប្រជែង​និង​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​មិន​មែន​ជា​ក្រុមហ៊ុន​ពហុជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ត​ទៅ​ទៀត»។

លោក Rob Enderle អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Enderle Group ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Silicon Valley មិន​រំពឹង​ថា ក្រុមហ៊ុន Google នឹង​បន្ត​ទិញ​យក​ក្រុមហ៊ុន​អន្តរជាតិ​ច្រើន​បែប​នេះ​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ក្រុមហ៊ុន​មួយ​នេះ​អាច​នឹង​រក្សា​សាច់​ប្រាក់​នៅ​បរទេស​ដើម្បី​គេច​ផុត​ពី​ការ​បង្ខំ​ឲ្យ​បង់​ពន្ធ​នៅ​អាមេរិក។

ដោយ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេង​ទៀត ដូចជា​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Microsoft ដែល​ស្ថិត​ក្នុង​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​នោះ លោក Enderle មាន​ប្រសាសន៍​ទៀត​ថា៖ «ហេតុផល​ពិត​ប្រាកដ​ដែល​ក្រុមហ៊ុន​នានា​រក្សា​មូលធន​នៅ​បរទេស​មិន​មែន​ដើម្បី​ទិញ​យក​ក្រុមហ៊ុន​ឬ​បច្ចេកវិទ្យា​ថែម​ទៀត​ទេ តែ​គឺ​ដើម្បី​គេច​ពន្ធ»។

លោក​បាន​បន្ត​ថា៖ «ក្រុមហ៊ុន​ទាំង​អស់​ដែល​មាន​សាខា​នៅ​បរទេស​ពិត​ជា​មាន​បញ្ហា​ក្នុង​ការ​នាំ​យក​មូលធន​មក​អាមេរិក​វិញ»។

កាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន Google បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១,៤ ពាន់​លាន​ដុល្លារ​លើ​កិច្ច​ព្រម​ព្រៀង​យុទ្ធសាស្រ្ត​ជាង ២០ រួម​មាន​ការ​ទិញ​យក​ក្រុមហ៊ុន Waze ដែល​មាន​មូលដ្ឋាន​នៅ ប្រទេស​អ៊ីស្រាអែល ក្នុង​តម្លៃ ១ ពាន់​លាន​ដុល្លារ​ផង​ដែរ៕ BP

ព័ត៌មានថ្មីៗ