ក្រុង​ប៉េកាំងៈ ក្រុម​មន្ដ្រី​ និង​អ្នក​ជំនាញ​​បាន​ឲ្យ​ដឹង​ថា ចិន​​ដែល​ជា​ប្រទេស​​ផលិត​រ៉ែ​កម្រ​ឈាន​មុខ​​គេ​ក្នុង​​​ពិភព​លោក បាន​មើល​ឃើញ​ការ​ធ្លាក់ចុះ ​១៦ ​ភាគរយ ​​ក្នុង​ការ​នាំចេញ​រ៉ែ​កម្រ​កាល​ពី​ខែ​ឧសភា ក្នុង​គ្រា​ដែល​មាន​ការ​​បង្កើន​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​អភិរក្ស​ធនធាន​ក្នុង​ស្រុក និង​ការ​អភិវឌ្ឍ​រ៉ែ​គុណភាព​ខ្ពស់​។​

យោង​តាម​អគ្គ​​រដ្ឋបាល​គយ ការ​នាំចេញ​រ៉ែ​កម្រ​ដោយ​ប្រទេស ​ចិន បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ៣​ ៦៤០ ​តោន ​កាល​ពី​ខែ​ឧសភា ធៀប​នឹង ​៤ ៣២៩ ​តោន​កាល​ពី​ខែ​មេសា​។ ​​ក្នុង​រយៈពេល ​៥ ខែ​ដំបូង​ ប្រទេស ​ចិន ​បាន​នាំចេញ​រ៉ែ​កម្រ​ ១៩ ២៦៦,​៨ ​តោន​ ធ្លាក់ចុះ ​៧,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ក្នុង​រយៈពេល ​៥ ខែ​ដំបូង​​ឆ្នាំ​មុន។​


លោក Cui Fan សាស្ដ្រាចារ្យ​​នៅ​សាកល​វិទ្យាល័យ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​អន្តរជាតិ​ បាន​ថ្លែង​ថា៖ «​​ការ​ធ្លាក់ចុះ​​ការ​នាំចេញ​រ៉ែ​កម្រ​របស់​​ចិន​ ​គឺ​ដោយសារ​តែ​ការ​អភិរក្ស​ធនធាន​ក្នុង​ស្រុក និង​ការ​ការពារ​បរិស្ថាន​ ហើយ​វា​ស្រប​ជាមួយ​នឹង​​តម្រូវការ​​លើក​​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​របស់​​ចិន​»។​


លោក Cui ឲ្យ​ដឹង​ថា ភាព​តានតឹង​​ផ្នែក​ពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រទេស ចិន និង​អាមេរិក ក៏​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​​​ចង្វាក់​ផ្គត់ផ្គង់​ពិភព​លោក​ផង​ដែរ ជា​ពិសេស​​លើ​ទំនិញ​​ប្រើប្រាស់​ ដូច​ជា​ប្រេង​ឆៅ​ សណ្ដែកសៀង និង​រ៉ែ​កម្រ​។​


លោក Cui ​បន្ថែម​ថា​៖ «​​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​របស់​ទីផ្សារ​ជា​ច្រើន​​លើ​​ការ​ផ្គត់ផ្គង់​របស់​ប្រទេស ចិន ​បាន​ធ្វើ​ឲ្យ​អស់​រ៉ែ​ក្នុង​ប្រទេស​​ និង​បាន​បណ្ដាល​​​​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន។ ដល់​ពេលវេលា​សម្រាប់​ពួក​គេ​​ក្នុង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ពី​​​ប្រទេស​ផលិត​ផ្សេង​ទៀត​ ដូចជា​រុស្ស៊ី ហ្គ្រោអង់ឡង់ (Greenland) និង​បណ្ដា​ប្រទេស​អាហ្វ្រិក​​មួយ​ចំនួន​ទៀត ដើម្បី​ឆ្លើយ​​​តប​​តម្រូវ​ការ​របស់​ពួក​គេ​ហើយ​»៕ People''s Daily/LA