ការផលិត​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​មាន​ចំណែក​ ៦៨% ​នៃ​តម្រូវការ​ទីផ្សារ​សរុប

Content image - Phnom Penh Post
ការប្រមូលផល​បន្លែ​នៅ​ឆ្នាំ ២០២០ សរុប​ចំនួន ៧១៦ ១១៣ ​តោន​ ដែល​រួមចំណែក​ ៦៨ ភាគរយ​ដល់​តម្រូវការ​ទីផ្សារ​សរុប​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ ការផលិត​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​ឆ្នាំ​ ២០២០ ​កន្លងមក ស្របពេល​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យ​កសិកម្ម​ដើម្បី​បង្កើន​ផលិតផល​ក្នុងស្រុក​កាត់បន្ថយ​ផលប៉ះពាល់​លើ​វិស័យសេដ្ឋកិច្ច​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ ១៩​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យ​ដឹងថា អំឡុងពេល​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​បាន​ជំរុញ​លើក​ទឹកចិត្ត និង​គាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្ត​ទុកដាក់​បង្កើន​ការដាំដុះ​បន្លែ ផ្លែឈើ​មាន​គុណភាព និង​សុវត្ថិភាព​ល្អ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ព្រមទាំង​ឈានទៅរក​ការ​កាត់បន្ថយ​ការនាំ​ចូល​។

លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹងថា នៅ​ឆ្នាំ​ ២០១៩ ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៧ ២០៨ ហិកតា ដែល​អាច​ប្រមូលផល​បាន​សរុប​ចំនួន ៦៨១ ០៩៩ ​តោន ខណៈ​ការប្រមូលផល​បន្លែ​នៅ​ឆ្នាំ ២០២០ សរុប​ចំនួន ៧១៦ ១១៣ ​តោន​ ដែល​រួមចំណែក​ ៦៨ ភាគរយ​ ដល់​តម្រូវការ​ទីផ្សារ​សរុប​។

លោក​បន្តថា ដើម្បី​បំពេញតម្រូវការ​ទីផ្សារ កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​ ៣២៩ ៦១២ តោន​ ដែល​ភាគច្រើន​បន្លែ​ដែល​កម្ពុជា​មិនអាច​ផលិត​បាន​។

លោក​សម្គាល់ថា ដោយមាន​ការសហការ​គ្នា​ល្អជា​មួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្រសួងកសិកម្ម​សង្ឃឹម​ថា​អនាគត​ដ៏ខ្លី​កម្ពុជា​នឹងមាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។

លោក​បន្តថា​៖ «​ជាងនេះទៅទៀត ក្រសួង​ក៏បាន​គិតគូរ​យកចិត្ត​ទុកដាក់​សិក្សា ស្រាវជ្រាវ​អំពី​លទ្ធភាព​ពង្រីក​នៃ​ការផលិត​បន្លែ​សំខាន់ៗ​មួយចំនួន​ដូចជា ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស​នៅ​ខេត្តមណ្ឌលគិរី​ដែលជា​តំបន់​មាន​លក្ខណៈ​ភូមិសាស្ត្រ និង​សក្តានុពល​ក្នុង​ការផលិត​បន្លែ​សំខាន់ៗ​ទាំងនេះ ដើម្បី​រួមចំណែក​បំពេញបន្ថែម​សេចក្តីត្រូវការ​»​។

លោក កាន់ បញ្ញរិទ្ធ ប្រធាន​ផ្នែក​ផលិតកម្ម​នៃ​ក្រុមហ៊ុន ដាវ៉ាន់​ (Davane) ដែលជា​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មាន​ឯកទេស​ខាង​ខ្សែចង្វាក់​តម្លៃ​កសិកម្ម និង​ទីផ្សារ​សម្រាប់​សុវត្ថិភាព​ចំណីអាហារ​បាន​កត់សម្គាល់ថា តម្រូវការ​បន្លែ​ក្នុងស្រុក​កំពុងមាន​និន្នាការ​កើនឡើង​ក្នុងអំឡុងពេល​មាន​វិបត្តិ​សុខភាព​នេះ​។ កត្តា​អាកាសធាតុ​អំណោយផល​ល្អ​បាន​រួមចំណែក​ជំរុញ​កំណើន​ទិន្នផល​បន្លែ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​យើង​ឃើញ​ថា​ការផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​មាន​បរិមាណ​ច្រើន​មែន ហើយ​មាន​ការគាំទ្រ​ច្រើន​លើ​ផលិតផល​ក្នុង​ស្រុក​ក្នុងអំឡុងពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ​១៩»​។

លោក បញ្ញរិទ្ធ បាន​អំពាវនាវ​ឱ្យ​បង្កើន​ការដាំដុះ​បន្លែ​ឱ្យបាន​ច្រើន​ប្រភេទ​ទៀត ដើម្បី​ចាប់យក​ឱកាស​ទីផ្សារ និង​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។

លោក​និយាយថា​៖ «​ប្រសិនបើ​ដាំដុះ​បន្លែ​ច្រើន ហើយ​បន្លែ​មាន​ចម្រុះ​មុខ​ទៀត វា​នឹង​ជួយ​បាន​ច្រើន​ដល់​កសិករ និង​អ្នក​ចែកចាយ ព្រោះ​អ្នក​ហូប​គាត់​ចង់បាន​បន្លែ​ច្រើន​មុខ ដូច្នេះ​យើង​មានតែ​នាំយក​ពី​ប្រទេស​នានា​មក​បំពេញ​នូវ​កង្វះខាត​នេះ​»​។

លោក បញ្ញរិទ្ធ អះអាង​ថា សព្វថ្ងៃ ក្រុមហ៊ុន​ដាវ៉ាន់​មាន​ផ្សារ​ទំនើប​លក់​បន្លែ ផ្លែឈើ ត្រី​សាច់​ផ្ទាល់ខ្លួន​ ១ ​កន្លែង និង​ដៃគូ​ចំនួន​ ៤ ​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ ដោយ​ក្រុមហ៊ុន​កំពុង​ស្វែងរក​ដៃគូ​ពង្រីក​សាខា​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ពិសេស​ខេត្ត​សក្តានុពល​ទេសចរណ៍​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រកឃើញ​ដូចគ្នា​ថា​កម្ពុជា​បាន​នាំចូល​បន្លែ​យ៉ាងច្រើន​ពី​ក្រៅប្រទេស មានតម្លៃ​ទឹកប្រាក់​ជាង ២០០ លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​៕ LA

វីដេអូ៖

ព័ត៌មានថ្មីៗ