ក្រុងម៉ូបាលៈ ក្រុមហ៊ុន​​​ផលិត​​​យន្តហោះ Airbus របស់​​អឺរ៉ុប​ កាល​​ពី​ថ្ងៃ​ពុធ​​បាន​ចាប់​ផ្ដើម​​ដំណើរការ​​​​ចង្វាក់​ដំឡើង​​ទី​ ២​ របស់​ខ្លួន​នៅ​រដ្ឋ​អាឡាបាម៉ា​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​​អាមេរិក​​​​ ជា​ទី​ដែល​​​​​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ផលិតយន្ត​ហោះ A220​ ធុនតូច​របស់​ខ្លួន​ ខណៈ​​​ក្រុមហ៊ុន​​​ស្វែងរក​ការ​​ដណ្ដើម​យក​​​​ចំណែក​​ទីផ្សារ​ពី​​ក្រុមហ៊ុន Boeing ដែល​ជា​គូ​​ប្រជែង​។​

ក្នុង​ពិធី​បើក​ដំណើរការ​នៅ​ទីក្រុង​​ម៉ូបាល រដ្ឋ​អាឡាបាម៉ា ជា​​ទី​​ដែល​​​ក្រុមហ៊ុន​បាន​បើក​រោង​ចក្រ​មួយ​រួច​ហើយ​​នៅ​​​ឆ្នាំ​ ២០១៥​ ដើម្បី​ផលិត​​យន្តហោះ​ដឹក​អ្នក​ដំណើរ​ A320 នោះ ​លោក​ Jeff Knittel អគ្គ​​នាយក​​​​ក្រុមហ៊ុន​ Airbus Americas បាន​ថ្លែង​ថា៖ ​«​យើង​បន្ត​រីក​ចម្រើន»។ ​​


លោក​បន្ថែម​ថា​ នៅ​ពេល​នេះ​យន្តហោះ​របស់​យើង​ជាង​ ១ ៥​០០ ​គ្រឿង​ កំពុង​ហោះហើរ​នៅ​អាមេរិក​»។​


ផលិតកម្ម​​នៅ​​​រោង​ចក្រ​​តម្លៃ​ ៣០០​ លាន​ដុល្លារ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់​ផ្ដើម​នៅ​​ត្រីមាស​​​ទី​ ៣ ឆ្នាំ​នេះ​ ជា​មួយ​​នឹង​ការ​ចែកចាយ​​យន្តហោះ​ A220 ដំបូង​គ្រោង​ធ្វើ​ឡើង​​​នៅ​​ឆ្នាំ​ ២០២០។ រោង​​ចក្រ​​នេះ​រំពឹង​ថា​នឹង​​ផលិត​យន្តហោះ​​បាន​ ៤ គ្រឿង​​ក្នុង​ ១ ​​ខែ​។​


ក្រុមហ៊ុន​ Airbus បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​​រក​ប្រាក់​បាន​ ៤៨​ ពាន់​លាន​ដុល្លារ​ពី​ការ​ចំណាយ​​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​វិស័យ​ដែល​​ជាប់​ទាក់ទង​នឹង​​យន្ត​ហោះ និង​អវកាស​​​កាល​​ពី​ឆ្នាំ ២០១៧​ ដែល​បាន ការងារ​ធ្វើ​​ជាង​ ២៧៥ ០០០ ​នាក់។​


លោក Knittel ​ថ្លែង​ថា​៖ «​យើង​​មិនមែន​​កំពុង​ប្រកួត​ប្រជែង​​ជា​មួយ​​សហរដ្ឋ​អាមេរិក​នោះ​ទេ​។ យើង​​កំពុង​ប្រកួត​ប្រជែង​​​នៅ​ក្នុង​សហរដ្ឋ​​​អាមេរិក​»។​


កាល​ពី​ឆ្នាំ​ ២០១៧​ ​ក្រុមហ៊ុន​ Airbus បាន​ទិញ​​ចង្វាក់​ផលិត​​យន្តហោះ​ A220-300 ដែល​​យន្តហោះ​នេះ ​​​ក្រុមហ៊ុន​ផលិត​យន្ត Bombardier របស់​​កាណាដា​​បាន​អភិវឌ្ឍ​​ទៅ​ជា​​យន្តហោះ​​ស៊េរី​​​ CSeries​ របស់​ខ្លួន​ និង​​ដែលជា​យន្តហោះ​​តំណាង​ឲ្យ​ជំនាន់​ថ្មី​មួយ​ ដែល​​បាន​បង្កើត​ឡើង​សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជា​ច្រើន​ ដែល​ស្វែង​រក​យន្តហោះ​មាន​កន្លែង​អង្គុយ​​ពី​ ១០០ ​ទៅ​ ១៥០ ​កៅ​អី។

ក្រុមហ៊ុន​ Bombardier បាន​​តស៊ូ​ជម្នះ​​ទទួល​បាន​អតិថិជន​ក្នុង​ការ​ប្រជែង​លក់​យន្តហោះ​ក្នុង​ទីផ្សារ​ ទោះ​បី​ជា​យន្តហោះ​របស់​ខ្លួន​ ​​បាន​ផ្ដល់​​ការ​សន្សំ​​ប្រេង​ឥន្ធនៈ​ ស្រដៀង​គ្នា​នឹង​យន្តហោះ​ខ្នាត​ធំ​លំដាប់​ថ្មី​ ដែល​បាន​លក់​ដោយ​​ក្រុមហ៊ុន​ Airbus និង​ក្រុមហ៊ុន​ Boeing ក៏​ដោយ៕ AFP/LA