ភ្នំពេញ: ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានរុករករ៉ែថ្មីបន្ថែមទៀតសម្រាប់ក្រុមហ៊ុនដាក់ពាក្យសុំអាជ្ញាប័ណ្ណ ដែលមានទំហំសរុប ៧៩៤ គីឡូម៉ែត្រក្រឡានៅក្នុងខេត្តចំនួន ៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។
បើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងបានប្រកាសបើកឲ្យដាក់ពាក្យប្រកួតប្រជែងសុំអាជ្ញាប័ណ្ណជាសាធារណៈក្នុងការស្វែងរករ៉ែក្នុងតំបន់សម្បទានចំនួន ៤ រួមមាន តំបន់សម្បទានស្វែងរករ៉ែដែលមានទំហំ ២០០ គីឡូម៉ែត្រក្រឡាស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង ១៩៤ គីឡូម៉ែត្រក្រឡា ជាប់ព្រំប្រទល់រវាងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រសួងនឹងផ្តល់អាជ្ញាប័ណ្ណចំនួន ២ ដែលមានទំហំសរុប ៤០០ គីឡូម៉ែត្រក្រឡាស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការប្រកាសផ្តល់អាជ្ញាប័ណ្ណស្វែងរករ៉ែនេះ ដោយសារក្រសួងមើលពីសក្តានុពលធនធានរ៉ែទង់ដែង រ៉ែមាស និងធ្យូងថ្មនៅតំបន់ទាំងនោះ។
លោកបានថ្លែងថា៖ «ដោយសារតំបន់ទាំងនោះមានសក្តានុពលធនធានរ៉ែ ទើបក្រសួងប្រកាសឲ្យក្រុមហ៊ុនធ្វើការស្វែងរក ថាតើតំបន់ទាំងនោះមានរ៉ែទំហំប៉ុនណាគុណភាពយ៉ាងណាហើយតើវាអាចធ្វើអាជីវកម្មចំណេញឬអត់?»។
កាលពីដើមខែមីនានេះក្រសួងរ៉ែ និងថាមពលបានប្រកាសថា រដ្ឋាភិបាលនឹងផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ២ ក្នុងចំណោមក្រុមហ៊ុនចំនួន ៦ ដែលដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈនៅកម្ពុជា។
ក្រសួងបានឲ្យដឹងថា ក្រុមហ៊ុន H.T Kuang Ye Cambodia Development Co., Ltd និង Cambodia K88 Industry Co.,Ltd ត្រូវបានជ្រើសរើសជាក្រុមហ៊ុនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិអាទិភាព ដើម្បីបន្តអនុវត្តនីតិវិធីក្នុងការទទួលបានអាជ្ញាប័ណ្ណស្វែងរកធនធានរ៉ែនៅកម្ពុជា។
យោងតាមលោក យស មុនីរ៉ាត់ បច្ចុប្បន្នក្រសួងបានផ្តល់អាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈចំនួន ៣៩ នៅទូទាំងប្រទេស។
កាលពីដើមខែមីនាក្រុមហ៊ុន Emerald Resources NL ដែលបានចុះបញ្ជីនៅផ្សារហ៊ុនអូស្ត្រាលីបានចុះកិច្ចសន្យាក្នុងតម្លៃ ២៣០ លានដុល្លារជាមួយក្រុមហ៊ុន Mining and Civil Australia (MACA) លើគម្រោងរ៉ែមាសអូរខ្វាវនៅកម្ពុជា។
ក្រុមហ៊ុន Emerald Resources ដែលជាក្រុមហ៊ុនមេរបស់ Renaissance Minerals (Cambodia) Ltd គ្រោងនឹងទាញយករ៉ែមាសលើគម្រោងអូរខ្វាវក្នុងខេត្តមណ្ឌលគិរីនៅត្រីមាសទី ២ ឆ្នាំ ២០២១។
បើតាមក្រុមហ៊ុនកិច្ចសន្យានេះមានរយៈពេលជាង ៧ ឆ្នាំរួមមានការផ្គត់ផ្គង់ឧបករណ៍ធ្វើរ៉ែ និងសេវាកម្មលើគម្រោងរ៉ែមាសនៅកម្ពុជា។ វិសាលភាពការងារនៃកិច្ចសន្យានេះនឹងគ្របដណ្តប់លើសេវាដឹកជញ្ជូនការទាញយករ៉ែ ខួង និងការបំផ្ទុះ៕