ក្រុងម៉ាឌ្រីដៈ ទេសចរណ៍​ពិភពលោក​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​ ២០១៩ ដោយសារ​ការ​ថមថយ​សេដ្ឋកិច្ច​ពិភពលោក ជាពិសេស​នៅ​ទ្វីបអឺរ៉ុប និង​អាស៊ី​ជាទី​ដែល​កើតមាន​ភាពមិនប្រាកដ​ប្រជា​មាន​ការទាក់ទង​ទៅនឹង Brexit ហើយ​បាតុកម្ម​ក្នុង​ទីក្រុង​ហុងកុង​ក៏បាន​ដាក់បន្ទុក​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ទេសចរណ៍រ​បស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​។

អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ចំនួន​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​កើនឡើង ៤ ​ភាគរយ​ កាលពី​ឆ្នាំមុន​ដល់ ១,៥ ​ពាន់​លាន​នាក់ ​ដែល​ជា​អត្រា​ទាប​បំផុត​របស់ខ្លួន​គិត​ចាប់ពី​ឆ្នាំ​ ២០១៦ ​មក​។


លោក Sandra Carvao ប្រធាន​ផ្នែក​ប្រមូល​ព័ត៌មាន​របស់​អង្គការ UNWTO បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​នេះ​គឺជា​កំណើន​មួយ​ដែល​យើង​អាច​ចាត់ទុកថា​ជា​កំណើន​ខ្លាំង ពីព្រោះ​វា​ស្ថិតក្នុង​កម្រិត​មធ្យម​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​យើង​មើលឃើញ​ការធ្លាក់ចុះ​តិចតួច​ធៀប​នឹង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​»​។


ចំនួន​ភ្ញៀវទេសចរ​បាន​កើនឡើង ៦ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០១៨ និង​កើនឡើង ៧ ​ភាគរយ ​នៅ​ឆ្នាំ​ ២០១៧ ខណៈ​ដែល​អ្នកដើរ​លម្ហែកាយ​បាន​វិល​ទៅរក​ទិសដៅ​ទេសចរណ៍​ដែលមាន​ពន្លឺ​ថ្ងៃ​នៅ​តំបន់​មេឌីទែរ៉ានេ​ភាគ​ខាងកើត​ដូចជា​ប្រទេស​ តួកកី និង​អេហ្ស៊ីប បន្ទាប់ពី​ពួកគេ​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ទាំងនេះ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដោយសារ​តែ​ក្តីបារម្ភ​ពី​សន្តិសុខ​។ ចំនួន​ភ្ញៀវទេសចរ​បាន​កើនឡើង ៤ ​ភាគរយ​ នៅ​ឆ្នាំ​ ២០១៦​។


អង្គការ UNWTO បាន​ព្យាករ​ថា ទេសចរណ៍​ពិភពលោក​នឹង​កើនឡើង​ពី ៣ ទៅ ៤ ភាគរយ​ នៅ​ឆ្នាំនេះ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​ព្រឹត្តិការណ៍​កីឡា​ និង​វប្បធម៌​ធំៗ​នានា​ដូចជា​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​នៅ​ប្រទេស​ ជប៉ុន ​ជាដើម​។


លោក Carvao បាន​ថ្លែងថា ការ​ថមថយ​សេដ្ឋកិច្ច​ក្នុង​ទីផ្សារ​សំខាន់ៗ​ជាច្រើន​ដូចជា​អាល្លឺម៉ង់ និង​ការដួលរលំ​ក្រុមហ៊ុន​ទេសចរណ៍ Thomas Cook ដែលជា​ក្រុមហ៊ុន​ទេសចរណ៍​ដែល​មាន​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភពលោក​បាន​ចូលរួមចំណែក​ដល់​ការធ្លាក់ចុះ​របស់​វិស័យនេះ​កាលពី​ឆ្នាំមុន​។


អ្នកស្រី​បាន​បន្ថែមថា ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប បាន​បង្កើត​ឲ្យ​មាន «​ភាពមិន​ប្រាកដប្រជា​ខ្លាំង​» និង «​បាន​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​ដែល​បាន​ប៉ះពាល់​ដល់​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​នេះ​» ដែល​បង្ក​ឲ្យ​ជនជាតិ​អង់គ្លេស​កាន់តែ​តិចជាង​មុន​ធ្វើ​ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​។

ការមកដល់​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ទ្វីបអឺរ៉ុប​បាន​កើនឡើង ៤ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ​ពី​កំណើន ៦ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៨​។

ទ្វីបអឺរ៉ុប​នៅតែ​ជា​តំបន់​ដែល​មាន​មនុស្ស​ទៅ​ទស្សនា​ច្រើន​បំផុត​ក្នុង​ពិភពលោក​ដែល​មាន​ចំណែក ៥១ ​ភាគរយ​ នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​កាលពី​ឆ្នាំមុន ឬ​ស្មើនឹង ៧៤៣ ​លាន​នាក់​។

ការមកដល់​របស់​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​កើនឡើង ៥ ​ភាគរយ​ ធៀប​នឹង​កំណើន ៧ ​ភាគរយ​ នៅ​ឆ្នាំ​ ២០១៨ ខណៈ​ពេល​ដែល​ទីក្រុង​ហុងកុង​រងគ្រោះ​ដោយសារ​បាតុកម្ម​៕ KC