ក្រុងឡុងដ៍ៈ ក្រុមហ៊ុន Hyundai របស់​ប្រទេស​កូរ៉េ​ខាងត្បូង និង​ក្រុមហ៊ុន Kia ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាស​ផែនការ​វិនិយោគ​ដ៏សំខាន់​មួយ​លើ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី Arrival ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ជំនាន់​ក្រោយ​ដែល​ចំណាយ​តិចជាង​រថយន្ត​ម៉ាស៊ីន​ស្ដង់ដា​។

ទឹកប្រាក់ ១០០ លាន​អឺរ៉ូ (១១០ លាន​ដុល្លារ​) ដែល​ត្រូវបាន​វិនិយោគ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាយុកាល ៥ ​ឆ្នាំ​មួយ​នេះ​បាន​ធ្វើឡើង ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​មួយចំនួន​បោះបង់ចោល​ចក្រភព​អង់គ្លេស ដោយសារ​តែ​ភាពមិន​ច្បាស់លាស់​អំពី​ថា តើ​ប្រទេស​នេះ​នឹងធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ដូចម្ដេច នៅពេល​ចក្រភព​នេះ​ចាកចេញ​ពី​ប្លុក​អឺរ៉ុប​នៅ​ខែ​នេះ​។


ក្រុមហ៊ុន Arrival ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការរចនា និង​ការផលិត​អ្វីដែល​ហៅថា រថយន្ត​អគ្គិសនី Generation 2 ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​ការផលិត​ចាប់ផ្ដើម​ពីដំបូង​តែម្តង​ជំនួស​ឲ្យ​ការផលិត​លើ​រថយន្ត​ម៉ូដែល​ចាស់​ដែល​មាន​ស្រាប់​។


ក្រុមហ៊ុន​ទាំង​ ៣ ​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​ថា​៖ «​រថយន្ត Generation 2 ត្រូវបាន​ដំឡើង​ដោយ​ប្រើប្រាស់​រោងចក្រ​ខ្នាតតូច​ដែល​មាន​ទីតាំង​នៅ​តំបន់​ដែល​មាន​តម្រូវការ​ និង​ផ្តល់ប្រាក់​ចំណេញ​»​។


ក្រុមហ៊ុន Hyundai និង Kia មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​រួមគ្នា ប៉ុន្តែ​កំណត់​ទិសដៅ​ទីផ្សារ និង​ប្រជាសាស្ដ្រ​ខុសគ្នា​តិចតួច​។


លោក Albert Biermann ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់ Hyundai ថ្លែងថា​៖ «​ទីផ្សារ​រថយន្ត​អេកូ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​អឺរ៉ុប​រំពឹងថា​នឹង​រីកចម្រើន​រហ័ស​ដោយសារ​ការពង្រឹង​បទប្បញ្ញត្តិ​បរិស្ថាន​»​។ លោក​ថា​៖ «​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​នេះ​នឹង​ផ្ដល់​អំណាច​ដល់​ក្រុមហ៊ុន​របស់​យើង​ក្នុង​ការបង្កើន​ការផលិត​រថយន្ត​អគ្គិសនី G2 ទូទាំង​ពិភពលោក​»៕ KC