ភ្នំពេញៈ ការនាំចេញ​សម្លៀកបំពាក់​វាយនភណ្ឌ និង​ស្បែកជើង (GTF) របស់​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ១៣ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

របាយការណ៍​បង្ហាញ​ការនាំចេញ​ផលិតផល​ក្នុង​ឧស្សាហកម្ម GTF នៅ​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ​កើនឡើង ១៣,១៨ ភាគរយ ឬ​ជាង ៧,៩៧៣ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្នុង​អំឡុង​ពេលនេះ​ការនាំចេញ​ទៅ​អាមេរិក​មាន​ប្រហែល​ ២,៥ ​ពាន់​លាន​ដុល្លារ ខណៈ​ការនាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​ចំនួន ២,៤ ​ពាន់​លាន​ដុល្លារ​។ របាយការណ៍​បង្ហាញថា ការនាំ​ចេញ​ទៅ​អង់គ្លេស​មាន​ប្រមាណ ៦៧០ ​លាន​ដុល្លារ​ជប៉ុន ៧១១ ​លាន​ដុល្លារ​ រដ្ឋ​សមាជិក​អាស៊ាន ១២១ លាន​ដុល្លារ និង​ប្រទេស​ផ្សេងទៀត ១,៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​នេះ​។


លោក​ កាំង ម៉ូនីកា អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ ដែល​យោង​ដល់​ទិន្នន័យ​ដែល​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​បំផុត​បាន​ពី​គយ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៅតែ​ធ្វើបាន​ល្អប្រសើរ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​អាច​និយាយថា​ខ្លួន​អាស្រ័យ​លើ​កត្តា​ជាច្រើន​រួមបញ្ចូល​គ្នា​។ ការបន្ត​ធ្វើការងារ​យ៉ាងខ្លាំង និង​វៃឆ្លាត និង​ការបន្ត​ការកែទម្រង់ ដើម្បី​អាច​ប្រកួតប្រជែង​បាន​»​។


បើ​តាម​លោក កាំង ម៉ូនីកា ដើម្បី​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់​ក្រុមហ៊ុន​នាំចេញ​ទាំងអស់​តម្រូវ​ឲ្យ​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ REX របស់​សហភាព​អឺរ៉ុប​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​ប្រកាស​ប្រភពដើម​ផលិតផល​របស់​ពួកគេ​ដោយ​ខ្លួនឯង​តាមរយៈ​សេចក្ដី​ប្រកាស​ប្រភពដើម​នៅលើ​វិក្កយបត្រ​ពាណិជ្ជកម្ម​របស់​ពួកគេ​ដោយ​មិនចាំបាច់​មាន​វិញ្ញាបនបត្រ​បាន​ពី MOC នោះទេ​។


លោក​បញ្ជាក់ថា​៖ «​បន្ទាប់មក​ពួកគេ​ត្រូវតែ​ធ្វើការ​ប្រកាស​ការនាំចេញ​របស់​ពួកគេ​ដល់ MOC ក្នុង​រយៈពេល​ ១ ​ខែ​ប៉ុន្តែ​រោងចក្រ​មួយ​ចំនួន មិន​បាន​ធ្វើ​ដូច្នេះ​ទេ​»​។


លោក​បន្តថា ដោយសារ​តែ​ហេតុ​នេះ​ហើយ​ទើប​ធ្វើឲ្យ​ទិន្នន័យ​កន្លងមក​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ពី​ការធ្លាក់ចុះ​។ លោក​ថ្លែងថា​៖ «​ដូច្នេះ​ហើយ​ទិន្នន័យ​របស់ MOC ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​គឺ​ទាប និង​តម្លៃ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ត្រូវ​បាន​មើលឃើញ​ដោយ​មិន​ត្រឹមត្រូវ ដោយសារ​តែ​ការធ្លាក់ចុះ​ប្រហែល​ ៦ ​ភាគរយ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា កំណើន​ការនាំចេញ​នេះ​បានរួម​ចំណែក​ភាគច្រើន​ដល់​ការកើនឡើង​ក្រុម​វិនិយោគិន​មក​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ លោក​ថ្លែងថា​៖ «​ភាគច្រើន​នៃ​រោងចក្រ​ចិន​មក​កម្ពុជា វា​បាន​ជំរុញ​កំណើន​ការនាំចេញ​របស់​យើង វា​ជា​សញ្ញា​ដ៏ល្អ​មួយ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​»​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​កាលពី​ពាក់កណ្ដាល​ខែ​តុលា​បាន​ឲ្យ​ដឹងថា ទោះបីជា​ហានិភ័យ​ខាងក្រៅ និង​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​បច្ចុប្បន្ន​រវាង​ប្រទេស​មហាអំណាច​ ២ ​គឺ​អាមេរិក និង​ចិន​នៅតែ​មាន​ជាពិសេស​លទ្ធភាព​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​កម្ពុជា​នៅតែមាន​កំណើន​ដ៏រឹងមាំ​នៅ​ឆ្នាំនេះ​ក្នុង​ចំនួន​ ៧ ​ភាគរយ​។ IMF ឲ្យ​ដឹងថា​៖ «​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​គឺ​វិជ្ជមាន ទោះបី​ជា​មាន​ហានិភ័យ​ធ្លាក់ចុះ​សំខាន់ៗ​ក៏ដោយ​។ បរិយាកាស​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព​ប្រតិបត្តិការ​កំណើន​ដ៏រឹងមាំ និង​ការបន្ត​ការកែទម្រង់​រចនាសម្ព័ន្ធ​បានរួម​ចំណែក​ដល់​ការរីកចម្រើន​ដ៏សំខាន់​ឆ្ពោះ​ទៅ​រក​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​។

របាយការណ៍​ឆ្នាំ​ ២០១៨ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹងថា ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​មាន​តម្លៃ​ ១០ ​ពាន់​លាន​ដុល្លារ​កើន​ ២៤ ​ភាគរយ​ធៀប​នឹង ៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧៕LA