ភ្នំពេញៈ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ជាស្ថាប័នចម្រុះរវាងរដ្ឋ និងវិស័យឯកជនកំពុងពិចារណាដាក់សំណើមួយចំនួនទាក់ទងនឹងការសម្រួលទេសចរទៅរដ្ឋាភិបាល ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ បានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២១ ឧសភា ថា ការបង្កើតយុទ្ធសាស្រ្តថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យធ្វើដំណើរមកកម្ពុជាគឺជាការចាំបាច់។
លោកបន្តថា ការលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរអន្តរជាតិជាសំណើមួយដែលនឹងត្រូវដាក់ទៅរដ្ឋាភិបាល ដោយសារតែវាជាចំណុចសំខាន់មួយនៅក្នុងការបង្កើនភាពទាក់ទាញ។
ទោះបីយ៉ាងនេះក្តី លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានពន្យល់ថា វាស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយទេ។ លោកបន្តថា ក.ផ.ផ កំពុងពិចារណាផ្តល់ការលើកលែងទិដ្ឋាការពិសេសសម្រាប់ភ្ញៀវសំខាន់ៗ ឬ នៅពេលមានពិធីបុណ្យសំខាន់ៗ។ លោកថ្លែងថា៖ «ការលើកឡើងនេះ គ្រាន់តែជាគំនិតសម្រាប់ក្រុមការងារយកទៅសិក្សាតែប៉ុណ្ណោះ»។
កិច្ចប្រជុំនោះ ក៏បានលើកឡើងពីឧបសគ្គ និងដំណោះស្រាយមួយចំនួន ដែលកម្ពុជាគួរអនុវត្តដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកទស្សនា និងស្នាក់នៅកម្ពុជារយៈពេលវែង។
ចំណុចសំខាន់ៗដែលពិភាក្សាក្នុងកិច្ចប្រជុំនោះរួមមាន ការបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ការពង្រីកជើងហោះហើរត្រង់ជាមួយប្រទេស ឥណ្ឌា ការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរពីនាវាទេសចរណ៍នៅខេត្តព្រះសីហនុ ទៅកាន់ខេត្តសៀមរាប ការទប់ស្កាត់ការលក់ផលិតផលក្លែងក្លាយ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន។
កិច្ចប្រជុំក៏បានលើកឡើង ពីការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងផែនការទាក់ទងនឹងការរៀបចំតំបន់បឹងទន្លេសាប និងតំបន់ជួរភ្នំគូលែនឲ្យទៅផលិតផលទេសចរណ៍ថ្មីសម្រាប់កម្ពុជាផងដែរ។
ក.ផ.ផ ត្រូវបង្កើតឡើងដោយមានការចូលរួមពីក្រសួងទេសចរណ៍ ក្រសួងការបរទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ថា ខណៈចំនួនភ្ញៀវទេសចរធ្វើដំណើរមកកម្ពុជាបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ការរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែមគឺជាការចាំបាច់ ដោយវានឹងជួយបង្កើនកិត្យានុភាពនៃវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិបានកាន់តែខ្លាំង។
ទោះបីយ៉ាងនេះក្តី លោកក៏សម្តែងក្តីបារម្ភពីការកើនឡើងនៃការលក់ផលិតផលទេសចរណ៍ក្លែងបន្លំគុណភាពដល់ភ្ញៀវផងដែរ។ លោកថ្លែងថា៖ «ទង្វើនេះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវ និងកេរ្តិ៍ឈ្មោះកម្ពុជា»៕LA