
តែបៃតង Oishi ដែលផលិតដោយក្រុមហ៊ុន Oishi Group។ រូបថត សហការី
ក្រុងបាងកកៈ ក្រុមហ៊ុនផលិតភេសជ្ជៈ និងអាហារ Oishi Group ដែលចុះបញ្ជីក្នុងផ្សារហ៊ុនថៃ និងកាន់កាប់ដោយមហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi មានផែនការបង្កើនការវិនិយោគចំនួន ២៥ ភាគរយដល់ ១ ពាន់លានបាត (ប្រហែល ៣០ លានដុល្លារ) នៅឆ្នាំក្រោយ ដើម្បីរក្សាភាពនាំមុខក្នុងទីផ្សារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Nongnuch Buranasetkul ប្រធាន និងជានាយកប្រតិបត្តិការក្រុមហ៊ុន Oishi Group បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប្រហែល ៥០ ភាគរយនៃទឹកប្រាក់វិនិយោគនេះ នឹងប្រើប្រាស់ដើម្បីពង្រីកភោជនីយដ្ឋាន ហើយទឹកប្រាក់នៅសល់នឹងត្រូវប្រើប្រាស់សម្រាប់អាជីវកម្មផលិតភេសជ្ជៈដោយជាចម្បងសម្រាប់កែលម្អរោងចក្រផលិតតែបៃតងនៅក្នុងសួនឧស្សាហកម្ម Navanakorn នៅខេត្តប៉ាធុថានី។ រោងចក្រនេះត្រូវបានភ្លើងឆេះកាលពីចុងឆ្នាំមុន។
លោក Nongnuch បានថ្លែងថា៖ «យើងគម្រោងនឹងពង្រីកអាជីវកម្មអាហារ និងភេសជ្ជៈរបស់យើងនៅទីផ្សារអាស៊ាន រួមទាំងប្រទេសថៃផងដែរ ដោយការកែលម្អផលិតផលថ្មីមួយចំនួនដែលត្រូវបានដាក់ចេញ ដើម្បីឲ្យស្របទៅតាមតម្រូវការរបស់អតិថិជនដែលមានបែបបទជីវិតជម្រុះ និងស្ថានភាពផ្លាស់ប្តូរទាំង ៥»។
ស្ថានភាពផ្លាស់ប្តូរទាំង ៥ រួមមាន នគរូបនីយកម្មយ៉ាងឆាប់រហ័ត កំណើនប្រជាជនមានប្រាក់ចំណូលមធ្យម បែបបទជីវិតដែលពឹងផ្អែកលើបច្ចេកវិទ្យា ការញ៉ាំប្រកបដោយសុខភាពល្អ និងសង្គមដែលមានប្រជាជនកាន់តែចាស់ជរា។
លោក Nongnuch ថ្លែងថា៖ «អាស៊ានជាទីផ្សារធំមួយដែលមានប្រជាជនជាង ៦០០ លាននាក់។ យើងត្រូវទាញយកប្រយោជន៍ពីសក្តានុពលអាស៊ានឲ្យដល់កម្រិតពេញលេញបំផុតតាមដែលអាចធ្វើទៅបាន»៕ KC