ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ឲ្យ​អាជីវករ​ទាំងអស់​ចូលរួម​ប្រើប្រាស់​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​មេ​ចុងភៅ​ខ្មែរ​ឲ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​ជួយ​លើកកម្ពស់​ម៉ាក​យីហោ​ក្នុងស្រុក​។

ការលើកឡើង​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» និង​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះកិច្ចសន្យា​ផ្តល់​សិទ្ធិ​ប្រកប​អាជីវកម្ម «​អ៊ុយគុយទាវ​» ដល់​ភោជនីយដ្ឋាន​យ៉ីសាង​កាលពី​ថ្ងៃ​សុក្រ​កន្លងមក​។


«​អ៊ុយ​គុយទាវ​» គឺជា​យីហោ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន អាល់មិនគ្រុប​។ កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​ ២០១៩ ផលិតផល «​អ៊ុយ​គុយទាវ​» បាន​ទទួល​វិញ្ញាបនបត្រ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​»​។


លោក ប៉ាន់ សូរស័ក្តិ បាន​និយាយ​ថា ការចូលរួម​ប្រើប្រាស់​ម៉ាក​សមូហភាព «​គុយទាវ ភ្នំពេញ​» គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរួមចំណែក​ជួយ​លើកតម្កើង​ផលិតផល​ក្នុង​ស្រុក​ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ម្យ៉ាងទៀត​វា​ក៏​ជា​ការកសាង​ម៉ូដែល​គំរូ​អាជីវកម្ម​ជា​សមូហភាព​មួយ​ប្រកប​ដោយ​ភាពជោគជ័យ​នៅ​កម្ពុជា​ផងដែរ​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រកប​អាជីវកម្ម​គុយទាវ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក សូម​ចូល​ជា​សមាជិក​សមាគម​ចុង​ភៅ​កម្ពុជា​ឲ្យ​បាន​ផុសផុល ដើម្បី​បាន​ប្រើប្រាស់​ម៉ាក «​គុយទាវ​ភ្នំពេញ​» ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការបំពេញ​បេសកកម្ម​កសាង​ម៉ូដែល​អាជីវកម្ម​ថ្មី​មួយ​ប្រកប​ដោយ​ជោគជ័យ និង​ជា​គំរូ​អាជីវកម្ម​ដល់​វិស័យ​ផ្សេងៗ​ទៀត​»​។


លោក លូ ម៉េង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាល់មិនគ្រុប បាន​និយាយថា «​អ៊ុយគុយទាវ​» ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​រសជាតិ​ឆ្ងាញ់ និង​ត្រូវបាន​បង្កើតឡើង​ដោយ​ស្នាដៃ​របស់​កូន​ខ្មែរ​។ លោក​ថ្លែងថា​៖ «​អ៊ុយ​គុយទាវ​មាន​មោទនភាព​ជា​ខ្លាំង ដែល​ក្លាយ​ជា​ម៉ាក​យីហោ​របស់​ខ្មែរ​មាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ និង​ត្រូវ​បាន​ដំណើរការ​ដោយ​អាល់មិនគ្រុប​»​។


ជាមួយ​គ្នា​នេះ​លោក លូ ម៉េង ក៏បាន​ប្រាប់​ដែរ​ថា នេះ​ជា​លើក​ទី​ ១ ហើយ​ដែល​ក្រុមហ៊ុន​របស់​លោក​សម្រេច​ផ្តល់​សិទ្ធិ​ប្រកប​អាជីវកម្ម​ឲ្យ​ក្រុមហ៊ុន​ផ្សេង​យកទៅ​ប្រើប្រាស់​។ ការផ្តល់​សិទ្ធិ​ប្រកប​អាជីវកម្ម​នេះ​គឺ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការប្រើប្រាស់​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» ដែលជា​ម៉ាក​យីហោ​មួយ​មាន​ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ​គុណភាព និង​ស្តង់ដា​អនាម័យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។

លោក​បន្តថា​៖ «​គុយទាវ​ភ្នំពេញ​» ​មិន​ត្រឹម​តែមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឲ្យ​ស្គាល់​រសជាតិ​ម្ហូប​ខ្មែរ​ផងដែរ​។

បន្ទាប់ពី​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៥ «​ភោជនីយដ្ឋាន​អ៊ុយគុយទាវ​» បាន​បើក​សាខា​ទី​ ២ របស់ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១៦ និង​សាខា​ទី​ ៣ បើក​នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល​សែនសុខ​ក្នុង​ឆ្នាំ​ ២០១៨​។

តាម​ផែនការ អាល់មិនគ្រុប គ្រោង​បើក​សាខា «​អ៊ុយគុយទាវ​» ឲ្យ​បាន​យ៉ាងតិច​ចំនួន​ ២០ ​សាខា​បន្ថែម​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ​៕ LA