ភ្នំពេញៈ មន្ត្រី​កម្ពុជា​ និង​សហភាព​អឺរ៉ុប​នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ស្តីពី​ភាពជា​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​រយៈពេល​ ៦ ​ឆ្នាំ (២០២១-២០២៧) ​ដែល​នឹង​ផ្តោតលើ​ប្រធានបទ​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នៅ​ខែកុម្ភៈ​ខាងមុខនេះ ស្របពេល​ធុរជន​ទន្ទឹងរង់ចាំ​ភាគី​ទាំង​ ២ ​ធ្វើ​ការងារ​ជាមួយគ្នា​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​។

ផែនការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នេះ​ត្រូវ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ជាមួយ​លោក Franck Viault អគ្គទីប្រឹក្សា និង​ជា​ប្រធាន​ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១១ ខែមករា​។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC បានឱ្យដឹងថា ក្នុងជំនួប​នេះ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ចពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប​ដៃគូ​អឺរ៉ុប​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ឆ្នាំ​ ២០២១-២០២៧ និង​សេចក្តីព្រាង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​អំឡុង​ពេលនេះ​។


ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បន្តថា យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ឆ្នាំ​ ២០២១-២០២៧ ត្រូវបាន​ភាគី​ទាំង​ ២ ឯកភាព​ជាគោលការណ៍​លើ​ការជំរុញ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ការលើកស្ទួយ​វិស័យ​ឯកជន និង​ការងារ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។


ចំណែក​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​ឆ្នាំ​ ២០២១-២០២៧ ភាគី​ទាំង​ ២ នឹង​ជំរុញ​លើ​វិស័យ​អាទិភាព រួមមាន សេដ្ឋកិច្ច និង​ការងារ អភិបាលកិច្ច​ និង​អប់រំ ព្រមទាំង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។


សេចក្តីព្រាង​ទាំង​ ២ ​នេះ​ភាគី​ទាំង​ ២ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មករា ដែល​នឹង​លើក​យកមក​ពិភាក្សា​ប្រមូល​ធាតុ​ចូល និង​ការផ្តល់​អនុសាសន៍​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកុម្ភៈ​ខាងមុខនេះ​។


យុទ្ធសាស្ត្រ​ទាំង​ ២ ​នេះ​ត្រូវបាន​អនុវត្ត​កន្លងមក​ចន្លោះ​ឆ្នាំ​ ២០១៤-២០២០ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា​។ យោងតាម លោក យ៉ាណារ៉ា​។

យុទ្ធសាស្ត្រ​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​នេះ​ភាគី​ទាំង​ ២ បាន​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អាទិភាព​ចំនួន ៤ រួមមាន ការអភិវឌ្ឍ​វិស័យ​សង្គមកិច្ច ការជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង​ជនបទ និង​អភិបាលកិច្ច​។

លោក យ៉ាណារ៉ា មានប្រសាសន៍​ថា​៖ «​សមិទ្ធផល​ទាំងនេះ គឺជា​សក្ខីភាព​នៃ​ការប្តេជ្ញា​បន្ត​គាំទ្រ​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​សហព័ន្ធ​ស្វ៊ីស​សម្រាប់​ដំណើរការ​នៃ​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម​នៃ​ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដោយ​សង្ឃឹមថានឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។

លោក សារ៉ន និយាយថា​៖ «​ខ្ញុំ​ជឿថា​យុទ្ធសាស្ត្រ​ដ៏ទូលំទូលាយ​នឹងត្រូវ​យកមក​ពិចារណា​ពី​គំរូ​អាជីវកម្ម​ដែល​បញ្ចូល​ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ចង្វាក់​ផលិតកម្ម​ទាំងមូល​ចាប់ពី​កសិដ្ឋាន​ដល់​សហគ្រាស​ផលិត​ចំណីអាហារ​»​។

យោង ​CDC ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ ២០២០ សហភាព​អឺរ៉ុប និង​ប្រទេស សមាជិក​ចំនួន​ ១០ ​ទៀត​រួមទាំង​សហព័ន្ធ​ស្វ៊ីស​បានផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​សរុប ៤ ២០០ លាន​ដុល្លារ​ ស្មើនឹង​ ១៩ ​ភាគរយ​នៃ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​បានផ្តល់​ដល់​កម្ពុជា​៕LA